សាលាខេត្តយល់ព្រមដោះលែងកូដករដែលជាប់ពន្ធនាគារ
ក្រុងបាវិត, ខេត្តស្វាយរៀង-កម្មករជាង៣០.០០០នាក់ត្រូវបានជម្លៀសចេញពីតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរនៅទីនេះកាលពីព្រឹកម្សិលមិញ បន្ទាប់ពីនគរបាលបានប៉ះទង្គិចជាមួយមនុស្សហិង្សាមួយក្រុមដែលព្យាយាមញុះញង់កម្មករឲ្យចូលរួមជាមួយពួកគេ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួល។

ក្រុមហិង្សាដែលដំបូងឡើយមានគ្នាត្រឹមតែប៉ុន្មានសិបនាក់ ហើយបានកើនឡើងភ្លាមៗរហូតដល់ទៅពីរបីរយនាក់នេះ បានសម្រុកចូលតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន មិនយូរប៉ុន្មានបន្ទាប់ពីថ្ងៃធ្វើការបានចាប់ផ្ដើមនៅម៉ោង៧ព្រឹក ដោយធ្វើសកម្មភាពគប់ដុំថ្មទៅលើរោងចក្រនានា ហើយស្រែកឲ្យអ្នកនៅខាងក្នុងបោះបង់ការងាររបស់ខ្លួន នៅពេលស្ថានភាពចលាចលចុងក្រោយនៅមជ្ឈមណ្ឌលឧស្សាហកម្មនេះបានបន្តឈានចូលដល់ថ្ងៃទី៦។
លោក រិច លី (Rex Lee) ប្រធានរដ្ឋបាលជនជាតិតៃវ៉ាន់ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ដែលមានរោងចក្រចំនួន២៨នៅក្នុងនោះ និងដែលផ្ដល់ការងារដល់កម្មករប្រមាណ២៤.០០០នាក់ បានលើកឡើងថា គណៈគ្រប់គ្រងរោងចក្របានសម្រេចចិត្តបញ្ជូនបុគ្គលិកទៅផ្ទះវិញ ពីព្រោះការតវ៉ានេះទំនងជារាលដាលធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបាន។ លោកបានគូសបញ្ជាក់ថា ប្រាក់រាប់លានដុល្លារត្រូវបានខាតបង់ជារៀងរាល់ថ្ងៃ ដោយសារការឈប់ធ្វើការនេះ។
លោកបាននិយាយនៅតំបន់សេដ្ឋកិច្ចពិសេសនេះ ខណៈកម្មករនាំគ្នាចេញមកក្រៅថា “នេះគឺដើម្បីសុវត្ថិភាពរបស់កម្មករដែលមិនប្រើហិង្សា”។
ប្រធានសហជីពសំខាន់ៗក្នុងមូលដ្ឋានបានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងកូដកម្មដែលបានចាប់ផ្ដើមកាលពីថ្ងៃពុធសប្ដាហ៍មុននេះឡើយ ប៉ុន្តែទោះជាយ៉ាងណាក្តី លោកនៅតែត្រូវបានកោះហៅកាលពីរសៀលម្សិលមិញ ឲ្យទៅជួបចរចាជាមួយនគរបាល មន្ត្រីរដ្ឋាភិបាល និងតំណាងរោងចក្រនៅសាលាក្រុងបាវិត។ ប្រធានសហជីពចំនួនបួនរូបបានព្រមព្រៀងជាលាយលក្ខណ៍អក្សរដើម្បីអំពាវនាវឲ្យកម្មករបញ្ឈប់សកម្មភាពហិង្សារបស់ខ្លួនជាថ្នូរនឹងការដោះលែងអ្នកតវ៉ាបួននាក់ដែលត្រូវបានដាក់ពន្ធនាគារកាលពីសប្ដាហ៍មុន។
លោក ហ៊ូ វតនៈ អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍បន្ទាប់ពីជំនួបចរចារយៈពេល៤ម៉ោងនេះថា ”ពាក់ព័ន្ធការចាប់ខ្លួនកម្មករបួននាក់ សំណើរបស់សហជីពត្រូវរដ្ឋបាលខេត្តទទួលយកហើយ ប៉ុន្តែការដោះលែងនេះត្រូវស្ថិតក្រោមលក្ខខណ្ឌដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ហើយចាំបាច់ត្រូវអនុវត្តតាមនីតិវិធីតុលាការ”។
លោកបានមានប្រសាសន៍ទៀតថា “ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗទៀតអំឡុងពេលកូដកម្ម ថៅកែរោងចក្រកំពុងពិភាក្សា” ហើយបានឱបលោក ប៉ាវ ស៊ីណា ប្រធានសហជីព ប៉ុន្តែលោកបានបដិសេធមិនឆ្លើយសំណួររបស់អ្នកយកព័ត៌មានឡើយ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករដែលអះអាងថា កម្មករប្រមាណ២.០០០នាក់នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ជាសមាជិករបស់ខ្លួនបន្ថែមពីលើសមាជិកប្រហែល៨.០០០នាក់មកពីតំបន់សេដ្ឋកិច្ចពិសេសតៃសេង ក្បែរនោះ បានថ្លែងថា អ្នកតវ៉ាទាំងនេះមិនមែនធ្វើសកម្មភាពតាមការណែនាំរបស់លោកទេ ប៉ុន្តែលោកបានសន្យាចាត់វិធានការដើម្បីបន្ធូរស្ថានការណ៍។
លោកមានប្រសាសន៍ទៀតថា “យើងមិនរំពឹងថាអាចបញ្ឈប់កូដកម្មនេះបានទាំងស្រុងទេ ព្រោះយើងមិនអាចផ្គាប់ចិត្តមនុស្ស១០.០០០នាក់បានទេ ប៉ុន្តែយើងនឹងព្យាយាមទប់ស្កាត់កូដកម្មទ្រង់ទ្រាយធំ។ យើងនឹងធ្វើការអំពាវនាវដើម្បីកាត់បន្ថយកំហឹងរបស់ពួកគាត់ ហើយបញ្ឈប់អំពើហិង្សា”។
ទោះបីជាសហជីពនានាបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងកូដកម្មនេះក្តី ក៏លោក សេង សីលា អភិបាលក្រុងបាវិត បានថ្លែងថា លក្ខណៈដែលការតវ៉ានេះកើតឡើងនៅកន្លែងផ្សេងគ្នាក្នុងរយៈពេល១សប្ដាហ៍មកនេះ បានធ្វើឲ្យលោកជឿថា មានអ្នកនៅពីក្រោយរឿងនេះ។
លោកបានធ្វើការកត់សម្គាល់ថា “លោកដឹងទេ កូដកម្មចាប់ផ្តើមផ្ទុះនៅកន្លែងមួយ [តំបន់សេដ្ឋកិច្ចពិសេស] ហើយនៅពេលយើងនាំកម្លាំងប៉េអឹមទៅទីនោះ កូដកម្មក៏ចាប់ផ្តើមផ្ទុះនៅកន្លែងមួយទៀត។ កាលពីម្សិលមិញ នៅតៃសេង ថ្ងៃនេះនៅមេនហាតធេន។ ខ្ញុំសន្និដ្ឋានថា មានអ្នកណាម្នាក់កំពុងបង្កើតស្ថានភាពនេះ”។
លោកក៏បានលើកឡើងដែរថា កូដករម្នាក់ “ត្រូវបានឃាត់ខ្លួនអំឡុងពេលផ្ទុះអំពើហិង្សា” ប៉ុន្តែបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតទេ។
លោក រិច លី ដែលជាប្រធានរដ្ឋបាលនៅតំបន់សេដ្ឋកិច្ចមេនហាតធេន បាននាំក្រុមអ្នកយកព័ត៌មានដើរពិនិត្យមើលសួនឧស្សាហកម្មនេះដែលរងការបំផ្លិចបំផ្លាញដូចជាបង្អួចបែកបាក់ និងមានដុំថ្មរាយប៉ាយបន្សល់ដោយក្រុមអ្នកតវ៉ាហិង្សា។
លោកថ្លែងថា “កម្មករភាគច្រើនរបស់យើងល្អ មិនប្រើអំពើហិង្សា ហើយយើងចាំបាច់ត្រូវការពារពួកគាត់ពីជនបង្កបញ្ហាមួយក្រុមតូចនេះ” ហើយលោកមិនប្រាកដថា ”ក្រុមបង្កបញ្ហា” គឺជាកម្មករឬមិនមែននោះទេ។ ”ពួកគេអាចជាអ្នកមកពីក្រៅ”។
លោក រិច លី បានលើកឡើងថា ដំបូងឡើយ ក្រុមមនុស្សហឹង្សាផ្តោតគោលដៅលើរោងចក្រតែមួយទេ គឺរោងចក្រអេលីត(Elite) ដែលមានកម្មករជាង៣.០០០នាក់ ពេលការប៉ះទង្គិចគ្នាបានកើតឡើងបន្ទាប់ពីនគរបាលបានយកឡានទឹកពីរគ្រឿងមកដើម្បីបំបែកអ្នកតវ៉ាដោយប្រើកាណុងបាញ់ទឹកដែលមានកម្លាំងយ៉ាងខ្លាំង។
លោកបានមានប្រសាសន៍ថា “កម្មករបានវាយបំបែកកញ្ចក់មុខនៃ[ឡានទឹកមួយគ្រឿងក្នុងចំណោមឡានទឹកទាំងពីរគ្រឿង]”។
កម្មកររោងចក្រកាត់ដេរម្នាក់ឈ្មោះ ណាត សារិទ្ធ អាយុ២៨ឆ្នាំ បាននិយាយថា រោងចក្រដែលខ្លួនធ្វើការមានដំណើរការជាធម្មតាកាលពីម្សិលមិញ រហូតដល់ម៉ោងប្រហែល ៩ព្រឹក ជាពេលដែលអ្នកគ្រប់គ្រងបានបណ្តេញបុគ្គលិក។ ហើយពេលខ្លួនដើរចេញក្រៅ ក៏ស្រាប់តែឃើញការទង្គិចគ្នាដ៏ហឹង្សារវាងអ្នកតវ៉ានិងនគរបាលតែម្តង។
កម្មកររូបនេះបាននិយាយថា ”នគរបាល និងជាពិសេសកងរាជអាវុធហត្ថបានប្រើដំបងឆក់និងឡានទឹកមកតទល់នឹងកម្មករប្រើអំពើហិង្សា ដែលគ្មានអាវុធក្នុងដៃ ពោលគឺមានតែដៃទទេប៉ុណ្ណោះ។ ហើយពេលដែលកម្មករមិនប្រើហិង្សាផ្សេងទៀតឃើញដូច្នេះ ក៏ស្ទុះមកជួយតែម្តង”។
នៅព្រឹកថ្ងៃដដែលនោះ គេបានឮ លោក គឹម សុខសង្វាត ដែលជាមន្ត្រីកងរាជអាវុធខេត្តមួយរូប ស្នើសុំ”ជំនួយ”ពីអ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ដោយអះអាងថា មន្ត្រីកងរាជអាវុធហត្ថបីនាក់ក្នុងចំណោមមន្ត្រីកងរាជអាវុធហត្ថផ្សេងៗទៀតរបស់លោកបានរងរបួស ហើយថា មានអ្នកតវា៉ា ”មួយចំនួន” ត្រូវបានចាប់ខ្លួន។
ទោះជាយ៉ាងណា លោក សឺ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានលើកឡើងកាលពីយប់មិញថា គ្មានការចាប់ខ្លួនទេកាលពីម្សិលមិញ។
លោកបានមានប្រសាសន៍តាមទូរស័ព្ទថា “ពួកគេវាយប្រហារមកលើយើង ហេតុអ្វីបានជាលោកឯងសួរខ្ញុំអញ្ចឹង។ យើងមិនបានចាប់ខ្លួននរណាម្នាក់ទេ”។
នៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន អំឡុងពេលអាហារថ្ងៃត្រង់ គេឃើញនគរបាលជាច្រើនកំពុងដេកយោលអង្រឹងនិងលេងបៀរ ខណៈកម្មករដែលនៅសេសសល់ចុងក្រោយកំពុងត្រូវបានដឹកតាមរថយន្តធំៗត្រឡប់ទៅផ្ទះវិញ។
លោក រិច លី បានលើកឡើងទៀតថា មន្ត្រីនគរបាលរាប់រយនាក់ត្រូវបានដាក់ឲ្យឈរជើងប្រចាំការ២៤ម៉ោង ចាប់តាំងពីកូដកម្មបានចាប់ផ្តើមកើតឡើងកាលពីសប្តាហ៍មុនមក។ លោកបានបន្ថែមថា មានការពេញចិត្តចំពោះការឆ្លើយតបរបស់នគរបាល ហើយថា តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន បានផ្តល់បាយប្រអប់ ទឹកសុទ្ធនិងអាហារពេលល្ងាចដល់ពួកគេ ប៉ុន្តែពួកគេត្រូវខិតខំបន្ថែមទៀតដើម្បីបញ្ចប់បញ្ហាដែលកំពុងតែញាំញីវិស័យឧស្សាហកម្មមួយនេះ។
សកម្មភាពស្រដៀងគ្នានេះ បានកើតឡើងកាលពីខែមេសា ឆ្នាំ២០១៤ ពេលដែលរដ្ឋាភិបាលបានបិទរោងចក្រទាំងអស់នៅក្នុងក្រុងបាវិតអស់ជាច្រើនថ្ងៃ និងកាលពីខែធ្នូ ឆ្នាំ២០១៣ ពេលដែលការតវ៉ានៅក្នុងក្រុងនេះ បានធ្វើឲ្យកើតមានដូដកម្មរាលដាលទូទាំងប្រទេស ដែលបានបញ្ចប់ទៅវិញ បន្ទាប់ពីនគរបាលបានបាញ់ស្លាប់កម្មករយ៉ាងតិចប្រាំនាក់ អំឡុងពេលកើតមានកុបកម្មនៅក្នុងរាជធានីភ្នំពេញ។
ដោយសំដៅលើកម្មករចំនួន៥៨នាក់ដែលត្រូវបានចាប់បញ្ជូនទៅពន្ធនាគារកាលពីថ្ងៃច័ន្ទហើយបន្ទាប់មកត្រូវបានដោះលែងវិញក្រោយពេលពួកគេយល់ព្រមឈប់ចូលរួមនៅក្នុងកូដហិង្សានោះ លោក រិច លី បានថ្លែងថា “កាលពីម្សិលមិញ អ្នកបង្កបញ្ហាមួយចំនួនត្រូវបានចាប់ខ្លួន ប៉ុន្តែនៅក្នុងថ្ងៃនេះ វានៅតែមានកូដកម្មហិង្សាដដែល”។
លោកបានបន្ថែមថា ” យើងមិនចង់និយាយថា ត្រូវតែចាប់អ្នកគ្រប់គ្នាដាក់ពន្ធនាគារនោះទេ ប៉ុន្តែមនុស្សដែលបង្កអំហិង្សាមួយចំនួនត្រូវតែមានការដាក់ទោសទណ្ឌ។ យើងត្រូវការស្វែងរកអ្នកបង្កបញ្ហា។ ប្រសិនបើ គ្មានការដាក់ទោសទណ្ឌពួកគេទេនោះ តើមានអ្វីកើតឡើងនៅពេលក្រោយ? ទទួលយកមនុស្សអាក្រក់២០០នាក់ ហើយមនុស្ស២០.០០០នាក់បាត់បង់ការងារឬប្រាក់ខែ តើវាយុត្តិធម៌ទេ?៕សុុុខុម និង ស៊ុយឈាង