33 C
Phnom Penh

កូដ​​​កម្ម​​តំបន់​សេដ្ឋ​​​កិច្ច​​​​ពិសេស​​​​​​​​​​ក្នុង​ក្រុង​​​​បាវិត​​ចាប់​ផ្ដើម​​​ប៉ះ​​​​ពាល់​​​ដល់​ការ​បញ្ជា​​​ទិញ​​​​​​​របស់​​​​អន្តរ​​​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អ្នក​គ្រប់គ្រង​រដ្ឋបាល​ម្នាក់​នៅ​តំបន់​សេដ្ឋកិច្ចពិសេស​មួយ​​ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​​ផ្សេង​ៗ​ទៀត​​ ដែល​និយាយ​ថា ការ​ខាត​បង់​ហិរញ្ញវត្ថុ​​​នឹង​កើន​ឡើង​ខ្លាំង​​​ប្រសិន​បើ​​កម្មករ​មិន​ត្រឡប់​​ចូល​ធ្វើ​ការ​​វិញ​នៅ​ត្រឹម​ថ្ងៃ​ច័ន្ទ​នោះ​ បាន​ឲ្យ​ដឹង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ពីរ​នៅ​ក្នុង​ក្រុង​បាវិត​​​នៅ​បិទ​ទ្វារ​នៅ​ឡើយ​កាលពី​ម្សិលមិញ​ តាម​បទ​បញ្ជា​របស់​​​សាលា​ខេត្ត​ស្វាយរៀង​។

​លោក រិច លី ​អ្នក​គ្រប់គ្រង​រដ្ឋបាល​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន ​​​ដែល​​​​​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​សារ​កូដកម្ម និង​កុបកម្ម​កាលពី​សប្ដាហ៍​មុន​​ជាមួយ​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​​តៃសេង​នៅ​ក្បែរ​នោះ​ បាន​លើក​ឡើង​ថា ​ការ​បិទ​​តំបន់​ឧស្សាហ​កម្ម​នេះ​​​អាច​នឹង​ធ្វើ​ឲ្យ​​​វិស័យ​​ឧស្សាហកម្ម​កាត់​ដេរ​​​​ដែល​មាន​ទំហំទឹក​ប្រាក់​​៦ពាន់​​លាន​ដុល្លារ​​​នៅ​កម្ពុជា​​លែង​ដំណើរ​ការ​។

​លោក​ថ្លែង​ថា “​​​ប្រសិន​បើ​​​សកម្មភាព​​​បិទ​រោងចក្រ​នេះ​​​​ អាច​​នាំ​កម្មករ​ត្រឡប់​មក​ធ្វើ​ការ​​​វិញ​បាន​នៅ​ថ្ងៃ​សុក្រ​ឬ​ប្រហែល​ជា​ថ្ងៃ​ច័ន្ទ ​យើង​ចាត់​ទុក​​ថា នេះ​ជា​សកម្មភាព​ដ៏ល្អ”។

“​ប្រសិន​បើ​​មិន​​​បាន​ទេ អ្នក​បញ្ជា​ទិញ​អន្តរ​ជាតិ​​អាច​​​​ខ្លាច​​ថា ​កូដ​កម្ម​​បែប​នេះ​នឹង​កើត​ឡើង​ម្ដង​ទៀត​ ហើយ​ពួកគេ​នឹង​ឈប់​​បញ្ជា​ទិញ​​ពី​រោងចក្រ​នៅ​កម្ពុជា​”។

​​ជា​កន្លែង​សម្រាប់​រោងចក្រ​ចំនួន​៤៧​​ដែល​​ជួល​កម្មករ​ប្រមាណ​៣៤.០០០​នាក់​​ តំបន់​សេដ្ឋកិច្ច​ពិសេស​​មេនហាតធេន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​តៃសេង ​គឺ​ជា​​កន្លែង​​​​​តវ៉ា​ម្ដង​ម្កាល​ដែល​ជា​លទ្ធផល​​មាន​កម្មករ​យ៉ាង​​តិច​បួន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​តំាង​ពី​ថ្ងៃ​ទី១៦ នៅក្នុង​ខែធ្នូនេះមក​។ ​យោង​តាម​លោក ​រិច លី ​បាន​ឲ្យ​ដឹង​ទៀត​ថា ​រោងចក្រ​​​នឹង​បន្ត​បិទ​ទ្វារ​រហូត​ដល់​ថ្ងៃ​នេះ​ ដោយ​​វា​ផ្ទុយ​​​​ពី​បំណង​របស់​ម្ចាស់​រោងចក្រ​។

​លោក​​​បាន​លើក​ឡើង​ថា “​បទ​​បញ្ជា​​ចេញ​មក​ពី​​​សាលា​ខេត្ត​​។ ពួកគេ​ចង់​ឃើញ​អ្នក​គ្រប់​គ្នា​ស្ងប់​អារម្មណ៍​”។ លោក​បាន​បន្ថែម​ថា ​”អ្នក​គ្រប់​គ្រង​រោងចក្រ​​​ខឹង​ខ្លាំង​ណាស់​ ពួកគាត់​​អាច​បាត់​បង់​អ្វី​​​គ្រប់​យ៉ាង​”។

លោក រិច លី បាន​លើក​ឡើង​ទៀត​ថា ​ដោយ​​ទទួល​បាន​ប្រាក់​​​​ចំណេញ​ប្រចាំ​ខែ​ជា​មធ្យម​​៥០​លាន​ដុល្លារ​​​ រោងចក្រ​​​​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន​​​ខាតបង់​រួម​គ្នា​​២លាន​ដុល្លារ​​ក្នុង​មួយ​ថ្ងៃ​។ ទោះ​ជាយ៉ាង​ណា លោក​លើក​ឡើង​ថា ​លោក​មិន​ទាន់​​ទទួល​បាន​​​សេចក្ដី​​ជូន​ដំណឹង​ទាក់ទិននឹង​ការ​លុប​​​ចោល​បទ​បញ្ជា​​នេះ​នៅ​ឡើយ​ទេ។

​លោក ម៉ៅ កុសល ​​អ្នក​គ្រប់​គ្រង​ផ្នែក​ប្រតិបត្តិ​នៅ​​តំបន់​សេដ្ឋកិច្ច​ពិសេស​តៃសេង បាន​បដិសេធ​មិន​និយាយ​អំពី​​ទំហំ​ដែល​អាច​នឹង​​ខាត​បង់​ឡើយ​ ដោយ​លើក​ឡើង​ត្រឹម​តែ​ថា ​បើ​តាម​គំនិតលោក​ ​​រោងចក្រ​ស្វាគមន៍​កម្មករ​​ឲ្យ​មក​ធ្វើ​ការ​វិញ​ជា​ធម្មតា​។ លោក​បាន​​​លើក​ឡើង​ថា “​តំបន់​របស់​យើង​​ គ្មាន​គម្រោង​​​​​​​​ណាមួយ​អនុញ្ញាត​​ឲ្យ​ពួកគាត់​ឈប់​សម្រាក​​ជា​ច្រើន​ថ្ងៃ​​ទេ។ យើង​​តែង​តែ​ស្វាគមន៍​ពួកគាត់​​ឲ្យ​មក​ធ្វើ​ការ​វិញ​​​គ្រប់​ពេល​វេលា​​ អំឡុង​ម៉ោង​​​បំពេញ​ការ​ងារ​”។ អាជ្ញាធរ​ខេត្ត​ស្វាយរៀង​​មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ។

លោក ឆេង ឈ័ន​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនាកម្ម​​​ដែល​អះអាង​ថា ខ្លួន​មាន​សមាជិក​​ប្រហែល​២.០០០​នាក់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន​ ក៏​និយាយ​​ថា ការ​បិទ​នេះ​​មាន​បទ​បញ្ជា​ចេញពី​​ថ្នាក់​ខេត្ដដែរ​​ ហើយ​​​​ថា កម្មករ​ទាំង​អស់​គួរ​តែ​​បើក​ប្រាក់​ឈ្នួល​ឲ្យ​សម្រាប់​ថ្ងៃ​ដែល​ពួកគាត់​​មិនបានមក​ធ្វើ​ការ​។ ​​លោក​បាន​​មាន​ប្រសាសន៍​ថា “​ព្រឹក​មិញ​នេះ​កម្មករ​​បាន​ចាក​ចេញពី​ផ្ទះ​របស់​ខ្លួន​មក​ធ្វើ​ការ​ ប៉ុន្តែ​​​អាជ្ញាធរ​បាន​រារាំង​ពួកគាត់​មិន​ឲ្យ​​ចូល​ធ្វើ​ការ​ទេ។ ហេតុ​ដូច្នេះ [និយោជក] ត្រូវ​តែ​​បើក​​​​ប្រាក់​​​​ឈ្នួល​និង​ផ្ដល់​អត្ថប្រយោជន៍​ផ្សេង​ៗ​ឲ្យបានពេញ​ដល់​​ពួកគាត់​​”។

​លោក ដេវីត លី អ្នក​គ្រប់គ្រង​នៅ​​រោង​ចក្រ​​​ San Fong International ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​​មេនហាតធេន បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា រោងចក្រ​របស់​លោក​​បាន​ខាត​បង់​​​ប្រាក់​១,២លាន​ដុល្លារ​រួច​ហើយ​​អំឡុង​​ពេល​កើត​មាន​​​ភាព​ច្របូកច្របល់​កាលពី​សប្ដាហ៍​មុន​ ហើយ​ថា ​ការ​ខាត​បង់​ទាំង​នោះ​​​អាច​នឹង​កើន​ឡើង​ខ្លាំង​។

​លោក​បាន​និយាយ​​ដោយ​បដិសេធ​មិន​ប្រាប់​ឈ្មោះ​អ្នក​បញ្ជា​ទិញ​ថា ”​អតិថិជន​ធំៗ​របស់​យើង​​បាន​ជូនដ​ំណឹង​មក​យើង​ថា ​ពួកគេ​​​នឹង​​​ប្ដូរ​ការ​បញ្ជា​ទិញ​ទៅ​រោងចក្រ​មួយ​ផ្សេង​ទៀត​​នៅ​ក្នុង​ប្រទេស​ចិន។ ​ការ​បញ្ជា​ទិញ​ចាស់ៗ ​​ពួកគេ​​នៅ​តែ​បន្ត​ ប៉ុន្តែ​ការ​បញ្ជា​ទិញ​ថ្មីៗ​ ពួកគេ​​​លុប​ចោល​វិញ​”។

​លោក ដេវីត លី បាន​លើក​ឡើង​ទៀត​ថា ការ​ពិភាក្សា​ពាក់​ព័ន្ធ​នឹង​បញ្ហា​​ថា​តើ​ត្រូវ​បើក​ប្រាក់​ខែ​សម្រាប់​​រយៈ​ពេល​​​​មាន​ការ​រំខាន​​​ឬ​យ៉ាង​​ណានោះ​ គឺ​កំពុង​តែ​​បន្ត​។ ទោះ​ជា​យ៉ាង​​​ណា សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​​ (GMAC) ​មិន​សូវ​ជា​​ស្មុគស្មាញ​ចំពោះ​​បញ្ហា​នេះ​ឡើយ​។

លោក​ កាំង ម៉ូនីកា អគ្គលេខាធិការ​រង​​ GMAC ​មាន​ប្រសាសន៍​ថា “​​​ជំហរ​របស់​យើង​​​​​ធម្មតា​​ គឺ​ថា​បើ​​តាម​មាត្រា​​៣៣២​នៃ​ច្បាប់​ស្ដីពី​ការ​ងារ​នៅ​កម្ពុជា​ អត់​ធ្វើ​ការ​​ អត់​ប្រាក់​ខែ​”។

“​យើង​​មិន​សប្បាយ​ចិត្ត​នឹង​វិធានការ​​​របស់​រដ្ឋាភិបាល​​ដែល​បិទ​រោងចក្រ​ទេ ប៉ុន្តែ​​​​វា​ជា​ជម្រើស​ដ៏ល្អ​បំផុត​​​សម្រាប់​ពេល​នេះ”។

លោក​ កាំង ម៉ូនីកា ​ដែល​​​សមា​គម​របស់​លោក​តំណាង​ឲ្យ​រោងចក្រ​​​នាំ​ចេញ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ជាង​៦០០​នៅ​កម្ពុជា​​បាន​លើក​ឡើងថា វា​មិនទាក់​ទង​នឹង​​បទ​បញ្ជា​របស់​សាលា​ខេត្ត​​ឲ្យ​បិទ​រោងចក្រ​ឡើយ។

​ដោយ​សំដៅលើ​​ក្រុម​កម្មករ​ដែល​​​​បង្ក​បញ្ហា​​​នៅ​ក្នុង​បរិវេណ​តំបន់​ឧស្សាហកម្ម​ ហើយ​ញុះ​ញង់​ឲ្យ​កម្មករ​ជាច្រើន​ធ្វើ​កូដកម្ម​នោះ លោក​បាន​លើក​ឡើង​ថា “​​បាទ ប៉ុន្តែ​លោក​អ្នក​ដឹង​ទេ​​នរណា​ដែល​គួរ​​​ត្រូវ​បន្ទោស​? កម្មករ​ភាគ​ច្រើន​​​មក​ធ្វើ​ការ​ ហើយ​ពួកគាត់​ចង់​ធ្វើ​ការ​​ ប៉ុន្តែ​​មាន​​​អ្នក​ជ្រុល​និយម​​​​​នាំ​គ្នា​មក​គប់​ដុំថ្ម​ដាក់​រោងចក្រ​”។

លោក​បាន​បន្ថែម​ថា ​”​ពួកគេ​​​គួរ​តែ​ជា​អ្នក​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​​បាត់​បង់​ប្រាក់​ខែ”៕ស៊ុយឈាង​​​​​​​​​​​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស