តាមរយៈការលើកដៃ កាលពីថ្ងៃសៅរ៍ អ្នកគំាទ្រគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ (BSDP) ដ៏ក្មេងខ្ចី បានបណ្តេញមន្ត្រីជាន់ខ្ពស់បីរូបដែលបានចោទប្រកាន់លោក ម៉ម សូណង់ដូ ប្រធានគណបក្ស និងជាម្ចាស់ស្ថានីយវិទ្យុដ៏ពេញនិយមថាបានកិបកេងប្រាក់។
កាលពីខែតុលា លោក ហ៊ាង រិទ្ធី អនុប្រធានគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់លោក ម៉ម សូណង់ដូ ថា បានគ្រប់គ្រងរាល់ការចំណាយទាំងអស់នៅក្នុងបក្សដោយខ្លួនលោកផ្ទាល់ ជាការរំលោភលក្ខន្តិកៈរបស់គណបក្ស ហើយបានស្នើសុំដីការក្សាការពារប្រឆាំងសកម្មភាពនយោបាយទាំងអស់។

ប៉ុន្តែ ក្នុងសមាជលើកទី២របស់គណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យកាលពីថ្ងៃសៅរ៍ ក្នុងរាជធានីភ្នំពេញ អ្នកគាំទ្រគណបក្សជាង១០០នាក់ដែលមានវត្តមាន បានលើកដៃគាំទ្រញត្តិរបស់លោក ម៉ម សូណង់ដូ ក្នុងការបណ្តេញលោក ហ៊ាង រិទ្ធី លោក ញ៉ម វណ្ណថន អគ្គលេខាធិការ និងលោក ហ៊ាង គឹមសឿន អគ្គលេខាធិការរង ដែលក៏បានចុះហត្ថលេខាលើពាក្យបណ្តឹងផងដែរ។
តាមរយៈការលើកដៃនេះដែរ សមាជិកទាំងអស់បានបោះឆ្នោតគាំទ្រលោក អ៊ុក ស៊ុយ អតីតមន្ត្រីគណបក្ស ជាអគ្គលេខាធិការថ្មី។ តួនាទីពីរផ្សេងទៀតបាននៅទំនេរ។
បន្ទាប់ពីការផ្លាស់ប្តូរ លោក ម៉ម សូណង់ដូ ដែលបានបដិសេធការអះអាងពីបទពុករលួយ បានប្រដូចគណបក្សទៅនឹងរថយន្តដែលមានកង់មិនចេះបែក។
លោកបានមានប្រសាសន៍ទៅកាន់សមាជិកថា “ថ្ងៃនេះ យើងរួបរួមគ្នាដើម្បីបណ្តេញពួកគេចេញ ហើយខ្ញុំជឿថា បន្ទាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ គណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យនឹងដំណើរការទៅដោយរលូន និងរឹងមាំដើម្បីស្តារប្រទេសជាតិ”។
លោកបានបន្ថែមថា”ចាប់ពីឥឡូវនេះទៅ គណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យដូចជាឡានដែលមានកង់ទាំងបួនតាន់អ៊ីចឹង ហើយ លែងបែកទៀតហើយ”។
គណបក្សក៏បានបោះឆ្នោតគាំទ្រប្រធានហិរញ្ញវត្ថុ និងប្រធានកិច្ចការសាធារណៈផងដែរ។
នៅពេលត្រូវបានទាក់ទងកាលពីម្សិលមិញ លោក ហ៊ាង រិទ្ធី បានច្រានចោលការលើកឡើងរបស់គណបក្សនេះ ដោយអះអាងថា លោកបានដើរចេញពីគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យរួចទៅហើយ។
លោកបានមានប្រសាសន៍ថា “មិនចាំបាច់លោក ម៉ម សូណង់ដូ បណ្តេញខ្ញុំទេ ខ្ញុំបានដើរចេញដោយខ្លួនឯង។ ខ្ញុំមិនចេះធ្វើការជាមួយមនុស្សប្រជាធិបតេយ្យក្លែងក្លាយ និងពុករលួយដូចនេះទេ”។
លោក ហ៊ាង រិទ្ធី បានមានប្រសាសន៍ថា លោកក៏បានប្តឹងឧទ្ធរណ៍ពីការច្រានចោលរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីដើមខែវិច្ឆិកានូវសំណើសុំដីការក្សាការពាររបស់លោកឱ្យបង្កកមូលនិធិរបស់គណបក្សជាបណ្តោះអាសន្ន ហើយបានបន្ថែមថា លោកបានដាក់ពាក្យសុំទៅក្រសួងមហាផ្ទៃដើម្បីបង្កើតគណបក្សផ្ទាល់ខ្លួន គឺគណបក្សយុត្តិធម៌ជាតិខ្មែរ។
នាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានអះអាងថា នាយកដ្ឋានបានទទួលពាក្យសុំនេះហើយកាលពីថ្ងៃទី៤ ខែធ្នូ៕ សារុន