ដោយមិនអើពើនឹងការមិនយល់ព្រមរបស់ម្តាយនាងកាលពីនៅតូចនៅដើមទសវត្សរ៍ឆ្នាំ២០០០ អ៊ុន ស្រីយ៉ា ធ្លាប់ចំណាយពេលជាច្រើនថ្ងៃនៅបន្ទាយទាហានក្នុងក្រុងតាខ្មៅភ្នាល់ជាមួយទាហានដែលត្រូវជាមិត្តភក្តិរបស់ឪពុកនាងអំពីការលេងកីឡាប៉េតង់។
ស្រីយ៉ា បាននិយាយកាលពីម្សិលមិញថា ខ្ញុំបានទៅលេងនៅទីនោះយ៉ាងច្រើន ហើយលេងល្អយ៉ាងឆាប់រហ័ស។ ខ្ញុំធ្លាប់លេងជាមួយទាហានផ្សេងៗទៀត ប៉ុន្តែម្តាយរបស់ខ្ញុំត្អូញត្អែរ ព្រោះខ្ញុំជាស្រី ហើយគាត់គិតថា ខ្ញុំមិនគួរលេងទេ”។ នាងបាននិយាយថា “ខ្ញុំសូកប្រាក់ម្តាយរបស់ខ្ញុំចំនួន១០.០០០រៀលដើម្បីកុំឱ្យគាត់និយាយ ហើយបន្ទាប់មកខ្ញុំក៏ទៅលេងឈ្នះ”។
នៅពេល ស្រីយ៉ា ត្រូវបានជ្រើសរើសឲ្យចូលក្នុងក្រុមជម្រើសជាតិក្នុងឆ្នាំ២០០៤ ហើយត្រឡប់មកប្រទេសវិញដោយនាំមកជាមួយនូវមេដាយ និងប្រាក់រង្វាន់ផង ភាពអល់អែកដំបូងរបស់ម្តាយនាងបានរសាយ។
នាងបាននិយាយថា “គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលខ្ញុំទទួលបានកេរ្តិ៍ឈ្មោះតាមរយៈកីឡា។ យើងមានការលំបាកណាស់ពីមុនមក ហើយឥឡូវនេះវាប្រសើរជាងមុនដោយសារកីឡានេះឯង”។
ស្រីយ៉ា បាននិយាយនៅក្រៅការប្រកួតជើងឯកបេ៉តង់អាស៊ី លើកទី១៩នៅពហុកីឡដ្ឋានជាតិអូរឡាំពិកក្នុងរាជធានីភ្នំពេញ បន្ទាប់ពីកីឡាការិនីកម្ពុជាមួយក្រុម មានគ្នាបីនាក់ដែលសុទ្ធតែក្នុងជួរទាហាន ទើបតែបានយកឈ្នះក្រុមសិង្ហបុរី១៣-១ ក្នុងការប្រកួតបើកឆាក។
ក្រុមមកពី១២ប្រទេសរួមមាន ឥណ្ឌា និងជប៉ុនបានចូលរួមនៅក្នុងការប្រកួតរយៈពេលបីថ្ងៃ ដោយក្រុមមួយចំនួនមានការប្រកួតស្វិតស្វាញ មកពីអតីតអាណានិគមបារាំងនៅអាស៊ីអាគ្នេយ៍។ ប្រទេសទាំងនោះនឹងត្រូវប្រកួតតាមប្រភេទ រួមមានការប្រកួតបីនាក់និងការប្រកួតលក្ខណៈទោល។
កីឡាប៉េតង់ជាទម្រង់នៃប៊ូលលើវាលស្មៅដែលក្នុងនោះអ្នកលេងទាំងអស់បោះគ្រាប់ប៉េតង់ធ្វើពីដែកធ្វើយ៉ាងណាឲ្យបានទៅជិតកូនប៊ី ដែលជាគ្រាប់តូចជាងគេដាក់នៅពេលចាប់ផ្តើមការប្រកួតនីមួយៗ ដែលជាប្រភេទកីឡាមួយក្នុងចំណោមកីឡាមួយចំនួនដែលកម្ពុជាយកឈ្នះលើឆាកអន្តរជាតិ ក្នុងរយៈ ពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
មិត្តរួមក្រុមរបស់ ស្រីយ៉ា និងអ្នកស្រី កែ ឡេង ជាអ្នកផ្តល់យោបល់បានជួយឲ្យនាងឈ្នះជើងឯកពិភពលោកលើកទី២នៅក្នុងក្រុងបាងកកកាលពីខែមុន។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូរឡាំពិកកម្ពុជាមានប្រសាសន៍ថា កីឡាប៉េតង់ត្រូវបាននាំមកប្រទេសកម្ពុជានៅពេលប្រទេសស្ថិតនៅក្រោមអាណានិគមបារាំងនៅឡើយ ហើយថា វាជាកីឡាមួួយដែលគេនិយមលេងកម្សាន្ត បើទោះជាក្រុមទាំងនេះមិនបានចូលរួមការប្រកួតអន្តរជាតិរហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ក៏ដោយ។
លោកបានថ្លែងថា “បារាំងបានលេងកីឡានេះនៅទីនេះ ហើយបានហៅមនុស្សម្នាឲ្យលេងជាមួយពួកគេ ហើយនៅពេលនោះប្រជាជនខ្មែររបស់យើងកាន់តែមានការចាប់អារម្មណ៍ខ្លាំងឡើង”។
នៅក្នុងបរិវេណនាយកដ្ឋានផ្លូវដែកដ៏ចាស់ទ្រុឌទ្រោមស្ថិតនៅមហាវិថីសហព័ន្ធរុស្សីកាលពីរសៀលម្សិលមិញ បុគ្គលិកមួយក្រុម ទាហាន និងមិត្តភក្តិរបស់គេបានប្រមូលផ្តុំគ្នាជុំវិញគ្រាប់ប៉េតង់ពណ៌ប្រាក់ដោយមានការយកខ្សែទៅវាស់ដើម្បីឲ្យច្បាស់ថា តើគ្រាប់ប៉េតងណានៅជិតកូនប៊ីជាងគេ។
អង្គុយនៅលើបង់មើលការប្រកួតលោកស្តើង វិញ អាយុ៥២ឆ្នាំ ជាសមាជិកក្រុមជម្រើសជាតិក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និង២០០០បាននិយាយថា បើទោះលោកកើតក្រោយបារាំងចេញពីប្រទេសកម្ពុជាក្នុងឆ្នាំ១៩៥៣ក៏ដោយ ក៏សមាជិកគ្រួសាររបស់លោកបានប្រាប់លោកថា កីឡាប៉េតង់គឺជាវិធីដែលមន្ត្រីសម័យអាណានិគម និងបុគ្គលិកខ្មែរយើងបង្កើតទំនាក់ទំនងនឹងគ្នា។
លោក ស្តើង វិញ បាននិយាយថា “កីឡានេះគឺជាកេរ្តិ៍តំណែលជំនាន់ដើម។ ប្រជាជនកម្ពុជា និងប្រជាជនបារាំងលេងកីឡានេះជាមួយគ្នាបន្ទាប់ពីការងារ។ កន្លែងនេះគឺជាកន្លែង តែមួយគត់ដែលពួកគេមកជួបជុំគ្នា។មិត្តភាពនោះបានបន្ត។ លោក ស្តើង វិញ បាននិយាយថា នៅពេលលោកស្ថិតនៅក្នុងក្រុមជម្រើសជាតិ លោកបានចូលរួមការប្រកួតមិត្តភាពជាច្រើនលើករវាងកម្ពុជា និងក្រុមភ្ញៀវមកពី បារាំងនៅពហុកីឡដ្ឋានជាតិអូរឡាំពិក។
ស្រីយ៉ា បាននិយាយថា បើទោះជាកេរ្តិ៍ឈ្មោះរបស់កីឡានេះមិនសូវល្បីក៏ដោយ ក៏កីឡាប៉េតង់នៅតែទាក់ទាញយុវជនខ្មែរដែរ។
ស្រីយ៉ា បានបន្ថែមថា “ខ្ញុំមានទំនុកចិត្តថា ការលេងនៅក្នុងទឹកដីមានអ្នកគាំទ្រក្នុងនាមជាម្ចាស់ផ្ទះស្រែកហ៊ោអបអរ។ នៅបរទេសវិញ វាលំបាកណាស់ពីព្រោះពួកគេស្រែកបំបាក់ពួកយើង ហើយនេះអាចធ្វើឲ្យយើងខឹង ហើយប៉ះពាល់ដល់ការប្រមូលអារម្មណ៍របស់យើងផងដែរ”៕សារុន