38.1 C
Phnom Penh

ជន​រង​គ្រោះ​ម្នាក់​​ទៀតស្លាប់​​​នៅ​ក្នុង​ករណី​បាញ់​សម្លាប់​ប្រធាន​ភូមិ​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាល​ពីម្សិលមិញ​ថា ​បុរស​ទី៣​​ម្នាក់​ទៀត​បាន​ស្លាប់​ដោយ​សារ​របួស​ត្រូវ​គ្រាប់​កាំភ្លើង​​ក្នុង​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ពុធ បន្ទាប់ពី​មន្ត្រី​នគរ​បាល​ក្រសួង​មហាផ្ទៃ​​ម្នាក់​បាន​បាញ់​​ស្លាប់​ប្រធាន​ភូមិ​ម្នាក់ និង​​សាច់ញាតិ​របស់​គាត់​ នៅ​ពេល​​​ជម្លោះ​មួយ​​​​ជាមួយ​អ្នក​ជិត​ខាង​​កាន់​តែ​តាន​តឹង​​ខ្លាំង​ឡើង​នៅ​​​ក្នុង​ថ្ងៃ​នោះ​។

​យោង​តាម​នគរ​បាល​​ និង​ប្រជាពលរដ្ឋ​​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​ចំការមន ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ កែវ សុវណ្ណារិទ្ធ ​ដែល​ជា​អនុ​សេនីយ៍ត្រីនៃ​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់​​ក្រសួង​មហាផ្ទៃ បាន​បាញ់​លោក ជុក ឡាយ ​វ័យ​៦២​ឆ្នាំ ដែល​ជា​ប្រធាន​ភូមិ​​យូរ​​មក​ហើយ​​​​​នៃ​ភូមិ​៤ ក្រោយពី​មាន​ជម្លោះ​កាលពី​​រសៀល​​​ថ្ងៃ​ពុធ​​​ទាក់​ទិន​​រឿង​លុយ​ថ្លៃ​​​អំពូល​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​​ មុន​ពេល​បែរ​កាណុង​កាំភ្លើង​​បែល​រីតា ទៅ​រក​​ឈ្មោះ ​ប៊ុន លឿន អាយុ​២៨​ឆ្នាំ ដែល​ជាកូន​ប្រុស​របស់​ប្រធាន​ភូមិ​​។

​លោក នួន សានិត ​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​​​បាន​ឲ្យ​ដឹង​ថា នៅ​​ពេល​​​ចៅប្រុស​របស់​លោក ជុក ឡាយ ​ឈ្មោះ ឡាយ ឫទ្ធី ​អាយុ​១៨​ឆ្នាំ ​​ទាញ​​ដាវ​ស្ទុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ការ​ពារ​ឪពុក​មារ​ និង​ជីតា​របស់​ខ្លួន​ យុវជន​រូប​នេះ​​​​ក៏​ត្រូវ​​​ កែវ សុវណ្ណារិទ្ធ បាញ់​ទៀត​។ ​

លោក​​បាន​មាន​ប្រសាសន៍​ថា “​ចៅប្រុស​របស់​​ប្រធាន​ភូមិ​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​កាលពី​យប់​មិញ។ ​គ្រូពេទ្យ​បាន​ទូរស័ព្ទ​មក​ខ្ញុំ​នៅ​ម៉ោង​ប្រហែល​១១​​យប់ ​ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា ​​ជន​រងគ្រោះ​ស្លាប់​​នៅ​ម៉ោង​ប៉ុន្មាន​ទេ”។ លោក​​​​​​​បាន​លើក​ឡើង​បន្ត​ថា ​លោក ជុក ឡាយ បាន​​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ រីឯ​​ ប៊ុន លឿន បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​​នៅ​រយៈ​ពេល​ពីរ​បី​ម៉ោង​ក្រោយ​។

លោក នួន សានិត បាន​​​រៀបរាប់​​ពី​ដំណើរ​រឿង​​​​យ៉ាង​ដូច្នេះ​ថា ប្រធាន​ភូមិ​​​បាន​​​សុំ​ឲ្យ​ឈ្មោះ កែវ សុវណ្ណារិទ្ធ ​ដែល​ចេះ​និយាយ​ភាសា​ចិន ​​​ជួយ​ប្រមូល​ប្រាក់​សរុប​​ចំនួន​៥០​ដុល្លារ​ពី​អ្នក​ជិត​ខាង​ជនជាតិ​ចិន​​​​​​ ក្នុង​តំបន់​នោះ​​ថ្លៃ​ដំឡើង​អំពូល​ភ្លើង​​បំភ្លឺ​​ផ្លូវ​ថ្មី​។ ​ប៉ុន្តែ​​នៅ​ពេល​លោក ជុក ឡាយ មក​​ប្រមូល​ប្រាក់​​កាលពី​រសៀល​​ថ្ងៃ​ពុធ ឈ្មោះ កែវ សុវណ្ណារិទ្ធ ​​​បាន​ប្រគល់​ប្រាក់​ឲ្យ​តែ​២៥​ដុល្លារ​តែ​ប៉ុណ្ណោះ​ ទើប​នាំ​ឲ្យ​មាន​​ជម្លោះ​បង្ហូរ​ឈាម​​គ្នា​បែប​នេះ​។

នគរ​បាល និង​សាច់​ញាតិ​​​ជន​រង​​គ្រោះ​បាន​រៀប​រាប់​​ខុស​គ្នា​ស្រឡះ​ជុំ​​វិញ​អំពើ​ហិង្សា​​ដែល​​បាន​កើត​ឡើង​ ដោយ​លោក នួន សានិត ​​​បញ្ជាក់​ថា ​ឈ្មោះ ប៊ុន លឿន ​​​បាន​​ទាញ​ដាវ​​កាប់​គេ​មុន​។ នៅ​ពេល​ឈ្មោះ កែវ សុវណ្ណារិទ្ធ ​​​​​តបត​វិញ​ដោយ​ការ​បាញ់​ប្រហារ​​​ទាំង​ឈ្មោះ ប៊ុន លឿន និង​លោក ជុក ឡាយ ក្នុង​ទី​​ដ៏​កៀក​​ ចៅប្រុស​របស់​លោក ជុក ឡាយ ក៏​បាន​​​​​​ទាញ​ដាវ​​របស់​ខ្លួន​សម្រុក​ចូល​ជួយ ហើយ​ក៏​ត្រូវ​​​​ឈ្មោះ កែវ សុវណ្ណារិទ្ធ បាញ់​​ប្រហារ​ទៀត​។

លោក​មាន​​ប្រសាសន៍​ថា “​យើង​​បាន​ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់​ឈ្មោះ កែវ សុវណ្ណារិទ្ធ អាយុ​២៧​ឆ្នាំ ដែល​ជា​ខ្មាន់​កំាភ្លើង និង​​​​បង​ប្រុស​របស់​​ជន​នេះ​ឈ្មោះ ​កែវ សុវណ្ណរ៉ា អាយុ​៣៤​ឆ្នាំ ដែល​​កាន់​កាបូប​​​​មាន​កាំភ្លើង​​ក្នុង​នោះ ​បន្ទាប់ពី​កើត​ហេតុ​”។

​​កាល​​ពី​ម្សិល​មិញ នៅ​ឯ​គេហដ្ឋាន​របស់​ប្រធានភូមិ​ ក្ដារមឈូស​​​ចំនួន​បី​​បាន​ដាក់​តម្កល់​​​សព​​បុរស​បី​ជំនាន់​ខុស​គ្នា​​​​ក្នុង​គ្រួសារ​តែ​មួយ​ នៅ​ពេល​មនុស្ស​ប្រហែល​១០០​នាក់​​​​ជួប​ជុំ​គ្នា​​​​​ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​​អ្នក​ស្លាប់​។

កញ្ញា ប៊ុន ស្រីពៅ ​អាយុ​១៩​ឆ្នាំ ដែល​ជា​កូន​ពៅ​របស់​លោក ជុក ឡាយ និយាយ​​​ថា នាង​​បាន​ឃើញ​​ជម្លោះ​​​​នេះ​​តាំង​ពី​​ចាប់​ផ្តើម​ដំបូង​រហូត​ដល់​ការ​បង្ហូរ​ឈាម​​គ្នា​​នៅ​​ទីបំផុត​​។ ​​​​នាង​បញ្ជាក់​​ថា ឈ្មោះ​ កែវ សុវណ្ណារិទ្ធ គឺ​ជា​ជន​​បង្ក​អំពើ​ហិង្សា ហើយ​បាន​ចោទ​​ឪពុក​របស់​នាង​ថា​មាន​គំនិត​យក​លុយ​ថ្លៃ​អំពូល​​ភ្លើង​​បំភ្លឺ​តាម​ផ្លូវ​ដាក់​ហោ​ប៉ៅ​ខ្លួន​ឯង។​​ នាង​​និយាយ​ថា ​”​ពេល​នោះ ​​ខ្មាន់​កាំភ្លើង​បាន​បាញ់​​​ប៉ា​ខ្ញុំ​ជាច្រើន​គ្រាប់” ហើយ​​​ពេល​​ឃើញ​បែប​នោះ ​​បងប្រុស​របស់​នាង​​​ក៏​ស្ទុះ​ទៅ​យក​​ដាវ​។ ​បន្ទាប់ពី​បង​ប្រុស​របស់​នាង​ត្រូវ​គ្រាប់​​កាំភ្លើង​​ដែរ​ ​​ក្មួយ​ប្រុស​របស់​នាង​ក៏​បាន​ចូល​ជួយ ហើយ​​​ក៏ជួប​ជោគវាសនា​ដូច​គ្នា។ ​

នាង​​បាន​រៀបរាប់​ថា “បា៉​ខ្ញុំ​​ត្រូវ​ពីរ​គ្រាប់​ចំ​ដើម​ទ្រូង ពីរ​គ្រាប់​ចំ​ក្បាល​​​ពោះ​។ ឆ្អឹង​ជំនីរ​គាត់​ត្រូវ​មួយ​គ្រាប់ ហើយ​ជើង​ឆ្វេង​គាត់​ត្រូវ​​​​មួយ​គ្រាប់​។ បង​ប្រុស​ខ្ញុំ​ត្រូវ​គ្រាប់​ត្រង់​សៀត​ផ្កា ហើយ​ក្មួយ​ប្រុស​​ខ្ញុំ​ត្រូវ​​គ្រាប់​​ត្រង់​ពោះ​”។

​ទាក់​ទិន​ករណី​នេះ លោក ពៅ ពិដោ នាយ​ប៉ុស្តិ៍​​នគរ​បាល​សង្កាត់​​មិន​បាន​ឆ្លើយ​បំភ្លឺ​ទេ ដោយ​គ្រាន់​តែ​លើក​ឡើង​ថា ​លោក​​​កំពុង​​​​យាម​កាម​​ឈ្មោះ កែវ សុវណ្ណារិទ្ធ នៅ​​មន្ទីរ​ពេទ្យ។ លោក​ថ្លែង​ថា “​ខ្ញុំ​យាម​​​ខ្មាន់​កាំភ្លើង​​នៅ​មន្ទីរ​ពេទ្យ ព្រោះ​​​រូប​​គេ​ត្រូវ​បាន​បញ្ជូន​មក​​​ទីនេះ​ដើម្បី​ព្យាបាល​របួស​​​ត្រូវ​ផ្លែដាវ​”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស