27 C
Phnom Penh

វៀតណាម​-កម្ពុជា​​នឹង​សម្ពោធ​បង្គោលព្រំដែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​​​លោកស្រី កុយ ពិសី ​​អនុប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​ព្រំដែន​​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន និង​សមភាគី​ជនជាតិ​វៀតណាម​របស់​លោក​ គឺ​លោក ង្វៀន តាន់យ៉ុង ​​នឹង​សម្ពោធ​​បង្គោល​​​ព្រំដែន​ថ្មី​​ចំនួន​ពីរ​កន្លែង​​​នៅ​ខេត្ត​រតនគិរី និង​តាកែវ​នៅ​ថ្ងៃ​សៅរ៍​នេះ​។

លោក​ស្រី ពិសី បាន​មាន​​ប្រសាសន៍​ថា ​លោក​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​​​​នឹង​​ចូល​រួម​ពិធី​​​​នៅ​ឯ​ព្រំដែន​ខេត្ត​រតនគិរី ​និង​​ខេត្ត​​យ៉ាឡៃ ​នៅ​​ពេល​ព្រឹក​ ហើយ​​ចូល​រួមម្ដង​ទៀត​នៅ​តាម​​ព្រំដែន​​នៃ​ខេត្ត​តាកែវ​ និង​ខេត្ត​អាង​យ៉ាង​នៅ​ពេល​ល្ងាច​​។

លោកស្រី​​បាន​មាន​ប្រសាសន៍​ថា បង្គោល​​ព្រំដែន​នោះ​ត្រូវ​បាន​បោះ​​​នៅ​ក្បែរ​​ច្រក​​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​ និង​នៅ​ក្បែរ​ច្រក​ព្រំដែន​អន្តរជាតិ​ភ្នំដិន​។ លោកស្រី​បាន​មាន​ប្រសាសន៍​បន្ត​ថា ​​៨៣​ភាគរយ​នៃ​ព្រំដែន​រួម​គ្នា​​​បាន​បោះ​បង្គោលព្រំដែន​ជា​ផ្លូវ​ការ​រួច​ហើយ​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “​​បង​ប្អូន​​ជន​រួម​ជាតិ​ដឹង​ហើយ​ថា​​​ កិច្ច​ការ​ព្រំដែនគឺ​ស្មុគ​ស្មាញ អ៊ីចឹង​វា​ត្រូវ​ការ​​​ឯកភាព​រវាង​ប្រទេស​ទាំង​ពីរ​ ព្រោះ​យើង​​ចង់​បាន​ខ្សែព្រំដែន​​សុខសន្តិភាព​ និង​សហប្រតិបត្តិការ​​”។​​ការ​ងារ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន និង​​​ការ​ពារ​​ព្រំប្រទល់​ភាគ​ខាង​កើត​​របស់​ខ្លួន​​ គឺ​ជា​ចំណុច​កណ្ដាល​​នៃ​​យុទ្ធនាការ​គណបក្ស​ប្រឆាំង​​​កាលពី​ដើម​ឆ្នាំ​នេះ​ ដើម្បី​លើក​ឡើង​អំពី​ការ​​​ទន្ទ្រាន​ចូល​ព្រំដែន​​ដោយ​ប្រទេស​វៀតណាម​​​ទៅ​ក្នុង​​​ប្រទេស​​កម្ពុជា​ រួម​មាន​​ការ​ជីក​ស្រះ​មួយ​ចំនួន​​ដែល​ធ្វើ​ឡើង​ដោយ​កសិករ​ជនជាតិ​វៀតណាម​នៅក្នុង​ខេត្ត​រតនគិរី។ ​

ប្រព័ន្ធ​​​សារព័ត៌មាន​​រដ្ឋ​វៀតណាម​បាន​រាយការណ៍​ថា ​ទីតាំង​នៃ​បង្គោល​ព្រំដែន​ថ្មីទាំង​ពីរ​​​ទទួល​បាន​ការ​យល់​ព្រម​​​ក្នុង​អំឡុង​ពេល​ជួប​ប្រជុំ​របស់​​​គណៈកម្មាធិការ​ព្រំដែន​រួម​​​នៅ​ក្នុង​​ក្រុង​ភ្នំពេញ​កាលពី​ខែ​វិច្ឆិកា ​”ហើយ​​​ការ​បោះ​បង្គោល​ព្រំដែន​រវាង​វៀតណាម និង​កម្ពុជា​​​​ជា​បឋម​​បាន​ចប់​សព្វ​គ្រប់​​”។

ដោយ​ដក​ស្រង់​សម្ដី​លោក​​ ង្វៀន ​អាញ់​យ៉ុង អនុប្រធាន​​គណៈកម្មាធិការ​ព្រំដែន​​នៃ​​ក្រសួង​ការ​បរទេស​វៀតណាម​​ អត្ថបទ​​ចេញ​ផ្សាយ​ក្នុង​​ព័ត៌មាន​វៀតណាម​​និយាយ​ថា ​​មាន​តំបន់​ចំនួន​ប្រាំមួយ​កន្លែង​តាមព្រំដែន​​​នៅ​ក្នុង​ខេត្ត​រតនគិរី​ មណ្ឌល​គិរី ​និង​ស្វាយរៀង ​នៅ​​មិនទាន់​មាន​ការ​ព្រមព្រៀង​​​គ្នា​​នៅ​ឡើយទេ​។

អត្ថបទ​ព័ត៌មាន​នោះ​បាន​សរសេរ​ថា ​”​លោក​បាន​ចង្អុល​​បង្ហាញ​ការ​លំបាក​​ក្នុង​ការ​ងារ​​មាន​ដូច​ជា ការ​គ្រប់គ្រង​ព្រំដែន​​ ​ការ​ប្រើ​​ផែនទី​ហួស​សម័យ…​ដែល​ខក​ខាន​មិន​ស៊ីចង្វាក់​គ្នា​នឹង​ធាតុ​ពិត​ ក៏​ដូច​ជា​​មាន​សកម្មភាព​វិទ្ធង្សនា​នៃ​កម្លាំង​បក្ស​​ប្រឆាំង​កម្ពុជា​​​​ដើម្បី​បំបែក​បំបាក់​មិត្តភាព​ទ្វេភាគី​”។

លោក អ៊ុំ​ សំអាន ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​ស្ថិត​នៅ​​ជួរ​មុខ​​នៃ​កិច្ច​​ប្រឹង​ប្រែង​របស់​គណបក្ស​ប្រឆាំង​​ក្នុង​ការ​បង្ហាញ​ភាព​មិន​ត្រឹម​ត្រូវ​ចំពោះ​​​ការ​ងារ​​បោះ​បង្គោល​ព្រំដែន​រាប់​ទសវត្សរ៍​របស់​​រដ្ឋាភិបាល​​​ជាមួយ​ប្រទេស​វៀតណាម​​​ បាន​មាន​ប្រសាសន៍​ថា ​បង្គោល​ថ្មី​ទាំង​ពីរ​បាន​រំលោភ​ចូល​ទឹក​ដី​កម្ពុជា​​។

លោក​ សំអាន ដែល​ឥឡូវ​នេះ​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ដោយ​ខ្លាច​​អំពី​ការ​ចាប់​ខ្លួន​ពេល​វិល​ត្រឡប់​មក​មាតុភូមិ​វិញ​ បាន​មាន​ប្រសាសន៍​ថា “​ព័ត៌មាន​ដែល​យើងទទួល​បាន​ពី​អ្នក​ភូមិ​​​​​គឺ​ថា បង្គោល​​​ព្រំដែន​សំខាន់​លេខ​៣០​​នៅ​ក្នុង​ខេត្ត​រតនគិរី​ គឺ​បោះ​ចូល​ជ្រៅ​ទៅ​ក្នុង​ដីខ្មែរ”។

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​និយាយ​ថា ទីតាំង​នៃ​បង្គោល​​ព្រំដែន​នៅ​ក្នុង​ខេត្ត​តាកែវ​​​គឺ​ធ្វើ​ឡើង​​ផ្អែក​ទៅ​តាមទីតាំង​នៃ​​ប្រឡាយ​ដែល​ជីក​ដោយ​វៀតណាម​​នៅ​​ក្នុង​ឆ្នាំ​១៩៧៩​ ហើយ​វា​មិន​ស្រប​គ្នា​ទៅ​នឹង​ផែន​ទី​បារាំង​​ដែល​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​​​ ដែល​ត្រូវ​យក​មក​កំណត់​ព្រំដែន​នោះ​ទេ​។

លោក​បាន​​និយាយ​បន្ត​ថា “​បង្គោល​ព្រំដែន​គួរ​បោះ​​ដោយ​ផ្អែក​លើ​កេរដំណែល​បារាំង​ គឺ​មិន​​មែន​​ផ្អែកលើ​​​សន្ធិសញ្ញា​ធ្វើ​ឡើង​​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​នោះទេ ព្រោះ​​កម្ពុជា​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​​របស់​វៀតណាម”។

លោកស្រី​ ពិសី បាន​មាន​​ប្រសាសន៍​ថា ​លោក សំអាន និង​អ្នក​នយោបាយ​មាន​គំនិត​ប្រឆាំង​​គឺ​ខុស​ហើយ​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “​ការ​លើក​​ឡើង​របស់​គេ​ខ្ញុំ​បដិសេធ​​​​​ថា​មិន​ត្រឹម​ត្រូវ​ទេ”៕ រើន​​​​​​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស