លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃបានព្រមព្រៀងជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យបាន៣០០ភាគរយ រហូតដល់ទឹកប្រាក់១៥ពាន់លានដុល្លារនៅឆ្នាំ២០២០ អំឡុងកិច្ចប្រជុំដែលក្នុងនោះក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងបើកច្រកព្រំដែនអន្តរជាតិថ្មី ពីរទៀត និងស្ថាបនាផ្លូវដែកដែលតភ្ជាប់ក្រុងភ្នំពេញ និងក្រុងបាំងកកផងដែរ។
យោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកាលពីចុងសប្ដាហ៍បានឲ្យដឹងថាអំឡុងការប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ កម្ពុជា-ថៃលើកទី២ក្នុងទីក្រុងបាំងកក មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនសំដៅ បង្កើនពាណិជ្ជកម្ម សន្តិសុខ និងទេសចរណ៍ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងការងារផងដែរ។

សេចក្តីថ្លែងការណ៍នេះឱ្យដឹងថា “អំពីពាណិជ្ជកម្ម និងការវិនិយោគ នាយករដ្ឋមន្ត្រីទាំងពីរបានព្រមព្រៀងបង្កើនទំហំពាណិជ្ជកម្ម ទ្វេភាគីនាពេលបច្ចុប្បន្នឲ្យកើនឡើងបីដងនៅឆ្នាំ២០២០។ យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរឡើងដល់៥ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយការនាំចេញរបស់កម្ពុជាស្មើនឹង៥៧១លានដុល្លារ។
កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយ លោក ហ៊ុន សែន និងឧត្ដមសេនីយ៍ ប្រាយុទ្ធ ផ្ដោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមព្រំដែនរួមរបស់ប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងរួមគ្នាក្នុងការបង្កើនការវិនិយោគក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប៉ុស្តិ៍ត្រួតពិនិត្យ និងតំបន់សេដ្ឋកិច្ចពិសេសក្នុងបណ្ដាខេត្តតាមព្រំដែន គឺខេត្តបន្ទាយមានជ័យ និងខេត្តកោះកុងក្នុងប្រទេសកម្ពុជា ហើយខេត្តស្រះកែវ និងខេត្តត្រាតក្នុងប្រទេសថៃ។
សេចក្ដីថ្លែងការណ៍នេះលើកឡើងថា “សេវាកម្មរថភ្លើងរវាងក្រុងភ្នំពេញ និងក្រុងបាំងកក នឹងចាប់ផ្ដើមដំណើរការនៅចុងឆ្នាំ២០១៦។ នាយករដ្ឋមន្ត្រីទាំងពីរ “ក៏បានព្រមព្រៀងពន្លឿនការបើកច្រកអន្តរជាតិបន្ថែមពីរទៀតផងដែរ”។
សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា “ប៉ុស្តិ៍ ត្រួតពិនិត្យបន្ថែមដូចបានលើកឡើងខាងលើ និងតំបន់សេដ្ឋកិច្ចពិសេសនឹងប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់ពាណិជ្ជកម្ម និងផលិតកម្មដ៏សំខាន់” ដោយកត់សម្គាល់ថា ការធ្វើនេះ នឹងបើកព្រំដែនសម្រាប់ “ការបម្លាស់ទីរបស់ប្រជាពលរដ្ឋដោយសេរី និងការងារនៅក្នុងតំបន់”។
ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការងារថ្មី ដែលក្នុងនោះប្រទេសថៃនឹងបណ្ដុះបណ្ដាលបុគ្គលិកខ្មែរ ដោយបានព្រមព្រៀងបង្កើត “មន្ទីរពេទ្យបុត្រសម្ព័ន្ធ” នៅតាមព្រំដែនសម្រាប់ពលករចំណាក ស្រុកនិងសន្យាផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ “ព្រះរាជាណាចក្រពីរ ទិសដៅមួយ” ផងដែរ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថៃបានឲ្យដឹងថា អំឡុងសន្និសីទកាសែតកាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចប្រជុំថ្នាក់ កំពូលក្នុងទីក្រុងបាំងកក ដែលក្នុងនោះក៏អបអរខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃដែរ លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរល្អប្រសើរបំផុតដែលមិនធ្លាប់មាន។
អំឡុងកិច្ចប្រជុំនោះដែរ លោក ហ៊ុន សែន បានប្រកាសថា លោកបានអញ្ជើញនាយករដ្ឋមន្ត្រីថៃឲ្យមកចូលរួមកិច្ចប្រជុំចម្រុះនៅក្នុងប្រទេសកម្ពុជានៅឆ្នាំក្រោយផងដែរ ហើយ លោកបានលើកឡើងថា លោកមានគម្រោង និពន្ធចម្រៀងមួយបទរៀបរាប់អំពីទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ។
ឈរនៅក្បែរឧត្ដមសេនីយ៍ ប្រាយុទ្ធ លោក ហ៊ុន សែន បានថ្លែងថា “ឥឡូវនេះយើងឃើញថា ភាគីទាំងពីរចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្តីពីបញ្ហាមួយនានា រួមមានបញ្ហាទាក់ទងនឹងពលករចំណាកស្រុក និងការបណ្ដុះបណ្ដាលធនធានមនុស្ស។
លោកបានមានប្រសាសន៍ថា “ភាគីថៃទទួលស្ថាបនាផ្លូវដែក ហើយខ្ញុំនឹងនិពន្ធចម្រៀងមួយបទសម្រាប់ ‘ស្ពានមិត្តភាព’ ហើយប្រជាពលរដ្ឋមកពីភាគីទាំងពីរ នឹងរាំកម្សាន្តរួមគ្នាជាមួយបទចម្រៀងនេះ”។
លោក ចាយ៉ាន មេណុន (Jayant Menon) សេដ្ឋវិទូជាន់ខ្ពស់នៅការិយាល័យសមាហរណ កម្មប្រចាំតំបន់របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះដើម្បីជំរុញកំណើនវិនិយោគ និងរំហូរការងារដោយសេរីនៅតាមតំបន់ព្រំដែនដោយលើកឡើងថា កម្ពុជាបានចាត់ទុកសក្ដានុ ពលរបស់ប្រទេសថៃថា ជាទិសដៅការងារសម្រាប់ ពលករចំណាកស្រុក។
លោក មេណុន បានមានប្រសាសន៍ថា បើទោះជាកំណើនពលករកម្ពុជាដែលស្វែងរកការងារធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសថៃអាចធ្វើឲ្យការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជាយឺតក៏ដោយ ក៏ទីបំផុតប្រទេសថៃបានផ្ដល់ផលប្រយោជន៍ និងប្រាក់ខែល្អប្រសើរផងដែរ។
លោកបានលើកឡើងថា “ប្រសិនបើរដ្ឋាភិបាលទទួលស្គាល់បញ្ហានេះ ហើយសម្របសម្រួលការបម្លាស់ទីការងារប្រភេទនេះ ខ្ញុំគិតថា នេះគឺជាការវិវត្តដ៏អស្ចារ្យ ប៉ុន្តែ ខ្ញុំបារម្ភ ថា រដ្ឋាភិបាលគិតតែពីខ្លួនឯង និងជាតិនិយម។
លោក មេណុន បានថ្លែងថា ខណៈដែលវារហ័សពេកក្នុងការប្រាប់ថាតើតួលេខពាណិជ្ជ កម្ម១៥ពាន់លានដុល្លារសម្រេចបានក៏ដោយ ក៏នៅមានឱកាសច្រើនសម្រាប់សកម្មភាពសេដ្ឋកិច្ចកាន់តែប្រសើររវាងប្រទេសទាំងពីរដែរ។
លោកបានថ្លែងថា “អ្នកគួរស្រមៃថា វិស័យ កំណើននៅក្នុងប្រទេសកម្ពុជាមិនត្រឹមតែសម្រាប់ផលិតផលកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ផលិតផលកែច្នៃផងដែរ។ ហើយសម្រាប់ប្រទេសកម្ពុជា មានការនាំចូលទំនិញច្រើនពីប្រទេសថៃ”៕ សារុន (រាយការណ៍បន្ថែមដោយ Colin Meyn)