29 C
Phnom Penh

អំពើ​ប្លន់​ប្រដាប់​អាវុធ​បី​លើក ក្រុម​ចោ​រ​យកប្រាក់បាន៣០០.០០០​ដុល្លារ​ និង​បាញ់​មនុស្ស​ស្លាប់ម្នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ក្រុម​​ចោរ​ប្លន់​ប្រដាប់​អាវុធ​បានបាញ់​​ស្ត្រី​ម្នាក់​ស្លាប់​ និង​ប្លន់​យក​របស់​មាន​តម្លៃ​និង​ប្រាក់​ជាង​៣០០.០០០​ដុល្លារនៅក្នុង​អំពើ​ប្លន់​បី​លើក​ដោយ​ឡែក​ពី​គ្នា​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ហើយ​បុរស​ពីរ​នាក់​ត្រូវ​ចាប់​ខ្លួន​ទាក់​ទិន​នឹង​​​បទ​​ឧក្រិដ្ឋមួយ​ក្នុង​ចំណោម​នោះ។

យោង​តាម​លោក សឿង សុភក្ត្រ នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បាន​ឲ្យ​ដឹង​ថា ឃាតកម្ម​បាន​កើតឡើង​ក្នុង​អំឡុង​អំពើប្លន់​មួយ​នៅ​ខេត្ត​ពោធិ៍សាត់ ដែល​ក្នុង​​​ការ​​​​​ប្លន់​នោះ​ បុរស​បិទ​មុខ​បួន​នាក់​ប្រដាប់​ដោយ​កាំភ្លើង​អាកា-៤៧​ពីរ​ដើម បាន​តាម​អ្នក​ស្រី ខាន់ ចាន់ធីម អាយុ​៣១​ឆ្នាំ ពី​កន្លែង​ស៊ីការ​ដល់​ផ្ទះតែម្តង។

លោក​បាន​និយាយ​ថា “ស្ត្រី​រងគ្រោះ​ត្រូវ​បាន​បាញ់​ស្លាប់​ដោយ​ខ្មាន់​កាំភ្លើង​បួន​នាក់ ដែល​បាន​ប្លន់​អ្នក​ស្រី​នៅ​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ក្នុង​ស្រុក​ក្រវាញ”។

មុន​ពេល​បាញ់អ្នកស្រី​ ខាន់ ចាន់ធីម ក្រុម​​ចោរ​ប្លន់​បាន​ចង​ប្តី​របស់​អ្នក​ស្រី គឺ​លោក ជ័យ ភា អាយុ​៣៤​ឆ្នាំ ជាប់​នឹង​ទ្វារ​មុខ​និង​វាយ​គាត់​​​ទៀត​ផង​ បន្ទាប់​មក​ប្លន់បាន​​ប្រាក់​សរុប​ប្រហែល ​៧.០០០​ដុល្លារ និង​គ្រឿង​អលង្ការ​​​ធ្វើ​​​​​​ពី​​​មាស​ប្រហែល​៤.០០០​ដុល្លារ។

យោង​តាម លោក អ៊ុន យ៉ុង ​អធិការ​រង​នគរបាល​ស្រុក​ខ្សាច់​កណ្តាល​បាន​ឲ្យ​ដឹង​ថា នៅក្នុង​អំពើ​ប្លន់​មួយ​ដោយ​ឡែកមួយទៀត​ បុរស​បួន​នាក់​ប្រដាប់​ដោយ​កាំភ្លើង​អាកា-៤៧​បី​ដើម កាំភ្លើង​ខ្លី​ពីរ​ដើម និង​ពូថៅ​មួយ​​​ផង បាន​ទម្លាយ​ចូល​ផ្ទះ​របស់លោក​ ឡាយ ប៊ុណ្ណារី អាយុ​៥៤​ឆ្នាំ ដែល​បើក​កន្លែង​ផ្ទេរ​ប្រាក់​វីង​នៅក្នុង​ស្រុក​ខ្សាច់​កណ្តាល​​ខេត្ត​កណ្តាល។

លោក​បាន​និយាយ​ថា ពួកគេ​វាយ​កូន​ស្រី​របស់​លោក ប៊ុណ្ណារី និង​កូន​ប្រសា​ប្រុស ដើម្បី ​បង្ខំ​ឲ្យ​ពួកគេ​ប្រាប់​កន្លែង​លាក់​របស់​មាន​តម្លៃ​របស់​គ្រួសារ។ លោក​បាន​បន្ថែម​ថា ក្រុម​ចោរ​ប្លន់​បាន​ប្រាក់​៣០.០០០​ដុល្លារ​និង​មាស​​​គិត​​​​ជា​ទឹកប្រាក់​​៦.៥០០​ដុល្លារ។ ​អធិការ​រង​​​រូបនេះ​បាន​និយាយ​ថា នគរបាលកំពុង​ស្វែង​រក​ចាប់​ជន​សង្ស័យ ដែល​គេ​ជឿ​ថា បាន​រត់​គេច​ខ្លួន​ចូល​ព្រៃ​ក្បែរ​នោះ។

យោង​តាម​លោក ចិត្រ វណ្ណី ស្នងការ​រង​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ក្រុង​បាត់​ដំបងឯណោះវិញ​ ខ្មាន់​កាំភ្លើង​ប្រាំមួយ​នាក់​បាន​ប្លន់​ប្តី​ប្រពន្ធ​ពីរ​នាក់​ដែល​ជា​ម្ចាស់​ហាង​​​លក់គ្រឿង​អលង្ការ​ និង​ប្តូរប្រាក់​ នៅ​ពេល​ដែល​ពួកគាត់​​មក​ដល់​ផ្ទះ​ជាមួយ​គ្រឿង​អលង្ការ​ និង​​ប្រាក់​ដ៏​ច្រើន។

ស្នងការ​រង​រូបនេះ​បាន​និយាយ​ថា​​​ ក្រុម​ចោរ​ទាំង​នោះ​ប្រដាប់ដោយ​​កាំភ្លើង​អាកា-៤៧​និង​កាំភ្លើង​ខ្លី បាន​ភ្ជង់​ប្តី​ប្រពន្ធ​នេះ​នៅ​ពេល​ពួក​វា​ប្លន់​យក​មាស​និង​ប្រាក់​ចំនួន​៣០០.០០០​ដុល្លារ មុន​ពេល​បើក​ម៉ូតូ​បី​គ្រឿង​​​​ ចេញ​ទៅ និង​បាន​បាញ់​ឡើង​លើ​​ពីរ​គ្រាប់​ជាការ​ព្រមាន។

លោក វណ្ណី ​និយាយ​ថា “កម្លាំង​នគរ​​​បាល​របស់​ យើង​​សហការ​ជាមួយ​កម្លាំង​រាជ​អាវុធហត្ថ​ខេត្ត​បាត់​ដំបង​ដើម្បី​ចាប់​ជន​សង្ស័យ​ ពីរ​នាក់​នៅ​ថ្ងៃ​នេះ ហើយ​កម្លាំង​របស់​យើង​កំពុង​បន្ត​ស្វែងរក​ចាប់​ខ្លួន​ជនសង្ស័យ​ផ្សេង​​​ទៀត”៕ មានិត​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស