34 C
Phnom Penh

​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន រិះគន់​​​អ្នក​បរិស្ថាន​ជ្រុល​​​និយម​ដែល​ជំទាស់​​គម្រោង​​ទំនប់​វារីអគ្គិសនី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​​ “អ្នក​បរិស្ថាន​ជ្រុល​និយម” ​ព្រោះ​ប្រឆាំង​គម្រោង​ទំនប់​វារីអគ្គិសនី​ ​​ដោយ​​​លោក​បាន​ថ្លែង​ថា ប្រទេស​ត្រូវ​លះ​បង់​​ដើម្បី​បាន​អគ្គិសនី​ប្រើ​ប្រាស់។

ថ្លែង​នៅ​ឯ​​ពិធី​សម្ពោធ​​​ដាក់​ឲ្យ​ដំណើរ​ការ​​រោងចក្រ​​វារីអគ្គិសនី​ស្ទឹង​តាតៃ​​​នៅ​ក្នុង​ខេត្ត​កោះកុង លោក ហ៊ុន សែន បាន​ប្រាប់​​អ្នក​ចូល​​​រួម​ស្ដាប់​​ថា គ្មាន​ការ​អភិវឌ្ឍណា​បាន​​មក​​​ដោយ​មិន​​​”​បង់​ថ្លៃ” នោះ​ទេ។

ដោយ​សំដៅ​ដល់​ទំនប់​​វារីអគ្គិសនី​ដែល​​​ក្រុម​ហ៊ុន​សាជីវកម្ម​ចិន​​ China National Heavy Machinery Corporation បាន​ចាប់​ផ្ដើម​សាង​សង់​​នៅ​​​ក្នុង​ឆ្នាំ​២០១០ ​ដោយ​ប្រើ​ទឹក​ប្រាក់​ប្រមាណ​​​៥៤០​​លាន​​ដុល្លារ លោក ហ៊ុន សែន ​​បាន​មាន​ប្រសាសន៍​ថា ​”ខ្ញុំ​សូម​ពន្យល់​ថា ​​ប្រសិន​បើ​យើង​​​ចង់​បាន​​​ថាមពល​កម្លាំង​​ជាង​២៤០​មេហ្គាវ៉ាត់​ យើង​ចាំបាច់​ត្រូវ​បង់​​ថ្លៃ​​លើ​​បញ្ហា​ជាច្រើន​​ដូច​ជា បញ្ហា​​នៃ​ការ​​លិច​លង់​​ព្រៃ​ជាង​​​២.០០០​ហិកតា​​នៅ​ទីនេះ”។

លោក​នាយក​រដ្ឋមន្ត្រី បន្ទាប់​មក​បាន​មាន​ប្រសាសន៍​​សំដៅ​​​លើ​សកម្មជន​បរិស្ថាន​​ដែល​ប្រឆាំង​នឹង​​​ការ​អភិវឌ្ឍ​គម្រោង​​វារីអគ្គិសនី​​​នៅ​ទូទាំង​ប្រទេស។

លោក​​មាន​ប្រសាសន៍​ថា “មាន​​អ្នក​បរិស្ថាន​​​​ជ្រុល​និយម​ជាច្រើន​នាក់​​​​ដែល​តែង​តែ​ប្រឆាំង​​​​ការ​អភិវឌ្ឍ។ ពួកគេ​​ជំទាស់​​ការ​អភិវឌ្ឍ​ អី​ក៏​​ទាស់​ដែរ​ ចឹង​យើង​​នាំគ្នា​ផលិត​ចន្លុះ​​​ហើយ​​យក​ចន្លុះ​ទៅ​ឲ្យ​ពួកគាត់​ ហើយ​កាត់​ភ្លើង​ចេញ​​​ពី​ផ្ទះ​គាត់​ហ្មង កុំ​ឲ្យ​ប្រើ​ភ្លើង ពីព្រោះ​​ពួក​អ្នក​ឯង​​គិត​តែ​ម្ខាង​​?”។

ដោយ​លើក​ឡើង​​​នូវ​ការ​​យល់​ព្រម​ជួយ​ដែល​លោក​បាន​ទទួល​​ពី​​លោក ឌីមីទ្រី មេដ​វេ​ដេវ នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​ថ្មីៗ​​​នៅ​កម្ពុជា​​ថា​​​នឹង​​​ជួយ​សាង​សង់​​រោងចក្រ​​នុយក្លេអ៊ែរ​​នោះ លោក ហ៊ុន សែន ​បាន​សួរ​បែប​វោហារសាស្ត្រថា​​​តើ​​​ប្រទេស​ចង់​​​បាន​ថាមពល​នុយក្លេអ៊ែរ​​ឬយ៉ាង​ម៉េច​។

ដោយ​​លើក​ឡើង​ថា ថៃ​​ វៀតណាម និង​​​ឡាវ ក៏​នឹង​ប្រឆាំង​វា​ដោយ​សារ​​អាច​​នឹង​មាន​​​ការ​ផ្ទុះ​នុយក្លេអ៊ែរ​​នោះ លោក​បាន​មាន​ប្រសាសន៍​ថា “​​​បើ​​​អ៊ីចឹង​មែន ​​វា​ច្បាស់​ណាស់​ថា នឹង​មាន​​ការ​ប្រឆាំង​តវ៉ា​​ដ៏ធំ”។

លោក​​ អាឡិច ហ្គនហ្សាឡេស ដេវីដ​សុន សហស្ថាបនិក​​​អង្គការ​បរិស្ថាន​​មាតា​​​ធម្មជាតិ​ ដែល​ត្រូវ​បាន​​​អាជ្ញាធរ​ចាប់​ខ្លួន​ និង​និរទេស​​កាលពី​ខែ​កុម្ភៈ​​ឆ្នាំ​មុន​នោះ ​បាន​និយាយ​ថា ការ​ផ្ដាច់​ទំនាក់​ទំនង​​រវាង​​រដ្ឋាភិបាល​និង​​អ្នក​បរិស្ថាន ចាំបាច់​ត្រូវ​លុប​​​បំបាត់​ “​ឲ្យ​បាន​ឆាប់​​តាម​លទ្ធភាព​ធ្វើ​ទៅ​បាន”។

លោក​បាន​និយាយ​ថា ”អ្នក​បរិស្ថាន​​ត្រូវ​ការ​ និង​ស្វាគមន៍​​​​​អគ្គិសនី ជា​ពិសេស​​​ប្រសិន​បើ​វា​​ត្រូវ​បាន​ផលិត​​​នៅ​ក្នុង​ស្រុក​ជាជាង​នាំ​មកពី​ក្រៅ​ស្រុក​ ប៉ុន្តែ​ថាមពល​នេះ​​​មិន​ត្រូវ​​បាន​មក​​​​​ដោយ​សារ​​ការ​បំផ្លាញ​​បរិស្ថាន​​ ការ​​​ប្រឆាំង​​​ឆន្ទៈ​​​ប្រជាជន ឬ​រំលោភ​​ច្បាប់​របស់​ប្រទេស​​នោះ​ទេ”៕ និត

(រាយការណ៍​បន្ថែម​ដោយ George Wright)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស