40.9 C
Phnom Penh

​​​​អ​ង្គ​​​ការ​មិន​​​​មែនរដ្ឋា​ភិបា​​​ល​កា​រ​ពា​រ​​​​ បរិ​​​ស្ថា​​​ន​​​​ប្រ​​​ឈម​កា​រ​បិទ​ទ្វា​រ​ពាក់​ព័ន្ធ​ក​រ​ណី​​​កំ​​​ហែង​ទារ​​​​​​​ប្រាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​ដឹង​ថា​​ ក្ដី​បារម្ភ​​មួយ​ក្នុង​ចំណោម​ក្ដី​បារម្ភ​របស់​​បណ្ដា​អង្គការ​សិទ្ធិ​មនុស្ស ​​គឺ​ច្បាប់​ស្ដីពី​អង្គការ​​មិន​មែន​រដ្ឋាភិបាល​ដ៏ចម្រូង​ចម្រាស​​ដែល​​​បាន​ចូល​ជាធរមាន​​​កាលពី​ខែ​សីហា ​​​នោះ កាលពី​ម្សិលមិញ ក្រសួង​មហា​ផ្ទៃ​​​​បាន​​គំរាម​​​ផ្អាក​ដំណើរ​ការ​​​ ឬ​រម្លាយ​​អង្គការ​​​​មិន​មែន​រដ្ឋាភិបាល​ការ​ពារ​បរិស្ថាន​​​មួយ ដែល​​​​​បុគ្គលិក​របស់​ខ្លួន​​​ជាប់​ចោទ​​​ពីបទ​ប្រើ​ប្រាស់​តួនាទី​របស់​ខ្លួន​ដើម្បី​​កំហែង​ទារ​​ប្រាក់​ពី​អ្នក​នេសាទ​​​នៅ​ទន្លេសាប​។

យោង​តាម​នគរ​បាល​​​​ឲ្យ​ដឹង​ថា ពេល​នេះ​ បុគ្គលិក​បួន​នាក់​នៃ​អង្គការ​ការ​ពារ និង​អភិវឌ្ឍន៍​​​​ធនធាន​ធម្មជាតិ​ កំពុង​​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​​របស់​​នគរ​បាល​​​​ខេត្ត​សៀមរាប បន្ទាប់ពី​ពួកគេ​​​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ពីបទ​​​ដក​​​ហូត​ឧបករណ៍​នេសាទ​ពី​អ្នក​នេសាទ​​​ជិះ​​​​​​ទូក​​​ម្នាក់ ហើយ​ទាមទារ​ប្រាក់​​​​លោះ។

លោក ឆាន់ ចាន់​សុភ័ក្ត្រ ​អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​​​​​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ​អង្គការ​​នេះ​​​ទាំង​មូល​​​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ពួកគេ​។

លោក​​បាន​ថ្លែង​ថា “​ពេល​នេះ​​ យើង​កំពុង​​​​រង់ចាំ​​​​របាយការណ៍​​ពី​សមត្ថកិច្ច​ ហើយ​ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​។ ​បើ​យើង​មិន​លុប​​​​​ឈ្មោះ​អង្គការ​នេះ​ចេញពី​បញ្ជី​​​​ទេ ក៏​​ត្រូវ​ផ្អាក​​​​សកម្ម​ភាព​របស់​វា​​បណ្ដោះ​អាសន្ន​ដែរ​”។

​យោង​តាម​លោក ទូច សាកល ​អធិការ​ស្រុក​បាន​ឲ្យ​ដឹង​ថា ជន​ល្មើស​​​​ដែល​មាន​ឈ្មោះ ​​ខាន់ សុខេម ​អាយុ​៤៣​ឆ្នាំ ខាន់ ទូច អាយុ​៤៨​ឆ្នាំ ​​ឈឹម ឈីង អាយុ​៣៨​ឆ្នាំ និង​ឈ្មោះ លឹម សាវុធ អាយុ​៥២​ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ​​​បន្ទាប់ពី​​បុរស​​នេសាទ​ម្នាក់​បាន​ប្ដឹង​ថា ពួកគេ​​​បាន​​ចូល​ទៅ​ជិត​ទូក​របស់​គាត់​នៅ​ក្នុង​ស្រុក​ជីក្រែង ហើយ​បាន​ចាប់​យក​​អួន​  និង​​ទាម​ទារ​​ប្រាក់​។

ជន​ល្មើស​ទាំង​បួន​នាក់​នេះ​ស្លៀក​ពាក់​ឯកសណ្ឋាន​ពណ៌​កាគី ស្រដៀង​​​​ឯក​សណ្ឋាន​​ដែល​ស្លៀក​​​ពាក់​​​​ដោយ​មន្ត្រី​រដ្ឋបាល​ជល​ផល​ហើយ​វា​​​ដូច​ការ​រៀប​រាប់​ប្រាប់​នគរ​បាល​​កាល​ពី​លើក​មុន​ៗ​ដោយ​អ្នក​​នេសាទ​​​​​ដែល​អះ​អាង​ថា ​​​​​ខ្លួន​ត្រូវ​បាន​ជំរិត​ទារ​ប្រាក់​ក្នុង​រូប​ភាព​​​ស្រដៀង​គ្នា​។

លោក​ថ្លែង​ថា “​អ្នក​នេសាទ​នោះ​បាន​ប្រាប់​​​យើង​ថា ​មនុស្ស​បួន​នាក់​​​​​បាន​មក​​ចាប់​​អួន​របស់​​​គាត់ ហើយ​បាន​ទារ​ប្រាក់​១០០​ដុល្លារ។ ពួក​គេ​​​គំរាម​បំផ្លាញ​អួន​ទាំង​នោះ​ចោល​​ ប្រសិន​បើ​អ្នក​នេសាទ​​​នោះ​មិន​ព្រម​ឲ្យ​លុយ​ទៅ​ពួកគេ​។ ​​​តាម​ការ​រាយ​ការណ៍​​ថា ជន​ទាំង​បួន​នាក់​នេះ​​បាន​​ជំរិត​ទារ​ប្រាក់​​​ពី​អ្នក​នេសាទ​យូរ​មក​ហើយ​ ​​​ប៉ុន្តែ​ពួកគេ​តែង​តែ​​គេច​ខ្លួន​បាត់ មុន​ពេល​កង​កម្លាំង​របស់​យើង​ទៅ​ដល់​កន្លែង​កើត​ហេតុ​”។

លោក​​​មាន​ប្រសាសន៍​​ទៀត​ថា ប៉ុន្តែ​លើក​​​នេះ ​បន្ទាប់ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ជន​រងគ្រោះ​ ហម នី តាម​រយៈ​មេភូមិ​របស់​គាត់​​​ កង​រាជ​អាវុធ​ហត្ថ​​បាន​រក​ឃើញ​មនុស្ស​បួន​នាក់​នៅ​​កន្លែង​កើត​ហេតុ​ក្នុង​ឃុំ​អន្លង់​សំណ ហើយ​​ជន​ល្មើស​​ត្រូវ​បាន​ប្រគល់​​ខ្លួន​ឲ្យ​នគរ​បាល​ខេត្ត​កាលពី​​ថ្ងៃ​អាទិត្យ។

លោក ធិន ចាន់ដារ៉េត នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​ខេត្ត ​​​មាន​ប្រសាសន៍​​​ថា ករណី​នេះ​​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​​​​ខេត្ត​ហើយ​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​​​បុរស​ទាំង​បួន​​​​នាក់​នេះ​ត្រូវ​បាន​​ព្រះរាជអាជ្ញា​ កើត វណ្ណារ៉េត ចោទ​ប្រកាន់​​ជា​បណ្ដោះ​អាសន្ន​ក្នុង​ថ្ងៃ​តែ​មួយ​ពីបទ​កំហែង​ទារ​ប្រាក់​។

លោក​ កើត វណ្ណារ៉េត ​បាន​បញ្ជាក់​ពី​បទ​ចោទ​ប្រកាន់​បណ្ដោះ​អាសន្ន​នេះ ប៉ុន្តែ​​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​បន្ថែម​ទៀត​ទេ។

ចំណែក​ឯ​​លោក គិញ វ៉ើត ​នាយក​ប្រតិ​បត្តិ​នៃ​អង្គការ​ការ​ពារ និង​អភិវឌ្ឍន៍​ធន​ធាន​ធម្មជាតិ បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ជន​កំហែង​ទារ​ប្រាក់​ទាំង​បួន​នាក់​នេះ​ពិត​ជា​បុគ្គលិក​​របស់​អង្គការ​លោក​មែន​ ប៉ុន្តែ​​​លោក​មិន​បាន​ដឹង​​ពី​ការ​ចាប់ខ្លួន​ពួកគេ​ទេ​។

​លោក​បន្ត​​ថា ​តាម​ពិត​ឈ្មោះ ខាន់ សុខេម ​​និង ខាន់ ទូច ​​ត្រូវ​​ប្រចាំ​ការ​​​​នៅ​​ខេត្ត​បាត់ដំបង រីឯ​ពីរ​នាក់​ទៀត​​ប្រចាំ​ការ​​នៅ​​ខេត្ត​កំពង់ធំ។ ​”​ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អី​បាន​ជាពួក​​គាត់​​ផ្លាស់​មក​ខេត្ត​សៀមរាប​ទេ”។ លោក​មាន​ប្រសាសន៍​ថា ​លោក​​មិន​ដែល​ទទួល​បាន​ពាក្យ​​​បណ្ដឹង​​ប្តឹង​ពួកគេ ឬ​បុគ្គលិក​​ណា​ម្នាក់​ផ្សេង​ទៀត​​​ពី​បទ​​កំហែង​​ទារ​ប្រាក់​​ឡើយ​។

​នៅ​ពេល​សួរ​អំពី​​ជោគ​វាសនា​នៃ​អង្គការ​របស់​លោក​ដែល​​អាច​ប្រឈម​ការ​បិទ​ទ្វារ​ប្រសិន​បើ​បុរស​ទាំង​បួន​នាក់​នេះ​ត្រូវ​តុលា​ការ​សម្រេច​​ឲ្យ​ជាប់​ពិរុទ្ធភាព​​នោះ នាយក​រូប​នេះ​មាន​ប្រសាសន៍​ថា លោក​នឹង​សរសេរ​​លិខិត​មួយ​ច្បាប់​​​​ផ្ញើ​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ស្នើ​សុំ​​កុំ​ឲ្យ​ដាក់​ពិន័យ​​អង្គការ​ទាំង​មូល​ចំពោះ​ទង្វើ​របស់​​​បុគ្គល​​ពីរ​បី​នាក់​។ លោក​ថ្លែង​ថា ​”ក្រសួង​មហាផ្ទៃ​មិន​អាច​បិទ​អង្គការ​នេះ​បាន​​ទេ ពីព្រោះ​អង្គការ​​មិន​បាន​ប្រព្រឹត្ត​​ខុស។ យើង​ក៏​មិន​បាន​បញ្ជា​​មនុស្ស​ទាំង​បួន​នាក់​នេះ​ឲ្យ​​​ទៅ​កំហែង​ទារ​ប្រាក់​ដែរ​”។

លោក​​បាន​បន្ត​ថា ប្រសិន​បើ​បុគ្គលិក​របស់​​​លោក​គ្មាន​ទោស​ លោក​នឹង​​ដាក់​ពាក្យ​បណ្ដឹង​បរិហារកេរ្តិ៍​ដើម្បី​ប្ដឹង​​​បក​ទៅ​ដើម​ចោទ​​ ដែល​​​​លោក​មាន​ប្រសាសន៍​ថា “​បាន​ព្យាយាម​បំផ្លាញ​​​​កេរ្តិ៍​ឈ្មោះ​របស់​អង្គការ​ខ្ញុំ​”។

បណ្ដា​អង្គការ​សិទ្ធិ​មនុស្ស​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​នឹង​ប្រើ​ប្រាស់​​ច្បាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល​​​​​ដើម្បី​ចាត់វិធានការ​​ដាក់​ពិន័យ​​អង្គការ​​នានា​ដែល​ធ្វើ​កិច្ច​ការ​ស្រប​ច្បាប់​​ដោយ​សារ​​ហេតុ​ផល​នយោ​បាយ​។ ក្នុង​ចំណោម​​​ការ​ត្អូញ​ត្អែរធំៗ​របស់​ពួកគេ ​​គឺ​​ច្បាប់​មិន​ការ​ពារ​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ពី​ការ​ផ្ដន្ទាទោស​ជា​​សមូហ​ភាព​​​សម្រាប់​ទង្វើ​​​ដែល​ប្រព្រឹត្ត​​ដោយ​​បុគ្គល​ជា​​និយោជិត ឬ​សមាជិក​៕ សុខុម​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស