ទោះបីជា កម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយប្រទេសម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បតិ៍ ដែលនឹងអនុញ្ញាតឲ្យប្រទេសនេះបញ្ជូនស្ត្រីពលករធ្វើការតាមផ្ទះទៅប្រទេសជិតខាងនៅតំបន់អាស៊ីរបស់ខ្លួនមួយនេះម្តងទៀតក្តី តែអ្នកនាំពាក្យក្រសួងការងារបានលើកឡើងថា វានៅមិនទាន់ចូលជាធរមាននៅឡើយទេ ពោលគឺនៅប៉ុន្មានខែទៀត។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោកផ្ទាល់បានចាត់ទុកការបញ្ជូននេះថាខុសច្បាប់កាលពី២០១១ ពេលមានសេចក្តីរាយការណ៍កាន់តែច្រើនឡើងៗថា ទីភ្នាក់ជ្រើសរើសពលករក្នុងស្រុក បានកេងយកប្រយោជន៍ពីអ្នកដែលនឹងទៅធ្វើជាស្ត្រីបម្រើការតាមផ្ទះ ដែលភាគច្រើនរងការរំលោភបំពានផ្នែករាងកាយក្រោមដៃចៅហ្វាយនាយក្នុងប្រទេសម៉ាឡេស៊ី។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការងារបានប្រកាសថា បន្ទាប់ពីការចរចាគ្នាអស់រយៈពេលពីរឆ្នាំ អនុស្សរណៈនៃការយោគយល់គ្នាដែលបានបញ្ចប់បម្រាបនេះ ត្រូវបានចុះហត្ថលេខារួចហើយ។ ទោះជាយ៉ាងណា កាលពីម្សិលមិញ លោក ហេង សួរ នាយខុទ្ទកាល័យរបស់លោក អុិត សំហេង បានលើកឡើងថា ការចរចានៅមិនចប់នៅឡើយទេ។
លោកថែ្លងថា “ភាគីទាំងពីរបានព្រមព្រៀង គ្នាកោះហៅក្រុមការងារពិសេសឲ្យមកប្រជុំគ្នានៅខែមករា ហើយបន្ទាប់មកទៀតគឺក្រុមការងារបច្ចេកទេសនៅខែកុម្ភៈ ដើម្បីពិភាក្សា អំពីសេចក្តីលម្អិតនៃផែនការអនុវត្ត”។
លោកបានបន្ថែមថា ពេលកិច្ចពិភាក្សាបានបញ្ចប់ សមភាគីម៉ាឡេស៊ីរបស់លោក អុិុត សំហេង នឹងធ្វើដំណើរកម្ពុជានៅចុងខែកុម្ភៈឬដើមខែមីនា ដើម្បីធ្វើឲ្យផែនការនេះក្លាយជាផ្លូវការ ជាពេលដែលអនុស្សរណៈនៃការយោគយល់គ្នានឹងចូលជាធរមាន។
ការពិភាក្សានេះតាមពិតទៅនិយាយអំពីកិច្ចព្រមព្រៀងចំនួនពីរ ១គឺកិច្ចព្រមព្រៀងសម្រាប់ពលករធ្វើការតាមផ្ទះ និង១ទៀតសម្រាប់ពលករនៅក្នុងវិស័យផ្សេងៗ។
លោក ហេង សួរ បានបដិសេធមិនចែកជូនច្បាប់ចម្លងនៃកិច្ចព្រមព្រៀងទាំងពីរនេះឡើយ ដោយលើកឡើងថា វាជាគោលនយោបាយរបស់រដ្ឋាភិបាល។
ប៉ុន្តែ លោកបានលើកឡើងថា ម៉ាឡេស៊ី និងកម្ពុជាបានព្រមព្រៀងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធជាងមុន ដើម្បីតាមដានស្ត្រីបម្រើតាមផ្ទះថ្មីនីមួយៗដែលធ្វើចំណាកស្រុកដោយមានជំនួយតាមរយៈទិន្នន័យតាមប្រព័ន្ធអីុនធឺណិត។ លោកក៏បានលើកឡើងផងដែរថា ប្រទេសទាំងពីរបានបង្កើតប្រព័ន្ធដ៏ប្រសើរមួយដើម្បីចែករំលែកព័ត៌មានគ្នាទៅវិញទៅមកពេលប្រទេសទាំងពីរទទួលបានសេចក្តីរាយការណ៍ថា មានមនុស្សបាត់ខ្លួន។
អ្នកនាំពាក្យរូបនេះបានលើកឡើងទៀតថា សេចក្តីព្រាងជាក់លាក់មួយទាក់ទិនការការ ពារសិទ្ធិពលករចំណាកស្រុកដែលមាននៅក្នុងសេចក្តីព្រាងមុននៃអនុស្សរណៈនៃការ យោគយល់គ្នា មិនស្ថិតនៅក្នុងកិច្ចព្រមព្រៀង ចុងក្រោយឡើយ ប៉ុន្តែ លោកបាននិយាយថា មានសេចក្តីព្រាងជាក់លាក់បន្ថែមទៀតទាក់ទិននឹងសិទ្ធិពលករត្រូវបានដាក់បញ្ចូល។
លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិនៅអង្គការពលកម្មអន្តរជាតិ (ILO) ដែលបាននិងកំពុងផ្តល់ប្រឹក្សាដល់រដ្ឋាភិបាលកម្ពុជាស្តីអំពីអនុស្សរណៈនៃការយោគយល់ទាំងពីរនេះបានលើកឡើងកាលពីម្សិលមិញថា លោកនៅមិនទាន់ឃើញសំណៅចុងក្រោយ នៅឡើយទេ៕ស៊ុយឈាង