30 C
Phnom Penh

ព្រះសង្ឃប្រាំមួយ​អង្គ​​ត្រូវ​​​ចាប់​​​ខ្លួន តែ​​​ត្រូវ​​​​ដោះលែង​វិញ ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ព្រះសង្ឃ​​ប្រាំមួយ​អង្គ​​គង់​នៅវត្ត​ស្ទឹង​​​មាន​​​ជ័យ ​រាជ​ធានីភ្នំពេញ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​​​​ពីបទ​វាយ​​អ្នក​រត់​​​ម៉ូតូឌុប​ម្នាក់​​​​​​ ប៉ុន្តែ​​ត្រូវ​បាន​ដោះ​​លែង​វិញ​នៅ​​យប់​ថ្ងៃ​ដដែល​​​​នោះ​បន្ទាប់​ពី​​វត្ត​បាន​ចរចា​​រក​ដំណោះ​ស្រាយ​​​​។

​យោង​តាម​លោក ម៉ៅ សាវឿន​ នាយ​ប៉ុស្តិ៍​ សង្កាត់​​បាន​ឲ្យ​ដឹង​ថា ​​ហេតុការណ៍​នេះ​បាន​កើត​ឡើង​​​​​​​បន្ទាប់​ពី​​​​អ្នកស្រី​ ប៊ូ សុភាព អាយុ​២៥​​​​ឆ្នាំ ជា​អាជីវករ​ម្នាក់​បាន​ចូល​ទៅ​ក្នុង​វត្ត​ដែល​ញាំញី​ដោយ​អារិភាព​​​នេះ​​​​ស្ថិត​ក្នុង​សង្កាត់​ ស្ទឹងមានជ័យ ខណ្ឌ​មាន​ជ័យ នៅម៉ោង​ប្រហែល​​​​៧យប់​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​បាន​សុំ​ខ្ចី​​​ទូរស័ព​​​្ទ​ដៃ​ពី​ព្រះតេជគុណ ​ពិន ចេក ​ព្រះជន្ម​៣២​វស្សា​។

​លោក​ សាវឿន បាន​ថ្លែង​ថា ​ខណៈ​ដែល​ស្ត្រី​រូប​នេះ​​កំពុង​និយាយ​ទូរស័ព្ទ លោក ឃួត ថៃ ​អាយុ​២៥​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប​​ត្រូវ​ជា​ប្ដី​របស់​គាត់​បាន​​​មក​ដល់​ ហើយ​បាន​​​​ប្រឈម​មុខ​​ជាមួយ​ព្រះសង្ឃ​អង្គ​នេះ​ដោយ​សង្ស័យ​ថា ​​អ្នក​ទាំង​ពីរ​មាន​សាហាយស្មន់​។

លោក​បាន​មាន​ប្រសាសន៍​ថា “ជម្លោះ​នេះ​បាន​កើត​ឡើង​​មុន​​ពេល​បុរស​រូប​នេះ​បាន​ដាល់​​ព្រះសង្ឃ​​អង្គ​នេះ​​មួយ​ដៃ​ចំមុខ​ ពី​​​ព្រោះ​​​ជននេះ​​សង្ស័យ​ថា ​ព្រះ​សង្ឃ​អង្គ​នេះ​មាន​សាហាយស្មន់​ជាមួយ​ប្រពន្ធ​​​របស់​ខ្លួន”​។

​​​លោក​បាន​បន្ថែម​ថា “​​ព្រះសង្ឃ​ ពិន ចេក បាន​​តបត​វិញ​ដោយយក​ដែក​បំពង់ទីប​វាយ​​បុរស​រូប​េនះឲ្យ​​​​​ដងខ្លួន​​ ​និង​សៀតផ្កា​ខាង​ឆ្វេង ​​​ជាច្រើន​កន្លែង​ ហើយ​ព្រះសង្ឃ​​ប្រាំអង្គ​ទៀត ​​​​​​​បាន​​មក​ជួយ​​ព្រះ​សង្ឃ​អង្គ​នេះ ដោយ​​ចាក់​ឈ្មោះ ឃួត ថៃ ​មួយ​ដែក​ស្រួច​​ចំខ្នង​​​ទៀត”។

នគរ​បាល​សង្កាត់​​បាន​ចាប់​ខ្លួន​ព្រះសង្ឃ​ប្រាំមួយ​អង្គ​ដែល​ជាប់​ពាក់​ព័ន្ធ​រួមមាន​ ព្រះតេជ​​​គុណ ពិន ចេក ព្រះតេជគុណ ឆែល ធួក ​ព្រះជន្ម​៣១​វស្សា​ ទេព នូ ព្រះជន្ម​២១​វស្សា​​​ ម៉ុន ហ៊ាង​​​ ព្រះជន្ម​៣៣​វស្សា ពង្ស សារឿន ព្រះជន្ម​២៨​វស្សា និង​ ទេព មករា ព្រះជន្ម​២៨​វស្សា​ដែរ​​នៅ​វត្ត​ស្ទឹងមាន​ជ័យនៅ​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​យប់​ ប៉ុន្តែ​​បាន​ដោះ​លែង​វិញ​​​​ប្រហែល​២ម៉ោង​ក្រោយ​មក បន្ទាប់ពី​​​​មន្ត្រី​សង្ឃ​​​បាន​យល់​ព្រម​​ផ្ដល់​សំណង​ដល់​ឈ្មោះ​​ ឃួត ថៃ ដើម្បីព្យាបាល​របួស។

​ព្រះតេជគុណ យឹម ឯកវុត្ថា ​គ្រូសូត្រ​ស្ដាំ​​​​គង់​នៅ​វត្ត​នេះ​បាន​មាន​សង្ឃដីកា​ថា ពី​ដំបូង​​ ឈ្មោះ ឃួត ថៃ បាន​ទាម​ទារ​សំណង​ចំនួន​​​១.០០០​ដុល្លារ​ ដើម្បី​​ចំណាយ​លើ​ថ្នាំពេទ្យ ប៉ុន្តែ​​ទីបំផុត​បាន​ទទួល​យក​ទឹក​​ប្រាក់​​ចំនួន​១លាន​រៀល​​ដែល​ជា​​បច្ច័យ​របស់​វត្ត​ និង​​៤០​ដុល្លារ​​របស់​​នគរ​បាល​សង្កាត់​​​។

​​​​ព្រះតេជគុណ​មាន​សង្ឃដីកា​ថា “​ព្រះចៅ​​​អធិការ​​​​​​បាន​ផ្ដល់​បច្ច័យ​​១លាន​រៀល​ដល់​​បុរស​រូប​េនះ​ដើម្បី​បញ្ចប់​បញ្ហា ពីព្រោះ​យើង​មិន​ចង់​ឲ្យ​មាន​បញ្ហា​វែង​ឆ្ងាយ​តទៅ​ទៀត​”។ ព្រះអង្គ​បាន​បន្ថែម​ថា ឈ្មោះ ឃួត ថៃ ក៏​បាន​ស្នើ​សុំ​ឲ្យ​ផ្សឹក​​ព្រះសង្ឃដែល​វាយ​ខ្លួន​ផង​ដែរ ប៉ុន្តែ​ទីបំផុត​​​​បាន​ព្រមព្រៀងត្រង់​ចំណុច​នេះ បន្ទាប់ពី​មានការ​ជំទាស់ពី​វត្ត​។

ព្រះតេជគុណ ឃឹម សន ​ព្រះ​មេគណ​រាជ​​​ធានី​ភ្នំពេញ​​​​បាន​ទទួល​ស្គាល់​ថា ព្រះសង្ឃ​ទាំង​​​​ប្រាំ​មួយ​អង្គ​នេះបាន​​​ប្រើ​អំពើ​ហិង្សា​មែន ជា​ការ​​ប្រព្រឹត្ត​ផ្ទុយ​នឹង​វិន័យសង្ឃ​ ប៉ុន្តែ​​ព្រះអង្គ​បាន​លើក​ឡើង​ថា ព្រះសង្ឃ​ទាំង​នេះ​​​​មិន​គួរ​ត្រូវ​ផ្សឹក​ទេ​ ពីព្រោះ​​​កំហុស​​​​នេះ​មិន​ធ្ងន់ធ្ងរ​​ទេ។

​​ព្រះអង្គ​មាន​សង្ឃដីកា​ថា “​យើង​​មិន​ផ្សឹក​ព្រះសង្ឃ​ទាំង​នេះ​ទេ ពីព្រោះ​ព្រះអង្គ​បាន​ប្រព្រឹត្ត​បទ​ល្មើស​​​តូច​តាច​តែ​ប៉ុណ្ណោះ ប៉ុន្តែ​គួរ​ត្រូវ​ដាក់​ទណ្ឌកម្ម​​តាម​វិន័យ​​សង្ឃ​​វិញ​ ដោយ​ព្រះ​អង្គពន្យល់​ថា ព្រះសង្ឃ​ទាំង​នេះ​គួរ​ត្រូវធ្វើការ​​ “អប់រំ”។

ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​អាទិត្យ​គឺជា​​​ការ​វាយ​ប្រហារ​ថ្មីបំផុត​​​ ​​បន្ទាប់​ពី​មាន​ជម្លោះ​ និង​រឿង​អាស្រូវ​ជាច្រើន​​នៅ​វត្ត​នេះ​​។ កាល​​​ពី​ដើម​ខែ​នេះ ​​​មាន​ការ​ចោទ​ប្រកាន់​ថា ​ព្រះ​​​សង្ឃ​មួយ​អង្គ​គង់​នៅ​វត្ត​នេះ​​​​បាន​​​​យក​​ពុទ្ធប្ប​​​ដិមា​​ទៅ​បោះចោល​ក្នុង​ស្រះទឹក​ បង្ក​ឲ្យ​មាន​​ភាព​ចលាចល​​​នៅ​ពេល​អ្នក​គាំទ្រ​ព្រះអង្គ​​បាន​សម្រុក​ចូល​ទៅ​ក្នុង​វត្ត​ដោយ​បារម្ភ​ថា ព្រះអង្គ​នឹង​ត្រូវ​គេ​ផ្សឹក​។

​ព្រះតេជគុណ យឹម ឯកវុត្ថា បាន​មាន​សង្ឃ​​​ ដីកា​ថា ភាព​ចម្រូងចម្រាស​បាន​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​ ដល់​កេរ្តិ៍​ឈ្មោះ​វត្តយ៉ាងខ្លាំង​។ ព្រះអង្គ​មាន​សង្ឃដីកា​ថា ​”​ឥឡូវ​នេះ​យើង​​​ឃើញ​ថា មាន​ការ​​​​លំបាក​ណាស់​សម្រាប់​ព្រះសង្ឃ​ក្នុង​ការ​និមន្ត​​ទៅ​បិណ្ឌបាត​។ យើង​មិន​ដែល​​​​ឲ្យ​​​ពុទ្ធ​​​បរិស័ទ​​ដឹង​ថា យើង​មក​ពី​វត្ត​ស្ទឹងមានជ័យ​ទេ​​ ពីព្រោះ ​​យើង​បារម្ភ​ថា ​ពួកគាត់​អាច​ស្អប់​យើង ដោយ សារ​​វត្ត​នេះ​មាន​រឿង​អាស្រូវ​ច្រើន​”៕ សារុន​​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស