ប័ណ្ណសារ

អង្គការ​មិន​មែន​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ

By

December 14, 2015

សម្ពន្ធ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​កាលពី​ថ្ងៃ​សុក្រ ដោយ​អំពាវនាវ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ថា មួយ​ទសវត្សរ៍​បន្ទាប់ពី​ច្បាប់​ស្តីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​អនុម័ត រដ្ឋាភិបាល​បន្ត​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ពី​ការ​រំលោភ​បំពាន​ខក​ចិត្ត។

សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​សម្ពន្ធ​សិទ្ធិ​មនុស្ស NGO-CEDAW ដែល​តំណាង​៧០​អង្គការ និង​ក្រុម​ដៃ​គូ​ផ្សេងទៀត​បាន​និយាយ​ថា “ដប់​ឆ្នាំ​បន្ទាប់ពី​ច្បាប់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ត្រូវ​បាន​អនុម័ត ការ​កំហិត​នៃ​ច្បាប់​នេះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់”។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​ចេញ​បន្ទាប់ពី​ការ​ស្ទង់​មតិ​ទូទាំង​ប្រទេស​នៅ​ពេល​ថ្មីៗ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​ដែល​រស់​នៅ​ជាមួយ​គ្នា​ត្រូវ​បាន​រំលោភ​បំពាន​ដោយ​ដៃគូ​របស់​ខ្លួន ហើយ​មាន​តែ​៦,៥​ភាគរយ​ប៉ុណ្ណោះ​បាន​រាយការណ៍​អំពី​អំពើ​រំលោភ​បំពាន​ទៅ​ប៉ូលិស។

លោក​ស្រី ឈឹម ចាន់នាង អ្នក​សម្រប​សម្រួល NGO-CEDAW បាន​និយាយ​តាម​ទូរស័ព្ទ​ថា “មនុស្ស​ជាច្រើន ក្នុង​នោះ​មាន​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ផង គិត​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​បញ្ហា​គ្រួសារ។ ពួកគេ​និយាយ​ថា វា​មិន​មែន​ជា​រឿង​ធ្ងន់ធ្ងរ​ទេ”។

សេចក្តី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​មាន​បទបញ្ជា​ការពារ​ចាំបាច់​ចំពោះ​ជន​ដៃដល់ និង​ពង្រីក​វិសាលភាព​ច្បាប់​នេះ​ដើម្បី​បញ្ចូល​ប្តី​ប្រពន្ធ​មិន​រៀបការ​ផង។

សេចក្តី​ថ្លែងការណ៍​និយាយ​ថា “នៅ​ពេល​បច្ចុប្បន្ន មន្ត្រី​មូលដ្ឋាន​គ្រាន់តែ​ផ្តល់​ការ​ព្រមាន​ជា​ពាក្យ​សម្តី​ចំពោះ​ជន​រំលោភ​បំពាន ឬ​ស្នើ​ឲ្យ​ពួកគេ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ថា​នឹង​មិន​បង្ក​ហិង្សា​ជា​ថ្មី​ទៀត​ប៉ុណ្ណោះ។ មាន​តែ​បទបញ្ជា​ការពារ ឬ ការ​ដាក់​ពន្ធនាគារ​ជន​រំលោភ​បំពាន​ទេ ទើប​អាច​ជួយ​បាន”។

សេចក្តី​ថ្លែងការណ៍​បន្ត​ទៀត​ថា “បន្ទាប់​មក​ទៀត ច្បាប់​នេះ​ចាំបាច់​ត្រូវ​ពង្រីក​ដើម្បី​បញ្ចូល​មិន​ត្រឹម​តែ​ប្តី​ប្រពន្ធ​ដែល​រស់នៅ​ជាមួយ​ជន​រំលោភ​បំពាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែមទាំង​ដៃ​គូ​មិន​បាន​រៀបការ និង​អតីត​ដៃគូ​ផង​ដែរ”។

ច្បាប់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​សព្វថ្ងៃ​អនុវត្ត​តែ​ចំពោះ​ប្តី​ប្រពន្ធ​រៀបការ កុមារ ឬ​អ្នក​ដែល​នៅ​ផ្ទះ​ជាមួយ​គ្នា​ប៉ុណ្ណោះ។ ករណី​ជាច្រើន​ផ្សេងទៀត​គ្រានតែ​ដាក់​ទណ្ឌកម្ម​តាម​ក្រម​ព្រហ្មទណ្ឌ ដោយ​មាន​ការ​ដាក់​ទោស​អត់​ឱន​ច្រើន។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោកស្រី ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​និយាយ​ថា ច្បាប់​ដែល​មាន​ស្រាប់​គឺ​គ្រប់គ្រាន់។

លោក​ស្រី ម៉ាលីន បាន​និយាយ​ថា “ក្នុង​ន័យ​ច្បាប់​នេះ វា​មិន​អី​ទេ។ យើង​មាន​ច្បាប់​គ្រប់គ្រាន់ ដើម្បី​ការពារ​សិទ្ធិ​ស្ត្រី​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ បញ្ហា​គឺ​ការ​អនុវត្ត​ច្បាប់”។

លោកស្រី ខៀវ សិរីវុទ្ធា ទីប្រឹក្សា​ក្រសួង​កិច្ចការ​នារី​មិន​យល់​ស្រប​ទេ ដោយ​លោក​ស្រី​បាន​និយាយ​ថា ច្បាប់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​រំពឹង​ថា នឹង​មាន​ការ​ពិនិត្យ​ឡើង​វិញ។

លោក​ស្រី​បាន​និយាយ​ថា “យើង​ត្រូវ​ចាំ​ថា មាន​រយៈ​ពេល​១០ឆ្នាំ​ហើយ។ គួរ​តែ​គ្រប់​គ្រាន់ ប៉ុន្តែ យើង​បាន​ដឹង​ពី​ការ​អនុវត្ត​ច្បាប់​នោះ [ថា​មាន] ចំណុច​មួយ​ចំនួន​ត្រូវ​ពិនិត្យ​ឡើងវិញ”៕ និត