30 C
Phnom Penh

កង​រាជ​អាវុធ​​ហត្ថ​រាជ​ធានី​ភ្ន​ំពេញ ​​រំដោះ​បាន​​​ចំណាប់​ខ្លាំង​ជន​ជាតិ​ចិន ហើយ​ចាប់​ខ្លួ​ន​ក្រុម​​ចាប់​ជំរិត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ច័ន្ទ កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​រំដោះ​​ខ្លួន​ពាណិជ្ជករ​ជនជាតិ​ចិន​ បី​នាក់​​​​ដែល​ត្រូវ​បាន​ចាប់​​ជំរិត​កាលពី​ពីរ​ខែ​មុន ហើយ​បាន​ចាប់​ខ្លួន​​​ជន​ចាប់​ជំរិត​ដែល​ជា​ជន​ជាតិ​ចិន ដូច​គ្នា​​ចំនួន​ប្រាំមួយ​នាក់ ដែល​​ប៉ុន​ប៉ង​​កំហែង​ទារ​ប្រាក់​​ពី​សាច់​ញាតិ​​របស់​ជន​រង​គ្រោះ​ទាំង​បី​នាក់​នៅ​ក្នុង​ប្រទេស​ចិន នេះ​​​បើ​តាម​​ការ​​ឲ្យ​ដឹង​ពី​មន្ត្រី​មួយ​រូប​កាលពី​ម្សិលមិញ។

លោក ផាន់ តារាវុធ អនុប្រធាន​មន្ទីរ​​ស្រាវ​​​ជ្រាវ​​បទ​ល្មើស​​​នៃ​កង​រាជ​អាវុធ​ហត្ថ​រាជធានី បាន​មាន​ប្រសាសន៍​ថា ជន​រង​គ្រោះ​ជន​ជាតិ​ចិន ​ទាំង​បី​នាក់​​ដែល​មាន​អាយុ​៤០​ឆ្នាំ ៥០​ឆ្នាំ និង​៥៥​ឆ្នាំ ត្រូវ​បាន​​ចាប់​ជំរិត​​​​នៅ​ក្រុង​ព្រះសីហនុ កន្លែង​ដែល​ពួកគេ​ធ្វើ​ការ​ និង​រស់​នៅ​កាល​ពី​ប្រហែល​ពីរ​​ខែ​មុន។

លោក​​បាន​លើក​ឡើង​​​ទៀត​ថា ​​​នៅ​ពេល​ណាមួយ​​​អំឡុង​ពេល​នោះ ​​ពួកគេ​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​រាជធានី​ភ្នំពេញ ​ហើយ​ទីបំផុត​​​​​​​ត្រូវ​​​គេ​ឃុំ​ខ្លួន​​ក្នុង​​ផ្ទះ​ជួល​មួយ​​នៅ​សង្កាត់​ចាក់​អង្រែ​​​ក្រោម ខណ្ឌ​មាន​ជ័យ។ ​នៅ​ទីនោះ​ ពួកគេ​​បាន​បោះ​ក្រដាស​​មួយ​សន្លឹក​ចេញ​តាម​បង្អួច​​ដើម្បី​​អង្វរករ​សុំ​ជំនួយ និង​​ព័ត៌មាន​ទាក់​ទង​ទៅ​​​ប្រពន្ធ​របស់​ពួកគេ​ដែល​ជា​ជនជាតិ​ខ្មែរ​។ ​

លោក​បញ្ជាក់​ថា អ្នក​​ធ្វើ​ដំណើរ​​​ឆ្លង​កាត់​​​បាន​ប្រទះ​ឃើញ​​​​​​លិខិត​នោះ​ ហើយក៏​​បាន​ជូន​​​ដំណឹង​​ទៅ​ស្ត្រី​​ជា​​ប្រពន្ធ​​​​​របស់​ជន​រង​គ្រោះ​ ​​​ដែល​បាន​ប្ដឹង​ទៅ​​សមត្ថកិច្ច​កាលពី​ថ្ងៃ​ច័ន្ទ។

​លោក​ថ្លែង​ថា ​”​យើង​បាន​​ជួយ​សង្គ្រោះ​ពួកគេ​​ ហើយ​​ចាប់​បាន​ក្រុម​ចាប់​ជំរិត​​ជនជាតិ​ចិន ប្រាំមួយ​នាក់ ក្នុង​នោះ​រួម​មាន​ស្រី​ម្នាក់​ផង​ បន្ទាប់ពី​​ប្រពន្ធ​ជន​រងគ្រោះ​​​ដែល​ជា​ជន​ជាតិ​ខ្មែរ​ បាន​ដាក់​ពាក្យ​បណ្ដឹង​មក​យើង”។

​លោក​​មាន​ប្រសាសន៍​ទៀត​​ថា លោក​គ្មាន​​​ព័ត៌មាន​លម្អិត​ស្ដីពី​ជន​ចាប់​ជំរិត និង​​​មិន​ដឹង​ថា ពួកគេ​ជំរិត​ទារ​ប្រាក់​ប៉ុន្មាន​ទេ ហើយ​ក៏​មិន​ដឹង​​​ថា ជន​រងគ្រោះ​រកស៊ី​អ្វី​នោះ​ដែរ។ លោក​​​​​បាន​ថ្លែង​ថា ចំណាប់​ខ្មាំង​​​​ត្រូវ​​គេ​​ឲ្យ​អាហារ​ទទួល​ទាន​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​រាង​កាយ​ទេ។

​លោក​បាន​​លើក​ឡើង​​បន្ថែម​​​ទៀត​ថា “ជន​​​រងគ្រោះ​មាន​សភាព​​​ខ្សោយ និង​ស្គម​ស្គាំង ពីព្រោះ​ពួកគេ​​​ហូប​តែ​មួយ​ពេល​ប៉ុណ្ណោះ​ក្នុង​​​​មួយ​ថ្ងៃ”។ ​​លោក​​ថ្លែង​​ថា ជន​ចាប់​ជំរិត​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​​ចាប់​បង្ខាំង​មនុស្ស​​ដោយ​ខុស​ច្បាប់ និង​កំហែង​​ទារ​ប្រាក់ ហើយ​​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​េនះ​​៕ សុខុម​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស