នារីអាយុ២២ឆ្នាំម្នាក់ត្រូវគេសម្លាប់នៅក្នុងខណ្ឌពោធិ៍សែនជ័យកាលពីព្រឹកម្សិលមិញ ហើយនគរបាលលើកឡើងថា ឃាតករដែលសម្លាប់នាងត្រូវបានប្រទះឃើញស្លាប់ដោយសង្ស័យថា ធ្វើអត្តឃាតតាមក្រោយនៅថ្ងៃដដែល។
លោក ថេង កុសល នាយប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ បានលើកឡើងថា ក្រុមអ្នកស៊ើបអង្កេតជឿជាក់ថា ជនសង្ស័យឈ្មោះ យិន ឌីណា អាយុ២៩ឆ្នាំ ដែលជាកម្មកររោងចក្របានប៉ុនប៉ងរំលោភជនរងគ្រោះឈ្មោះ ស៊ុន គន្ធី ប៉ុន្តែជននេះបានខឹងយ៉ាងខ្លាំងពេលនាងតដៃ ហេតុដូច្នេះជននេះក៏រឹតកសម្លាប់នាងតែម្ដង។
លោក ថេង កុសល បានមានប្រសាសន៍ថា ”សាកសពជនរងគ្រោះត្រូវបានប្រទះឃើញនៅម៉ោងប្រហែល៩និង២០នាទីព្រឹក ក្នុងផ្ទះលក់គ្រឿងទេសរបស់នាង។ សពរបស់នាងត្រូវបានប្រទះឃើញអាក្រាតល្វែងក្រោម”។
សាក្សីបានប្រាប់នគរបាលថា ពួកគេបានឃើញ យិន ឌីណា ចូលទៅក្នុងផ្ទះលក់គ្រឿងទេសនេះ ហើយបន្ទាប់មកចាកចេញពីផ្ទះជនរងគ្រោះមកវិញនៅម៉ោងប្រហែល៨និង៣០នាទីព្រឹក។ ពេលក្រុមមន្ត្រីបានទៅដល់ផ្ទះរបស់ជនសង្ស័យដែលនៅក្បែរនោះ ពួកគេបានឃើញជននេះចងកនឹងពិដានស្លាប់បាត់ទៅហើយ។
លោក ថេង កុសល បានលើកឡើងបន្តថា ”យើងក៏បានរកឃើញកញ្ចប់ថ្នាំពុលទទេមួយកញ្ចប់នៅក្បែរសពរបស់ជននេះដែរ ហេតុដូច្នេះយើងគិតថា ជនសង្ស័យផឹកថ្នាំពុលមុនពេលចងកធ្វើអត្តឃាត”។
យោងតាមនាយប៉ុស្តិ៍រូបនេះបានឲ្យដឹងទៀតថា អ្នកជិតខាងបាននិយាយថា ជនសង្ស័យមានលួចស្រឡាញ់ជនរងគ្រោះជាយូរមកហើយ ប៉ុន្តែជនរងគ្រោះមិនស្រឡាញ់វិញទេ។ ពេលជននេះឃើញនាងនៅផ្ទះតែម្នាក់ឯង “ជននេះបានទៅទីនោះ ហើយប៉ុនប៉ងរំលោភនាងតែម្ដង”។
លោកបានបន្ថែមថា “ខ្ញុំគិតថា នារីរងគ្រោះបដិសេធមិនព្រមរួមភេទជាមួយជននេះ ហើយនាងបានតដៃដែលជាហេតុធ្វើឲ្យជនសង្ស័យខឹងខ្លាំង ហើយក៏សម្លាប់នាងតែម្តង”។
លោក នន្ទ មុនីរ័ត្ន នាយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្ររាជធានី បានធ្វើកោសល្យវិច័យសពជនរងគ្រោះ ហើយថា មានភ័ស្តុតាងបញ្ជាក់ថា ជាការប៉ុនប៉ងរំលោភ។
លោកបានមានប្រសាសន៍ថា “យោងតាមលទ្ធផលនៃការធ្វើកោសល្យវិច័យសាកសពដែលទើបតែបញ្ចប់នៅរសៀលនេះ ជនរងគ្រោះមិនទាន់ត្រូវបានរំលោភនៅឡើយទេ ព្រោះនាងតដៃ។ នាងត្រូវជនសង្ស័យយកខ្សែរឹតកសម្លាប់”។
“ខ្ញុំក៏បានធ្វើកោសល្យវិច័យសាកសពជនសង្ស័យដែរ ហើយរកឃើញថា ជនេនះផឹកថ្នាំកណ្ដុរដើម្បីធ្វើអត្តឃាតជាមុន ប៉ុន្តែមិនស្លាប់ អ៊ីចឹងក៏ចងកខ្លួនឯងតែម្ដង”៕ ស៊ុយឈាង