ក្រោយពីមានការប្រជុំនៅក្រសួងយុត្តិធម៌ដែលធ្វើឡើងបន្ទាប់ពីមានអំពើប្លន់ហិង្សាប្រដាប់អាវុធជាច្រើននាពេលថ្មីៗនេះ ក្រុមមន្ត្រីបានទទួលស្គាល់កាលពីថ្ងៃអង្គារថា ពួកគេមិនអាចគ្រប់គ្រងការប្រើអាវុធខុសច្បាប់ក្នុងប្រទេសបានទេ។

ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៃមន្ត្រីយុត្តិធម៌ នគរបាល និងរាជអាវុធហត្ថជាង១០០នាក់ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ខណៈដែលកម្លាំងរបស់លោកគ្មានបញ្ហាគ្រប់គ្រងអាវុធចុះបញ្ជីស្របច្បាប់នោះ ពួកគេមិនអាចតាមរកអាវុធខុសច្បាប់បានទេ។
ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានមានប្រសាសន៍ថា “ការគ្រប់គ្រងអាវុធមានបញ្ហាស្មុគស្មាញមួយចំនួន។ ខ្ញុំនិយាយការពិត: យើងគ្រប់គ្រងអាវុធក្នុងអង្គភាពរបស់យើង ហើយយើងគ្រប់គ្រងអាវុធស្របច្បាប់ ប៉ុន្តែ ចំពោះអាវុធខុសច្បាប់ យើងមិនអាចគ្រប់គ្រងវាបានទេ”។ លោកបានបន្ថែមថា នគរបាលជាតិកំពុងដោះស្រាយបញ្ហានេះហើយ។
លោកបានមានប្រសាសន៍ថា លោកក៏បានលើកឡើងដែរថា អាវុធមិនបានចុះបញ្ជីមិនមែនប្រើតែឧក្រិដ្ឋជននោះទេ។ “យើងមិននិយាយថា វាសម្រាប់តែចោរទេ ប៉ុន្តែសូម្បីតែមន្ត្រីរាជការស៊ីវិលនិងបុគ្គលឯកជនមួយចំនួនក៏កំពុងប្រើអាវុធខុសច្បាប់ដែរ”។
ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសកម្ពុជាកើតមានអំពើប្លន់ប្រដាប់អាវុធយ៉ាងសាហាវជាច្រើនលើក ដែលបានបណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួនស្លាប់និងរបួស ដោយពួកចោរជាញឹកញាប់ប្រើកាំភ្លើងខ្លីនិងកាំភ្លើងវែង ប្លន់ម៉ូតូដែលទើបចេញថ្មី គ្រឿងអលង្ការ និងប្រាក់។
ទន្ទឹមនឹងចាប់បានជនសង្ស័យមួយចំនួនតូច លោក ហុង វីណុល មេបញ្ជាការរងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថា វាមិនច្បាស់ថាពួកគេបានអាវុធពីណាទេ។
ឧត្តមសេនីយ៍ទោ វីណុល បានមានប្រសាសន៍ថា “ជនសង្ស័យតែងតែនិយាយថា ពួកគេបានវាពីមិត្តភក្តិរបស់ពួកគេ លោក អេ ឬ លោក ប៊ី”។
ឧត្តមសេនីយ៍ឯក ជីតូ បានប្រាប់អ្នកយកព័ត៌មានថា ថ្វីបើមានការប្លន់ប្រដាប់អាវុធកើនឡើងក្នុងពេលថ្មីៗនេះក៏ដោយ ក៏ជារួមមានការថយចុះបទល្មើសច្រើននៅទូទាំងប្រទេស។
លោកបានមានប្រសាសន៍ថា “យើងទទួលស្គាល់ថា នៅពេលថ្មីៗនេះ ករណីឧក្រិដ្ឋកម្មជាច្រើនបានកើតឡើងមែន ប៉ុន្តែ ចំនួនឧក្រិដ្ឋកម្មបានថយចុះ បើយើងប្រៀបធៀបនឹងឆ្នាំទៅ”។
ដោយមិនផ្ដល់តួលេខពេញលេញណាមួយនោះ លោកបានបន្ថែមថា “វាបានថយចុះប្រហែល១៤ភាគរយ ប្រសិនបើយើងប្រៀបធៀបវារវាងឆ្នាំនេះនិងឆ្នាំ២០១៤៕ និត