មន្ត្រីមួយរូបបានឲ្យដឹងថា នគរបាលខេត្តកំពតកំពុងស៊ើបអង្កេតករណីឃាតកម្មលើកសិករធ្វើស្រែម្នាក់ និងការធ្វើទារុណកម្មកូនស្រីរបស់ជនរងគ្រោះដែលត្រូវគេចងភ្ជាប់នឹងគ្រែ ខណៈសពឪពុករបស់ខ្លួននៅក្រោមគ្រែកាលពីម្សិលមិញ។
យោងតាមលោក ប៊ុត អង នាយរងប៉ុស្តិ៍នគរបាលឃុំបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ហ៊ុយ ថូ អាយុ៣៤ឆ្នាំ ត្រូវបានស្រាយចំណង រួចបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីអ្នកជិតខាងឮគាត់ស្រែកឲ្យគេជួយកាលពីព្រឹកម្សិលមិញ ពីផ្ទះដែលគាត់រស់នៅជាមួយឪពុកនៅក្នុងឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។
បុរសជាឪពុកឈ្មោះ ភឹម ខន អាយុ៦០ឆ្នាំ ត្រូវបានប្រទះឃើញស្លាប់នៅក្រោមគ្រែ ដោយសាកសពមានសុទ្ធតែស្នាមដាច់រយះ និងស្នាមជាំ។ លោក ប៊ុន អង មានប្រសាសន៍ថា ក្រុមស៊ើបអង្កេតជឿថា ឃាតកម្មនេះត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃអង្គារ ជាការសងសឹកដោយជនសង្ស័យច្រើននាក់ ហើយបានគូសបញ្ជាក់ថា របស់របរនៅក្នុងផ្ទះមិនបានបាត់បង់ទេ។
លោកមានប្រសាសន៍ទៀតថា “យើងនឹងដឹងកាន់តែច្បាស់ពីអ្វីដែលបានកើតឡើងនៅពេល ហ៊ុយ ថូ ធូរស្បើយ” ហើយថា ស្ត្រីជាកូនមិនទាន់និយាយកើតទេ ដោយសារតែរងរបួសធ្ងន់ធ្ងរដែលរួមមានទាំងស្នាមដាច់រយះនៅលើមុខ និងស្នាមជាំខ្លាំងនៅលើរាងកាយរបស់គាត់ផងដែរ។
លោកក៏បានលើកឡើងដែរថា គេមិនដឹងច្បាស់ថាតើលោក ភឹម ខន ត្រូវបានឃាតករសម្លាប់អំឡុងពេលដេកលក់ ឬក៏ត្រូវគេសម្លាប់នៅកន្លែងផ្សេងក្នុងផ្ទះនោះ រួចទាញដាក់ក្រោមគ្រែ ឬយ៉ាងណានោះទេ៕ សុខុម