ក្រុមមន្ត្រីបាននិយាយថា រថយន្តដឹកស៊ីម៉ង់ត៍និងឥដ្ឋទម្ងន់ជាង៤០តោនមួយគ្រឿងបានបណ្តាលឱ្យបាក់ស្ពាននៅក្នុងខេត្តមណ្ឌលគិរីកាលពីយប់ថ្ងៃច័ន្ទ ដោយកាត់ផ្តាច់ការធ្វើដំណើរទៅកាន់កំណាត់ផ្លូវធំ ភាគខាងកើតស្រុកពេជ្រាដា និងរមណីយដ្ឋានទឹកធ្លាក់ប៊ូស្រាដ៏ពេញនិយម។
ស្ពានអូរផ្លាយដែលកំណត់ទម្ងន់ត្រឹមតែ២០តោននោះ ឆ្ពោះទៅកាន់រមណីយដ្ឋានទឹកធ្លាក់នេះនិងទៅកាន់ព្រំដែនវៀតណាម។
លោក អឿ ឈុនរី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានមានប្រសាសន៍ថា ស្ពានដែកនេះបានបាក់ជាពីរនៅម៉ោងប្រហែល ១១ និង៤៥នាទីយប់ បណ្តាលឱ្យមន្ត្រីមូលដ្ឋានប្រញាប់ប្រញាល់រកផ្លូវផ្សេងឆ្លងកាត់ស្ទឹងអូរផ្លាយនេះ។
លោកបានឱ្យដឹងកាលពីម្សិលមិញថា “ឥឡូវស្ទឹងនេះមិនអាចឆ្លងកាត់បានទេ ពីព្រោះរថយន្តជាប់នៅកណ្តាលស្ពានបាក់នោះតែម្តង”។
លោក ម៉ូ ថុននារ័ក្ស អនុប្រធានមន្ទីរបានមានប្រសាសន៍ថា ម្ចាស់រថយន្តឈ្មោះ ថៃ ផាត ដែលក៏ជាម្ចាស់ឡឥដ្ឋនៅក្នុងឃុំប៊ូស្រា ត្រូវនគរបាលខេត្តបញ្ជាឱ្យចំណាយប្រាក់ជួសជុលស្ពាននេះឡើងវិញ។
លោក ថុននារ័ក្ស បានលើកឡើងថា “នគរបាលនឹងចាត់វិធានការច្បាប់ ប្រសិនបើគាត់មិនចំណាយប្រាក់ជួសជុលស្ពាននេះ” ដោយលោកពន្យល់ថា លោក ថៃ ផាត នឹងប្រឈមការចាប់ខ្លួន ប្រសិនបើគាត់មិនជួសជុលស្ពាននេះទេនោះ។
លោក ថុននារ័ក្ស បានមានប្រសាសន៍ថា មន្ទីររបស់លោករវល់ឈូសឆាយកំណាត់ផ្លូវដែលមិនបានប្រើប្រាស់ឆ្ពោះទៅកាន់ស្ពានចាស់កាត់ស្ទឹងចម្ងាយប្រហែល៣០០ម៉ែត្រខាងជើងស្ពានដែលបាក់នេះ។
នៅពេលទាក់ទងកាលពីរសៀលម្សិលមិញ លោក ងួន សារ៉ន អភិបាលស្រុកពេជ្រាដា បានមានប្រសាសន៍ថា ផ្លូវឈូសឆាយបានប្រហែល៦០ភាគរយហើយ។
លោកថ្លែងថា “បច្ចុប្បន្ននេះ យើងកំពុងជួសជុលផ្លូវចាស់ដើម្បីឱ្យធ្វើដំណើរបណ្តោះអាសន្នសិន ហើយវានឹងរួចរាល់នៅថ្ងៃស្អែក”។
លោក គុត ចាន់រ៉ា អាយុ៤១ឆ្នាំ ជាកសិករនៅឃុំប៊ូស្រា បាននិយាយថា ការងារមិនអាចចប់ឆាប់ៗទេ។ គាត់បាននិយាយថា “ឥឡូវនេះយើងកំពុងប្រមូលផលដំឡូងមី ហើយប្រសិនបើមិនមានស្ពានសម្រាប់ដឹកជញ្ជូនកសិផលរបស់យើងឱ្យបានឆាប់ទេនោះ តម្លៃនឹងធ្លាក់ចុះមិនខាន”។
គាត់បានបន្ថែមថា “ស្ពានបាក់ នឹងមិនមានភ្ញៀវទេសចរច្រើនមកលេងទេ ហើយប្រជាជនជាច្រើននឹងបាត់ចំណូល”៕សារុន