28 C
Phnom Penh

កម្ពុជា និង​វៀតណាម ​​​​អបអរ​​​សា​​​​​​​​​ទរចំពោះ​បង្គោល​ព្រំដែន​​​​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​ឈាន​ចូល​ជិត​ដល់​ដំណាច់​ឆ្នាំ​​​ដែល​បាន​ជួប​ប្រទះ​​​​​​ភាព​តានតឹង​​​ជុំវិញ​​​​បញ្ហា​ព្រំដែន​​របស់​ប្រទេស​កម្ពុជា ជាមួយ​​ប្រទេសវៀតណាម ដែល​ជាញឹកញាប់​​​លប់លើ​សារ​នយោបាយ​​ក្នុង​ស្រុក​នោះ កាលពី​ថ្ងៃ​​សៅរ៍ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​​វត្តមាន​​អែប​នាយករដ្ឋមន្ត្រី​វៀតណាម​ ង្វៀន តាន់យុង ​​​ដើម្បី​​​​សម្ពោធ​​​​បង្គោល​ព្រំដែនថ្មី​ចំនួន​ពីរ​​នៅ​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​តាកែវ​។​​​​​​

អំឡុង​ពេល​ថ្លែង​​សុន្ទរកថាដែល​​មាន​​ការ​​ព្រាង​ទុក​​​ក្នុង​ពិធី​បង្ហាញ​បង្គោល​ព្រំដែន​ថ្មីមួយ​ជិត​​​ច្រក​​​ព្រំដែន​អូរយ៉ាដាវ​ ក្នុង​ខេត្ត​រតនគិរី លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​ទាំង​ពីរ​នឹង​ចាប់​ផ្ដើម​ចរចា​​​​គ្នា​​ដើម្បី​​​កំណត់​ព្រំដែន​​​​​សមុទ្រ​​​របស់​ខ្លួន ​នៅ​ពេល​​​​​​ប្រទេស​ទាំង​ពីរ​​​បញ្ចប់​ការ​កំណត់​​​​ព្រំដែន​​​គោក​​ដែល​នៅ​សេសសល់​ប្រវែង​​១.២៧០​គីឡូមែត្រ។

​ក្រុម​អ្នក​នយោបាយ​​​​បក្ស​ប្រឆាំង​​ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​មួយ​​​កាលពី​ដើម​​ឆ្នាំ​នេះ ដើម្បី​លាត​ត្រដាង​ការ​ទន្ទ្រាន​​​របស់​វៀតណាម​​ រួម​ទាំង​​តាម​បណ្ដោយ​ព្រំដែន​​​​​ក្នុង​ខេត្ត​រតនគិរី​ និង​ដើម្បី​​ធ្វើ​ឲ្យ​ខូច​កិច្ច​ការ​​​របស់​រដ្ឋាភិបាល​​ក្នុង​ការ​កំណត់​ព្រំដែន​ភាគ​បូពា៌​របស់​ខ្លួន​​។

​អំឡុង​ពេល​គណបក្ស​ប្រឆាំង​​ធ្វើ​យុទ្ធ​នាការ​​នេះ ក្រសួង​ការ​បរទេស​​របស់​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​​​​​យ៉ាងខ្លី​ជា​បន្ត​បន្ទាប់​​​​​ទៅ​ប្រទេស​វៀតណាម ដើម្បី​​​ស្នើ​​ឲ្យ​ពួកគេ​បញ្ឈប់​ការ​សាង​សង់​​ ឬ​ដក​ចេញ​ពី​​តំបន់​ព្រំដែន​​មាន​វិវាទ​​ ឬ​”​តំបន់​ស​” ​​ចំនួន៣នៅ​ក្នុង​ខេត្ត​រតនគិរី កណ្ដាល និង​កំពត។

លោក ហុង សុខហួរ ​​សមាជិក​​ព្រឹទ្ធសភា​​គណបក្ស​ប្រឆាំង​​​​​ដែល​ជា​​បុគ្គល​ដ៏សំខាន់​នៅ​ក្នុង​យុទ្ធនាការ​នេះ បាន​​​ជាប់​ពន្ធនាគារ​​កាល​ពី​ខែ​សីហា បន្ទាប់ពី​​បង្ហាញ​​សន្ធិសញ្ញា​​ព្រំដែន​ក្លែងក្លាយ​​​​មួយ​តាម​វីដេអូ​​​​ដែល​បង្ហោះ​​តាម​ហ្វេស​ប៊ុក ហើយ​លោក ហ៊ុន សែន ក៏បាន​ផ្ញើ​​លិខិត​ព្រមាន​​​​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ថា អ្នក​ណា​ដែល​អះអាង​ថា រដ្ឋាភិបាល​​ប្រើ​ប្រាស់​ផែន​ទី​​មិន​ត្រឹម​ត្រូវ​​​ដើម្បី​កំណត់​ព្រំដែន​​​​​ នឹង​ប្រឈម​វិធានការ​​ផ្លូវ​​ច្បាប់។

កាលពី​ថ្ងៃ​សៅរ៍ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា រដ្ឋាភិបាល​​​​​​កំពុង​ការ​ពារ​ទឹក​ដី​កម្ពុជា​​​ ​ព្រម​​ទាំង​ធានា​​​​​​នូវ​ទំនាក់​ទំនង​​មិត្តភាព​ជាមួយ​វៀតណាម ​​ក្នុង​ការ​ងារ​​​កំណត់​​ព្រំដែន​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “​រាជរដ្ឋាភិបាល​កម្ពុជា ​នឹង​ខិត​ខំ​យ៉ាង​​ពេញ​ទំហឹង​ជាមួយ​​នឹង​រដ្ឋាភិបាល​វៀតណាម ​ដើម្បី​ធានា​ថា វាជា​​​​ព្រំដែន​អន្តរជាតិ​​​ពិត​ប្រាកដ​​ ដោយ​ប្រែក្លាយ​​ខ្សែ​បន្ទាត់​ព្រំដែនដែលមាន​តែ​លើ​ផែន​ទី​​ ឲ្យ​ទៅ​ជា​បង្គោល​ព្រំដែន​នៅ​លើ​ដី​ជាក់​ស្ដែង​” ដោយ​​គូស​បញ្ជាក់​ថា ព្រំដែន​គោក​​នៅ​សល់​តែ ១៦,៨ភាគ​រយ​ទៀត​ប៉ុណ្ណោះ​នឹង​ត្រូវ​កំណត់​រួច​រាល់​ជា​​ផ្លូវ​ការ​ហើយ។

លោក​បាន​​​បន្ត​​​ថា “ហើយ​​​ខ្សែ​​ព្រំដែន​នេះ​ត្រូវ​ដើរ​ស្រប​គ្នា​ទៅ​នឹង​​​​ការ​កាន់​កាប់​ជាក់​ស្ដែង​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន ដើម្បី​​​​បញ្ចប់​រាល់​បាតុភាព​​​ និង​ប្រែក្លាយ​តំបន់​រវាង​​ប្រទេស​ទាំង​ពីរ​ឲ្យ​​ទៅ​ជា​តំបន់​នៃ​ការ​អភិវឌ្ឍ រីក​ចម្រើន តំបន់​ប្រកប​ដោយ​សន្តិភាព សុខ​ក្សេមមក្សាន្ត​ និង​សុខដុមរមនា​”។

​លោក​មាន​ប្រសាសន៍​​បន្ថែម​​ទៀត​ថា ​ប្រទេស​ទាំង​ពីរ​នឹង​ចាប់​ផ្ដើម​​​​​​ដោះ​ស្រាយ​​​ការ​អះអាង​​​សិទ្ធិ​កាន់​កាប់​​​​​​របស់​ប្រទេស​ទាំង​ពីរ​លើ​ដែន​​សមុទ្រ​ នៅ​ពេល​​​​ព្រំដែន​គោក​ត្រូវ​បាន​កំណត់​រួច​រាល់​។

ជា​ញឹក​ញាប់ សហគមន៍​ដែល​រស់​នៅ​លើ​ឆ្នេរ​​​​​សមុទ្រ និង​លើ​កោះ​​​​នានាជិត​ប្រទេស​វៀតណាម ត្អូញត្អែរ​​ថា ​​ទូក​នេសាទ​វៀតណាម​ បាន​ចូលមក​​​ក្នុង​ដែន​សមុទ្រ​របស់​កម្ពុជា ដោយ​​សេរី ហើយ​​​និយាយ​ថា ពួកគេ​​ប្រើ​ប្រាស់​​វិធីសាស្ត្រ​​នេសាទ​ដូច​ជា​ចៃរ៉ា​​ដែល​​​​ខុស​​ទាំង​​ផ្លូវ​​ច្បាប់ និង​បំផ្លិច​បំផ្លាញ​​​បរិស្ថាន។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​ព្រំដែន​​របស់​រដ្ឋាភិបាល ​បាន​មាន​ប្រសាសន៍​​កាលពី​ម្សិលមិញ​ថា វា​​​នៅ​​​សល់​ “ពេល​យូរ​​ទៀត​​” មុនពេល​ការ​​​​ចរចា​​អំពី​​​​​ការ​​កំណត់​​​ព្រំដែន​សមុទ្រ​​ចាប់​ផ្តើម។

លោក​​ថ្លែង​ថា ​​”​យើង​នឹង​ចាប់​ផ្ដើម​ការ​ចរចា​​ដើម្បី​​​កំណត់​ព្រំដែន​សមុទ្រ​ជាមួយ​វៀតណាម​​​​ បន្ទាប់ពី​បង្គោល​ព្រំដែន​គោក​​ត្រូវ​បាន​បញ្ចប់​។ ​ប៉ុន្តែ​យើង​​មិន​ទាន់​ដឹង​ថា ​​ការ​ចរចា​នឹង​ចាប់​ផ្តើម​​នៅ​ពេល​ណា​​ទេ ពីព្រោះ​យើង​​​​ត្រូវ​​ការ​ពេល​​​​​វែង​​ដើម្បី​​​​​ធ្វើ​​ការ​ងារ​ទាក់​ទិន​​​​បង្គោល​ព្រំដែន​គោក”។

​ទាំង​រដ្ឋាភិបាល​កម្ពុជា និង​​រដ្ឋាភិបាល​វៀតណាម ​បាន​​បន្ទោស​​ក្រុម​ “​ជ្រុល​និយម​” របស់​​គណបក្ស​​ប្រឆាំង​ចំពោះ​ការ​​ប៉ុន​ប៉ង​​​​​​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​ការ​ទូត​ដើម្បី​កេង​ចំណេញ​នយោបាយ និង​ជ្រៀត​ជ្រែក​​ដល់​ដំណើរ​ការ​កំណត់​ព្រំដែន។

​កាល​ពី​ថ្ងៃ​សុក្រ ទីភ្នាក់​ងារ​សារ​ព័ត៌មាន​​រដ្ឋ​ Viet Nam News បាន​ដក​ស្រង់​សម្ដី​​​លោក ង្វៀន អាន់យុង អនុប្រធាន​គណៈកម្មការ​ព្រំដែន​ នៃ​​ក្រសួង​​​​​ការ​បរទេស​វៀតណាម ​ដែល​លើក​ឡើង​ថា កត្តា​ដែល​រារាំង​​​​​ដល់​ការ​ងារ​​ព្រំដែន​ចម្រុះ​​រួម​មាន “សកម្ម​ភាព​វិច្ឆេទកម្ម​​​ដើម្បី​​បំបែក​បំបាក់​ទំនាក់​ទំនង​ទ្វេភាគី​” ផង​ដែរ។

លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​​ជា​​អ្នក​រិះគន់​ដ៏​លេចធ្លោ​​ចំពោះ​​កិច្ច​ការ​ព្រំដែន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​ និង​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន ​បាន​មាន​ប្រសាសន៍​​កាលពី​ថ្ងៃ​សុក្រ​ថា ​​បង្គោល​ព្រំដែន​​ថ្មី​នៅ​ក្នុង​ខេត្ត​​​រតនគិរី និង​ខេត្ត​តាកែវ ​​​បាន​បោះ​ចូល​​ក្នុង​ទឹក​ដី​របស់​កម្ពុជា​ ជាថ្មី​ម្ដង​ទៀត ហើយ​ថា ទីតាំង​​​របស់​វា​​មិន​​ស៊ីគ្នា​ទៅនឹង​ផែន​ទី​​គូរ​ដោយ​បារាំង ដែល​​​មាន​ចែង​​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ឡើយ។

លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ​​​​​ការ​ដែល​ក្រសួង​ការ​បរទេស​​ផ្ញើ​​កំណត់​ទូត​​ទៅ​ប្រទេស​វៀតណាម កាល​ពី​ដើម​​ឆ្នាំ​នេះ​​​
គឺ​ជា​ការ​ទទួល​ស្គាល់​ថា កិច្ច​ប្រឹង​ប្រែង​កំណត់ និង​ការ​ពារ​ព្រំដែន​ មិន​ដំណើរ​​ការ​​ទៅ​ដោយ​រលូន​ឡើយ។

លោក​​​មាន​​ប្រសាសន៍​​​​​​​ទៀត “​ខ្ញុំ​គិត​ថា កិច្ច​ការ​​សង់​​​​បង្គោល​ព្រំដែន​មិនកំពុង​​ដំណើរ​ដោយ​​​​រលូន​​​​នោះ​ទេ ពីព្រោះ​យើង​​មើល​ឃើញ​​​ថា រដ្ឋាភិបាល​​​ក៏​​បាន​ទទួល​ស្គាល់​ដែរ​ថា តំបន់​​មួួយ​ចំនួន​​​កំពុង​​ត្រូវ​បាន​រំលោភ​ដោយ​​ភាគីវៀតណាម​​”៕ សុខុម​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស