29.3 C
Phnom Penh

អង្គ​ការ​ការ​ពារ​បរិស្ថាន​​ដែល​រង​ការ​រិះ​គន់ មាន​ប្រវត្តិ​​​​កំហែង​ទារ​ប្រាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មន្ត្រី​ដែល​ធ្លាប់​​ដោះ​ស្រាយ​បញ្ហា​​ពាក់​ព័ន្ធ​​អង្គការមិនមែន​រដ្ឋាភិបាល​ការ​ពារ​​​បរិស្ថាន​​​ឲ្យ​​​ដឹង​​​ថា​​​​​​​ អង្គការ​​នេះ​​​​ដែល​កំពុង​មាន​​រឿង​​អាស្រូវ​​​​កំហែង​ទារ​ប្រាក់​នៅ​​​​ក្នុង​ខេត្ត​សៀមរាប ​មាន​ប្រវត្តិ​ធ្លាប់​​​ប្រើ​បុគ្គលិក​របស់​ខ្លួន​​​ឲ្យ​រក​លុយ​​ដោយ​ខុស​ច្បាប់​​​​​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​មាន​បាន។

​អង្គការ​ការ​ពារ​ និង​អភិវឌ្ឍន៍ធន​ធាន​ធម្មជាតិ​​ កំពុង​ប្រឈម​ការ​បិទ​ទ្វារ​​ដោយ​​ក្រសួង​មហាផ្ទៃ ​បន្ទាប់ពី​​​​​បុគ្គលិក​បួន​នាក់​របស់​ខ្លួន​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​លើ​ទន្លេសាប​​កាលពី​ថ្ងៃ​សៅរ៍​ពី​បទ​ដក​ហូត​អួន​របស់​អ្នក​នេសាទ​ម្នាក់ និង​​ទារ​ប្រាក់​លោះ​​ចំនួន​១០០​ដុល្លារ​។ យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​អង្គការ​នេះ​​បាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​​​​​ស្រដៀង​​​​នឹង​ឯកសណ្ឋាន​របស់​មន្ត្រី​​​រដ្ឋបាល​ជលផល​​​។

កាលពី​ថ្ងៃ​ច័ន្ទ មន្ត្រី​នគរ​បាល​មួយ​រូប​​ក្នុង​តំបន់​នោះ​បាន​លើក​ឡើង​ថា លោក​ទទួល​បាន​ការ​រាយ​ការណ៍​ជា​ប្រចាំ​​អំពី​​​ការ​រក​លុយ​​​ខុស​ច្បាប់​​​ក្នុង​រូប​ភាព​​ស្រដៀង​គ្នា​នេះ ប៉ុន្តែ​​​មិន​ដែល​​ចាប់​បាន​ជន​ល្មើស​ទេ​។ ហើយ​កាល​​ពី​ម្សិលមិញ លោក ហង្ស ហ៊ុន ​នាយ​ការិយា​ល័យ​​ចរាចរណ៍​ផ្លូវ​ទឹក​ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​​ចាប់​បាន​ជន​កំហែង​ទារ​ប្រាក់​​ចំនួន​បួន​នាក់​កាលពី​ឆ្នាំ​មុន ដែល​​​​​ស្លៀក​ពាក់​​ជា​​បុគ្គលិក​​​​អង្គការ​ការ​ពារ​ និង​អភិវឌ្ឍន៍ធន​ធាន​ធម្មជាតិ។

​លោក​​ថ្លែង​​​​​ថា ​​កាល​​ពី​លើក​នោះ​ ប្រជា​ពលរដ្ឋ​មូលដ្ឋាន​បាន​រាយការណ៍​ថា ​បុរស​​២៤​​នាក់​បាន​​ជិះ​ទូក​​បួន​គ្រឿង​​​ឆ្វែល​ពេញ​សហគមន៍​នេសាទ​ចុង​ឃ្នាស ​​ហើយ​ប្រមូល​​ប្រាក់​បាន​ប្រហែល​៥០០​ដុល្លារ  ប្រេង​ម៉ាស៊ូត​​​​ពីរ​​​កាន​ និង​ប្រេង​​សាំង​ពីរ​កាន។ ​ពេល​សមត្ថ​កិច្ច​​ទៅ​ដល់ ​បុរស​បួន​នាក់​ត្រូវ​​បាន​ចាប់​ខ្លួន​​ ​ចំណែក​​​ឯ​អ្នក​ផ្សេង​​ទៀត​បាន​​ជិះ​ទូក​គេច​ខ្លួន​អស់​។

លោក​​​បាន​លើក​ឡើង​​ទៀត​ថា ”​យើង​មិន​ហ៊ាន​​​ដេញ​តាម​ពួកគេ​ទេ ពី​​ព្រោះ​ពួកគេ​មាន​កំា​ភ្លើង​។ ​​អ្នក​ទាំង​នោះ​ធ្វើ​ការ​ឲ្យ​អង្គការ​​ក្រៅ​​​រដ្ឋាភិបាល​​មួយ ​​​ដើម្បី​​តែ​កំហែង​ទារ​ប្រាក់​​ពី​អ្នក​នេសាទ​ក្នុង​តំបន់​នោះ​ប៉ុណ្ណោះ​។ ​បើ​អ្នក​នេសាទ​មិន​ព្រម​ឲ្យ​លុយ ពួកគេ​​ដក​ហូត​ទូក និង​​​​​របស់របរ​​។ ពួកគេ​គឺ​ជា​ចោរ​​ជំរិត​ទារ​លុយ​​”។

លោក ហង្ស ហ៊ុន មាន​ប្រសាសន៍​បន្ត​ថា ក្នុង​​​ចំណោម​​​មនុស្ស​ទាំង​បួន​នាក់​​​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​​ប្រតិបត្តិការ​​​​ឆ្មក់​​​បង្ក្រាប​កាល​​ពី​​​ឆ្នាំ​មុុន​ មាន​ពីរ​នាក់​​​​​ឈរ​ជើង​នៅ​​​​ខេត្ត​សៀម​រាប រីឯ​ពីរ​នាក់​ទៀត​​ធ្វើ​ការ​នៅ​ខេត្ត​បាត់​ដំបង​ ​ក្នុង​ពេល​នោះ។ ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ​​មាន​ពីរ​នាក់​ធ្វើ​ការ​នៅ​​ខេត្ត​បាត់​ដំបង ហើយ​ពីរ​នាក់​ទៀត​​ធ្វើ​ការ​​នៅ​​ខេត្ត​កំពង់ធំ។

ទាក់​ទិន​​បញ្ហា​នេះ លោក គិញ វ៉ើត នាយក​​​​អង្គការ​ការ​ពារ​ និង​អភិវឌ្ឍន៍ធនធាន​ធម្មជាតិ​​ ​បាន​មាន​ប្រសាសន៍​ថា មនុស្ស​ទាំង​បួន​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ​មាន​​​ភារ​កិច្ច​​ត្រូវ​​​ប្រមូល​ព័ត៌មាន​នៅ​ក្នុង​ខេត្ត​របស់​ពួកគេ​រៀងៗ​ខ្លួន ហើយ​លោក​មិន​ដឹង​ថា​ហេតុ​​អ្វី​បាន​ជា​​ពួកគេ​នៅ​ក្នុង​ខេត្ត​សៀមរាប​ទេ។

លោក​ក៏មាន​ប្រសាសន៍​ដែរ​ថា លោក​​​មិន​ធ្លាប់​ទទួល​បាន​ពាក្យ​បណ្ដឹង​​​​​ពីបទ​កំហែង​ទារ​ប្រាក់​​ពាក់​ព័ន្ធ​​បុគ្គលិក​របស់​លោក​​នោះ​ទេ ហើយ​​​ថា ពួកគេ​នឹង​ត្រូវ​​បញ្ឈប់​ពី​ការ​ងារ​​​ ប្រសិន​បើ​​​តុលាការ​សម្រេច​ឲ្យ​ពួកគេ​ជាប់​ពិរុទ្ធភាព។

​ទោះ​ជា​យ៉ាង​ណា ​លោក ហង្ស ហ៊ុន ដែល​​​​ការ​រៀបរាប់​របស់​លោក​ត្រូវ​បាន​បញ្ជាក់​​​ដោយ​លោក ភួង លីណា ​នាយ​ខណ្ឌ​​រដ្ឋបាល​ជល​ផល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា ​​​យោង​តាម​​មនុស្ស​បួន​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ឆ្នាំ​មុន​បាន​ឲ្យ​ដឹង​ថា ​ការ​កំហែង​​​​​ទារ​ប្រាក់​គឺ​ជា​ផ្នែក​មួយ​នៃ​​បេសកកម្ម​របស់​អង្គការ​នេះ​។ ​លោក​ថ្លែង​​ថា ​​”​ពួកគេ​បាន​ប្រាប់​​យើង​ថា ពួកគេ​ត្រូវ​បាន​តម្រូវ​​ឲ្យ​​ដើរ​ប្រមូល​លុយ​ឲ្យ​មេ​របស់​ពួកគេ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​​៣០០​​លាន​រៀល​​​ក្នុង​១ឆ្នាំ​”។

ជន​សង្ស័យ​​ទាំង​​បួន​នាក់​ដែល​ត្រូវ​បាន​ចាប់​​​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ដូច​ជា ខាន់ សុខេម អាយុ​៤៣​ឆ្នាំ ខាន់​ ទូច អាយុ​៤៨​ឆ្នាំ ​ឈឹម ឈីង អាយុ​៣៨​ឆ្នាំ និង​ លឹម សាវុធ អាយុ​៥២​ឆ្នាំ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​កំហែង​ទារ​ប្រាក់​​ ហើយ​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះ​អាសន្ន​​។ ពួកគេ​ប្រឈម​​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​៥ឆ្នាំ​ ប្រសិន​បើ​​តុលាការ​​សម្រេច​ឲ្យ​ពួកគេ​ជាប់​ពិរុទ្ធភាព​។

​​ទន្ទឹម​នឹង​នេះ ​​អង្គការ​​ការ​ពារ និង​អភិវឌ្ឍន៍​​​ធនធាន​ធម្មជាតិ​ អាច​នឹង​ត្រូវ​ក្រសួង​មហាផ្ទៃ​​បិទ​ទ្វារ​​​ក្រោម​ច្បាប់​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​​​​ដ៏ចម្រូង​ចម្រាស​ដែល​ត្រូវ​បាន​​អនុម័ត​កាល​​ពី​ខែ​សីហា ទោះបី​ជា​មាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​ម្ចាស់​ជំនួយ និង​​មន្ត្រី​​អង្គ​ការ​​​សិទ្ធិ​មនុស្ស​​ដែល​ព្រួយ​បារម្ភ​ខ្លាច​​ច្បាប់​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​​​ដាក់​ពិន័យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំពោះ​​ទង្វើ​ប្រព្រឹត្ត​ដោយ​​​​បុគ្គលិក​របស់​ខ្លួន​​​យ៉ាង​ណា​ក្ដី។

លោក ឆាន់ ច័ន​្ទសុភក្តិ អ្នក​នាំ​​ពាក្យ​​នាយក​ដ្ឋាន​រដ្ឋបាល​​នៃ​ក្រសួងមហាផ្ទៃ​ បាន​មាន​ប្រសាសន៍​កាលពី​ម​្សិល​មិញ​ថា ​​​ប្រសិន​បើ​​​រក​ឃើញ​ថា​បុរស​ទាំង​បួន​នាក់​នេះ​​​បាន​ប្រើ​ប្រាស់​ឯកសារ​ដែល​ចេញ​ដោយ​អង្គការ​មួយ​នេះ​​ ដូច​ជា​ប័ណ្ណ​សម្គាល់​ខ្លួន​ជា​ដើម​នោះ អង្គការ​នេះ​នឹង​ត្រូវ​​ចាប់​ឲ្យ​ទទួល​ខុស​ត្រូវ​​។

​លោក​បាន​បន្ត​ថា ”​យើង​នឹង​បិទ​អង្គការ​នេះ​​​​​​ ប្រសិន​បើ​រក​ឃើញ​​​ថា ​ឯកសារ​​​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ជន​ល្មើស​ទាំង​នេះ​​” ហើយ​បាន​​មាន​ប្រសាសន៍​បន្ថែម​ទៀត​​​ថា ​លោក​​​ គិញ វ៉ើត នាយក​​​អង្គ​ការ​ខាង​​លើ​នេះ អាច​នឹង​ត្រូវ​​​កោះ​ហៅ​​​មក​សាកសួរ​​​​​ នៅ​ពេល​ទទួល​បាន​របាយការណ៍​ពេញ​លេញ​​ពី​នគរ​បាល​ខេត្ត​សៀមរាប។

លោក​ គិញ វ៉ើត បាន​មាន​ប្រសាសន៍​កាល​​​ពី​ម្សិលមិញ​ថា លោក​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប​ ដើម្បី​ស៊ើប​​​ពាក់​ព័ន្ធ​ការ​ចោទ​​ប្រកាន់​​​មក​លើ​​បុគ្គលិក​របស់​លោក​។ នៅ​ពេល​សុំ​ឲ្យ​ពន្យល់​ពីការ​ងារ​របស់​អង្គការ​ខ្លួន​ លោក​លើក​ឡើង​ថា លោក​មាន​បុគ្គលិក​ចំនួន​២៦​នាក់ ដែល​ខិតខំ​ប្រមូល​ព័ត៌មាន​ពាក់​ព័ន្ធ​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​​​តាម​បណ្តា​​​​ខេត្ត​ភាគ​​​​ឧត្ដរ ដូច​ជា​ខេត្ត​សៀមរាប បាត់​ដំបង ​​កំពង់ធំ ព្រះវិហារ ឧត្ដរមានជ័យ និង​បន្ទាយ​មាន​ជ័យ។

​ទោះ​ជា​យ៉ាង​ណា ​កាល​ពី​ពេល​ល្ងាច​ម្សិល​​​មិញ លោក​មិន​អាច​​ទាក់​ទង​​សុំឲ្យ​​​​​ឆ្លើយ​សំណួរ​​​​ជុំវិញ​ការ​ចាប់​ខ្លួន​​កាលពី​ឆ្នាំ​មុន​បាន​​ទេ៕សុខុម​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស