យោងតាមអង្គការសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា អ្នកបើកបររថយន្តដឹកកម្មករចំនួនប្រាំមួយនាក់ត្រូវបានចាប់ខ្លួនក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ពាក់ព័ន្ធកូដកម្មហិង្សាដែលនាំឲ្យមានការបិទតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
លោក នួត បូពិនណារ័ត្ន អ្នកសម្របសម្រួលនៅអង្គការលីកាដូបានលើកឡើងថា អ្នកបើកបរប្រាំនាក់ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីត្រូវបានហៅឲ្យទៅស្នងការដ្ឋាននគរបាលខេត្តក្រោមការអញ្ជើញដែលមានការរៀបចំមួយ ខណៈអ្នកបើកបរទី៦ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ។
លោកមានប្រសាសន៍ថា ”កាលពីម្សិលមិញ អ្នកបើកបរប្រាំនាក់ត្រូវបានចាប់ខ្លួន។ ដំបូងឡើយពួកគាត់ត្រូវបានអញ្ជើញឲ្យទៅចូលរួមវគ្គបណ្ដុះបណ្ដាលមួយស្ដីអំពីច្បាប់ចរាចរណ៍ផ្លូវគោកនៅស្នងការដ្ឋាននគរបាលខេត្ត ប៉ុន្តែនៅពេលពួកគាត់បានទៅចូលរួមវគ្គបណ្ដុះបណ្ដាលនៅទីនោះ ពួកគាត់ត្រូវបានចាប់ខ្លួនតែម្ដង”។
លោកបានបន្ថែមថា “នៅក្នុងថ្ងៃនេះ អ្នកបើកបរម្នាក់ទៀតត្រូវបានចាប់ខ្លួន ប៉ុន្តែខ្ញុំមិនដឹងថា គាត់ត្រូវបានចាប់ខ្លួនដោយរបៀបណាទេ។ ទោះជាយ៉ាងណាឥឡូវពួកគាត់ស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តរង់ចាំការសាកសួរបន្ថែមនៅតុលាការថ្ងៃស្អែក ព្រោះការសាកសួរមិនទាន់បញ្ចប់នៅឡើយទេ”។
អ្នកសម្របសម្រួលរូបនេះបានរៀបរាប់ឈ្មោះអ្នកបើកបរដែលត្រូវបានចាប់ខ្លួនទាំងប្រាំមួយនាក់នេះថា មានឈ្មោះដូចជា ឡឹកវិចិត្រ អាយុ២៩ឆ្នាំ តេន សម្បត្តិ អាយុ២៨ឆ្នាំ កែវ ប្រុស អាយុ៣៣ឆ្នាំ ឡាង ផល្លី អាយុ២០ឆ្នាំ សួស យ៉េត អាយុ៤៣ឆ្នាំ និង ទាវ ផល្លី អាយុ៤៧ឆ្នាំ។ លោកបានបន្ថែមថា លោកមិនដឹងថា តើម្នាក់ណាក្នុងចំណោមពួកគេត្រូវបានចាប់ខ្លួនកាលពីម្សិលមិញឡើយ។
មន្ត្រីនគរបាលខេត្តជាច្រើនរូបបានលើកឡើងថា ពួកគេមិនដឹងអំពីការចាប់ខ្លួនឡើយ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយបង្វែរសំណួរទៅលោក កឹង ឃន ស្នងការនគរបាលខេត្តដែលមិនអាចទាក់ទងបាន។
ការចាប់ខ្លួននេះធ្វើឡើង ខណៈតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងតៃសេង នៅបន្តបិទទ្វារនៅឡើយកាលពីម្សិលមិញតាមបទបញ្ជារបស់សាលាខេត្ត។ សួនឧស្សាហកម្មទាំងពីរនេះបានញាំញីដោយការតវ៉ាបំផ្លិចបំផ្លាញម្ដងម្កាល ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១៦ ដោយក្រុមមនុស្សហិង្សាប៉ុនប៉ងញុះញង់លើកទឹកចិត្តកម្មករផ្សេងៗទៀតឲ្យចូលរួមជាមួយពួកគេនៅក្នុងការធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ។
សាលាខេត្តបានបើកកិច្ចប្រជុំជាបន្ទាន់មួយជាមួយម្ចាស់រោងចក្រ និងប្រធានសហជីពនៅក្នុងក្រុងបាវិតកាលពីថ្ងៃអង្គារ ហើយបានព្រមព្រៀងដោះលែងកម្មករបួននាក់ដែលត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុន ជាថ្នូរនឹងការបញ្ចប់ភាពចលាចល។ ប្រធានសហជីពបានបដិសេធថា មិនជាប់ពាក់ព័ន្ធនៅក្នុងការតវ៉ាឡើយ ប៉ុន្តែសន្យាធ្វើការដើម្បីស្ដារភាពស្ងប់ស្ងាត់មកវិញ។
លោកស្រី ហេង បុង មេធាវីតំណាងកម្មករទាំងបួននាក់ដែលត្រូវបានចោទប្រកាន់នៅសាលាដំបូងខេត្តស្វាយរៀងកាលពីថ្ងៃអាទិត្យ ពីបទបង្កអំពើហិង្សាដោយមានស្ថានទម្ងន់ទោសទាក់ទិននឹងការពាក់ព័ន្ធរបស់ពួកគេនៅក្នុងកុបកម្មបានលើកឡើងថា សំណើសុំនៅក្រៅឃុំត្រូវបានដាក់ជូនតុលាការកាលពីម្សិលមិញ។
លោកស្រី ហេង បុង បានមានប្រសាសន៍ថា ”នីតិវិធីនៃសំណើសុំឲ្យដោះលែងនៅក្រៅឃុំត្រូវបានបញ្ចប់នៅរសៀលនេះ ប៉ុន្តែយើងកំពុងតែរង់ចាំសេចក្ដីសម្រេចពីតុលាការនៅឡើយ”។
លោក ទេព ផល្លា ប្រធានរដ្ឋបាលនៅសាលាដំបូងខេត្តនេះលើកឡើងថា សំណើនេះត្រូវបានបញ្ជូនបន្តទៅកាន់ចៅក្រមដែលទទួលបន្ទុកដោះស្រាយសំណុំរឿងនេះហើយ ប៉ុន្តែលោកបានបន្ថែមថា ចៅក្រមកំពុងឈប់សម្រាកពីការងារ។
លោក បានមានប្រសាសន៍ថា “ហេតុដូច្នេះ ខ្ញុំគិតថា នីតិវិធីនេះនឹងមិនអាចបញ្ចប់បានឡើយនៅថ្ងៃនេះ”៕ ស៊ុយឈាង