ដោយមានការគាំទ្រយ៉ាងលើសលប់ពីគណបក្សទាំងពីរ កាលពី ម្សិលមិញរដ្ឋសភាបានអនុម័តច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វជាលើកដំបូងនៅក្នុងប្រទេស ដែលដាក់ចេញនូវវិធានសម្រាប់ការប្រព្រឹត្តរបស់មនុស្សទៅ លើបសុសត្វ និងការកែច្នៃសាច់សត្វឲ្យមានសុវត្ថិភាព។

ដោយគ្មានការធ្វើវិសោធនកម្ម ឬការតវ៉ាណាមួយពីសភា ច្បាប់នេះត្រូវបានអនុម័តដោយសំឡេងគាំទ្រ១០០សំឡេងពីសមាជិកសភា១០២រូប ដែលមានវត្តមាន។
បន្ទាប់ពីការបោះឆ្នោត លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រគណបក្សប្រឆាំងមានប្រសាសន៍ថា ច្បាប់នេះត្រូវបានបង្កើតឡើងដើម្បីទប់ស្កាប់ការផ្ទុះឡើងនូវជំងឺសត្វ និងទប់ស្កាត់សាច់សត្វខូចគុណភាពកុំឲ្យទៅដល់ដៃអ្នកប្រើប្រាស់។ ជ្រូក និងមាន់ទារាប់ពាន់ក្បាលត្រូវបានសម្លាប់នៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីដោះស្រាយការផ្ទុះឡើងនូវជំងឺជ្រូកត្រចៀកខៀវ គ្រុនផ្ដាសាយបក្សី និងមេរោគសត្វផ្សេងៗទៀត។
លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា “ជាក់ស្ដែង មិនមានការថែទាំឲ្យបានគ្រប់គ្រាន់ក្នុងការចិញ្ចឹមសត្វយកសាច់ឡើយ។ ជាតួយ៉ាង ច្បាប់នេះនឹងតម្រូវឲ្យផលិតកម្មអនុវត្តតាមស្ដង់ដារមួយចំនួន ដូចជាឲ្យមានអនាម័យត្រឹមត្រូវក្នុងការផ្ដល់សាច់សម្រាប់ប្រជាពលរដ្ឋបរិភោគដោយមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ជាដើម”។
លោកបានបន្ថែមថា រហូតមកទល់ពេលនេះ ប្រទេសកម្ពុជាមិនទាន់មានការដាក់ទោសទណ្ឌជាក់លាក់ដល់កសិករ និងទីសត្តឃាតដែលប្រើប្រាស់ការអនុវត្តប្រកបដោយគ្រោះថ្នាក់នៅឡើយទេ។
លោកបានលើកឡើងថា ”ឥឡូវនេះ ច្បាប់នេះគ្របដណ្ដប់ចំណុចនេះ…រួមមានការព្យួរអាជ្ញាប័ណ្ណសម្រាប់កសិដ្ឋានទាំងឡាយណាដែលមិនអនុវត្តតាមបទដ្ឋាន និងកសិដ្ឋានដែលធ្វើទារុណកម្មសត្វ។ ហើយច្បាប់នេះក៏តម្រូវឲ្យពេទ្យសត្វពិនិត្យតាមដានជំងឺសត្វដើម្បីទប់ស្កាប់ជំងឺនានាមិនឲ្យឆ្លងរាលដាលដល់សត្វដទៃទៀត និងឆ្លងទៅមនុស្សដែលបរិភោគសាច់សត្វទាំងនោះផងដែរ”។
ថ្លែងនៅរដ្ឋសភា លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាក៏ត្រូវការច្បាប់នេះដើម្បីរួមបញ្ចូលជាមួយបទប្បញ្ញត្តិពាក់ព័ន្ធដែលអនុវត្តមិនបានល្អ។
លោកបានមានប្រសាសន៍ថា “ចាប់តាំងពីប្រទេសកម្ពុជាទទួលបានឯករាជ្យមក មិនទាន់មានច្បាប់លើកឡើងពីសុខភាពសត្វ និងផលិតកម្មសត្វទេ…មានតែអនុក្រឹត្យ សារាចរ ប្រកាស និងសេចក្តីណែនាំតែប៉ុណ្ណោះ។ ប៉ុន្តែការអនុវត្តមិនបានពេញលេញឡើយ ដូច្នេះរដ្ឋសភាមិនអាចច្រានចោល [ច្បាប់នេះ] បានទេ”។
ច្បាប់នេះត្រូវអនុម័តដោយព្រឹទ្ធសភា និងឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រមុនចូលជាធរមាន។
សម័យប្រជុំរដ្ឋសភាកាលពីម្សិលមិញ គឺជាលើកទី១ហើយដែលមានការចូលរួមពីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីគណបក្សនេះបានធ្វើពហិការកាលពីពីរខែមុន ដោយលើកឡើងនូវការបារម្ភអំពីសុវត្ថិភាពបន្ទាប់ពីមានការវាយដំកាលពីថ្ងៃទី២៦ ខែតុលា ទៅលើតំណាងរាស្ត្ររបស់ខ្លួនពីររូបនៅក្រៅបរិវេណរដ្ឋសភា៕ សារុន