33 C
Phnom Penh

កូនប្រុស​​លោក ជា ស៊ីម ​​​​ត្រូវ​​បាន​​តែង​​តាំង​ជា​អភិបាល​ខេត្ត​ព្រៃវែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ព្រះ​រាជក្រឹត្យ​ដែលឡាយ​ព្រះ​ហស្ត​លេខាដោយ​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ចុះ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ បាន​ឱ្យ​ដឹងថា កូនប្រុស​ពៅ​របស់​សព​លោក ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​​ត្រូវ​បាន​តែងតាំង​ជា​​អភិបាល​ខេត្ត​ព្រៃវែង​នៅពេល​ខាងមុខនេះ​។​​​

លោក ជា សុម៉េធី អាយុ​៣៩ឆ្នាំ បច្ចុប្បន្ន​ជា​​​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​​​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​។ យោង​តាម​ក្រុម​មន្ត្រី​ខេត្ត​ព្រៃវែង​បាន​ឱ្យ​ដឹង​ថា លោក ហាស់ សារ៉េត អភិបាល​ខេត្ត​បច្ចុប្បន្ន​ គ្រោង​នឹង​ចូល​និវត្ត​នៅ​ខែក្រោយ។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​​ក្រសួង​មហាផ្ទៃ​​បាន​មាន​ប្រសាសន៍​ថា ឧត្តម​សេនីយ៍​ឯក ជា សុម៉េធី ចាំបាច់​​ត្រូវ​លាលែង​ពី​តួនាទី​​​នគរបាល​របស់លោក​​ដើម្បី​ទៅ​កាន់​តួនាទី​​​ជាន់ខ្ពស់​ជា​ស៊ីវិល​ក្នុង​ខេត្ត​ព្រៃវែង​។

ឧត្តម​សេនីយ៍ ខៀវ​ សុភ័គ ​មាន​ប្រសាសន៍​​ថា “​ធម្មតាទេ នៅពេល​ចូល​កាន់ការងារ​ក្នុង​សមត្ថភាព​ជា​ស៊ីវិល គាត់​នឹង​ទុក​តួនាទី​របស់​​គាត់​ឱ្យ​នៅ​ទំនេរ​នៅក្នុង​ជួរ​នគរ​បាល​ជាតិ។ ខ្ញុំគិត​ថា តួនាទី​​​អភិបាល​ខេត្ត​ខ្ពស់​ជាង​តួនាទី​​​បច្ចុប្បន្ន​របស់គាត់​បន្តិច”។

ឧត្តម​សេនីយ៍​ឯក ជា សុម៉េធី មិនអាច​ទាក់​​ទង​​​បានទេ​កាលពី​ម្សិលមិញ ហើយ​លោក ហាស់ សារ៉េត បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ទេ។

លោក ឡុង ស្រេង​ អនុប្រធាន​នាយក​ដ្ឋាន​​​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​​បាន​មាន​ប្រសាសន៍​​ថា ចៅហ្វាយ​នាយ​របស់លោក​​ត្រូវ​បាន​តំឡើង​​​ឋានៈ​ឱ្យ​មក​កាន់​តួនាទី​បច្ចុប្បន្ន​ក្នុង​ឆ្នាំ​២០១១ បន្ទាប់ពី​បម្រើការ​ងារ​បាន​៦ឆ្នាំ​ជា​អនុប្រធាន​​នាយក​ដ្ឋាននេះ។

ឧត្តម​សេនីយ៍ត្រី ឡុង ស្រេង បានមាន​ប្រសាសន៍​ថា “​គាត់​ជា​មេដឹក​នាំ​ដ៏​ល្អមួយ​រូប”។

លោក ម៉ៅ គង្គា ជំនួយ​ការ​របស់​ឧត្តម​សេនីយ៍​ឯក ជា សុម៉េធី បានមាន​ប្រសាសន៍​​ថា អភិបាល​នៅពេល​ឆាប់ៗខាងមុខ​​រូបនេះ​ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​​ពី​សាកល​វិទ្យា​ល័យ​មួយ​ក្នុង​ប្រទេស​ថៃ​ មុនពេល​​លោក​​​​បន្ត​ការ​សិក្សា​ក្រោយ​ឧត្តម​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​ក៏បាន​សិក្សា​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​​ក្នុង​រាជធានី​ភ្នំពេញផងដែរ។

លោក សុខ ឥសាន អ្នក​នាំពាក្យ​​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង​​បានមាន​ប្រសាសន៍​ថា ឧត្តម​សេនីយ៍​ឯក ជា សុម៉េធី កើត​ក្នុង​ស្រុក​​កំចាយ​មារ ខេត្ត​ព្រៃវែង។

លោក​បានមាន​ប្រសាសន៍​ដល់​ខេត្ត​ភាគ​ខាង​ត្បូង​នេះ​​ដែល​មួយភាគធំ​​ជា​តំបន់​ជន​បទ និង​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ជាង​​១លាន​នាក់​​ភាគ​ច្រើន​ជា​កសិករ​ថា “ដូច្នេះហើយ ខ្ញុំគិត​ថា គាត់​នឹង​ដឹង​ពី​​ជីវភាព​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ​​នៅ​ទីនោះ”។

លោក ជា ស៊ីម អតីត​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​​ និង​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​​យូរ​មក​ហើយ​នោះ ត្រូវ​បាន​បញ្ចុះ​នៅ​ទឹក​ដី​ស្រុក​​កំណើត​របស់​គ្រួសារ​លោក​នៅក្នុង​ស្រុក​​កំចាយ​មារ​​បន្ទាប់ពី​លោក​ទទួល​មរណភាព​កាលពី​ខែមិថុនាក្នុង​ជន្មាយុ​​៨២ឆ្នាំ៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស