29 C
Phnom Penh

សម្បទានដីសេដ្ឋកិច្ចធំៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងទ័ព​​​​​ប្រជាជន​វៀតណាម​​​​​​ទទួល​​​​​​បាន​​​​​​ការ​​​​​​​​​​គ្រប់គ្រង​​​ដី​​​ប្រហែល​​​​​​៤០.០០០​​​​​​ហិកតា​​​យ៉ាងស្ងាត់ៗនៅក្នុង​​​ខេត្ត​​​​រតន​​​គិរី

ស្រុកអូរយ៉ាដាវ, ខេត្ត​​​រតន​​​គិរី-គ្មាននរណា​​​​ម្នាក់​​​នៅទីនេះទំនងជាដឹង​​​ច្រើន​​​អំពី​​​ក្រុមហ៊ុន​​​៧២ទេ។  អ្នកភូមិដឹង​​​ថា ពួក​​​គេ​​​កំពុងតែ​​​រស់​​​នៅ​​​នៅ​លើ​​​ដីធ្លី​​​ដែលក្រុមហ៊ុន​​​ដាំដុះ​​​​​​ក្នុង​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ដែល​​​ផ្តល់​​​​​​ឲ្យ​​​ដោយ​​​រដ្ឋាភិបាល​​។ ​អ្នកភូមិ​​​មួយ​​​ចំនួន​​​ធ្វើ​​​ការងារ​​​កំប៉ិក​​​កំប៉ុក​​​ដូច​ជា ការថែទាំ​​​ដំណាំ​​​ជាដើម​​​ ហើយ​​​គេឃើញ​​​ព្រៃឈើ​​​​​​ដ៏ស្រស់​​​បំព្រង​​​​​​ត្រូវ​​​ឈូសឆាយ​​​ដើម្បី​​​​ដាំ​​​ដំណាំ​​​ ប៉ុន្តែ លើស​​​ពីនេះ​​​ទៅទៀត​​​ ក្រុមហ៊ុន​​​​៧២នៅតែជា​​​រឿង​​​អាថ៌កំបាំង​​​។

ផែន​​​ទី​​​របស់​​​អង្គការ​​​លីកាដូ​​​ដោយ​​​ប្រើ​​​ប្រាស់​​​ទិន្ន​​​ន័យ​​​ផ្កាយ​​​រណប​​​របស់​​​សហ​​​រដ្ឋ​​​អាមេ​​​រិក​​​ ​​​ដែល​​​​​​​​​ចេញ​​​ផ្សាយ​​​ដោយ​​​សកល​​​វិទ្យា​​​ល័យ​​​ម៉ា​​​រី​​​លែន​​​ បង្ហាញ​​​ពីការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​នៅ​​​ក្នុង​​​ និង​​​ជុំវិញ​​​ដី​​​សម្ប​​​ទាន​​​ចំនួន​​​បួន​​​គ្រប់​​​គ្រង​​​ដោយ​​​កង​​​ទ័ព​​​វៀត​​​ណាម​​​។​​​ ចំណុច​​​បៃតង​​​បង្ហាញ​​​ពី​​​គម្រប​​​ព្រៃ​​​នៅ​​​សល់ ​​​​ចំណុច​​​ក្រហម​​​បង្ហាញ​​​ពី​​​ព្រៃ​​​ដែល​​​បាន​​​បាត់​​​បង់​​​ចន្លោះ​​​ពី​​​ឆ្នាំ​​​២០០០​​​ដល់​​​ឆ្នាំ​​​២០១៤​​​ រី​​​ឯ​​​ចំណុច​​​ពណ៌​​​ខៀវ​​​បង្ហាញ​​​ពី​​​កំណើន​​​ព្រៃ​​​ឈើ​​​ថ្មីៗ​​​អំឡុង​​​ពេល​​​នោះ​​​។ ​​​Mark​​​ Tilly​​​/​​​​​​The​​​ ​​​Cambodia​​​ Daily
ផែន​​​ទី​​​របស់​​​អង្គការ​​​លីកាដូ​​​ដោយ​​​ប្រើ​​​ប្រាស់​​​ទិន្ន​​​ន័យ​​​ផ្កាយ​​​រណប​​​របស់​​​សហ​​​រដ្ឋ​​​អាមេ​​​រិក​​​ ​​​ដែល​​​​​​​​​ចេញ​​​ផ្សាយ​​​ដោយ​​​សកល​​​វិទ្យា​​​ល័យ​​​ម៉ា​​​រី​​​លែន​​​ បង្ហាញ​​​ពីការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​នៅ​​​ក្នុង​​​ និង​​​ជុំវិញ​​​ដី​​​សម្ប​​​ទាន​​​ចំនួន​​​បួន​​​គ្រប់​​​គ្រង​​​ដោយ​​​កង​​​ទ័ព​​​វៀត​​​ណាម​​​។​​​ ចំណុច​​​បៃតង​​​បង្ហាញ​​​ពី​​​គម្រប​​​ព្រៃ​​​នៅ​​​សល់ ​​​​ចំណុច​​​ក្រហម​​​បង្ហាញ​​​ពី​​​ព្រៃ​​​ដែល​​​បាន​​​បាត់​​​បង់​​​ចន្លោះ​​​ពី​​​ឆ្នាំ​​​២០០០​​​ដល់​​​ឆ្នាំ​​​២០១៤​​​ រី​​​ឯ​​​ចំណុច​​​ពណ៌​​​ខៀវ​​​បង្ហាញ​​​ពី​​​កំណើន​​​ព្រៃ​​​ឈើ​​​ថ្មីៗ​​​អំឡុង​​​ពេល​​​នោះ​​​។ ​​​Mark​​​ Tilly​​​/​​​​​​The​​​ ​​​Cambodia​​​ Daily

លោក ស៊ីវ វិញ ជា​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ បាន​​​និយាយ​​​កាល​​​ពីខែ​​​កញ្ញា​​​ ដោយ​​​ក្រឡេក​​​ទៅមើល​​​ដីធ្លី​​​មួយ​​​កន្លែង​​​នៅក្នុង​​​ឃុំ​​​ប៉ក់ញ៉ៃ ដែល​​​កសិករ​​​រូបនេះ​​​​​​បាន​​​និយាយថា ​ជា​​​កម្មសិទ្ធិ​​​ប្រពន្ធ​​​របស់​​​គាត់​​​រហូត​​​ដល់​​​ក្រុម​ហ៊ុន​​​​៧២​​​​​​​ចូល​​​មក​​​យក​​​ថា “យើង​​​មិនដឹង​​​ប្រវត្តិ​​​ក្រុម​ហ៊ុន​ទេ​​ យើង​​​មិនមាន​​​ព័ត៌មាន​​​អ្វីទាំង​​​អស់​​​ គឺគ្រាន់​តែ​​​ស្គាល់​​​ឈ្មោះ​​​​​​ប៉ុណ្ណោះ​​”។

កសិករ​​​ជាជនជាតិ​​​ចារ៉ាយ​​​រូបនេះ​​​បាន​​​និយាយថា ”ពួកវៀតណាម​​​ចូលមក​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ហើយ​​​ចាប់ផ្តើម​​​ឈូសឆាយ​​​”។

ប្រវត្តិនៃ​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ដែល​​​មាន​​​ទំហំ​​​២០.០០០​​​ហិកតានេះ​​​ គឺមាន​​​លក្ខណៈ​​​ស្មុគ​​​ស្មាញ​​​ណាស់​​។ ដូច្នេះ ប្រវត្តិ​​​នៃ​​​ដីសម្ប​ទាន​​​​​សេដ្ឋកិច្ច​​​បី​​​កន្លែង​​​ផ្សេងទៀត​​​ក៏​​​ស្មុគ​​​ស្មាញ​​​​​​ដែរ គឺ​​​ដីទាំង​​​នេះ​​​លាត​​​សន្ធឹង​​​ជាប់គ្នា​​​តាម​​​បណ្តោយ​​​​ព្រំដែន​​​​​​៣១​​​គីឡូម៉ែត្រ​​​ទៅតាម​​​ព្រំដែន​​​វៀត​ណាម​​​ គឺ​​​ស្ថិត​​​នៅ​​​ភាគ​​​​​​ពាយព្យ​​​ កាត់តាម​​​ស្រុក​​​ចំនួន​​​បី​​​ និង​​​​​​ចូលទៅ​​​ក្នុង​​​តំបន់​​​​​​កណ្តាល​​​នៃ​​​ខេត្ត​​​ដាច់​​​ស្រយាល​​​នេះ​​​។

ដំបូង​​​ឡើយ​​​ ត្រូវប្រគល់​​​ដាច់​​​ដោយ​ឡែក​ពីគ្នាឲ្យក្រុមហ៊ុន​​​កសិឧស្សាហកម្ម​​​បួន​​​អស់​រយៈ​​​​​ពេល​​​ជា​​​ច្រើនឆ្នាំ​​​កន្លង​​​មកនេះ​​​ ចាប់តាំង​​​ពី​ពេល​​​នោះ​​​មក ដីសម្បទាន​​​សេដ្ឋកិច្ច​​​​​​​​​​​​​​​បាន​​​ធ្លាក់​​ចូល​​​ទៅ​​​ក្នុង​​​ដៃ​​​​​​បិញ​​​ដួន១៥ ឬ​​​កងពល​​​​​​១៥​​​ ជា​សាខា​​​នៃ​​​កង​​​​​ទ័ព​​​ប្រជាជន​​​វៀតណាម​​​ ដែល​ឈរ​​​ជើង​​​តាម​​​ព្រំដែន​​​ក្នុង​​​ខេត្ត​​​ ជា ឡៃ​​​។

ក្រុម​​​ហ៊ុន​​​៧២​​​ គឺមិនមែន​​​ជាឈ្មោះ​​​នៃ​​​ពាណិជ្ជ​​កម្ម​​​ទេ គឺ​​​ជា​​​កងឯកភាព​​​កងទ័ព​​​។ ​ហើយ​​​​​​ដីស​​​ម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​នោះ​​​ ដោយ​មាន​​​ទំនាក់ទំនង​​​យោធា​​​របស់​​​ខ្លួន​​​គឺជា​​​ការ​​​ពង្រីក​​​​នៃ​​​ទឹកដី​​​ដែល​​​គ្រប់គ្រង​​​ដោយ​​​វៀតណាម​​​។

ឯកសារ​​​ទាំងឡាយ​​​ដែលទទួល​​​បាន​​​ពី​​​ទិន្ន​ន័យ​​​រដ្ឋាភិបាល​​​បង្ហាញ​​​ថា តាម​​​រយៈ​​​ការ​​​លក់​ដូរ​​​និងការ​​​ផ្ទេរ​​​កម្មសិទ្ធិ​​​ ដីធ្លី​​​ដែលមាន​​​ទំហំ​​​ធំគួរ​សម​​​នៃ​​​ខេត្ត​​​រតនគិរី គឺទំហំ​​​៣៩.៥៨៤​​​ហិកតា ​ជាទំហំដី​​​ដែល​​​ធំជាង​​​ខេត្ត​​​កែប​​​ទៅទៀត​​​ គឺ​ឥឡូ​​​វនេះគ្រប់​​​គ្រង​​​ដោយពួក​​​​​​មេបញ្ជាការ​​​កងពល​​​១៥ ។​​​

មាន​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​បី​​​ជាប់​​​ទាក់​ទង​​​នឹង​​​យោធា​​​វៀតណាម​​​ តាម​​​រយៈ​​​ប្រធាន​​​របស់​​​គេ​​​ ដែល​​​​​​បង្ហាញ​​​​​​អត្តសញ្ញាណ​​​នៅក្នុង​​​របាយការណ៍​​​ព័ត៌មានរដ្ឋ​​​វៀតណាម​​​ថា ជា​​​មេ​បញ្ជាការ​​​កងឯកភាព​​​យោធា​​​ដែល​​​មាន​​​ឈ្មោះត្រូវគ្នា​​​ទៅនឹង​​​ក្រុមហ៊ុន​​ដែលគ្រប់​​គ្រង​​​​

ដីសម្បទាន​​​សេដ្ឋកិច្ច​​​។ ជា​ឧទាហរណ៍​​​ លោក ​ផាំ វ៉ាន់ជាំង (Pham Van Giang) គឺជាប្រធាន​​​នៃ​ក្រុមហ៊ុន​​​អភិវឌ្ឍ​​​ន៍​កៅជុក​​​​៧២ ​រតនគិរី ​(Aphivath Caoutchouc 72 Rata­na­kiri Co., Ltd) ដែល​​​ទទួលបាន​​​ដីសម្ប​ទាន​​​​​សេដ្ឋកិច្ច​​​រ៉ាម៉ាខ្មែរ​​​ និងជា​​​មេបញ្ជាការ​​​នៃ​​​កង​អនុសេនាធំ​​​៧២​​​នៃ​​​យោធា​​​វៀតណាម​​​។

ក្រុមហ៊ុន​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ទី៤​​​ គឺ​មិន​មាន​​​​​​​​​ការ​​​ជាប់​​​ទាក់ទង​​​ផ្ទាល់​​​ទៅនឹង​​​យោធា​​​វៀតណាម​​​ ​តាម​​​រយៈមេបញ្ជា​​​និង​​​ប្រធាន​​​ក្រុម​ហ៊ុន​​​នោះទេ។ ​ទោះជាយ៉ាង​នេះ​ក្តី ​សារ​ព័ត៌មាន​​​​​រដ្ឋ​​​វៀតណាម​​​បាន​​​លើកឡើង​​​អំពី​​​ការងារ​​​កសិកម្ម​​​និង​​​កិច្ចការ​​​មនុស្សធម៌​​​​​​របស់​​​​​​កង​​​អនុសេនាធំ​​​៧២​​​ទៅលើ​​​ដី​​​សម្បទាន​​​សេដ្ឋ​កិច្ច​​​​​ដែល​​​គ្រប់គ្រង​​​ដោយ​​​យោធានៅក្នុង​​​ស្រុក​​​​​​បរកែវ​​​ ជាទីតាំង​​​នៃ​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ ជា ​ចាន់​​​រិទ្ធិ​​​ ដែល​​​ទទួលបាន​​​ពេញលេញ​​​ដោយ​​​ក្រុមហ៊ុន​​​អភិវឌ្ឍន៍​​​កៅជុក​​​៧២​​​​​​អូរយ៉ាដាវ ​​​(Aphivat Caoutchouc 72 Oya Dav Co., Ltd)។

លោក ញ៉ែម សំអឿន អភិបាល​​​រងខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​នៅក្នុង​​​ខែ​​​កញ្ញា​​​​​​ ដោយ​​​បដិសេធថា លោក​​​​​​មិន​​​បាន​​​ដឹង​​​អំពី​​​ប្រវត្តិ​​​នៃ​ការ​​​គ្រប់គ្រង​​​ដីសម្បទាន​​​​​​សេដ្ឋ​​​កិច្ច​​​ដោយ​​​យោធា​​​​​​​វៀតណាម​​​ថា “នេះ​​​ជា​​​ការ​​​​​​ព្រួយ​​​បារម្ភ​​​”។ ​លោក​​​​​​អភិបាល​​​រង​​​ខេត្ត​​​រូបនេះ បាន​​​មាន​​​ប្រសា​សន៍​ថា ”គឺស្ថិត​​​នៅក្រោម​​​ការ​​​គ្រប់គ្រង​​​របស់​​​ក្រសួង​​​​​​កសិកម្ម​​​និង​​​ក្រសួង​​​បរិស្ថាន​​​ ហើយ​​​គេមាន​​​សិទ្ធិ​​​ពិនិត្យ​​​មើល​​​រឿងនេះ។ ខ្ញុំ​​​មិន​​​ដឹង​​​អំពីការ​​​ផ្ទេរទេ”។

ដោយសារ​​​តែ​​​ដីសម្បទានសេដ្ឋកិច្ច​​​ទាំង​​​នេះ​​​មិនស្ថិត​​​នៅក្នុង​​​តំបន់​​​ការពារ​​​ដែល​​​មើល​​​ការ​​​ខុសត្រូវ​​​ដោយ​​​ក្រសួង​​​បរិស្ថាន​​​ ដីសម្បទាន​​​​​សេដ្ឋកិច្ច​​​ទាំងបួន​​​នេះ​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់គ្រង​​​​ដោយ​​​ក្រសួង​​​កសិកម្ម​​​ ដែល​​​បាន​​​ផ្តល់​​​និង​​​ទទួល​​​ខុសត្រូវ​​​លើ​​​ការ​​​ត្រួត​​​ពិនិត្យ​​​ក្រុមហ៊ុន​ទាំង​នេះ​​​។ នៅក្នុង​​​កិច្ច​​​សម្ភាស​​​មួយ​​​នៅឯ​​​ការិយា​ល័យ​​​​​របស់​​​លោក​​​ កាលពី​​​ខែ​​​វិច្ឆិកា​​​ លោក ​អ៊ាង សុផល្លែត​​​ អ្នកនាំពាក្យ​​​ក្រសួង​​​កសិកម្ម​​​បាន​​​ទទួល​​​​​​យក​​​ឯកសារ​​​ដែល​​​រៀបរាប់​​​អំពី​​​វិធី​ដែល​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​នៅក្នុង​​​ខេត្ត​​​រតនគិរី​​​ ​​ត្រូវ​​​គ្រប់គ្រង​​​ដោយ​​​យោធា​​​វៀតណាម។

លោក សុផល្លែត បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​​​​​សុំឲ្យ​​​អ្នកយក​​​ព័ត៌មាន​​​កុំទាន់​​​​​​ចុះ​​​​​​ផ្សាយ​​​ព័ត៌មាន​​​ទាក់ទង​​​នឹង​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ ទម្រាំ​​​​គណៈកម្មាធិការ​​​រដ្ឋាភិបាល​​​បញ្ចប់ការ​​​សើរើ​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​អស់​​​ទូទាំង​​​ប្រទេស​ជាមុន​​​សិនថា “វា​​​មិន​​​ទាន់​​​ដល់​​​ពេល​​​​​​សម្រាប់​​​ខ្ញុំ​​​ក្នុងការ​​​ឆ្លើយ​​​ ឬ​​​ទទួល​​​ស្គាល់​​​ថា ក្រុមហ៊ុន​​​ទាំង​​​បួននេះ​​​ស្ថិត​​​នៅក្រោម​​​កងទ័ព​​​វៀតណាម​​​​​នោះ​​​ទេ​​​”។

អ្នកនាំ​​​ពាក្យ​​​ក្រសួង​​​កសិកម្មរូបនេះ​​​​​​មាន​​​ប្រសាសន៍ថា “ខ្ញុំ​​​ទទួល​​​ឯកសារ​​​ទាំងនេះ​ពី​​​លោក​​​ប៉ុន្តែ ខ្ញុំ​​​មិនទាន់​​​បាន​​​ពិនិត្យ​​​ផ្ទៀងផ្ទាត់​​​ គណៈ​កម្មាធិការ​​​មិនទាន់​​​បាន​​​ពិនិត្យ​​​ផ្ទៀងផ្ទាត់​​​ដែរ​​​”។

យោធា​​​វៀតណាម​​​មិនបាន​​​ឆ្លើយ​​​តប​​​ទៅ​នឹង​​​សំណើ​​​ជាច្រើន​​​លើកច្រើនសា​​​សុំ​​​ការធ្វើ​​​អត្ថាធិប្បាយ​​​ទេ។ លេខ​​​ទូរស័ព្ទ​​​ដែលចុះ​​​បញ្ជី​​​ដោយ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​សម្រាប់​​​ក្រុមហ៊ុន​ទាំង​​​ឡាយ​​​ ដែលគ្រប់​​​គ្រង​​​ដីសម្បទាន​​​សេដ្ឋ​កិច្ច​​​​គឺ​​​មិន​​​ដំណើរការ​​​ ឬ​​​មិនមាន​​​អ្នកទទួល​​​ទូរស័ព្ទ​​​។

កាលពីខែ​​​ឧសភា ឆ្នាំ​​​២០១២​​​ លោក​នាយក​​​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​បញ្ជា​​​ឲ្យ​​​បញ្ឈប់​​​ការ​​​ផ្តល់​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ថ្មី​​​ ដោយសារ​​​តែ​​​មាន​​​​​របាយការណ៍​​​​​​ទាក់​​​ទិន​​​នឹង​​​ការ​​​រំលោភ​​​​​​បំពាន​​​កិច្ច​​​​​សន្យា​​​ ព្រៃឈើ​​​ និង​​​ប្រជាពលរដ្ឋ​​​មូលដ្ឋាន​កាន់​​តែ​​​កើន​​​ឡើង។ លោក​​​នាយករដ្ឋមន្ត្រី​​​ ហ៊ុន ​សែន បាន​​​បញ្ជា​​​ឲ្យពិនិត្យ​​​សើរើ​​​​​លើ​​​ដីសម្បទាន​​​​សេដ្ឋកិច្ច​​​ទាំង​​​អស់​​​ ហើយ​​​​​​​​​យោងតាម​​​លោក ​សុផល្លែត ឲ្យដឹង​​​ថា ការផ្ទេរ​​​និង​​​ការ​​​លក់ដូរ​​​គឺ​​​ជាការ​​​ខុសច្បាប់​​​។ ទោះជាយ៉ាងនេះក្តី អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មាន​​​លក្ខ​​​ខណ្ឌ​​​មួយ​​​អនុញ្ញាត​​​ឲ្យ​​​ម្ចាស់​​​ដី​​​សម្បាទាន​​​​​​​​​​​​ដែល​​​មាន​​​ស្រាប់​​​ “​​​ស្វែង​​​រក​​​ដៃ​​​គូ​​​ដើម្បី​​​ចូល​​​រួម​​​​​​អភិវឌ្ឍ”។

ពាណិជ្ជ​​​កម្ម​​​​​​ភាគ​​​ច្រើន​​​​​​ដែល​​​​​​​​​បញ្ចូល​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​​​​ខេត្ត​​​រតនគិរី​​​ទៅ​​​ក្នុង​​​ដៃ​​​​​​កង​​​ទ័ព​​​ប្រ​​​ជា​​​ជន​​​វៀត​​​ណាម​​​​​​ បាន​​​កើត​​ឡើង​​​​​​ក្នុង​​​រយៈ​​​ពេល​​​ច្រើន​​​ខែ​​​​​​មុន​​​នឹង​​​មាន​​​ការ​​​ផ្អាក​​​ការ​​​ផ្តល់​​​ដីសម្បទាន​​​សេដ្ឋ​​​កិច្ច។

ទោះជាយ៉ាងនេះក្តី រយៈពេល​​​ពីរខែ​​​បន្ទាប់​​​​ពី​​​ការផ្អាក​​​នោះមក​​​ នៅក្នុង​​​ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១២​​​ ​​​យោងតាម​​​ឯកសារ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ឲ្យ​​​ដឹងថា ភាគហ៊ុន​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ដីសម្បទាន​​​បួន​​​កន្លែង​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​បង្អស់​​​ គឺ​​​​​​ក្រុម​​​ហ៊ុន​​​​​វាសនា អុិនវេសមិន ត្រូវបាន​​​ប្រគល់​​​ឲ្យ​​​ក្រុម​​ហ៊ុន​​​មួយ​​​មាន​​​ឈ្មោះថា ៧៥​​​រតនគិរី ​ខូអិល​ធីឌី ​ដែលមាន​​​ប្រធាន​​​ឈ្មោះថា ដូ វ៉ាន់សាង (Do Van Sang) ដែល បង្ហាញ​​​​​​អត្ត​​​សញ្ញាណ​​​នៅក្នុង​​​របាយការណ៍​​​ព័ត៌មាន​​​រដ្ឋ​​​វៀតណាម​​​ ថាជា​​​មេ​បញ្ជាការ​​​កងអនុសេនា ធំ​​​៧៥​​​។

បន្ទាប់​​​មក​​​នៅក្នុង​​​ខែសីហា​​​ក្នុងឆ្នាំ​​​ដដែល​​នោះ ដីសម្បទាន​​​សេដ្ឋកិច្ច​​​ ដាយ ដុង​​​យឿង ​​​ដែល​​​នៅ​​​ជាប់​​​នឹង​​​ព្រំដែន​​​បាន​​​ផ្ទេរ​​​ភាគហ៊ុន​​​ទាំងអស់​​​របស់ខ្លួន​​​ទៅ​​​​​​ឲ្យ​​​ ទ្រឹន ខ្វាង ហាន់​​​(Tran Quang Hang) ដែល​​​កាលពី​​​មុន​​​ជា​​​ម្ចាស់​​​​​​ភាគហ៊ុន​​​ភាគតិច​​​ ដែលមាន​​​ឈ្មោះ​​​នៅក្នុង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​រដ្ឋ​​​វៀត​​​ណាម​​​​​​​​​ថាជា​​​មេ​​​បញ្ជា​​​​ការ​​​កង​​​អនុសេនាធំ​​​៧៤។

លោក សុផល្លែត​​​ បាន​​​មាន​​​ប្រសាសន៍​ថា ​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ ដាយ ដុងយឿង ​នឹង​ត្រូវ​​​វាយ​​​តម្លៃ​​​ “នៅក្នុង​​​ប៉ុន្មាន​​​សប្តាហ៍​​​ខាង​​​មុខ​​​​​​ទៀត​​​នេះ​​​” ចំណែកឯ​​​ការ​​​វាយ​​​តម្លៃ​​​ជា​​​ទូទៅ​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​ឧប​​​នាយក​​​រដ្ឋមន្ត្រី​​​ ប៊ិន ​ឈិន ​​​នឹង​​​បញ្ចប់​​​នៅក្នុង​​​រយៈពេល​​​ “យ៉ាង​​​ច្រើន​​​ពីរ​​​ខែ”។ អ្នកនាំ​​​ពាក្យ​​​ក្រសួង​​​​​​​​​​​​កសិកម្ម​​​រូប​​​នេះ បាន​​​មាន​​​ប្រសាសន៍ថា ក្រុម​​​​​​អធិការកិច្ច​​​កំពុង​​​​​​ពិនិត្យ​​​​​​មើល​​​ដើម្បី​​​បញ្ជាក់​​​ថា ម្ចាស់​​​ដីសម្បទាន​​​​​​គោរព​​​​​ច្បាប់ភូមិបាល​​​ និង​​​អនុវត្ត​​​តាម​​​កិច្ច​​​ព្រមព្រៀង​​​របស់​​​គេ​​​ ក្នុង​​​ពេល​​​ដែល​​​ចូល​​​រួម​​​វិភាគទាន​​​ក្នុង​ការ​​​អភិវឌ្ឍ​​​កម្ពុជា​​​ ប៉ុន្តែ នឹង​​​មិន​​​ផ្តោត​​​លើ​​​ប្រភព​​​​​នៃ​​​វិនិយោគ​​​ទេ។

លោក សុផល្លែត បាន​​​មាន​​​ប្រសាសន៍​ថា ​ “តាម​​​​​​​​ខ្ញុំ​​​ដឹង​​​ យើង​​​មិន​​​រើសអើង​​​ចំពោះ​​​​​​កងទ័ព​​​អ្នក​​​ជំនួញ ស្ថាប័ន​​​ ឬ​​​ប្រទេស​​​ណាមួយ​​​ទេ។ ​យើង​​​​​ស្វាគមន៍​​​រាល់​​​វិនិយោគ​​​ទាំង​​​អស់​​​នៅ​​​កម្ពុជា​​​។ ​ប្រទេស​​​​​​នីមួយៗ​​​​​​​​​​​​​​​មាន​​​អធិបតេយ្យភាព​​​របស់​​​ខ្លួន ប្រទេស​​​នីមួយ​​ៗ​​​មាន​​​នីតិរដ្ឋ​​​របស់​​​ខ្លួន​​ ហើយ​​​នរណា​​​ក៏​​​ដោយ​​​​​​អាច​​​ធ្វើ​​​វិនិយោគ​នៅ​​​​

ក្នុង​​​ប្រទេស ​​​ត្រូវ​​​តែ​​​គោរព​​​ច្បាប់​​​។​​​ ហើយ​​​​ប្រសិន​​​បើ​​​អ្នក​​​មិនគោរព​​​ច្បាប់​​​ទេ យើង​​​នឹង​​​មាន​​​វិធាន​ការ​​​ យើង​​​នឹង​​​ចាត់វិធានការ​​​”។

យោង​​​តាម​​​​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ​​​ឲ្យ​​​ដឹង​​​ថា ​​​ ឥឡូវនេះ ​​​ដោយ​​​មានផ្ទៃដី​​​ជាង​​​២,១៤​​​​លាន​​​ហិកតា ​​​ដីសម្បទានសេដ្ឋកិច្ច​​​គ្របដណ្តប់​​​ទៅលើ​​​ផ្ទៃដី​​​ជាង​​​ពាក់​​​កណ្តាល​​​នៃ​​​ផ្ទៃដី​​​អាច​​​ដាំដុះ​​​បាន​​​របស់​​​​​​ប្រទេស​​​កម្ពុជា​​​ ដោយមាន​​​៥៧​​​​​ភាគរយ​​​នៃ​​​ផ្ទៃដីនោះ​​​គ្រប់គ្រង​​​ដោយ​​​ក្រុមហ៊ុន​​​បរទេស​​។

ទទួលរង​​​នូវការ​​​រិះគន់​​​យ៉ាង​​​ខ្លាំង​​​ពីសំណាក់​​​​​មជ្ឈដ្ឋាន​​​ក្នុង​​​​​​និង​​​ក្រៅ​​​ប្រទេស​​​ ដោយសារតែ​​​ការ​​​ផ្តល់ដី​​​សម្បទាន​​​ដ៏ធំធេង​​​នោះ លោក ​ហ៊ុន ​សែន បាន​​​ផ្តល់​​​ទឡ្ហីករណ៍​​​ថា ដីសម្បទាន​​​សេដ្ឋ​កិច្ច​​​គឺ​​​ត្រូវការ​​​ជាចាំបាច់​​​ “ដើម្បី​​​អភិវឌ្ឍ​ប្រទេស​​​​​ជាតិ​​​” ដោយ​​​ពន្យល់​​​ថា ផល​​​ប្រយោជន៍​​​ជាក់​ស្តែង​​​ រួមមាន​​​ការងារ​​​ ផ្លូវថ្នល់​​​ សាលារៀន​​​ដែលដីសម្បទាន​​​ទាំង​​​នោះ​​​នាំ​​​មកឲ្យ​​​សហ​គមន៍​​​​ទាំង​​​ឡាយ​ដែល​​រស់នៅ​​​តំបន់​​​នោះ។

ប៉ុន្តែ ការពិត​​​​​​សម្រាប់​​​ប្រជាពល​​​រដ្ឋ​​​ដែល​​​រស់នៅ​​​ក្នុង​​​ ឬ​​​នៅក្បែរ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី ដែល​​​ភាគ​​​ច្រើន​​​ជា​​​ជន​ជាតិ​​​ដើម​​​ភាគតិច​​​​​​ប្រកប​​​របរចិញ្ចឹម​​​ជីវិត​​​ផ្អែក​​​ទៅ​​លើ​​​ព្រៃព្រឹក្សា​​​ គឺ​​​មាន​​​​​​លក្ខណៈ​​​ផ្ទុយ​​​គ្នាទៅ​​​វិញ​​​។

អស់រយៈពេល​​​ជាច្រើនឆ្នាំ​​​កន្លង​​​មក​​​ ក្រុម​អង្គការ​​​សិទ្ធិមនុស្ស​​​និង​​​អ្នកយក​​​ព័ត៌មាន​​​មាន​​របាយ​​​ការណ៍​​​​​​ជាច្រើន​​​ទាក់ទិន​​​នឹង​​​បណ្តឹង​​​រំលោភ​​​​​បំពាន​​​ប្រឆាំង​​​នឹង​​​ក្រុមហ៊ុន​​​ដីសម្បទាន​​​​​សេដ្ឋកិច្ច​​​ទាំង​​​បួន​​​ដែល​​​ទន្ទ្រាន​​​យក​​​ដីសហ​គមន៍​​​ បំផ្លិច​​​បំផ្លាញ​​​ព្រៃអ្នកតា​​​ និង​​​កន្លែង​​​កប់សព​​​ ​ការ​កាប់​​​ឈើ​​​ដោយ​​​ខុស​​​ច្បាប់​​​នៅខាង​​​ក្រៅ​​​ព្រំ​ប្រទល់​​​របស់​​​ខ្លួន​​​ និង​​​​​​ការ​​​នាំចេញ​​​ឈើ​​​ប្រណិត​​​​ដោយ​​​ខុសច្បាប់​​​ឆ្លង​​​កាត់​​​​​​តាម​​​ច្រក​​​របៀង​​​ព្រំដែន​​ជាមួយប្រទេស​​​វៀតណាម​​។​​​

លោក ឆាយ ធី អ្នកសម្រប​​​សម្រួល​​​អង្គការ​​​​​សិទ្ធិមនុស្ស​​​អាដហុក​​​ប្រចាំខេត្ត​​​រតនគិរី បាន​​​និយាយថា ”មាន​​​ផល​​​ប៉ះពាល់​​​ច្រើន​​​ដោយ​មិន​​មាន​​​ដំណោះស្រាយ​​​គ្រប់គ្រាន់​​​ទេ”។

លោក ឆាយ ធី ដែលចំណាយពេល​​​ភាគ​ច្រើន​​​របស់​​​លោក​​​តាម​​​ដាន​​​ការ​​​បាត់បង់​​​ព្រៃ​ឈើ​​​នៅក្នុង​​​ខេត្ត​​​នេះ បាន​​​មាន​​​ប្រសា​សន៍​ថា ការ​​​កាប់​​​ឈើ​​​ខុសច្បាប់​​​នៅក្នុង​​​និង​​​ជុំវិញ​​​ដី​សម្បទានសេដ្ឋកិច្ច​​ទាំង​​​បួន​​​នេះ បានកើត​​​ឡើង​​​​​នៅក្នុង​​​ឆ្នាំ​​​២០១២​​​និង​​​២០១៣​​​ ក្រោយពី​​​យោធា​​​​​​វៀតណាម​​​គ្រប់គ្រង​​​តំបន់​​​នោះ​​​។

លោក ឆាយ ធី បាន​​​មាន​​​ប្រសាសន៍​ថា ​”ឈ្មួញ​​​វៀតណាម​​​រកស៊ីឈើ​​​ ខ្លះ​​​មក​​​តាម​​​រយៈ​​​​​​ក្រុមហ៊ុន ហើយ​​​ខ្លះ​​​ឃុបឃិត​​​ជាមួយ​​​ក្រុមហ៊ុន​​​”។

ឥឡូវនេះ ខណ្ឌកាត់​​​តំបន់​​​ដ៏ធំនេះជាពីរ​​​ដែលស្ថិត​​​ក្រោម​​​ការ​​​គ្រប់គ្រង​​​របស់​​​យោធា​​​វៀតណាម​​​គឺផ្លូវ​​​ជាតិ​​​លេខ​​​៧៨​​​ ដែល​​​លាត​​​សន្ធឹង​​​ពី​​​ក្រុង​​​បានលុង​​​​​​ទៅ​​​កាន់​​​បន្ទាយ​​​កង​​​អនុ​សេនាធំ​​​៧២ និង​​​កង​​​អនុសេនាធំ​​​៧៤​​​ កាត់​តាម​​​​​ព្រំដែន​​​គឺ​​​មាន​​​ចម្ងាយ​​​១៦គីឡូម៉ែត្រ​​​និង​​​២៦​គីឡូម៉ែត្រ​​​ពី​​​ច្រក​​​ព្រំដែន​​​អន្តរ​​​ជាតិ​​​អូរយ៉ាដាវ​​​។

រថយន្ត​​​ធុនធំ​​​និង​​​មូ៉តូ​​​ដែល​​​ដឹក​​​សុទ្ធតែ​​​ឈើ​​​ប្រណិត​​​ចេញចូលយ៉ាង​​​សេរី​​​កាត់តាម​​​ច្រក​​​ព្រំដែន​​​អូរយ៉ាដាវ ទោះបីជាមាន​​​តំបន់​សេដ្ឋ​កិច្ច​​​ពិសេស​​​របស់ឧកញ៉ា​​​ឈើ​​​ ទ្រី ភាព ស្ថិត​​​នៅ​​​ជិត​​​ផ្លូវ​​​ក៏​​​ដោយ​​​ ពោលគឺ​​​ពីរបី​​​គីឡូម៉ែត្រ​​​នៅក្នុង​​​ទឹកដី​​​កម្ពុជា​​​​​​ប៉ុណ្ណោះ ក៏កម្មសិទ្ធិ​​​និង​​​ភាព​​​​​ស្រប​​​ច្បាប់​​​នៃការ​​​ដឹក​​​ឈើ​​​ទាំង​​​នោះ​​​នៅតែ​​​ស្រពេចស្រពិលដដែល។

រូបភាព​​​​​​តាម​​​​​​ផ្កាយរណប​​​ក៏បង្ហាញ​​​ថា ​នៅ​ក្នុង​​​​​​ដីសម្បទាន​​​ដាយ ដុងយឿង​​​ មាន​​​ផ្លូវ​ថ្នល់ ​ផ្លូវ​​​លំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វាត់ខ្វែង​​​តាម​​​ព្រំដែន​​​។

លោក ឆាយ ធី បាន​​​មាន​​​​​​ប្រសាសន៍ថា “វា​​​ងាយ​​​ស្រួល​​​សម្រាប់​​​ពួកគេ​​​ទៅវិញ​​​ទៅមក​​​គឺ​​​ដឹកឈើ​​​កាត់​​​​​​តាម​​​ព្រំដែន​​​”។​​​

អ្នក​​​យក​​​ព័ត៌មាន​​​ដែល​​​ចុះ​​​ទៅដល់ភូមិ​​​ដាច់​​​ស្រយាលនានា​​​ក្នុងខេត្ត​​​​​​រតនគិរី​​​ នៅក្នុង​​​និង​​​​​​ជុំវិញ​​​ដីសម្បទាន​​​សេដ្ឋកិច្ចកាលពី​​​ខែកញ្ញា​​​ គឺ​​​ទទួល​​​រាក់ទាក់​​​ដោយ​​​កុមារ​​​ដែល​​​ញញឹម​​​ញញែម ​​​និង​​​មនុស្ស​​​ចាស់ទុំ។ ​ទោះជាយ៉ាង​នេះ​ក៏ដោយ​​​នៅក្នុងភូមិដាច់​​​ស្រយាល​​​មួយ​​​ គឺភូមិ​​​គ្រៀង ​ភាពរសាប់រសល់​​​បាន​​​កើត​​​ឡើង​​​។ កុមារ​​​ដើរ​ចេញ​​​ ម្តាយ​​​បិទទ្វារ​​​ ប្រុសៗ​​​បើក​​​ភ្នែក​​​ក្រឡិប​ក្រឡាប់​​​ដែល​​​ទំនង​​​ជាចង់ដឹងថា ហេតុអ្វី​​​​​​មាន​​​​​​មនុស្ស​​​​​​ប្លែកមក​​​ទីនេះ។

មាន​​​​​​ចម្ងាយ​​​១៥​​​​​​គីឡូម៉ែត្រ​​​​​​បែក​​​ចេញ​​​ពី​​​ផ្លូវ​​​ធំដែលឆ្លងកាត់​​​តាម​​​ស្រុក​​​បរកែវ​​​ ភូមិ​គ្រៀង​​​គឺជាកូនកោះ​​​មួយស្ថិត​​​ក្នុង​​​​​​តំបន់គ្មាន​​​ព្រៃឈើ ​និង​​​ក្នុង​​​ដីសម្បទានសេដ្ឋកិច្ច​​​ ជា ​ចាន់រិទ្ធ ​ដែល​ធ្វើ​​​ជា​​​ប្រធាន​​​ដោយ​​​មេបញ្ជា​​​ការ​​​អនុសេនាធំ​​​៧២​​​ ចាប់តាំង​​ពីខែមេសា​​​ ឆ្នាំ​​​២០១២​​។

លោក រចំ ម៉ូម ដែលកាលពី​​​មុន​​​បាន​​​ដឹកនាំ​​​ការ​​​តវ៉ា​​​ដោយ​​​ឥត​​​បាន​​​ជោគជ័យ​​​ប្រឆាំងនឹង​​​ការ​​​ឈូស​​​ឆាយ​​​​​​ព្រៃឈើ​​​នៅជុំវិញ​​​ភូមិ​​​ បាន​និយាយថា “ការឈូសឆាយ​​​ចាប់​​​ផ្តើម​​​នៅទីនេះ​​​​ក្នុងឆ្នាំ​​​២០០៩​​​ ហើយ​​​ចូលដល់​​​ជាយភូមិ​​​”។

លោក រចំ ម៉ូម បាននិយាយថា បរិយាកាស​​​​នៅក្នុងភូមិ​​​គ្រៀង គឺជាលទ្ធផលនៃ​​​សហ​គមន៍​​​​ជនជាតិ​​​ភាគតិច​​​ទំពូន​​​ ដែល​​​ត្រូវ​​​បាត់​​​បង់​​​អត្ត​សញ្ញាណ​​​របស់ខ្លួន​​​។ ព្រៃឈើ​​​បាន​​​ផ្តល់​​​ឲ្យ​ពួក​គេ​​​​មិនត្រឹម​​​តែ​​​អាហារ​​​និង​​​វត្ថុធាតុដើម​​​សម្រាប់​​​ធ្វើ​​​ទីជម្រក​​​ប៉ុណ្ណោះទេ ប៉ុន្តែ វាជា​​​ទីកន្លែង​​​កប់​សព​​​ដូនតា​​​របស់​​​ពួក​​​គេ​​​ផងដែរ​​​ ដែល​​​ព្រលឹង​​​​​របស់​​ពួកគេ​​​ត្រូវគេជឿ​​​ថា ស្ថិត​​​នៅតាម​​​ដើមឈើ​​​។

លោក រចំ ម៉ូម បាន​​​និយាយថា ​នៅពេល​ដែល​​​ព្រៃឈើ​​​ត្រូវ​​​ឈូសអស់​​​រហូត​​​ទៅ​​​ដល់​ជាយ​​​ភូមិ​​​ សហគមន៍​​​ព្រៃឈើ​​​របស់​​​ពួកគេ​​​ត្រូវ​​​​​រំលាយចោល​​។ អ្នកភូមិ​​​រូបនេះ​​​បាន​​​និយាយ​ថា ”យើង​​​លែងមាន​​​សហគមន៍​​​ព្រៃឈើ​​​ហើយ ​ព្រោះ​​​អត់មាន​​​ព្រៃ​​​នៅសល់​​​សម្រាប់ការពារ​​​”។​​​

ទោះជាយ៉ាងនេះក្តី​​​ សហគមន៍​​​នៅក្នុង​​​ភូមិ​​​​គ្រៀង​​​មិនមែនជា​​​ភូមិតែ​​​មួយ​​​គត់​​​​​​ទេ ជា​ពិសេស​​​​​នៅក្នុង​​​ខេត្ត​​​នានា​​​ ដូចជា​​​ខេត្ត​​​រតនគិរី​​​ដែលមាន​​​ព្រៃឈើ​​​ក្រាស​​​់​​​និង​​​មាន​​​តម្លៃ​​​។

ក្រុម​​​ឃ្លាំ​​​មើល​​​បរិស្ថាន​​​ជាច្រើន​​​ឆ្នាំ​​​មក​ហើយ​​លើកឡើង​​​អំពី​​​ចំណូល​​​ដែលបាត់បង់​​​តាម​​​ព្រំដែន​​​ ដោយ​​​មាន​​​រថយន្ត​​​ផ្ទុក​​​ទៅដោយ​​​ឈើ​​​ ​​​និង​​​​​​វិនាសកម្ម​​​បាន​​​កើត​​​ឡើង​​​ទៅលើ​​​សហ​​គមន៍​​​ជនជាតិ​​​ដើម​​​ភាគតិច​​​ ក្នុងពេល​​​ដែល​​​ពួកគេ​​​សម្លឹង​​​មើល​​​ឃើញ​​​ព្រៃឈើ​​​ដួល​រលំ​​​ជុំវិញ​​​ខ្លួន​​​របស់​​​ពួកគេ​​​។ អ្នក​​​នយោបាយ​​​គណ​បក្ស​​​ប្រឆាំង​​​បាន​​​ធ្វើ​​​យុទ្ធនាការ​​​យ៉ាង​​​ខ្លាំង​​​នៅ​ឆ្នាំ​​​នេះ ប្រឆាំង​​​នឹង​​​ការ​​​រំលោភ​​​ដែន​​​អធិប​តេយ្យភាព​​​របស់​​​ប្រទេស​​​កម្ពុជា​​​ពីសំណាក់​​​

ប្រទេស​​​ភាគខាង​​​កើត​​​ ដោយផ្តោត​​​លើ​​​ការ​​​ជីក​​​​ស្រះ​​​មួយចំនួន​​​ដោយ​​​ប្រជាពលរដ្ឋ​​​វៀតណាម​​​ ​មាន​​​ចម្ងាយ​​​ប្រហែល​​​៥០០​​​ម៉ែត្រ​​​ចូល​​​ក្នុង​​​ទឹក​ដី​​​កម្ពុជា​​​​​​នៅក្នុង​​​ដីសម្បទាន​​​ ដាយ ​ដុងយឿង។ ​(តំបន់​​​ព្រំដែនភាគច្រើន​​​នៅ​​​ទីនេះ​​​ចាត់​​​ទុក​​​​​​ថា​​​​ជា “តំបន់​​​ស” ដែល​​​មិនទាន់​​​បាន​​​បោះបង្គោល​​​ព្រំដែន​​​បាន​​​ត្រឹម​​​ត្រូវ គឺ​​​មាន​​​ន័យថា គ្មាន​​​ភាគី​ណា​​មួយ​​​មានសិទ្ធិគ្រប់គ្រង​​​ ឬប្រើ​​​តំបន់នេះ​​​ទេ)។

ក្រសួងការបរទេស​​​នៃ​​​ប្រទេស​​​កម្ពុជា​​​បាន​​​​​ចេញ​​​សេចក្តីថ្លែងការណ៍​​​ដ៏ខ្លាំង​​​មួយ​​​កាលពី​​​ខែមិថុនា ដោយ​​​ទាមទារ​​​​​​ឲ្យ​​​​​​ក្រុង​​​ហាណូយ​​​ត្រូវ​​​លុបស្រះ​​​នោះវិញ​​​។ ក្រុង​​​ហាណូយ​​​បាន​​​សន្យា​​​អនុវត្ត​​​តាម​​​ ប៉ុន្តែ យោងតាម​​​របាយ​ការណ៍​​​ចុង​​​ក្រោយ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​កាលពី​​​ដើម​​​ខែនេះ​​​ឲ្យដឹង​​​ថា ក្រុងហាណូយ​​​មិនបាន​​​អនុវត្ត​​​តាម​​​ការ​​​សន្យា​​​របស់​​​ខ្លួន​​​ទេ។

ការចុះទៅដល់​​​ច្រកព្រំដែន​​​មិន​​​ផ្លូវការ​​​ មាន​​​ចម្ងាយ​​​ពីរបីរយ​​​ម៉ែត្រ​​​ពី​​​ស្រះ​​​បាន​​​បង្ហាញ​​​អំពី​ទីតាំង​​​នៅ​​​តំបន់នេះ​​​ គឺ​​​ខ្សែបន្ទាត់​​​ព្រំដែន​​​រវាង​​​​កម្ពុជា​​​-វៀតណាម​​​អាចនៅ​​​ស្រពេច​​​ស្រពិល។

ស្ត្រីជនជាតិ​​​ខ្មែរ​​​ម្នាក់​​​ដែល​​​លក់​​​របស់របរ​​​ហូបចុក​​​និង​​​ភេសជ្ជ​​​វៀតណាម​​​នៅក្នុង​​​ផ្ទះ​​​ប្រក់​​​​​ស័ង្កសី​​​មួយ​​​ខ្នង​​​នៅឯ​​​ព្រំដែន​​​ បាន​​​ព្យួរ​​​រូបថត​​​កូនប្រុស​​​វ័យ​​​ក្មេង​​​របស់​​​គាត់​​​នៅក្នុង​​​ហាង​​​ ក្នុង​​សម្លៀកបំពាក់​​​ឯកសណ្ឋាន​​​នគរបាល​​​វៀត​ណាម​​​ ហើយ​​​មាន​​​ឆ្នេរ​​​ខ្សាច់​​​នៅពីក្រោយ​​​។

ដោយមាន​​​អារម្មណ៍​​​ប្រឆាំង​​​នឹង​​​វៀត​ណាម​​​​​​បាន​​​ពុះ​​​កញ្ជ្រោល​​​​​​កាន់​​​តែ​​​ខ្លាំង​​​ ក្នុងពេល​​​មាន​​​យុទ្ធនាការ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ដើម្បី​​​លើក​​ឡើង​​​អំពី​​​ការ​​​ទន្ទ្រាន​​​ចូល​​​ព្រំដែន​​​នៅឆ្នាំនេះ​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​រដ្ឋា​​​ភិបាល​​​​​​រួមមាន​​​លោក ​ស ​ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ បានថ្លែង​​​ជាបន្ត​​​បន្ទាប់​​​ដោយ​​​រិះគន់​​​អ្នក​​​ដែល​​​​​​ជួល​​​ដី​​​ឯកជន​​​នៅ​តាម​​​ព្រំដែន​​​ឲ្យ​​​ទៅជន​​​បរទេស​​​ ជា​ពិសេស​​​​​នៅក្នុង​​​ “តំបន់ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​”។

នៅក្នុង​​​លិខិត​​​កាលពី​​​ខែតុលា​​​ផ្ញើទៅកាន់​​​អភិបាល​​​ខេត្ត​​​នៃខេត្ត​​​ជាប់​​​ព្រំដែន​​​ លោក ​ស ​ខេង បាន​​​មាន​​​ប្រសាសន៍ថា ការជួល​​​ដីបែប​នោះ​​​គឺបង្កភាព​​​ស្មុគ​​​ស្មាញ​​​ដល់​​​កិច្ច​​​ខិតខំ​​​ប្រឹង​ប្រែង​​​ក្នុងការ​​​បោះ​​​បង្គោល​​​ព្រំដែន​​។

កាលពីខែមុន​​​ លោក ហ៊ុន សែន បាន​​​ចេញ​​​​​សារាចរមួយ​​​ដែល​​​ចាត់ទុក​​​ថា​​​ខុសច្បាប់​​​ចំពោះ​​​ការ​​​ជួល​​​ដីធ្លី​​​បន្តទៀត​​​នៅតាម​​​បណ្តោយ​​​​​ព្រំដែន​​​ ដោយ​​​លើក​​​ឡើង​​​អំពី​​​ភាព​​​ស្មុគ​​​ស្មាញ​​​ដែល​​​​​​បង្កើត​​​ឡើង​​​នៅក្នុង​​​ដំណើរការ​​​ជាបន្ត​​​បន្ទាប់​​​ក្នុងការ​​​បញ្ចប់​​​ការបោះ​​​បង្គោល​​​ព្រំដែន​​​ ​ហើយ​​​ក៏បាន​​​គូសបញ្ជាក់​​​ថា ត្រូវ​​​ការពារ​​​បូរណ​​ភាព​​​ដែនដី​​​និង​​​អធិបតេយ្យភាព​​​​​​កម្ពុជា​​​។

សារាចរ​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន ​សែន ដែល​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការជួល​​​ស្រប​​​ច្បាប់​​​នាពេល​​​បច្ចុប្បន្ននៅដដែល​​​ គឺ​​​សំដៅ​​​​​​​​”ការពារ​​​សិទ្ធិ….​​​និង​​​​​​លើក​​​កម្ពស់​​​ជីវភាព​​​រស់​​​នៅ​​​​​​របស់​​​ប្រជាពល​​​រដ្ឋនៅ​​​តាម​​​តំបន់​​​​​​ព្រំដែន”។

ទោះជាយ៉ាងនេះក្តី​​​ ទោះបីជាបង្កើត​​​ឲ្យ​​​មាន​​​​​ភាព​​​ស្មុគ​​​ស្មាញ​​​ដូចគ្នានេះ​​​ជាច្រើន​​​ក៏ដោយ​​​​​​ក៏​​​ក្បួន​​​ច្បាប់​​​សម្រាប់​​​ការ​​​ជួល​​​ជាលក្ខណៈ​​​ឯក​ជន​​​​​​​​​​​ ​និង​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ទំនង​​​ជា​​​ខុសគ្នា​​​យ៉ាងខ្លាំង​​​។​​​

នៅក្នុងកិច្ច​​​សម្ភាស​​​មួយ​​​នៅខែនេះ​​​ លោក ​ខៀវ សុភ័គ អ្នកនាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍ថា ការជួល​​​ដីធ្លី​​​ជាលក្ខណៈ​​​ឯក​ជន​​​ និង​​​ដីសម្បទាន​​​ដែលផ្តល់ដោយ​​​រដ្ឋា​ភិបាល​​​ តាមពិត​​​ទៅ​​​មិន​​​ចាត់ទុក​​​ថា ​ជារឿង​ដូចគ្នា​​​ទេ។ នាយឧត្តម​សេនីយ៍ ​ខៀវ ​សុភ័ក ​បានបដិសេធ​​​មិនឆ្លើយ​​​សំណួរ​​​ត្រង់ៗ​​​អំពី​ថា​តើ​​​ការជួល​​​ដីឲ្យយោធា​​​បរទេស​​​នូវ​​​ទំហំ​​​ដី​​​ប្រហែល​​​៤០.០០០​​​ហិកតានៃ​​​ដីធ្លី​​​កម្ពុជា​​​ គឺជា​​​ការ​​​គំរាម​​​កំហែង​​​ដល់​​​អធិបតេយ្យ​​​ភាព​​​របស់​​​ប្រទេស​​​កម្ពុជា​​​នោះទេ។

អ្នកនាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​រូបនេះ​​​បាន​​​មាន​​​​​ប្រសាសន៍ថា “យោធា​​​វៀតណាម​​​ គេ​មាន​​​សិទ្ធិ​​​ធ្វើជំនួញ​​​។ គេអាច​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​​សន្យា​​​​​ជាមួយ​​​ប្រទេស​​​ផ្សេងទៀត​​​ហើយ​​​គេ​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់គ្រង​​​នៃ​​​ថ្នាក់ដឹក​​​នាំ​​​ជាន់​​​ខ្ពស់​​​យោធា​​​នៅក្នុង​​​ប្រទេស​​​វៀតណាម​​​”។

នាយ​​​ឧត្តមសេនីយ៍ ខៀវ សុភ័គ ​​​និយាយ​​ថា លោក​​​យល់ស្រប​​​​​​ជាទូទៅ​​​នឹងគោល​​​នយោ​បាយ​​​កម្ពុជា​​​ស្តីពី​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ ប៉ុន្តែ​​​លើក​​​លែង​​​ចំពោះ​​​​​​លក្ខខណ្ឌ​​​​​​នៃ​​​​ដី​​​សម្បទាន​​​​​​សេដ្ឋ​​​កិច្ច​​​ គឺ​​​ភាគ​​​ច្រើន​​​​​​មាន​​​រយៈ​​​ពេល​​​​​​ជួល​​​៩៩​​​​​ឆ្នាំ​​​​​​ក្នុង​​​តម្លៃ​​​តែ​​​ពីរ​​​បី​​​ដុល្លារ​​​អា​​​មេរិក​​​ប៉ុណ្ណោះ​​​​​​ក្នុង​​​មួយ​​​ហិកតា។

នាយ​​​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​​​​​​មាន​​​ប្រសាសន៍​​​​​​ដោយ​​​ផ្តល់​​​នូវ​​​យោបល់​​​ថា ​​​រយៈ​​​ពេល​​​ជួល​​​គួរ​​​មាន​​​រយៈ​​​ពេល​​​៣០​​​ឆ្នាំ​​​ និង​​​យក​​​តម្លៃ​​​១០.០០០​​​ដុល្លារ​​​​​​ក្នុង​​​មួយ​​​ហិកតា​​​​​​ដែល​​​ជា​​​​​​ដំណោះ​​​ស្រាយ​​​សម​​​ហេតុ​​​សម​​​ផល​​​ថា ​”ថ្លៃ​​​​ជួល​​​ត្រូវ​​​តែ​​​ខ្ពស់​​​ជាង​​​នេះ ហើយ​​​រយៈ​​​ពេល​​​ត្រូវ​​​តែ​​​​​​ខ្លី​​​ជាង​​​នេះ”។

អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ត្អូញ​​​ត្អែរ​​​​​​​​​របស់​​​លោក​​​​​​កើត​​​ចេញ​​​​​​ពី​​​ហេតុ​​​ថា ប្រទេស​​​កម្ពុជាបាន​​​ទទួល​​​​​ត្រឹម​​​តែ​​​ផ្នែក​​​មួយ​​​​​​នៃ​​​ទ្រព្យ​​​ធន​​​ដែល​​​​​​ប្រទេស​​​ជិត​​​ខាង​​​របស់​​​ខ្លួន​​​​​​កំពុង​​​ប្រមូល​​​បាន​​​​​​ពី​​​ជំនួញ​​​ឈើ​​​ប្រណីត។

នាយ​​​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​អាច​​​ឃើញ​​​ហើយ​​​ថា ​យើង​​​​​​​​​រក​​​ចំណូល​​​​​​​​​​​​បាន​​​​​​ត្រឹម​​​តែ​​​​​​៦​​​លានដុល្លារ ឬ​​​៨​​​លាន​​​​​​ដុល្លារ​​​​​​ប៉ុណ្ណោះ​​​​​​ក្នុង​​​មួយ​​​ឆ្នាំៗ​​​” ពី​​​ជំនួញ​​​ឈើ។​ គេ[​​​វៀតណាម​​​]​​​ មិន​​​មាន​​​ព្រៃ​​​ឈើ​​​ធំ​​​ដូច​​​យើង​​​ទេ ប៉ុន្តែ​​​គេ​​​​​​ធ្វើ​​​ជំនួញ​​​ឈើ​​​នាំ​​​ចេញ​​​ និង​​​នាំ​​​ចូល​​​​​​​​​បាន​​​ចំណូល​​​​​​៨០០​​​លាន​​​ដុល្លារ​​​​​​​​​ក្នុង​​​មួយឆ្នាំៗ”។​​​​​​​​​​​​

សួរ​​​ថា​​​តើ​​​ប្រទេស​​​វៀត​​​ណាម​​​​​​ទទួល​​​បាន​​​ប្រភព​​​ឈើ​​​ពី​​​កន្លែង​​​ណា ដែល​​​ខ្លួន​​​​​​​​​បាន​​​កំពុង​​​ផ្គត់​​​ផ្គង់​​​ទៅ​​​ក្នុង​​​ទី​​​ផ្សារ​​​អន្តរ​​​ជាតិ​​​ នាយ​​​ឧត្តម​សេនីយ៍​​​រូប​​​នេះ​​​បាន​​​​​​សើច​​​ហើយក៏​​​​​​ញាក់​​​ស្មា។

នាយ​​​ឧត្តមសេនីយ៍​​​រូប​​​នេះ​​​​​​មាន​​​ប្រសា​សន៍​​​​​ថា “អ្នក​​​ដឹង​​​ហើយ ​​​នោះ​​​គឺ​​​ជា​​​សំណួរ”៕

​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស