26 C
Phnom Penh

ក្រសួង​មហាផ្ទៃ​វាយ​បក​​ទៅ​នឹង​ការ​អះអាង​​​អំពើ​ពុករលួយ​​​​របស់​​អង្គភាព​ប្រឆាំង​​អំពើ​​​​​ពុក​រលួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ​បាន​ប្រតិកម្ម​​ទៅ​នឹង​សម្ដី​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​នៅ​សប្ដាហ៍​នេះ​ទាក់​ទង​ទៅ​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយក្នុង​បណ្ដា​មន្ត្រី​ប៉ូលិស​ ដោយ​អះអាង​ថា ​ការ​អត្ថាធិប្បាយ​បែប​នេះ​​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​កិច្ចការ​របស់​មន្ត្រី​រាជការ​​​​ដែល​ប្រឹង​ប្រែង​ដើម្បី​​រដ្ឋាភិបាល​។

ថ្លែង​នៅ​ឯ​ពិធី​​អបអរ​សាទរ​ការ​​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​កាលពី​ថ្ងៃ​អង្គារ ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​​​បាន​និយាយ​សំដៅ​លើ​មន្ត្រី​ប៉ូលិស​ចរាចរ​ និង​មន្ត្រី​មកពី​នាយកដ្ឋាន​​អត្តសញ្ញាណប័ណ្ណ​ក្រសួង​មហាផ្ទៃ​ ដោយ​មាន​ប្រសាសន៍​ថា លោក​នឹង​ប្រើ​​ច្រាស​ដែក​​ដើម្បី​ដុស​​លាង​អំពើ​ពុករលួយ​ឲ្យ​អស់​។

លោក ឱម យ៉ិនទៀង បាន​​និយាយ​ទៅ​កាន់​មនុស្ស​រាប់​រយ​នាក់​នៅ​ឯ​មហោស្រព​កោះ​ពេជ្រ ដោយ​សំដៅ​ទៅ​លើ​ក្រុម​យុវជន​​ដែល​ធ្វើ​ការ​​​ជិតស្និទ្ធ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​​ រួមមាន​​​អង្គការ​ដែល​ដឹកនាំ​ដោយ​​កូន​លោក​នាយក​រដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ានី ថា “​​ឆ្នាំ​២០១៦​នេះ យើង​នឹង​ធ្វើ​​ផែនការ​​​ច្បាស់​ឡើង​ ធ្វើ​អត្តសញ្ញាណប័ណ្ណ​​​ ម៉េច​ក៏​​ប្រជាជន​រអ៊ូ​ខ្លាំង​ម្លេ៉ះ ​អង្គភាព​​ប្រឆាំង​អំពើ​ពុករលួយ​​រួម​ជាមួយ​កម្លាំង​យុវជន​​ដោះ​ស្រាយ​បញ្ហា​បាតុភាព​អសកម្ម​​ដែល​មាន​នៅ​ក្នុង​ការ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​នេះ​​”។

ប្រធាន​អង្គភាព​​ប្រឆាំង​អំពើ​ពុករលួយ​រូប​នេះ​បាន​និយាយ​ថា ​​”​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​រួម​ជាមួយ​​យុវជន​ដោះ​ស្រាយ​បាតុភាព​តាម​ផ្លូវ​ថ្នល់​ ហើយ​មាន​ន័យ​ថា ប៉ូលិស​ចរាចរ​​ដែល​ដាក់​​​កុង​ត្រូល​ជជុះ​​។ ​យើង​សុំ​ប្រើ​ច្រាស់​ដែក​របស់​យុវជន​យើង​​ ដើម្បី​ដុស​សម្អាត​បញ្ហា​នេះ​​ឲ្យ​ផ្លូវ​ថ្នល់​របស់​យើង​​​បាន​ស្អាត​ទាំង​​​​ផ្លូវ​វិថី​ ទាំង​ផ្លូវ​ជាតិ”។

យោង​តាម​សេចក្ដី​ប្រកាស​ដោយ​ក្រសួងមហាផ្ទៃ​កាលពី​ខែ​មេសា​ឲ្យ​ដឹង​ថា អត្តសញ្ញាណ​ប័ណ្ណ និង​សៀវភៅគ្រួសារ​​យក​តម្លៃ​​​តែ​២,៥០​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​មន្ត្រី​ដែល​ចេញ​ឯកសារ​ទាំង​នេះ​​ត្រូវ​គេ​ដឹង​ថា ដំឡើង​តម្លៃ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​។

កុង​ត្រូល​ជជុះ​​គឺ​ជា​បញ្ហា​ធម្មតា​នៅ​ទូទាំង​ប្រទេស​ ជា​​ពិសេស​​ជា​ការ​មិន​ពេញ​ចិត្ត​របស់​​អ្នក​បើក​បរ​យានយន្ត​។ កុង​ត្រូល​មួយ​ចំនួន​​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​ធ្វើ​ឲ្យ​អ្នក​រត់តាក់​ស៊ី​ឈប់​​ហើយ​​បង់លុយ​​ដាក់​នៅ​ក្នុង​ប្រអប់​ភ្ជាប់​នឹង​ម៉ូតូ​ ទោះ​បីជាមិន​មាន​មន្ត្រី​​ឈរ​ក្បែរ​ម៉ូតូ​នោះ​ក៏ដោយ​។

លោក ឱម​ យ៉ិនទៀង បាន​មាន​ប្រសាសន៍​ថា ​​អ្នក​ជួយជា​យុវជន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​បាន​​ពិនិត្យ​​ឃើញ​​​កុងត្រូល​ជជុះ​នាពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ហើយ​បាន​ឃើញ​នគរ​បាល​​​ទារ​​លុយ​ពីអ្នក​បើក​តាក់ស៊ី​​។

លោក ឱម យ៉ិនទៀង បាន​មាន​ប្រសាសន៍​ថា “​​​អ្នក​បើក​បរ​​ស្ដាប់​វិទ្យុ​ប្រឆាំង​ដែល​ជេរ​រដ្ឋាភិបាល​ អ៊ីចឹង​គេ​ជួប​កុង​ត្រូលជជុះ​ ហើយ​យល់​ថា ​វិទ្យុ​នោះ​ជេរ​ត្រូវ​។ អ៊ីចឹង​​ខ្ញុំ​គិត​ថា នេះ​ជា​បញ្ហា​ធំ​ មិន​មែន​តូចតាច​ទេ​។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រូប​នេះ​បាន​បញ្ជាក់​ថា “​​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​​មិន​ទាន់​បាន​ចាប់​ប៉ូលិស​ចរាចរ​ណាម្នាក់​ទេ ​ប៉ុន្តែ​​មិន​មាន​ន័យ​ថា​ យើង​​មិន​ធ្វើ​នៅ​ឆ្នាំ​២០១៦​នោះ​ទេ”។ ​

ក្រសួង​មហាផ្ទៃ​​ ហើយជា​ពិសេស​​នគរ​បាល​ចរាចរ​​​កំពុង​ត្រៀម​ខ្លួន​ដើម្បី​បង្ក្រាប​​​ផ្លូវ​ដែល​មិន​គោរព​ច្បាប់​នៅ​ទូទាំង​ប្រទេស​ នៅ​ពេល​ដែល​ច្បាប់​ចរាចរណ៍​ថ្មី​ចូល​ជាធរមាន​នៅ​ថ្ងៃទី១ ខែ​មករា។

ឆ្លើយ​តប​ទៅ​នឹង​​ការ​វាយ​តម្លៃ​​ធ្ងន់ៗ​ទៅ​លើ​ប៉ូលិស​ចរាចរ និង​មន្ត្រី​អត្តសញ្ញាណកម្ម ក្រសួង​មហាផ្ទៃ​បាន​វាយ​បក​វិញ​​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

សេចក្ដី​ថ្លែងការណ៍​បាន​និយាយ​ថា “​នា​ពេល​ថ្មីៗ​នេះ​ មាន​បណ្ដាញ​ព័ត៌មាន​មួយចំនួន​បាន​ដក​ស្រង់ពាក្យ​​​យក​មក​ចុះ​​ផ្សាយ​ថា នគរ​បាល​អត្តសញ្ញាណប័ណ្ណ និង​នគរ​បាល​ចរាចរ​​​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ហើយ​ថា ​នឹង​ប្រើ​ច្រាស់​ដែក​ដើម្បី​ដុស​សម្អាត​បញ្ហា​នេះ”។

ដោយ​ទទួល​ស្គាល់​ថា ​”​នៅ​មាន​បុគ្គល​នគរ​បាល​ខ្លះ​​បាន​ឆ្លៀត​ឱកាស​​ប្រព្រឹត្ត​នូវ​ទង្វើ​មិន​គប្បី​​ប្រាស​ចាក​ពី​ក្រម​សីលធម៌​​​ធ្វើ​ឲ្យ​ពលរដ្ឋ​ខឹងសម្បា”​ សេចក្ដី​ថ្លែងការណ៍​នោះ​​​បញ្ជាក់​ថា មិន​មែន​មន្ត្រី​ទាំង​អស់​​​សុទ្ធតែ​ប្រព្រឹត្ត​​អាក្រក់​នោះ​ទេ​។

សេចក្ដីថ្លែងការណ៍​នោះ​បាន​បន្ត​ថា “កង​កម្លាំង​នគរ​បាល​ជាតិ​​ទាំង​មូល​​​បាន​និង​កំពុង​ខិត​ខំ​ប្រឹងប្រែង​​យ៉ាង​អស់​កម្លាំង​កាយ​ចិត្ត​​ ជា​ពិសេស​ការ​ប្ដេជ្ញាចិត្ត​របស់​នគរ​បាល​​ចរាចរ​​​ដែល​ក្រសួង​មហាផ្ទៃ​មិន​ដែល​មើល​រំលង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​​ដោយ​មិន​ចេះ​នឿយ​ហត់​​ មិន​គិត​ថា​យប់ឬថ្ងៃ​ មិន​គិត​ថា ធាតុ​អាកាស​ក្ដៅ​ឬ​ត្រជាក់ ភ្លៀង​ឬ​ផ្គរ​ មិន​គិត​ថា​ថ្ងៃ​សម្រាក​​ឬ​ថ្ងៃ​បុណ្យទាន​ មិន​បាន​ចូល​រួម​សប្បាយ​ជាមួយ​ប្រពន្ធ​កូនចៅ គ្រួសារ ​ដោយ​ចាត់​ទុក​ថា នេះ​ជា​​កាតព្វកិច្ច​​ដែល​ត្រូវ​បំពេញ​ដោយ​ខានពុំបាន​​សម្រាប់​​បម្រើ​ប្រជាពលរដ្ឋ​ទូទៅ​”។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ចាន់ គឹមសេង អ្នក​នាំពាក្យ​​​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​​ក្រសួង​មហាផ្ទៃ​​បាន​​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា ​​លោក​បាន​ដឹង​អំពី​​ការ​​ត្អូញត្អែរ​ទាក់​ទិន​នឹង​អំពើ​ពុករលួយ​​ក្នុង​ចំណោម​​​មន្ត្រី​ក្រោម​លោក​ ហើយ​ស្វាគមន៍​​​ចំណាប់​អារម្មណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​រលួយ​។

លោកឧត្ដម​សេនីយ៍​ឯក គឹមសេង បាន​និយាយ​ថា ​”​បញ្ហា​នេះ​​មិន​កើត​ឡើង​នៅ​​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​​កម្ម​ទេ​ គឺ​វា​កើត​ឡើង​នៅ​ថ្នាក់​ក្រោម​ជាតិ​ដែល​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ដែរ​។ យើង​តែង​តែ​ក្រើន​រំឭកអំពី​បញ្ហា​នេះ​ និង​ភាព​អសកម្ម​។ ​ប្រសិន​បើ​ ACU រក​ឃើញ​ថា មន្ត្រី​បាន​ប្រព្រឹត្ត​ល្មើស​​បែប​ហ្នឹង​ សូម​ដាក់​ទោស​តាម​ច្បាប់​ចុះ​”។

មន្ត្រី​នគរ​បាល​ចរាចរ​ជាន់ខ្ពស់​មិន​អាច​ទាក់​ទង​សុំការ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​៕ រើន​​​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស