27 C
Phnom Penh

សាលាក្រុង​មាន​គម្រោង​បង្កើត​កន្លែង​ចាក់​សំរាម​ថ្មី​ពីរ​កន្លែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប៉ា សុជាតិវង្ស អភិបាល​ក្រុង​ភ្នំពេញ បាន​ប្រកាស​ឲ្យ​ដឹង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ​ថា សាលា​ក្រុង​ភ្នំពេញ​នឹង​បង្កើត​កន្លែង​គ្រប់គ្រង​សំរាម​ថ្មី​ពីរ​កន្លែង ដើម្បី​ជួយ​សម្រាល​ការ​កក​ស្ទះ​ចរាចរណ៍​ដែល​កាន់តែ​ធ្ងន់​ឡើង ដោយ​ត្រូវ​ដឹក​ជញ្ជូន​សំរាម​ទាំងអស់​ក្នុង​ក្រុង​ទៅ​កន្លែង​ចាក់​សំរាម​ដែល​មាន​តែ​មួយ​នៅ​ខណ្ឌ​ដង្កោ។

លោក​អភិបាល​ក្រុង​បាន​សរសេរ​ថា កន្លែង​ថ្មី​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា និង​ខណ្ឌ​ច្បារ​អំពៅ ហើយ​ថា​កន្លែង​ចាក់​សំរាម​នៅ​ដង្កោ​នឹង​ត្រូវ​ពង្រីក​ដោយ​ជីក​កន្លែង​កប់​កាក​សំណល់​ពីរ​កន្លែង​ទៀត ប៉ុន្តែ​មិន​បាន​និយាយ​ថា គម្រោង​នេះ​នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​ទេ។

លោក​បាន​សរសេរ​ថា “សាលា​ក្រុង​នឹង​ធ្វើ​ការ​សិក្សា​បង្កើត​កន្លែង​ចាក់​សំរាម​ពីរ​កន្លែង​ថ្មី​ទៀត ក្នុង​បំណង​ចៀសវាង​ការ​ដឹក​សំរាម​ពីរ​តំបន់​ឆ្ងាយៗ ដែល​បណ្តាល​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​យឺត​ពេល និង​ការ​ស្ទះ​ចរាចរណ៍ ក៏ដូចជា​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាច្រើន”។

យោង​តាម​ការ​បង្ហោះ​ហ្វេសប៊ុក​របស់​សាលាក្រុង​បាន​ឲ្យ​ដឹង​ថា សំរាម​ជាង​៣​លាន​តោន​ត្រូវ​បាន​យក​ទៅ​ចាក់​នៅ​កន្លែង​ចាក់​សំរាម​ដង្កោ​ក្នុង​ពេល​ជាង​ប្រាំមួយ​ឆ្នាំ​កន្លងមក​នេះ ហើយ​សំរាម​ប្រហែល​២.០០០​តោន​ត្រូវ​ដឹក​ជញ្ជូន​ទៅ​ទីនោះ​រាល់​ថ្ងៃ ដោយ​៥៧,៤ភាគរយ​ជា​សំណល់​អាហារ​ដែល​ពុក​ផុយ​តាម​ធម្មជាតិ និង​១៨,១​ភាគរយ​ជា​ប្លាស្ទិក។

ការ​សិក្សា​មួយ​ដែល​ចេញ​ដោយ​មូលនិធិ​អាស៊ី​នៅ​ខែ​សីហា បាន​ប៉ាន់​ប្រមាណ​ថា កន្លែង​ចាក់សំរាម​ដង្កោ​នឹង​ពេញ​នៅ​ត្រឹម​ឆ្នាំ​២០២០។ ហើយ​ជា​ការ​ផ្ទុយ​ទៅ​នឹង​តួលេខ​របស់​លោក ប៉ា សុជាតិវង្ស ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា សំរាម​ដែល​បង្កើត​ឡើង​ដោយ​អ្នកក្រុង​ភាគច្រើន​មិនមែន​ជា​សរីរាង្គ ប៉ុន្តែ ជា​ប្លាស្ទិក​កាន់​តែ​ច្រើន​ឡើង​ដែល​មិន​ផុយ​រលួយ​ដោយ​ងាយ​ទេ។

លោក ឡង់ ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​ក្រុង​បាន​មាន​ប្រសាសន៍​ថា កន្លែង​ចាក់​សំរាម​ថ្មី​នឹង​ប្រើ​ជា​ប្រព័ន្ធ​គ្រប់​គ្រង​សំរាម​បាន​ល្អ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ដោយ​លោក​មិន​និយាយ​ដល់​ក្លិន​អាក្រក់​ដែល​កើត​ចេញពី​រណ្ដៅ​សំរាម​នោះ​ទេ។

លោក​បាន​និយាយ​ថា “យើង​ចាំបាច់​ត្រូវ​ប្រើ​វិធី​គ្រប់​គ្រង​សំរាម ដូចជា​បង្កើត​រោងចក្រ​ច្នៃ​ប្រើ​ឡើងវិញ ឬ​ដុត​សំរាម​យក​ថាមពល”។ លោក​បាន​ពន្យល់​ថា សាលា​ក្រុង​កំពុង​ដំណើរការ​សម្ភាស​ក្រុមហ៊ុន​គ្រប់គ្រង​សំរាម​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ដែល​ចាប់​អារម្មណ៍​ចូលរួម​ក្នុង​គម្រោង​នេះ។

លោក ឌីម៉ង់ បាន​មាន​ប្រសាសន៍​ថា សាលាក្រុង​មិនទាន់​បាន​កំណត់​ទីតាំង​ជាក់លាក់​យក​ធ្វើជា​កន្លែង​ចាក់សំរាម​ថ្មី​នៅ​ខណ្ឌ​ជ្រោយចង្វា និង​ច្បារ​អំពៅ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ពិភាក្សា​ជាមួយ​ក្រសួង​បរិស្ថាន អំពី​ការ​ស្វែងរក​ទីតាំង​សម្រាប់​ចាក់​សំរាម ដែល​មិន​មែន​ប្រើ​សម្រាប់​តែ​ក្រុង​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ប្រើ​សម្រាប់​ខេត្ត​កណ្ដាល​ផង​ដែរ”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស