33 C
Phnom Penh

មាស មុត ត្រូវ​​​បាន​​​​​​ដាក់​​​ឲ្យ​​​ស្ថិតនៅ​​​ក្រោម​​​ការ​​​ពិនិត្យ​​​​​​ពីបទ​​​ប្រល័យ​​​ពូជ​​​សាសន៍​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​បាន​​​ប្រកាស​​​ថា ​​​លោក ​​​មាស មុត អតីត​​​មេបញ្ជាការ​​​​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​នៅ​​​សម័យ​​​ខ្មែរ​​​ក្រហម​​​​​​បាន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ចំពោះ​​​មុខ​​​ចៅ​​​ក្រម​​​ក្នុង​​​ក្រុង​​​បាត់​​​ដំបង​​​កាល​​​ពី​​​ម្សិលមិញ ដើម្បី​​​ប្រឈម​​​នឹង​​​ការ​​​​​​ដាក់​​​ឲ្យ​​​ស្ថិត​​​នៅ​​​ក្រោម​​​បទចោទ​មួយចំនួន​ រួម​មាន​​​ដូច​​​ជា​​​អំពើ​​​ប្រល័យ​​​ពូជ​​​សាសន៍ជាដើម​ ពោលគឺ​ជាង​​​៩​​​ខែ​​​បន្ទាប់​​​ពី​​​គាត់​ត្រូវ​​​បាន​​​​​​ដាក់​ឲ្យ​ស្ថិត​នៅ​​​ក្រោម​​​ ​ការ​ពិនិត្យ​ដោយ​កំបាំង​​​មុខ​​​ ពី​បទ​​​ឧក្រិដ្ឋ​​​​ កម្ម​ប្រឆាំង​​​មនុស្ស​​ជាតិ និង​​​ឧក្រិដ្ឋ​​​កម្ម​​​សង្គ្រាម​​​។

អតីត​​​មេបញ្ជាការ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​រូប​​​នេះ​​​ត្រូវ​​​​​​បាន​​​ចោទ​​​ប្រកាន់​​​ដោយ​​​សហ​​​ចៅ​​​ក្រម​​​ស៊ើប​អង្កេត​​​​អន្តរជាតិ​​​ មៃឃើល​​​ បូឡេនឌ័រ ​​​(Michael Bohlander) ដែល​​​ជំនួស​​​តំណែង​​​ របស់​​ចៅក្រម​​​ ម៉ាក ហាម៉ុន (Mark Harmon) កាល​​​ពី​​​ខែ​​​សីហា ពី​​​បទ​​​ឧក្រិដ្ឋ​​​ជា​​​ច្រើន​​​រួម​​​មាន​​​ដូច​​​ជា​​​អំពើ​​​ប្រល័យ​​​ពូជ​​​សាសន៍​​​ និង​​​បទ​​​ឧក្រិដ្ឋ​​​ជា​​​ច្រើន​​​ទៀត​​​ប្រឆាំង​​​មនុស្ស​​​ជាតិ រួម​​​មាន​​​ដូច​​​ជា​​​ ការ​​​ធ្វើ​​​មនុស្សឃាត​​​ ការ​​​សម្លាប់​​​រង្គាល​​​ និង​​​ការ​​​ធ្វើ​​​ឲ្យ​​​​​​ទៅ​​​ជា​​​ទាសករ​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​០០៣​​​នៅ​​​​​​អង្គ​​​ជំនុំ​​ជម្រះ​​​វិសាមញ្ញ​​​ក្នុង​​​តុលាការ​​​កម្ពុជា (ECCC)​ជាដើម​​​​។

បទ​​​​ចោទ​​​​មួយ​​​ចំនួន​​​រួម​​​មាន​​​ដូច​​​ជា​​​​អំពើ​​​​ប្រល័យ​​​ពូជ​​​សាសន៍​​​ជាដើម​ ត្រូវ​​​បាន​​​បន្ថែម​​​​​​តាំង​​​ពី​​​មាន​ដី​កា​​​​សម្រេច​​​​​​ចុះ​ថ្ងៃ​​​ទី​​​០៣ ​​​ខែ​​​មីនា មក​​​ម្លេ៉ះ ខណៈ​​​បទ​​​ចោទ​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​លុបចោល​​​​ជា​​​មួយ​​​នឹង​​​ដីកា​​​បង្គាប់​ឲ្យ​នាំ​​​​​ខ្លួន​​​ដែល​​​ចេញ​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុន និង​​​ដែល​​​នគរ​​​បាល​​​យុត្តិធម៌​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​។

ពេល​​​ទាក់​​​ទង​​​តាម​​​អីុម៉េល​​​​​​ម្សិលមិញ លោក​​​ ម៉ៃឃើល កាណាវា៉ស (Michael Karnavas) មេធាវី​​​ការ​​​ពារ​​​ក្តី​​​ឲ្យ​​​លោក ​​​មាស ​​​មុត ​​​បាន​​​លើកឡើង​ថា កូន​​​ក្តីរបស់​​​លោក​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​នៅ​​​ខេត្ត​​​បាត់​​​ដំបង​​​ដោយ​​​សារ​​​សុខភាព​​​ទ្រុឌ​​​ទ្រោម​​​របស់​​​គាត់​​​។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ចោទ​​​ប្រកាន់​​​ធ្វើ​​​ឡើង​​​នៅ​​​ក្នុង​​​​ក្រុង​បាត់​​​ដំបង​​​ដោយ​​​សារ​​​សុខភាព​​​របស់​​​លោក មាស មុត។​ វា​គ្មាន​​​អ្វី​​​ខុសពី​ធម្មតា​ទេ​​​”។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​លោក​​​នៅ​​​តែ​​​ចាត់​​​ទុក​​​បទ​ចោទ​ទាំងនោះ​​​​ថា “គ្មាន​​​សុពលភាព​​​” ដោយ​​​សារ​​មាន​​​​​​តែ​​​ចៅ​​​ក្រម​​​សើុប​​​​អង្កេត​ មួយ​​​រូប​​​ចុះ​​​ហត្ថលេខា​​​ដូច​​​​​ដែល​​​លោក​​​បាន​​​ជំទាស់​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​កាល​​​ពីខែ​​​មិថុនា ដដែល​​​ ឬ​​​យ៉ាង​​​ណា​​​ លោក​​​ ម៉ៃឃើល ​​​កាណាវ៉ាស បាន​​​លើក​​​ឡើង​​​ថា លោក​​​យល់​​​ថា ចៅក្រម​​​សហ​​​សើុប​​​អង្កេត​​ជាតិ​​​​​​ យូ ​​​ប៊ុន​​​ឡេង ​​​”មិន​​​ជំទាស់​​​​​​” ចំពោះ​ការ​​​ដែល​​​លោក​​​ មាស ​​​មុត ​​​ត្រូវ​​​បាន​​​កោះ​​​ហៅ និង​​​ចោទ​​​ប្រកាន់​​​ដោយ​​​ចៅ​​​ក្រម​​​ ម៉ៃឃើល បូឡេនឌ័រ​​​ ឡើយ​​​។

លោក ឡាស អូ​​ល​សេន (Lars Olsen) អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​ក្តី​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​អាច​​​បង្ហាញ​​​សេចក្តី​​​លម្អិត​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​បទ​ចោទ​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​​​​លុបចោល​​​​ពីដីកា​សម្រេច​​​នា​​​ខែមីនា​​​នោះ​​​ឡើយ​​​ ដោយ​​​សារ​​​តែ​ភាព​​​​សម្ងាត់​​​នៃ​​​ការ​​​សើុប​​​អង្កេត​​​។ ​​​លោក​​​​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​​​​ថា តើ​​​ក្រុម​​​​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ ជាតិ​​​សាសន៍ ឬ​​​សាសនា​​​ណា ​​​ដែល​​​លោក​​​ មាស មុត ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​ពី​​​បទ​​​ប្រព្រឹត្ត​​​​​​អំពើ​​​ប្រល័យ​​​ពូជ​​​សាសន៍​​​​​​ នោះ​​​ឡើយ​​​ ដោយ​​​លើក​​​ឡើង​​​ថា វា​​​ក៏​​​ជា​​ភាព​សម្ងាត់​​​ដែរ​​​។

បទ​ចោទ​​​ទាំង​នេះ​​​គឺជា​​​បទចោទ​​​​ចុង​​​ក្រោយ​​​បំផុតដែលត្រូវបាន​សម្រេចចោ​ទ​ប្រកាន់​​​​នៅ​​​​​​ក្នុង​​​សំណុំ​​​រឿង​​​០០៣ និង០០៤ ដែល​​​រដ្ឋាភិបាល​​​ជំទាស់​​​​​​ ​​​ដោយ​​​លោក​​​ យឹម ​​​ទិត្យ​​​ ហៅ​​​តា​​ទិត្យ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​នៅ​​​ថ្ងៃ​​​ពុធ ពីបទ​​​ឧក្រិដ្ឋ​​​មួយចំនួន​ដូច​​​ជា​​​បទ​​​​ប្រល័យ​​​ ពូជ​​​សាសន៍​​​លើ​​​ខ្មែរ​​​ក្រោម​​​​​​​​​ ជា​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​មក​​​ពីវៀតណា​​​ម​​​ខាង​​​ត្បូង​​​ជាដើម​។ ​​​លោក អៅ អាន ហៅ​​​តាអាន​​​ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​កាល​​​ពីមីនា​ ខណៈ​​​អ្នកស្រី​ អឹុម ចែម ត្រូវ​​​បាន​​​​​​ដាក់​ឲ្យស្ថិត​ក្រោមការ​ពិនិត្យ​​​​កំបាំង​​​មុខ​​​នៅ​​​ក្នុង​​​ខែ​​​ដដែល​​​​ ប៉ុន្តែ គាត់​​​បាន​​​បដិសេធ​​​មិន​​​ប្រឈម​​​មុខតទល់​​​​​​​ជា​​​មួយ​​​ចៅ​​​​​​ក្រម​​​ឡើយ។​នគរ​​​បាល​​​ក៏​​​បាន​​​បដិសេធ​​​មិន​​​អនុវត្ត​​​ដីកាបង្គាប់​​​​​ឲ្យ​នាំ​​​ខ្លួន​​​អ្នក​​​ស្រី​​​ដែរ​​​។

បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​ខែ​​​មីនា ​​​លោក​​​ មាស មុត បាន​​​និយាយ​​​ថា គាត់​​​ “ខ្វាយ​​​ខ្វល់​​​នឹង​​​ការ​​​ដាំដុះ​​​ពោត​​​ និង​​​ដំឡូង​​​មី​​​របស់​​​គាត់​​​​​​” ​​​ជាង​​​សកម្មភាព​​​របស់​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​។ ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​ថា មុន​​​ពេល​​​ចាប់​​​ខ្លួន​​​​​​លោក​​​ មាស មុត ចាំ​​​បាច់​​​ត្រូវ​​​មានការ​ស្ទាប​​​ស្ទង់​​​មតិ​​​​អ្នក​​​ជិត​​​ខាង​​​របស់​​គាត់​នៅ​​​​​​ក្នុង​​​ស្រុក​​​សំឡូត​​​​ជា​​​តំបន់​​​មួយ​​​ក្នុង​​​ចំណោម​​​មូល​​​ដ្ឋាន​​​ដ៏​​​រឹង​​​មាំចុងក្រោយ​​​​របស់​​​ខ្មែរ​​​ក្រហម​​​ជា​​​មុន​​​សិន​​​។

​​​លោក ហែម សារុំ នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​តាសាញ់ ​​​ដែល​​​ជា​​​តំបន់​​​លោក​​​ មាស​​​ មុត​​​ រស់​​​នៅ​​​បាន​​​លើក​​​ឡើង​​​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​​​​​​ថ្មី​​​ៗ​​​នេះ​ មន្ត្រី​​​សាលា​​​ក្តី​​​​​​​​​បាន​​​ចុះ​​​មក​​​សួរ​​​សុខ​​​ទុក្ខ​​​អតីត​​​មេ​​​បញ្ជា​​​ការ​​​កង​​​ទ័ព​​​ជើងទឹក​ចាស់​​​ជរា​​​រូប​​​នេះ​​​ ដែល​​​ថ្មី​​​ៗ​​​នេះ​​​ទើប​​​តែ​​​ត្រឡប់​​​ពី​​​ព្យាបាល​​​ជំងឺងនៅ​ប្រទេស​​​ថៃ​​​ ​ពីរ​​​ដង​​​រួច​​​មក​​​ហើយ​​​។

លោក​​​ ហែម សារុំ បាន​​​មាន​​​ប្រសាសន៍​​​ថា “មន្ត្រី​​​ ECCC បាន​​​ចុះ​​​មក​​​សួរ​​​សុខ​​​ទុក​​​្ខ​​​គាត់​​​ម្តង​​​ ​​​ទៀត​​​ជា​​​លើក​​​ទី​​​២ លើក​​​នេះ​​​ស្រប​​​ពេល​​​ដែល​​​ព្រះ​​​សង្ឃបួន​​​ទៅ​​​ប្រាំ​​​អង្គ​​​កំពុង​​​សូត្រ​​​មន្ត​​​​​​រំដោះ​​​គ្រោះ​​​​ឲ្យ​​​បុរស​​​វ័យ​​​ចំណាស់​​​រូប​​​េនះ​​​ ព្រោះ​​​គាត់​​​​​​ត្រូវ​​​បាន​​​ បញ្ជូន​​​ទៅ​​​ព្យាបាល​នៅ​​​ក្នុង​មន្ទីរ​​​ពេទ្យ​​​នៅ​​​​ប្រទេស​​​ថៃ​​​ ប៉ុន្មាន​​​ខែ​​​ថ្មី​​​ៗ​​​នេះ​​​​​​ប៉ុន្តែ គាត់​​​មិន​​​បានគ្រាន់​​​បើ​​​​​​ទេ ហើយ​​​គ្រូពេទ្យ​​​ថៃ​​​បាន​​​ឲ្យ​​​គាត់​​​ត្រឡប់​​​មក​​​ផ្ទះ​​​វិញ​​​។ គាត់​​​ឈឺ​​​ធ្ងន់​​​​​​​ណាស់​​​”។

ទោះ​​​បី​​​ជា​​​មិន​​​ដឹង​​​អំពី​​​រឿង​រ៉ាវ​​​​នៅ​​​សាលា​​​ក្តី ក៏​​​ដោយ​​​ ក៏​​​លោក ហែម សារុំ បាន​​​លើក​​​ឡើង​​​​​​ថា លោក​​​គិត​​​ថា សាលាក្តី​​​គួរ​​​តែ​​​បញ្ឈប់​​​នីតិវិធី​​​​របស់​​​ខ្លួន​​​ប្រឆាំង​​​លោក  មាស មុត។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ដឹង​​​ថា តើ​​​ដីកា​​​បង្គាប់​ឲ្យនាំ​​​​ខ្លួន​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​ ឬ​​​យ៉ាងណា​​​នោះ​​​​​​ឡើយ តែ​​​ប្រសិន​​​បើ​​​ដីកា​​​បង្គាប់​ឲ្យនាំ​​​​ខ្លួន​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​ នេះ​​​គឺ​​​ជា​​​រឿង​​​ល្អហើយ​​​​។​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​​​​មិន​​​គួរ​​​ខ្វាយ​​​ខ្វល់​​​នឹង​​​សំណុំ​​​រឿង​​​នេះ​​​ទេ ​​​ព្រោះ​​​​​​គាត់​​​មិន​​​អាច​​​ទទួល​​​ទាន​​​អ្វី​​​បាន​​​ឡើយ ផឹកបាន​ត្រឹម​​​តែ​​​​ទឹក​​​ប៉ុណ្ណោះ ហើយ​​​កំពុង​​​ដេកនៅ​​​នឹង​​​កន្ទេល​​​”៕ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស