37 C
Phnom Penh

​​ភ័ស្តុ​​​តាង​​ថ្មី​​​​​​​​​​​​ដាក់​​​ជូន​​​តុលាការ​​​ គាំទ្រ​​​​​​​​​​​​​​​សហគ្រិន​​​​ជីវ​​​ឥន្ធនៈ​​​អង់គ្លេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោក​​ ហ្គ្រេក ហ្វ្រីយ៉េត (Gregg Fryett) ​​​ជា​​​សហគ្រិន​​​អង់គ្លេស ដែល​​ជាប់​ពន្ធនាគារ​​​ពីបទ​ក្លែង​បន្លំ​​​ និង​រាន​​​ដី​ខុស​ច្បាប់​​​​​​នោះ បាន​​​ដាក់​​ភ័ស្តុតាង​ថ្មី​​​ជូន​​​​តុលាការ​កាលពី​ម្សិលមិញ ​​​ដែល​ក្រុម​មេធាវី​របស់​លោក​និយាយ​​​​​​​​​​​​​ថា ​​​វា​​​​​​បង្ហាញ​​​​​​​​​ថា ពាក្យ​បណ្ដឹង​​ដំបូង​​​ប្រឆាំង​រូប​លោក​​​​​គឺ​​​​ខុស​​​​ច្បាប់​ ហើយ​មន្ត្រី​រដ្ឋាភិបាល​​​ម្នាក់​​​​​​​មាន​​​ទោស​​​​​​ពាក់​​​ព័ន្ធ​​​​​​បទ​​​​​​ល្មើស​មួយ​​ក្នុង​ចំណោម​បទ​ល្មើស​​​ដែល​​គេ​ចោទ​ថាលោក​ជា​អ្នក​ប្រព្រឹត្ត​។

​លោក​ ហ្គ្រេក ហ្វ្រីយ៉េត ដែល​បាន​ជាប់​ពន្ធនាគារ​ចាប់​តាំង​ពី​​ខែ​មីនា ឆ្នាំ​២០១៣ ​​​​ត្រូវ​​បាន​ចោទ​ប្រកាន់​ពី​បទ​ក្លែង​ឯកសារ​​​ដើម្បី​​គ្រប់គ្រង​ដី​​​ពីរឡូតិ៍​ក្នុង​ខេត្ត​បន្ទាយមាន​​ជ័យ ដែល​ជា​កម្មសិទ្ធិ​របស់​លោកស្រី ម៉ៅ ម៉ាលី ភរិយា​​​​​​​របស់​​​លោក កែ កឹមយ៉ាន ​​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​អតីត​​​អគ្គ​​​មេ​​​បញ្ជាការ​យោធា ​បន្ទាប់​មក​​បាន​រៀន​ដី​ដោយ​ខុស​ច្បាប់​។

នៅ​ក្នុង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ លោក ហ្គ្រេក ហ្វ្រីយ៉េត ដែល​បាន​​​អះអាង​​យូរ​មក​ហើយ​ថា ​​គាត់​​បាន​​​​ជាប់​​​​ស៊ង​​​ផែន​​​ការ​​​ថោក​​​​​ទាប​​​​​​​របស់​មន្ត្រី​ពុករលួយ​​​​​ក្រោម​​​​​​ការ​​​​ដឹកនាំ​ដោយ​លោក អាំង មាលតី ​អតីត​ប្រធាន​តុលាការ និង​​​​ដែល​បិទ​បាំង​ដោយ​​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​នោះ ​​​និយាយ​​​​ថា ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​​​​ដោយ​​​ផ្ទាល់​លើ​ការ​ចោទ​ប្រកាន់​រូប​លោក​។ ​​

​​​ដោយ​​កាន់​ឯកសារ​​​​​ជា​​​​​​​​​ច្រើន​​​ដែល​មាន​ក្បាល​​​​លិខិត​របស់​ក្រសួង​មហាផ្ទៃ​​​​ លោក ហ្គ្រេក ហ្វ្រីយ៉េត បាន​ថ្លែង​ថា ​”​បញ្ហា​សំខាន់​​​​​នៅ​ទីនេះ​​​គឺ​ថា ការ​ស៊ើបអង្កេត​នេះ​បង្ហាញ​ថា សាលា​ដំបូង​រាជធានី​​​ត្រូវ​បាន​​​​បំភាន់​​​​​​វិល​​​ក្បុង​​​ដោយ​ការ​ស៊ើបអង្កេត​របស់​ អាំង មាលតី។ ​ដំណើរ​រឿង​ទាំង​មូល​គឺ​ថា ពាក្យ​បណ្ដឹង​ដើម​​​​​​​​​​​ដែល​​​​លោក វណ្ណ សុផាន់ណា ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​​​​​​ [ខាង​ជើង​បឹង​ទន្លេសាប] ​​​បាន​​​​​​ដាក់​​​ប្តឹង​​​ពី​​​បទ​​​រាន​​​ដី​​​ដោយ​​​​ខុស​​​ច្បាប់ គឺ​​​​ខុស​​​ច្បាប់​​​។​​ការ​ស៊ើបអង្កេត​បង្ហាញ​ថា ​[អតីត​អភិបាល​រង​ខេត្ត​] តូ ធានទឺ ​​​ជា​អ្នក​ក្លែង​ឯក​សារ​ មិន​មែន​ខ្ញុំ​​ទេ”​។​

លិខិត​មួយ​ច្បាប់​​​ដែល​លោក​​ អ៊ុង អឿន អភិបាល​ខេត្ត​នៅ​ពេល​​​នោះ​​​​​​បាន​​​​ផ្ញើ​ជូន​លោក​​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​​​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១២ ​បាន​គាំទ្រ​ការ​អះអាង​​របស់​លោក ហ្គ្រេក ហ្វ្រីយ៉េត ​​​​ដែល​​​លើក​​​ឡើង​​​ថា ​​​លោក​​​គឺ​ជា​ជន​រងគ្រោះ​​​​ក្រោម​​​​​​​ថ្វីដៃ​លោក អាំង មាលតី ​ដែល​​​​​​​​​ពេល​នេះ​​​កំពុង​ជាប់​ពន្ធនាគារ​​ពីបទ​ពុក​រលួ​​យ​​និង​​​មន្ត្រី​ខេត្ត​មួយ​ក្រុម​​​​រួម​​​មាន​​​​ទាំង​លោក វណ្ណ ​​សុផាន់ណា និង​លោក តូ ធានទឺ ​​​ផង​​​ដែរ។

​ហើយ​ឯកសារ​​​ដែល​​​​​បាន​​​ប្រគល់​​​ជូន​តុលា​ការ​កាលពី​ម្សិលមិញ ​ផ្ដល់​ភ័ស្តុតាង​បន្ថែម​ទៀត​គាំទ្រ​លោក ហ្គ្រេក ហ្វ្រីយ៉េត នេះ​​បើ​យោង​តាម​​​ក្រុម​មេធាវី​ការ​ពារ​​​​របស់​លោក។​​​សំដៅ​​​ដល់​​​​​​ដី​​​ពីរ​​​ឡូតិ៍​​​​​​នៅ​​​ក្នុង​​​ស្រុក​​​ស្វាយចេក​​​ដែល​​​លោក ហ្គ្រេក ហ្វ្រីយ៉េត ​​​បាន​​​ជាប់​​​​ចោទ​​​ពី​​​បទ​​​​​​រាន​​​​​ដោយ​​​ខុស​​​ច្បាប់ មេធាវី​​​ នាង ហៃ បាន​ប្រាប់​តុលាការ​​ថា “​នៅ​ពេល​កូនក្ដី​​ខ្ញុំ​មក​​​ធ្វើ​​​​​​ការ​​​​អភិវឌ្ឍ ដី​នេះ​ត្រូវ​បាន​​​រាន​​​មុន​តាំង​​ពី​យូរ​មក​ហើយ”។

​លោក​លើក​ឡើង​បន្ថែម​ថា “​អភិបាល​​​​​ស្រុក​​​ ​​អភិបាល​រង​ស្រុក​​ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ​​ប្រធាន​​​មន្ទីរ​កសិកម្ម​ស្រុក សុទ្ធ​តែ​​​បាន​សរសេរ​​​​​​​ចម្លើយ​ថា ​កូន​ក្ដី​​ខ្ញុំ​ដែល​​​មក​អភិវឌ្ឍ​​ដី​នេះ ​​មិន​បាន​​ប៉ះពាល់​​ប្រជាពលរដ្ឋ​ ឬ​រដ្ឋ​ទេ ​ហើយ​​គាត់​​​មិន​បាន​​​​រាន​​​​ដី​​ព្រៃ​របស់​រដ្ឋ​​​​​​ឡើយ។ ផ្អែក​តាម​ច្បាប់ គាត់​គ្មាន​ទោស​​​​ទេ”៕ សុខុម​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស