នគរបាលបាននិយាយកាលពីម្សិលមិញថា បុរសទី៣ម្នាក់ទៀតបានស្លាប់ដោយសាររបួសត្រូវគ្រាប់កាំភ្លើងក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃពុធ បន្ទាប់ពីមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់បានបាញ់ស្លាប់ប្រធានភូមិម្នាក់ និងសាច់ញាតិរបស់គាត់ នៅពេលជម្លោះមួយជាមួយអ្នកជិតខាងកាន់តែតានតឹងខ្លាំងឡើងនៅក្នុងថ្ងៃនោះ។
យោងតាមនគរបាល និងប្រជាពលរដ្ឋក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន បានឲ្យដឹងថា ឈ្មោះ កែវ សុវណ្ណារិទ្ធ ដែលជាអនុសេនីយ៍ត្រីនៃនាយកដ្ឋានសណ្ដាប់ធ្នាប់ក្រសួងមហាផ្ទៃ បានបាញ់លោក ជុក ឡាយ វ័យ៦២ឆ្នាំ ដែលជាប្រធានភូមិយូរមកហើយនៃភូមិ៤ ក្រោយពីមានជម្លោះកាលពីរសៀលថ្ងៃពុធទាក់ទិនរឿងលុយថ្លៃអំពូលភ្លើងបំភ្លឺតាមផ្លូវ មុនពេលបែរកាណុងកាំភ្លើងបែលរីតា ទៅរកឈ្មោះ ប៊ុន លឿន អាយុ២៨ឆ្នាំ ដែលជាកូនប្រុសរបស់ប្រធានភូមិ។
លោក នួន សានិត នាយរងការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីបានឲ្យដឹងថា នៅពេលចៅប្រុសរបស់លោក ជុក ឡាយ ឈ្មោះ ឡាយ ឫទ្ធី អាយុ១៨ឆ្នាំ ទាញដាវស្ទុះទៅកន្លែងកើតហេតុដើម្បីការពារឪពុកមារ និងជីតារបស់ខ្លួន យុវជនរូបនេះក៏ត្រូវ កែវ សុវណ្ណារិទ្ធ បាញ់ទៀត។
លោកបានមានប្រសាសន៍ថា “ចៅប្រុសរបស់ប្រធានភូមិបានស្លាប់នៅមន្ទីរពេទ្យកាលពីយប់មិញ។ គ្រូពេទ្យបានទូរស័ព្ទមកខ្ញុំនៅម៉ោងប្រហែល១១យប់ ប៉ុន្តែខ្ញុំមិនដឹងថា ជនរងគ្រោះស្លាប់នៅម៉ោងប៉ុន្មានទេ”។ លោកបានលើកឡើងបន្តថា លោក ជុក ឡាយ បានស្លាប់នៅនឹងកន្លែងកើតហេតុ រីឯ ប៊ុន លឿន បានស្លាប់នៅមន្ទីរពេទ្យនៅរយៈពេលពីរបីម៉ោងក្រោយ។
លោក នួន សានិត បានរៀបរាប់ពីដំណើររឿងយ៉ាងដូច្នេះថា ប្រធានភូមិបានសុំឲ្យឈ្មោះ កែវ សុវណ្ណារិទ្ធ ដែលចេះនិយាយភាសាចិន ជួយប្រមូលប្រាក់សរុបចំនួន៥០ដុល្លារពីអ្នកជិតខាងជនជាតិចិន ក្នុងតំបន់នោះថ្លៃដំឡើងអំពូលភ្លើងបំភ្លឺផ្លូវថ្មី។ ប៉ុន្តែនៅពេលលោក ជុក ឡាយ មកប្រមូលប្រាក់កាលពីរសៀលថ្ងៃពុធ ឈ្មោះ កែវ សុវណ្ណារិទ្ធ បានប្រគល់ប្រាក់ឲ្យតែ២៥ដុល្លារតែប៉ុណ្ណោះ ទើបនាំឲ្យមានជម្លោះបង្ហូរឈាមគ្នាបែបនេះ។
នគរបាល និងសាច់ញាតិជនរងគ្រោះបានរៀបរាប់ខុសគ្នាស្រឡះជុំវិញអំពើហិង្សាដែលបានកើតឡើង ដោយលោក នួន សានិត បញ្ជាក់ថា ឈ្មោះ ប៊ុន លឿន បានទាញដាវកាប់គេមុន។ នៅពេលឈ្មោះ កែវ សុវណ្ណារិទ្ធ តបតវិញដោយការបាញ់ប្រហារទាំងឈ្មោះ ប៊ុន លឿន និងលោក ជុក ឡាយ ក្នុងទីដ៏កៀក ចៅប្រុសរបស់លោក ជុក ឡាយ ក៏បានទាញដាវរបស់ខ្លួនសម្រុកចូលជួយ ហើយក៏ត្រូវឈ្មោះ កែវ សុវណ្ណារិទ្ធ បាញ់ប្រហារទៀត។
លោកមានប្រសាសន៍ថា “យើងបានចាប់ខ្លួនមនុស្សពីរនាក់ឈ្មោះ កែវ សុវណ្ណារិទ្ធ អាយុ២៧ឆ្នាំ ដែលជាខ្មាន់កំាភ្លើង និងបងប្រុសរបស់ជននេះឈ្មោះ កែវ សុវណ្ណរ៉ា អាយុ៣៤ឆ្នាំ ដែលកាន់កាបូបមានកាំភ្លើងក្នុងនោះ បន្ទាប់ពីកើតហេតុ”។
កាលពីម្សិលមិញ នៅឯគេហដ្ឋានរបស់ប្រធានភូមិ ក្ដារមឈូសចំនួនបីបានដាក់តម្កល់សពបុរសបីជំនាន់ខុសគ្នាក្នុងគ្រួសារតែមួយ នៅពេលមនុស្សប្រហែល១០០នាក់ជួបជុំគ្នាដើម្បីគោរពដល់វិញ្ញាណក្ខន្ធអ្នកស្លាប់។
កញ្ញា ប៊ុន ស្រីពៅ អាយុ១៩ឆ្នាំ ដែលជាកូនពៅរបស់លោក ជុក ឡាយ និយាយថា នាងបានឃើញជម្លោះនេះតាំងពីចាប់ផ្តើមដំបូងរហូតដល់ការបង្ហូរឈាមគ្នានៅទីបំផុត។ នាងបញ្ជាក់ថា ឈ្មោះ កែវ សុវណ្ណារិទ្ធ គឺជាជនបង្កអំពើហិង្សា ហើយបានចោទឪពុករបស់នាងថាមានគំនិតយកលុយថ្លៃអំពូលភ្លើងបំភ្លឺតាមផ្លូវដាក់ហោប៉ៅខ្លួនឯង។ នាងនិយាយថា ”ពេលនោះ ខ្មាន់កាំភ្លើងបានបាញ់ប៉ាខ្ញុំជាច្រើនគ្រាប់” ហើយពេលឃើញបែបនោះ បងប្រុសរបស់នាងក៏ស្ទុះទៅយកដាវ។ បន្ទាប់ពីបងប្រុសរបស់នាងត្រូវគ្រាប់កាំភ្លើងដែរ ក្មួយប្រុសរបស់នាងក៏បានចូលជួយ ហើយក៏ជួបជោគវាសនាដូចគ្នា។
នាងបានរៀបរាប់ថា “បា៉ខ្ញុំត្រូវពីរគ្រាប់ចំដើមទ្រូង ពីរគ្រាប់ចំក្បាលពោះ។ ឆ្អឹងជំនីរគាត់ត្រូវមួយគ្រាប់ ហើយជើងឆ្វេងគាត់ត្រូវមួយគ្រាប់។ បងប្រុសខ្ញុំត្រូវគ្រាប់ត្រង់សៀតផ្កា ហើយក្មួយប្រុសខ្ញុំត្រូវគ្រាប់ត្រង់ពោះ”។
ទាក់ទិនករណីនេះ លោក ពៅ ពិដោ នាយប៉ុស្តិ៍នគរបាលសង្កាត់មិនបានឆ្លើយបំភ្លឺទេ ដោយគ្រាន់តែលើកឡើងថា លោកកំពុងយាមកាមឈ្មោះ កែវ សុវណ្ណារិទ្ធ នៅមន្ទីរពេទ្យ។ លោកថ្លែងថា “ខ្ញុំយាមខ្មាន់កាំភ្លើងនៅមន្ទីរពេទ្យ ព្រោះរូបគេត្រូវបានបញ្ជូនមកទីនេះដើម្បីព្យាបាលរបួសត្រូវផ្លែដាវ”៕ សុខុម