
នៅឯរោងចក្រក្នុងក្រុងភ្នំពេញ កម្មកររៀបចំអង្ករដើម្បីនាំចេញ
រូបភាព ដោយ John vink
ឈរមើលក្រុមកម្មករមួយដែលកំពុងតែបែកញើសជោកអាវ និងលើកការ៉ុងអង្ករគ្រាប់វែងកម្ពុជាទម្ងន់៥០គីឡូក្រាមក្នុងមួយការ៉ុងដាក់លើឡានកុងតឺនឺ លោក ធី ហុងរិទ្ធ បានពន្យល់ថា ការដឹកជញ្ជូនគឺជាការចាប់ផ្តើមនៃដំណើរមួយ ដែលឆ្លងកាត់តាមទ្វីបពីរ។
លោក ហុងរិត ជាអ្នកចាត់ចែងភស្តុភារនៅឯក្រុមហ៊ុនអេមរុ រ៉ាយ បាននិយាយបន្ទាប់ពីពិនិត្យមើលបញ្ជីប្រចាំថ្ងៃនៅឯរោងចក្រទំហំ៨.០០០ម៉ែត្រការ៉េ និងឃ្លាំងស្តុកនៅជាយក្រុងភ្នំពេញថា “ការបញ្ជាទិញនេះគឺឆ្ពោះទៅក្លៃប៉េដា ប្រទេសលីទុយអានី។ រថយន្តនេះនឹងដឹកទៅកាន់កំពង់ផែក្រុងព្រះសីហនុ ហើយបន្ទាប់មក ដឹកតាមផ្លូវសមុទ្រទៅអឺរ៉ុប”។
ចម្ងាយពីរបីម៉ែត្រពីទីនោះ មានក្រុមកម្មករប្រាំមួយនាក់កំពុងលីបាវអង្ករឲ្យទាន់តាមកាលកំណត់ ក្នុងខណៈដែលពួកគេលើកជញ្ជូនឲ្យគ្រប់១៥០តោនតាមការបញ្ជាទិញដែលមានតម្លៃជាទឹកប្រាក់ជាង៦០ពាន់ដុល្លារ។
ការក្រឡេកមើលមួយខ្វាច់ទៅលើលិខិតបញ្ជាទិញភ្ជាប់នឹងឯកសាររបស់លោក ហុងរិតទ្ធ បានបង្ហាញថា ការដឹកជញ្ជូននឹងទៅដល់កំពង់ផែបាល់តិចនៅថ្ងៃទី១២ ខែមករា គឺមានរយៈពេលប្រហែលប្រាំសប្តាហ៍ បន្ទាប់ពីទំនិញនេះចាកចេញពីឃ្លាំងអេមរុ។
នៅក្នុងឃ្លាំងមានកម្មកពីរនាក់លើកការ៉ុងអង្ករដាក់លើម៉ាស៊ីនទាញដាក់លើរថយន្ត ដែលនៅទីនោះមានកម្មករបួននាក់ទៀតដែលចាំលើកការ៉ុងដាក់លើស្មា មុននឹងទម្លាក់បាវនោះដាក់ក្នុងកុងតឺនឺ។

នៅក្បែរនោះអ្នកមើលការខុសត្រូវម្នាក់រាប់ការ៉ុងនីមួយៗយ៉ាងយកចិត្តទុកដាក់នៅពេលដែលការ៉ុងនោះដល់រថយន្ត ដោយកត់ត្រាសរុបនៅលើផ្ទាំងក្រដាសធំមួយដែលភ្ជាប់ទៅនឹងទ្វារកុងតឹនឺដើម្បីបញ្ជាក់ថា ចំនួនសរុប៥០០ការ៉ុងបានចូលទៅក្នុងកុងតឺនឺ។
លោក ហុងរិទ្ធ បាននិយាយមុននឹងបែរទៅរកក្រដាសឯកសារមួយដុំនៅលើតុរបស់លោកថា “រថយន្តកុងតឺនឺនីមួយៗអាចផ្ទុកបាន២៥តោន ដូច្នេះយើងដឹកប្រាំមួយដងទៅក្រុងព្រះសីហនុ”។
លោក សុង សារ៉ន ប្រធានប្រតិបត្តិក្រុមហ៊ុនអេមរុ រ៉ាយ បាននិយាយថា ក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនមួយក្នុងបណ្តាក្រុមហ៊ុន៧០ ឬ៨០ ដែលធ្វើប្រតិបត្តិការនៅក្នុងវិស័យនាំចេញអង្ករដែលកំពុងតែប្រកួតប្រជែងគ្នាកាន់តែខ្លាំង ប៉ុន្តែ ស្ថិតក្នុងភាពក្មេងខ្ចីនៅឡើយ។
លោក សារ៉ន បាននិយាយថា “យើងធ្វើជាសាជីវកម្មជាក្រុមហ៊ុននាំចេញចាប់តាំងពីឆ្នាំ២០០៩។ មុននោះយើងជាក្រុមហ៊ុនចែកចាយអង្ករក្នុងស្រុកប៉ុណ្ណោះ”។
លោក សារ៉ន បាននិយាយថា បើកនៅឆ្នាំ២០១២ រោងចក្រនៅភ្នំពេញដែលមានតម្លៃជាទឹកប្រាក់៨លានដុល្លាររបស់ក្រុមហ៊ុន គឺឥឡូវនេះអាចកែច្នៃអង្ករប្រហែល៦០ពាន់តោនក្នុងមួយឆ្នាំ ពោលគឺ៨០ភាគរយត្រូវបរិភោគនៅអឺរ៉ុប។
លោក សារ៉ន បាននិយាយថា “នៅអឺរ៉ុបខាងលិច ប្រទេសបារាំង អាល្លឺម៉ង់ ហូឡង់ អុីតាលី ចក្រភពអង់គ្លេស និងប្រទេសបែលហ្ស៊ិក គឺជាប្រទេសដែលនាំចូលធំបំផុតរបស់យើង។ នៅអឺរ៉ុបខាងកើតមានប្រទេសប៉ូឡូញ ឆែក ប៉ុលហ្គារី ហុងហ្គារី រុស្ស៊ី និងបេឡារុស”។

នៅឆ្នាំ២០១០ រដ្ឋាភិបាលបានកំណត់គោលដៅនាំចេញអង្ករ១លានតោនរាល់ឆ្នាំត្រឹមឆ្នាំ២០១៥។ ទោះជាយ៉ាងនេះក្តី កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា គោលដៅនេះមិនអាចសម្រេចបានទេ ដោយមានប្រសាសន៍ថា ប្រទេសកម្ពុជាទំនងជានាំចេញបានត្រឹមតែ៥០០ពាន់តោនប៉ុណ្ណោះទៅបរទេស។
ទោះជាយ៉ាងណាក៏ដោយ ការនាំអង្ករចេញបានកើនឡើងរាល់ឆ្នាំ ចាប់តាំងពីគោលដៅត្រូវកំណត់។ នៅឆ្នាំ២០១៤ ការនាំចេញមានចំនួន៣៨៧.០៦១តោន។
លោក សារ៉ន បានចាត់ទុកកំណើននោះដោយសារតែមានការបូកបញ្ចូលនៃវិនិយោគពីធនាគារពាណិជ្ជកម្មកម្ពុជា វិនិយោគិនឯកជន និងរដ្ឋាភិបាលដែលបានផ្តល់កម្ចីដោយមានលក្ខខណ្ឌអនុគ្រោះចំពោះរោងម៉ាស៊ីនកិនស្រូវតាមរយៈធនាគារអភិវឌ្ឍជនបទ។
លោក សារ៉ន បានិយាយថា មុននឹងគោលដៅបានបំពេញ ជំហានមួយចំនួនត្រូវតែធ្វើឡើង រួមមានបើកទីផ្សារអង្ករកម្ពុជា ជាពិសេសទីផ្សារនៅខាងក្រៅគោលដៅផ្តោតរបស់ក្រុមហ៊ុនអេមរុ រ៉ាយ។
លោក សារ៉ន បាននិយាយថា “យើងត្រូវរកទីផ្សារដូចជាប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន ពីព្រោះពួកគេក៏ជាប្រទេសនាំចូលអង្ករដ៏ធំដែរ”។
ត្រឡប់មករោងចក្រនៅក្នុងខណ្ឌព្រែកព្នៅវិញ លោក មល់ ម៉ុក អ្នកគ្រប់គ្រងផ្នែកផលិតកម្មបាននិយាយថា ការផ្តោតរបស់លោកគឺដើម្បីធានាថាក្រុមហ៊ុនអាចនាំចេញអង្ករមានគុណភាពទៅបរទេស។

លោក ម៉ុក បានពន្យល់ថា អង្ករសម្រូបដឹកចូលមករោងចក្ររាល់ថ្ងៃដោយរោងម៉ាស៊ីនកិនស្រូវតាមខេត្ត និងម៉ាស៊ីនក្រុមហ៊ុនផ្ទាល់ ត្រូវបានត្រួតពិនិត្យដំបូងដោយក្រុមគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុនអេមរុ រ៉ាយ ដែលរកមើលគ្រាប់អង្ករណាដែលមិនល្អ។
លោក ម៉ុក បាននិយាយថា “អង្ករត្រូវតែពិនិត្យមើលគុណភាព មានដូចជាទំហំ ពណ៌ដូចដីស សត្វល្អិត ភាពសុទ្ធ និងសំណើមជាដើម”។ លោកបានបញ្ជាក់ថា ក្រោយពីឆ្លងកាត់ការត្រួតពិនិត្យរួច គេដាក់អង្ករនៅក្នុងឃ្លាំងស្តុក ដើម្បីរង់ចាំការបញ្ជាទិញពីអតិចិជនអន្តរជាតិ។
លោក ម៉ុក បាននិយាយថា បន្ទាប់មកអង្ករឆ្លងកាត់តាមដំណាក់ការកែច្នៃចុងក្រោយ ដែលត្រូវសម្អាត ដុសខាត់ និងជ្រើសរើសដោយពណ៌ និងទំហំ មុននឹងឆ្លងកាត់តាមការត្រួតពិនិត្យគុណភាពម្តងទៀត ពោលគឺពេលនេះធ្វើឡើងដោយក្រុមហ៊ុនមានកិច្ចសន្យាពីអ្នកទិញ ហើយទើបវេចខ្ចប់។
មិនសុទ្ធតែអង្ករទាំងអស់ដែលកែច្នៃដោយក្រុមហ៊ុនអេមរុ រ៉ាយ មានគោលដៅសម្រាប់នាំចេញទេ ទោះជាយ៉ាងនេះក្តី លោក ម៉ុក បាននិយាយក្នុងពេលដែលលោកផ្អែកនឹងប្រអប់មានសរសេរថា អង្ករផ្កាម្លិះសរីរាង្គមានគុណភាព គឺសម្រាប់នាំចេញទៅប្រទេសបារាំង។
លោក ម៉ុក បាននិយាយថា “ចំពោះអង្ករដែលមានគុណភាពទាប ក្រោយពីយើងដុសខាត់រួច អង្ករនោះត្រូវយកទៅលក់ក្នុងទីផ្សារក្នុងស្រុកដែលនឹងលក់ឲ្យអ្នកបិតស្រា និងធ្វើជាចំណីសត្វ”៕ រើន