សិក្ខាសាលាសាធារណៈទាក់ទិននឹងសេចក្តីព្រាងច្បាប់សហជីពដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយនេះត្រូវពន្យារពេល ក្រោយពីមានកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ រវាងគណបក្សប្រជាជនកម្ពុជាកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ដើម្បីបង្កើតគណៈកម្មការរួមមួយក្នុងការពិនិត្យច្បាប់នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋសភាចេញកាលពីថ្ងៃសុក្រឲ្យដឹងថា សិក្ខាសាលាត្រូវលើកពេល ព្រោះគណៈកម្មការនីតិកម្មដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលទទួលបន្ទុករៀបចំសម្រាប់បោះឆ្នោត និងរៀបចំសិក្ខាសាលា “ត្រូវការពេលវេលាបន្ថែម ដើម្បីត្រៀមលក្ខណៈរៀបចំឲ្យបានល្អ”។
លោកស្រី កែ សុវណ្ណរតន៍ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រធានគណៈកម្មការការងារសភាជាតិ បានមានប្រសាសន៍ថា ការលើកពេលធ្វើសិក្ខាសាលានឹងធ្វើឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានយោបល់ច្រើននៅក្នុងច្បាប់នោះ។
លោកស្រី កែ សុវណ្ណរតន៍ បានមានប្រសាសន៍ថា “គណៈកម្មការចំពោះកិច្ចនឹងបង្កើតឡើងឆាប់ៗនេះ ហើយខ្ញុំគិតថា គណៈកម្មការខ្ញុំត្រូវតែជាផ្នែកនៃគណៈកម្មការនេះ ពីព្រោះអ្វីដែលយើងត្រូវគិតឲ្យហ្មត់ចត់អំពីច្បាប់នេះ គឺផលប្រយោជន៍របស់កម្មករ”។
លោកស្រីបានមានប្រសាសន៍ថា លោកស្រីនឹងលើកឡើងអំពីក្តីកង្វល់ទាក់ទិននឹងការរឹតត្បិតដែលច្បាប់នេះមានទៅលើសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិធ្វើកូដកម្ម។
លោកស្រីបានមានប្រសាសន៍បន្ថែមថា “សំខាន់ជាងនេះទៀត ច្បាប់នេះត្រូវបញ្ជូនទៅសភាជាតិមុននឹងរាជរដ្ឋាភិបាលជជែកជាទូទៅជាមួយសហជីពកម្មករពាក់ព័ន្ធ ហើយសេចក្តីព្រាងច្បាប់នេះពិតជាមិនឆ្លុះបញ្ចាំងនូវក្តីកង្វល់របស់សហជីពទេ”៕