27.5 C
Phnom Penh

សាលា​​​រាជធានី​​​និយាយ​​​ថា ប្រធាន​​​បទ​​​នៃ​​​គំនូរ​​​លើ​​​ជញ្ជាំង​​​អគារ​​​ប៊ូឌីង​​​មិន​​​ស័ក្តិ​​​សមនឹង​​​បង្ហាញ​​​ជា​​​សាធារណៈ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ មន្ត្រី​​​សាលា​​​រាជធានី​​​បាន​​​លុប​​​រូប​​​គំនូរ​ដែល​​​គេ​​​គូ​​រ​នៅ​​​លើ​​​ជញ្ជាំង​​​អគារ​​​ប៉ូឌីង​​​​​​​​​​ដ៏​​​ចាស់​​​ទ្រុឌ​​​ទ្រោម​​​ក្នុង​​​រាជធានីភ្នំ​​​ពេញ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ជំទាស់​​​​យ៉ាង​​​ខ្លាំង​​​ពាស​​ពេញ​​​​បណ្តាញ​​​ទំនាក់ទំនង​​​សង្គម ខណៈ​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​ជា​​ច្រើន​​បានបង្ហោះ​​​​រូប​​​គំនូរ​​​នេះ​​​យ៉ាង​​​ព្រោង​​​ព្រាត​​​ ហើយ​​​រិះ​​​គន់​​​ចំពោះ​ការ​​​សម្រេច​​​លុប​​​រូប​​​គំនូរ​​​នេះវិញ​​​។

រូប​​​​​​គំនូរ​​​ដែល​​​មាន​​​ពណ៌​​​ខ្មៅ​​​លាយ​​​បៃតង​​​ព្រឿង​ៗ​របស់​​​អ្នក​​​ស្រី មឿន ថារី ​​​​​ជា​​​ស្ត្រី​​​​ម្នាក់​រស់​​​នៅ​​​ក្នុង​​​អគារ​​​ប៊ូឌីង​​​នេះ​​​ ដែល​​​​គេ​​​ស្គាល់​​​និង​គោរព​ដោយ​​​សារ​​​ជំនាញ​​​ដេរ​​​ប៉ាក់នោះ​ ​​​​​​​​​ត្រូវ​​​បាន​​​គេ​​​គូរ​​​នៅ​លើ​​​ជញ្ជាំង​​​ជ្រុង​​​ខាង​​​ជើង​​​នៃ​​​អគារ​​​នេះ​​​ចាប់​​​តាំង​​​ពី​​​ដើម​​​ខែ​​​នេះ​​​មក​​​ម្លេ៉ះ​​​ ​ដោយ​​​លោក Miles “El Mac” MacGregor ​​​វិចិត្រករ​​​អន្តរ​​​ជាតិ​​​​ផ្នែក​គំនូ​​​រ​​​លើ​​​ជញ្ជាំង​​​ ជន​​​ជាតិ​​​អាមេរិក​​​ដ៏​​​ល្បី​​​ឈ្មោះ ហើយ​​​វា​​​​​​​​​ជា​​​ផ្នែក​​​នៃ​​​គម្រោង​​​​​​មួយ​​​ដើម្បី​​​ើ​​​លើក​​​កម្ពស់​​​​​​សិល្បៈ​​​គំនូរ​​​តាម​​​ទី​​​សាធារណៈ​​​ដែល​ផ្តល់​​​មូល​​​និធិ​​​ដោយ​​​លោក​​​ David Choe ជា​​​វិចិត្រ​​​ករ​​​ដែល​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ច្រើន​។

ទោះ​​​ជា​​​យ៉ាង​​​ណា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​លុប​​​រូប​​​គំនូរ​​​នេះ​​​​​​ចោល​​វិញ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ​​​ ដោយ​​​លើក​​​ឡើង​​​ថា វិចិត្រ​​​ករ​​​គូ​​​​​​គំនូរ​​​​​​នេះ​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​ជា​​​ផ្លូវ​​​ការ​​​ ហើយ​​​​​​អ្នក​​​ស្រី មឿន ថារី ពុំ​​​មាន​​​តម្លៃ​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ជា​​​ប្រធាន​​​បទ​​​នៃ​​​ផ្ទាំង​​​គំនូរ​​​តាម​​​ទី​​​សាធារណៈ​​​នេះ​​​ឡើយ​​​​​​។

អ្ន​​​ក​​​ស្រី ហ៊ុន សារ័ត្ន ប្រធាន​​​ភូមិ​​​​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ប្រធាន​​​ភូម​​​ី​​​ពី​​​រនាក់​​​នៅ​​​អគារ​​​ប៊ូឌីង​​​នេះ​​​​​​បាន​​​និយាយ​​​ថា គាត់​​​ត្រូវ​​​បាន​​​គេ​​​បញ្ជា​​​ឲ្យ​​​លុប​​​រូប​​​គំនូរ​​​នេះ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ​​​។ ​​​”យើង​​​លុប​​​រូប​​​គំនូរ​​​នេះ​​​​​​នៅ​​​ម៉ោង​​​ប្រហែល​​​១១​​​យប់​​​មិញ ព្រោះ​​​សាលា​​​រាជធានី​​​​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​​​​ឲ្យ​​​យើង​​​ធ្វើដ​​​ូច្នេះ”។

លោក ឡុង​​​ ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​បាន​​​លើក​​​ឡើង​​​ថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​​​​ទាម​​​ទារ​​​លុប​​​រូបគំនូរ​​​​​​នេះ​​​​​​ ព្រោះ​​​លោក ​​​Mac​​​Gregor ​​​មិន​​​​​​ទទួលបាន​​​​ការ​​​អនុញ្ញាត​​​ជា​​​ផ្លូវ​​​ការ​​​ឲ្យ​​​គូរ​​​រូប​​​គំនូរ​នេះ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គាត់​​​បាន​​​ដាក់​​​ពាក្យ​​​សុំ​​​ការ​​​អនុញ្ញាត​​​ ប៉ុន្តែ សាលា​​​រាជ​​​​​​ធានី​​​មិន​​​ទាន់​​​ឆ្លើយ​​​តប​​​នៅ​​​ឡើយ​​​ទេ​​​ហើយ​​​​​​ពួក​​​គេ​​​បាន​​​គូរ​​​រូប​​​គំនូរ​​​នេះ​​​ដោយ​​​​​​គ្មាន​​​ការ​​​អនុញ្ញាត​​​”។

អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​បន្ថែម​​​ថា សាលា​​​រាជ​​​ធានី​​​​​​មើល​​​ឃើញ​​​ថា​​​ប្រធាន​​​បទ​​​នៃ​​​រូប​​​គំនូរ​​​នេះ​​​មាន​​​បញ្ហា​​​ ហើយ​​​ថា វិចិត្រករ​​​រូប​​​នេះ​​​មិន​​​​ទទួល​​​បាន​ការ​​​អនុញ្ញាត​​​ឲ្យ​​​គូរ​​​រូប​​​អ្នក​​​ស្រី ​​​មឿន ​​​ថារី ទេ​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “យើង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​ទាំង​​​នោះ​​​គូរ​​​រូប​​​គំនូរ​​​នេះ​​​ដោយសារ​​​​ប្រធាន​​​បទ​​​នៃ​​​រូប​​​គំនូរ​​​នេ​​​ះ​​​មិន​​​ស័ក្តិសម​​​នឹ​​​ងយក​​​​​​មក​​​បង្ហាញ​​​​​​ជា​​​សាធារណៈ​​​ឡើយ​​​​ ហើយវា​​​​មិន​​​មែន​​​ស្ថិត​​​ក្នុង​​​ប្រពៃ​​​ណី​​​ខ្មែ​​រ​​​​​ទេ​”។

នៅ​​​ក្នុង​​​​​​​​​លំនៅ​​​ដ្ឋាន​​​របស់​​​ខ្លួន​​​ជាន់​​​លើ​​​គេ​​​នៃ​​​អគារ​​​ប៊ូឌីង​​​កា​​​លពី​​​ព្រឹក​​​ម្សិលមិញ អ្នក​​​ស្រី មឿន ថារី មើល​​​ទៅ​​​តក់ស្លុត​​​ពេល​​​ឮ​​​ថា ​​​រូប​​​​​​គំនូរ​​​​​​របស់​​​អ្នក​​​ស្រី​​​ត្រូវ​​​គេ​​​លុបចោល​​​។ ​​​អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​សប្បាយ​​​ចិត្ត​​​ទេ ​​​ពេល​​​ឮថា មាន​​​អ្វី​​​កើត​​​ឡើង​​​ចំពោះ​​​រូប​​​គំនូរ​​​របស់​​​ខ្ញុំ​​​។វា​​​មិន​​​មែន​​​សម្រាប់​​​ប្រយោជន៍​​​ផ្ទាល់​​​ខ្លួន​​​ទេ ប៉ុន្តែ វា​​​បង្ហាញ​​​ពី​​​វប្បធម៌​​​ខ្មែរ​​​ ហើយ​​​ខ្ញុំ​​​ធ្លាប់​​​សង្ឃឹម​​​ថា វា​​​នឹង​​​ជួយ​​​​​​លើក​​​កម្ពស់​​​វប្បធម៌​​​ខ្មែរ”។

ទោះ​​​ជា​​​យ៉ាង​​​ណា អ្នក​​​លក់​​​ភេសជ្ជៈ​​​ម្នាក់ ​​​ដែល​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ និង​លក់ដូរ​នៅ​​​ក្រោម​​​អតីតកន្លែង​ដែល​គេ​គូរ​​​​រូប​​​គំនូរ​​​​​​នេះ​​​ ​​​បាន​​​និយាយ​​​ថា ដំបូង​​​ឡើយ​​​អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​បាន​​​រអ៊ូរទាំសំដែងការ​មិនពេញចិត្ត​​​​ចំពោះ​​​ការ​​​គូរ​​​រូប​​​គំនូរ​​​នេះ​​​ ប៉ុន្តែ បាន​​​ឈប់​​​ទៅ​​​វិញ​​​ពេល​​​គេ​​​ប្រាប់​​​​ថា គម្រោង​​​នេះ​​​ទទួល​​​បាន​​​ការ​​​យល​​​់​​​ព្រម​​​ពី​​​សាលា​​​រាជ​​​ធានី​​​។ អ្នក​​​លក់​​​ភេសជ្ជៈ​​​រូប​​​នេះ​​​ក៏​​​បាន​​​រិះ​​​គន់​​​ប្រធាន​​​បទ​​​នៃ​​​រូប​​​គំនូរ​​​នេះ​​​ផង​​​ដែរ។ គាត់​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​គិត​​​ថា រូប​​​គំនូរ​​​នេះ​​​មិន​​​ស័ក្តិ​​​សម​​​នឹង​​​គូរ​​​នៅ​​​លើ​​​ជញ្ជាំង​​​ទេ ព្រោះ​​​គាត់​​​ [អ្នកស្រី មឿន ថារី]​​​មិនមែន​​​ជា​​​ស្ត្រី​​​ល្បីឈ្មោះ​​ឡើយ​​​ គេ​​​គួរ​​​តែ​​​គូរ​​​រូប​​​របស់​​​វីរបុរស​​​ខ្មែរ​​​វិញ​​​”។

​​​តែ​​​អ្នក​​​ផ្សេង​​​ៗ​​​ទៀត​​​មិន​​​យល់​​​ស្រប​​​នឹង​ការ​​​យល់​​​ឃើញ​​​ដូច​​​នេះ​​​ទេ​​​។ សុភា រ័ត្ន គ្រូ​​​បង្រៀន​​​ភាសា​​​អង់គ្លេស​​​ម្នាក់​​​នៅ​​​សាលា​​​សហ​​​គមន៍​​​ក្នុង​​​អគារ​​​ប៊ូឌី​ង​​​នេះ​​​បាន​​​និយាយ​​​ថា នាង​​​​​​សោក​​​ស្តាយ​​​ចំពោះ​​​ការ​​​បាត់​​​បង់​​​ភាព​​​ដ៏​​​រស់​​​រវើក​​​នៃ​​​រូប​​​គំនូរ​​​នេះ​​​។

គ្រូបង្រៀន​​​រូប​​​នេះ បាន​​​និយាយ​​​ថា “ខ្ញុំ​​​ពិត​​​ជា​​​ពេញ​​​ចិត្ត​​​នឹង​​​រូប​​​គំនូរ​​​នេះ​​​ណាស់​​​។ វា​​​ជា​​​ការ​​​ល្អ​​​ដែល​​​ឃើញ​​​អ្នក​​​ភូមិ​​​មូល​​​ដ្ឋាន​​​ត្រូវ​​​បាន​​​គេ​​​​​​គូរ​​​រូប​ចេញ​​​ជា​​​ផ្ទាំង​​​គំនូរ​​​សិល្បៈ​​​បែប​​​នេះ​​​ហើយ​​​វា​​​ជួយ​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​ផ្លាស់​​​ប្តូរដ៏គួរ​ឲ្យ​ពេញចិត្ត​​​​ពី​​​​​​ពណ៌​​​ខ្មៅស​​​នៃ​​​ផ្នែក​​​ដែល​​​នៅ​​​​​​​សល់​​​​​​ នៃ​​​អគារ​​​នេះ​​​”។

ក្មេង​​​ម្នាក់​​​ឈ្មោះ សន អាយុ​​​១២​​​ឆ្នាំ​​​ និង​​​ម្នាក់​​​ទៀត​​​ឈ្មោះ រស្មី អាយុ​​​៩​​​ឆ្នាំ​​​ដែល​​​សុុទ្ធ​​​​​​តែ​​​ជា​​​ក្មេង​​​រស់​​​នៅ​​​ក្នុង​​​អគារ​​​ប៊ូឌីង​​​នេះ​​​ និង​​​ដែល​​​បាន​​​ដើរ​​​កាត់​​​​​​កន្លែង​​​ដែល​​​គេ​​​គូរ​​​ផ្ទាំង​​​គំនូរ​​​នេះ​​​​​​ពេល​​​ត្រឡប់​​​ពី​​​សាលា​​​រៀន​​​មក​ផ្ទះ វិញ​​​កាល​​​ពី​​​ម្សិលមិញ បាន​​​និយាយ​​​ថា ពួក​​​គេ​​​ក៏​​ពេញ​​​ចិត្ត​​​រូប​​​គំនូរ​​​នេះ​​​ដែរ។ រស្មី បាន​​​និយាយ​​​ថា “ខ្ញុំ​​​ពេញ​​​​​​ចិត្ត​​​មុខ​​​រស់​​​រាយ​​​រាក់​​​ទាក់​​​ដ៏​​​ធំ​​​​​​នៅ​​​លើ​​​ជញ្ជាំង​​​។ ​​​ខ្ញុំ​​​មិន​​​ដែល​​ឃើញ​​​ផ្ទាំង​​​គំនូរ​​​ដ៏​​​ធំ​​​បែប​​​នេះ​ទេ​​​ពី​​​មុន​​​​​​មក”។

រីឯក្មេង​​​ម្នាក់​​​ទៀត​​​ឈ្មោះ សន បាន​​​បន្ថែម​​​ថា “ខ្ញុំសោក​​​ស្តាយ​​​ខ្លាំង​​​ណាស់​​​ដែល​​​​​​រូប​​​គំនូរ​​​នេះ​​​​បាន​​​បាត់​​​ទៅ​​​វិញ​​​នៅ​​​ព្រឹក​​​មិញ​​​នេះ”។

ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ជា​​​ច្រើន​​​ក៏​​​បាន​​​នាំ​​​គ្នា​​​សំដែង​​​ការ​​​រិះ​​​គន់​​​តាម​​​ហ្វេសប៊ុក​​​​​​ចំពោះ​​​ការ​​​សម្រេច​​​លុប​​​​​ចោល​​​ផ្ទាំង​​​រូ​​ប​​​គំនូរ​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ​​ផងដែរ​ ដោយ​​​អ្នក​​​លេង​​​ហ្វេស​​​បុ៊ក​​​ភាគ​​​ច្រើន​​​បាន​​​ជំទាស់​​​នឹង​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​លុប​​​រូប​​​នេះ​​​ចេញ​​​។​ អ្នក​​​ខ្លះ​​​បាន​​​បញ្ចេញ​​​ទស្សនៈ​​​ចំពោះ​​​ការ​​​ពិត​​​ដែល​​​ថា រាជ​​​ធានី​​​​​​ពោរ​​​ពេញ​​​ទៅ​​​ដោយ​​​​​​ផ្ទាំង​​​ផ្សព្វ​​​ផ្សាយ​​​​​​​​​ស្រាបៀរ ​​​និង​​​ផ្ទាំង​​​ផ្សព្វ​​​ផ្សាយ​​​ដាក់​​​អំពូល​​​ណេអុង​​​ហើយ​​​រូប​​​គំនូរ​​​ដែល​​​គេ​​​កាត់​​​ត​​​​​​ដោយ​​​ដាក់​​​​​​ឲ្យ​​​រូប​​​​អ្នក​​​ស្រី​​​ មឿន ថារី កាន់​​​កែវ​​​ស្រាបៀរ​​​កម្ពុជា​​​​​​​ ​​​ត្រូវ​​​បាន​​​​​​គេ​​​​​​​​​បង្ហោះ​​​ចែក​​​រំលែក​​​យ៉ាង​​​​​​​​​​​​​​​​​​ព្រោង​​​ព្រាត​​​។

អ្នក​​​លេង​​​ហ្វេស​​​ប៊ុក​​​ម្នាក់​​​ដែល​​​មាន​​​គណ​នី​ឈ្មោះ អ៊ុំ​​​ សុធា បាន​​​សរសេរ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​សាលា​​​រាជ​​​ធានី​​​ថា “វា​​​ហៅថា ​​​សិល្បៈ​​​​​​គំនូរ​​​នៅតាម​ទី​​​ក្រុង​​​ វា​​​ប្រសើរ​​​ជាង​​ផ្ទាំង​​​ផ្សព្វ ផ្សាយ​​​ស្រាបៀរ​​​ និង​​​បារី​​​។វា​​​ពំុ​​​មាន​​​អ្វី​​​ខុស​​​ទេ​​​ដែល​​​គេ​​​គូរ​​​រូប​​​​គំនូរ​លើ​​​ជញ្ជាំង​​​​​​នៅ​​​ទី​​​នោះ​​​”។ រីឯ​អ្នក​​​លេង​​​ហ្វេស​​​ប៊ុក​​​ម្នាក់​​​ទៀត​​​ ដែ​​​ល​​​មាន​​​គណនី​​​​ឈ្មោះ រស្មី បាន​​សរសេរ​​​ថា “​​​តើ​​​​​​ មន្ត្រី​​​សាលា​​​រាជធានី​​​អាច​​​ពិចារណា​​​ឡើង​​​​​​វិញ​​​បាន​​​ទេ​​​អំពី​​​បញ្ហា​​​នេះ​​​។​ វា​​​គឺ​​​ជា​​​រូប​​​គំនូរ​​​ដ៏​​​ល្អ​​​ឯក​​​។ ​​​វា​​​បង្ហាញ​​​អំពី​​​អត្ថន័យ​​​យ៉ាង​​​ច្រើន​​​។ ចំពោះ​​​ការ​​​យល់​​​ឃើញ​​​របស់​​​ខ្ញុំ​​​ រូប​​​គំនូរ​​​មួយ​​​ផ្ទាំង​​​នេះ​​​ផ្តល់​​​តម្លៃ​​​ដល់​​​ស្ត្រី​​​ ជា​​​ពិសេស​​​ដល់​​​អ្នក​​​ម្តាយ​​​​ទាំង​​​អស់”។

ទាំងលោក​​​​​​ MacGregor និង លោក Choe សុទ្ធ​​​តែ​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​នឹង​​​សំណួរ​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​កាល​​​ពី​​​ម្សិលមិញ។ ទោះ​​​ជា​​​យ៉ាង​​​​​​ណា​​​ការ​​​បង្ហោះ​​​មួយ​​​នៅលើ​​​​ប្លុក​​​​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ លោក ​​​MacGregor បាន​​​សរសេរ​​​ថា គម្រោង​​​នេះ​​​គឺ​​​ជា​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​ដើម្បី​​​បង្កើត​​​អ្វី​​​ៗ​​​ដែល​​​ “ស្រស់​​​ស្អាត ​​​មាន​​​អត្ថន័យ​​​ និង​​​លើក​​​ទឹក​​​ចិត្ត​​​”។

លោក​​​បាន​​​សរសេរ​​​បន្ត​​​ថា “ខ្ញុំ​​​សង្ឃឹម​​​ថា ​​​រូប​​​គំនូរ​​​នេះ​​​អាច​​​ជា​​​ការ​​​គោរព​​​ដឹង​​​គុណ​​​ចំពោះ​​​សារៈសំខាន់​​​ និង​​​ការ​​​អភិរក្ស​​​នៃ​​​កេរ្តិ៍​​​តំណែល​​​គំនិតច្នៃ​​​ប្រឌិត​​​របស់​​​កម្ពុជា​​​ ហើយ​​​បើ​​​និយាយ​​​ម្យ៉ាង​​​ទៀត​​​វា​​​ផ្តល់​​​នូវ​​​ក្តី​​​សង្ឃឹម​​​សម្រាប់​​​វិចិត្រ​​​ករ​​​​​​កម្ពុជា​​​ក្មេង​​​ៗ​​​ក្នុង​​​ការ​​​រក្សា​​​​​​កេរ្តិ៍​​​តំណែល​​​នេះ​​​ឲ្យ​​​នៅ​​​គង់​​​វង្ស”៕​​​ ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស