28 C
Phnom Penh

​កម្មករ​​រាប់​សិប​នាក់​ត្រូវ​ចាប់​ខ្លួន​ និង​ដោះលែង​វិញ​ពាក់​ព័ន្ធ​​ការ​​​​តវ៉ា​នៅ​រោងចក្រ​​ក្នុង​ក្រុង​បាវិត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​និយាយ​ថា កម្មករ​ធ្វើ​​ការ​តវ៉ា​ចំនួន​​​​៥៨​នាក់​មកពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ តៃ សេង ក្នុង​ក្រុង​បាវិត ​​ត្រូវ​បាន​​ឃាត់​ខ្លួន​កាលពី​ព្រឹក​ម្សិលមិញ ហើយ​ដោះលែង​វិញ​នៅ​ពេល​ល្ងាច​ បន្ទាប់ពី​ព្រមព្រៀង​​​​​​ឈប់​ប្រើ​អំពើ​ហិង្សា​​ ​ឬ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​​អ្នក​ដទៃ​ទៅ​ថ្ងៃ​មុខ ​ហើយ​នេះ​​គឺ​ជា​​ការវិវត្តន៍​ចុង​ក្រោយ​នៅ​ក្នុង​ស្ថានភាព​ចលាចល​មួយ​ដែល​បាន​ចាប់​​ផ្ដើម​កើត​ឡើង​កាលពី​សប្ដាហ៍​មុន។

​មន្ត្រី​​បាន​លើក​ឡើង​ថា កម្ម​ករ​ប្រហែល​២០០​នាក់​បាន​ដើរ​ចេញ​ពី​ការ​ងារ​​ភ្លាមៗ​បន្ទាប់ពី​ទៅ​ដល់​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ តៃ សេង ​​ហើយ​​បាន​​ធ្វើ​ដំណើរ​ឆ្ពោះ​​ទៅ​​តំបន់​សេដ្ឋកិច្ច​ពិសេស មែនហាតាន់ ​ក្បែរ​​​​នោះ​​នៅ​ម៉ោង​ប្រហែល​៩ព្រឹក​ ប៉ុន្តែ​ត្រូវ​បាន​​​​​​​នគរ​បាល​បង្ក្រាប​កុបកម្ម​​​​រាំង​ផ្លូវ​។ កម្មករ​មួយ​ចំនួន​​​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ចំណុច​នោះ ប៉ុន្តែ​ភាគច្រើន​ត្រូវ​បាន​ឃាត់ខ្លួន​បន្ទាប់ពី​ក្រុម​កម្មករ​​​​​​ដែល​ខ្លះ​ប្រដាប់​ដោយ​ដំបង ​​បាន​ប៉ុន​ប៉ង​​​ចូល​ទៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​​ មែនហាតាន់ ​​កាត់​​តាម​​​វាល​​មាន​ទឹក​ដក់​​​​ដែល​នៅ​ពីក្រោយ​នោះ។

cam-photo-arrests-licadho-800x534លោក ​ហ៊ូ  វតនៈ អភិបាល​រង​​ខេត្ត​​​ស្វាយរៀង ​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​​ព័ទ្ធ​ពួកគេ​​ ខណៈ​​ពួកគេ​ព្យាយាម​​​ដើរ​លុយ​ទឹក​​ដើម្បី​ចូល​​ទៅ​រោងចក្រ​​ក្នុង​តំបន់​នោះ​។ បើ​យើង​មិន​ចាត់​វិធានការ​ទេ ម្លេ៉ះ​ពួកគេ​បំផ្លាញ​រោង​ចក្រ​​​ទាំង​នោះ​បាត់ទៅ​ហើយ​”។

លោក​ សួស សារិន ​​នាយ​ការិយា​ល័យ​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ នគរ​បាល​ខេត្ត​​​​បាន​មាន​ប្រសាសន៍​ថា ​ភ្នាក់​ងារសន្តិសុខ​ប្រហែល​៥០​នាក់​​ត្រូវ​បាន​ដាក់​ពង្រាយ​ជុំវិញ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​នោះ​កាលពី​ម្សិលមិញ​។

​សមត្ថកិច្ច​និយាយ​ថា ​មាន​ការ​​ខូច​ខាត​ទ្រព្យ​​​សម្បត្តិ​​មួយ​ចំនួន​​ដែល​​បង្ក​ឡើង​ដោយ​ក្រុម​បាតុករ​​​​ដូច​ករណី​កាលពី​​សប្ដាហ៍​មុន​​ ដែល​នៅ​​​ពេល​នោះ​​បង្អួច​រោងចក្រ​​​ត្រូវ​បាន​បំបែក​​ ឈាន​​​​​ទៅ​ដល់​ការ​​ឃាត់​ខ្លួន​​កម្មករ​បួន​នាក់​ ហើយ​ថា អ្នក​ដែល​ត្រូវ​បានឃាត់​ខ្លួន​កាលពី​ម្សិលមិញ​ត្រូវ​បាន​ដោះ​លែង​វិញ​ដោយ​មាន​លក្ខខណ្ឌ​ថា ពួកគេ​ឈប់​​​ធ្វើ​សកម្មភាព​ហិង្សា​តទៅទៀត​។ លោក ​សើ វុទ្ធី ​​មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ខេត្ត​​​បាន​មាន​ប្រសាសន៍​ថា ”​បន្ទាប់ពី​​​ណែនាំ​អប់រំ​ពួកគេ និង​ឲ្យ​ពួកគេ​​ចុះ​​កិច្ច​​​សន្យា​​​ឈប់​ប្រើ​អំពើ​ហិង្សា​​ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ដទៃ​ទៅ​ថ្ងៃ​​មុខ​ ​យើង​​​បាន​​អនុញ្ញាត​ឲ្យឪពុក​ម្ដាយ ឬ​អាណាព្យា​​​បាល ​របស់​​​ពួកគេ​នាំ​ពួកគេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​”។

​ការ​តវ៉ា​នេះ​​បាន​ចាប់​ផ្ដើម​​​​កើត​ឡើង​​​នៅ​​​​ពាក់​​កណ្ដាល​សប្ដាហ៍​មុន ដោយ​សហជីព​​​បដិសេធ​​​​ថា ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​​​​ទេ​ ហើយ​កម្មករ​ធ្វើ​ការ​ទាម​ទារ​ផ្សេង​​ៗ​​​គ្នា​ទាក់​ទិន​​នឹង​ប្រាក់​ខែ​​គោល​នៅ​តាម​រោងចក្រ​កាត់​ដេរ​​ ដែល​បច្ចុប្បន្នមាន​ចំនួន​១២៨​ដុល្លារ​ក្នុង​មួយ​ខែ​ ហើយ​គ្រោង​ឡើង​ដល់​១៤០​ដុល្លារ​នៅ​ដើម​ឆ្នាំ​២០១៦។

បន្ទាប់ពី​កម្មករ​ដើរ​ចេញពី​ការ​ងារ​ក្នុង​រោងចក្រ​ ឃីង​ម៉េកឃើ (Kingmaker) កាលពី​ថ្ងៃ​ពុធ ការ​តវ៉ា​របស់ពួកគេ​បាន​រាល​ដាល​​ជុំវិញ​តំបន់​សេដ្ឋកិច្ច​ពិសេស​ មែនហាតាន់ ​ហើយ​បន្ទាប់​មក​បាន​ឆ្លង​ផ្លូវ​​ទៅ​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ តៃសេង។ តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​ពីរ​នេះ​ត្រូវបាន​បិទ​ទ្វារ​​ក្នុង​​ថ្ងៃ​នោះ ហើយ​សមាគម​​រោងចក្រ​​​កាត់​ដេរ​​នៅ​កម្ពុជា (GMAC) បាន​អះអាង​ថា ​ប្រាក់​រាប់​លាន​ដុល្លារ​ត្រូវ​បាន​ខាត​បង់​។

លោក​ ម៉ៅ កុសល អ្នក​​គ្រប់គ្រង​ផ្នែក​ប្រតិ​បត្តិការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ តៃសេង បាន​លើក​ឡើង​ថា ប្រហែល​៧០​ភាគរយ​​នៃ​កម្មករ​ប្រមាណ​១០.០០០​នាក់​ដែល​ធ្វើ​ការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ ធ្វើ​ការ​ធម្មតា​កាលពី​ម្សិលមិញ។ ចំណែក​​ឯ​លោក ម៉ែន ជីវ័ន្ត ​​ប្រធាន​រដ្ឋបាល​នៅ​តំបន់​​សេដ្ឋកិច្ច​ពិសេស​ មែនហាតាន់ ​​​បាន​​និយាយ​ថា ក្នុង​ចំណោម​កម្មករ​ប្រមាណ​​​២៣.០០០​នាក់​នៅ​​ទីនោះ មាន​តែ​​ប្រហែល​៤០០​នាក់​ប៉ុណ្ណោះ​ដែល​អវត្តមាន​កាលពី​ម្សិលមិញ​។

​ប្រធាន​សហជីព​សំខាន់​​ៗ​នៅ​ក្នុង​ក្រុង​បាវិត​​​​​និយាយ​ថា ខ្លួន​មិន​ស្ថិត​នៅ​​ពីក្រោយ​កូដកម្ម​​​ចុង​ក្រោយ​​​​​នៅ​តំបន់​មួយ​​នេះ​ដែល​ត្រូវ​បាន​ញាំញី​ដោយ​​សារ​ទំនាក់​ទំនង​វិជ្ជាជីវៈ​​មិន​ល្អ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ឡើយ​។ ទោះ​​​ជាយ៉ាង​ណា លោក កែន លូ អគ្គលេខាធិការ​របស់​​ GMAC បាន​ថ្លែង​ថា លក្ខណៈ​នៃ​​ស្ថាន​ភាព​ចលាចល​បច្ចុប្បន្ន​បាន​បង្ហាញ​ថា កម្មករ​​​​ទាំង​នេះ​ត្រូវ​បានគេ​រៀបចំ​។

លោក​បាន​បន្ថែម​ថា “​នោះ​​​​វា​គ្រាន់​តែ​ជា​អ្វី​ដែល​ពួកគេ​និយាយ​ប៉ុណ្ណោះ​​​ ពួកគេ​និយាយ​​​ថា វា​ជា​ការ​បះបោរ​របស់​កម្ម​ករ​ យើង​ឮ​ពាក្យ​​​នោះ​គ្រប់​ពេល​។ ខ្ញុំជឿ​ថា ប្រាកដ​ជា​មាន​នរណា​ម្នាក់​នៅ​ពីក្រោយ​រឿង​នេះ​។ វា​មិន​​ទំនង​សោះ​​ដែល​ថា នេះ​ជា​រឿង​គាប់​ជួន​ វា​​មិន​ងាយ​​ស្រួល​ទេ​ក្នុងការ​​​រៀបចំ​​រោងចក្រ​ចំនួន​៤០​ និង​របៀប​ដែល​វា​បាន​កើត​ឡើង មើល​ទៅ​វា​ដូច​ជាមាន​ការ​រៀបចំ​ច្រើន​ ជា​ពិសេស​សកម្មភាព​នៅ​ថ្ងៃនេះ​”។

លោក​បាន​​​ចង្អុល​បង្ហាញ​ថា សហព័ន្ធ​សហ​​ជីព​​ចលនា​កម្មករ​​​ដែល​ដឹកនាំ​ដោយ​លោក ប៉ាវ ស៊ីណា ជា​អ្នក​ស្ថិត​នៅ​ពីក្រោយ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ក្រុង​បាវិត​កាលពី​ឆ្នាំ​មុន ​ប៉ុន្តែ​បាន​បញ្ជាក់​ថា លោក​​មិន​ចោទ​ប្រកាន់​​​​ថា លោក ប៉ាវ ស៊ីណា ​​ជាប់​ពាក់​ព័ន្ធ​​នៅ​ក្នុង​ការ​តវ៉ា​លើក​នេះ​ទេ។ “​យើង​​មិន​ដឹង​ថា ជា​នរណា​​​​ឬ​មូល​ហេតុ​​អ្វី​ទេ ប៉ុន្តែ​វា​ប្រាកដ​ជាមាន​​​នរណា​​​ម្នាក់​”។

​លោក កែន លូ ដែល​សមាគម​របស់​លោក​​​តំណាង​ឲ្យ​រោងចក្រ​​កាត់​ដេរ​​​នាំចេញ​​ទូទាំង​​​ប្រទេស​​​​បាន​ថ្លែង​ថា ដោយ​​ការ​តវ៉ា​ជា​បន្ត​បន្ទាប់​នេះ​​មាន​លក្ខណៈ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ ​​​​ទំនង​ជា​គ្មាន​​​សហជីព​ណាមួយ​​ចេញ​មុខ​តំណាង​​​ឲ្យ​កម្មករ​ដែល​ជាប់​ពាក់​ព័ន្ធ​​​ឡើយ​។ ​

លោក​លើក​ឡើង​ទៀត​ថា ”​ពេល​នេះ​អ្នក​​ដែល​ចេញ​មុខ​ទាមទារ​​​​នឹង​​ត្រូវ​ទទួល​ខុស​ត្រូវ​​​ចំពោះ​រឿង​រា៉វ​ទាំង​មូល​។ នៅ​ចំណុច​នេះ ​​គ្មាន​ការ​ចរចា​ទេ​”។

លោក​ វីលៀម ខុន​គ្លីន (William Conklin) ​​នាយក​ប្រចាំ​ប្រទេស​​​នៃ​មជ្ឈមណ្ឌល​​សាមគ្គី​ភាព​​​ ​​​(Solidarity Center) ​ជា​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ដែល​មាន​មូល​ដ្ឋាន​នៅ​​សហរដ្ឋអាមេរិក​ ​បាន​​មាន​ប្រសាសន៍​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​​​ក្នុង​ក្រុង​បាវិត​​​កំពុង​​ជួប​ប្រទះ​ផល​លំបាក​​​ដោយ​​​សារ​ភាព​ជោគជ័យ​​របស់​ខ្លួន​នៅ​ក្នុង​ “​ការ​ទាត់​សហជីព​ចេញ​ក្រៅ​​”។

លោក​បាន​បន្ត​ថា “​វា​​ស្រដៀង​គ្នា​​ទៅ​នឹង​​ស្ថានភាព​កូដកម្ម​នៅ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​១០​ឆ្នាំ​មុន។ ​ការ​ធ្វើ​កូដកម្ម​ដោយ​គ្មាន​មេដឹកនាំ​​មកពី​សហជីព ​វា​នឹង​អាច​បន្ត​​​​ជា​ច្រើន​​​ថ្ងៃ​​ ពីព្រោះ​គ្មាន​នរណា​ម្នាក់​ចង់​ចេញ​មុខ​​ថា​ខ្លួន​ជា​​​មេដឹកនាំ​​ទេ​។ ​កូដកម្ម​នៅ​ក្នុង​ប្រទេស​វៀតណាម​ទទួល​បាន​ជោគ​ជ័យ​ណាស់ ​ពួកគេ​​​​ទទួល​បាន​អ្វី​ដែល​ពួកគេ​ចង់​បាន​ ប៉ុន្តែ​ពេល​នេះ​យើង​​​មិន​ច្បាស់​​​អំពី​អ្វី​ដែល​ត្រូវ​ចរចា​​​ ឬ​ថា​តើ​និយោជក​ត្រៀម​ផ្ដល់​ឲ្យ​បន្ថែម​​ទៀត​ឬ​​យ៉ាង​ណា​នោះ​ទេ​”។

​លោក វីលៀម ខុនគ្លីន បាន​ថ្លែង​​ទៀត​ថា រោងចក្រ​ទាំង​នេះ​គួរ​តែ​អនុញ្ញាត​ឲ្យ​សហ​ជីព​​​​ធ្វើ​​ប្រតិបត្តិការ​ដោយ​សេរី​។ ”​ពួកគេ​ចង់​​បញ្ចៀស​​​​កុំ​ឲ្យ​មាន​សហជីព​ច្រើន​នៅ​តាម​រោងចក្រ ប៉ុន្តែ​​​​​​ផល​ប៉ះពាល់​​នៅ​ត្រង់​ថា ​ពេល​​​​មាន​ស្ថានភាព​ចលាចល​កើត​ឡើង ពួកគេ​គ្មាន​​​​​អ្នក​​ចរចា​ជាមួយ​”។

​កម្មករ​ទាំងបួន​នាក់​ដែល​ត្រូវ​​​បាន​ឃាត់​ខ្លួន​កាលពី​សប្ដាហ៍​មុន ​ដែល​មាន​ឈ្មោះ​ដូច​ជា វ៉ាន វិចិត្រ អាយុ​២៤​ឆ្នាំ ប៉ាល់ឌី សុមា៉លីដា ​​​អាយុ​២៧​ឆ្នាំ សុខ គង់ អាយុ​២៨​ឆ្នាំ និង​ ឆេង សុភា ​អាយុ​៣៥​ឆ្នាំ ត្រូវ​បាន​​ចោទ​ប្រកាន់​​នៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​កាលពី​ថ្ងៃ​អាទិត្យ​​​ពីបទ​ប្រើ​អំពើ​ហិង្សា​​​​បំផ្លិច​បំផ្លាញ​​​ទ្រព្យ​សម្បត្តិ​​ ​​និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​មាន​ស្ថាន​ទម្ងន់​ទោស​ នេះ​បើ​យោង​តាម​ឲ្យ​ដឹង​ពី​លោក ទេព ផល្លា ប្រធាន​រដ្ឋបាល​​នៅ​តុលា​​ការ​នេះ​។ បូក​រួម​បញ្ចូល​គ្នា​​​ បទ​ល្មើស​ទាំង​នេះ​​​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​១២​ឆ្នាំ​។ “​ចៅក្រម​បាន​ចេញ​ដីកា​បង្គាប់​​ឲ្យ​បញ្ជូន​ពួកគេ​ទៅ​ពន្ធនាគារ​​ដើម្បី​ឃុំខ្លួន​បណ្ដោះ​អាសន្ន​”។

លោក​ស្រី​ សារី ចរិយា ​មេធាវី​មក​ពី​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​កម្ពុជា​ ដែល​​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​មាន​ប្រសាសន៍​ថា លោកស្រី​​បាន​ធ្វើ​​ដំណើរ​ទៅ​ក្រុង​បាវិត​កាលពី​ម្សិលមិញ ដើម្បី​​ជួប​ជាមួយ​ក្រុម​គ្រួសារ​​​​ដែល​ត្រូវ​បាន​​ឃុំខ្លួន​ក្នុង​គោល​បំណង​តំណាង​​​​ឲ្យ​ពួកគេ​នៅ​ក្នុង​តុលាការ​។

​លោកស្រី​​​បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​​បាន​ជួបជាមួយ​​គ្រួសារ​ទាំង​ពីរ ហើយ​​ទទួល​បាន​​លិខិត​ផ្ទេរ​សិទ្ធិ​​​​នៅ​​ក្នុង​ករណី​ទាំង​ពីរ​ ហើយ​​​​​នឹង​​ត្រឡប់​ទៅវិញ​​នៅថ្ងៃ​ពុធ ដើម្បី​ជួប​ជាមួយ​​​​គ្រួសារ​ពីរ​ទៀត ហើយ​បន្ទាប់មក​ជូន​ដំណឹង​ទៅ​តុលាការ​។

លោកស្រី​​បាន​លើក​ឡើង​ថា ”​ខ្ញុំ​មិន​​ទាន់​អាច​និយាយ​អ្វី​បាន​ទេ​ពាក់​ព័ន្ធ​សំណុំ​រឿង​នេះ ពីព្រោះ​ខ្ញុំ​គ្មាន​ឯកសារ​ពី​តុលាការ ដូច្នេះ​ខ្ញុំ​គ្មាន​ព័ត៌មាន​ច្បាស់​លាស់​ទេ។ ខ្ញុំ​នឹង​ដាក់​ពាក្យ​​​​ស្នើ​សុំ​ទៅ​តុលាការ​​នៅ​ថ្ងៃ​ពុធ ហើយ​ពេល​នោះ​ខ្ញុំ​នឹង​ដឹង​​ច្រើន​ជាង​នេះ​​”៕ សុខុម​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស