មិនដល់មួយខែផងបន្ទាប់ពីក្រុមហ៊ុនភ្នំពេញថូលវេ (Phnom Penh Tollway) បានចាប់ផ្តើមយកលុយពីអ្នកធ្វើដំណើរតាមផ្លូវវេងស្រេងដែលមានរោងចក្ររាប់រយអមតាមដងផ្លូវនៅជាយរាជធានី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា រដ្ឋាភិបាលនឹងទិញយកកិច្ចសន្យាវិនិយោគពីក្រុមហ៊ុនឯកជននេះមកវិញ ហើយបញ្ឈប់ការយកលុយតាមបញ្ជរបង់ប្រាក់ដើម្បីជាកាដូឆ្នាំថ្មីជូនប្រជាពលរដ្ឋ ។
ពេលថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រនៅកោះពេជ្រ លោក ហ៊ុន សែន បានលើកឡើងថា កិច្ចសន្យាគ្រប់គ្រងផ្លូវរយៈពេល៣០ឆ្នាំរបស់ក្រុមហ៊ុន ថូលវេ ដែលចំណាយប្រាក់ស្ថាបនាអស់១០,៥លានដុល្លារត្រូវចាត់ទុកជាមោឃៈ គិតត្រឹមពាក់កណ្តាលយប់ថ្ងៃអាទិត្យទៅ ហើយលោកបានជំរុញឲ្យរោងចក្រយកប្រាក់ដែលសល់ពីការបង់ថ្លៃលើការប្រើប្រាស់ផ្លូវនេះទៅដំឡើងប្រាក់ខែឲ្យកម្មករ ឬយ៉ាងហោចណាស់រៀបចំពិធីជប់លៀងមួយឲ្យពួកគាត់។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “វាគឺជាការសម្រេចចិត្តភ្លាមៗ ប៉ុន្តែ ខ្ញុំគិតថា វាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ”។លោក បានបន្ថែមថា លោកបានពិភាក្សាជាមួយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងជួយសម្រួលកិច្ចការនេះរួចហើយ។
លោកបានថ្លែងថា “ខ្ញុំបានប្រាប់ [ពួកគាត់] ឲ្យយកវាត្រឡប់មកវិញ ហើយ [យើង] នឹងសងប្រាក់ដល់អ្នកស្ថាបនាវិញ ប៉ុន្តែ ការយកលុយត្រូវបញ្ឈប់ចាប់ពីពាក់កណ្តាលយប់[ថ្ងៃអាទិត្យ] ទៅ”។
ផ្លូវឧស្សាហកម្មប្រវែង៦,៥គីឡូម៉ែត្រនេះត្រូវបានពង្រីកដល់២៨ម៉ែត្រ ហើយវាត្រូវបានស្ថាបនាឡើងវិញក្នុងពេលថ្មីៗនេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់រថយន្តធំៗ ដែលដឹកសម្លៀកបំពាក់ និងស្បែកជើងចេញពីរោងចក្ររាប់រយដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ ក៏ដូចជាសម្រាប់រថយន្តរាប់រយ ដែលដឹកជញ្ជូនកម្មកររាប់មឺុននាក់ ទៅធ្វើការជារៀងរាល់ថ្ងៃ។កាលពីថ្ងៃទី១ ខែធ្នូ ក្រុមហ៊ុន ថូលវេ បានចាប់ផ្តើមយកលុយ ក្នុងចន្លោះពី ០,២៥ ដុល្លារ ដល់២,៥០ដុល្លារ អាស្រ័យតាមប្រភេទរថយន្ត។
នៅក្នុងសុន្ទរកថារបស់ខ្លួនកាលពីម្សិលមិញ លោក ហ៊ុន សែន បានលើកឡើងថា ឥឡូវនេះ អ្នកគ្រប់គ្រងរោងចក្រមានប្រាក់សល់ច្រើនដែលគួរតែត្រូវបានប្រើប្រាស់ដើម្បីដំឡើងប្រាក់ខែ ឬរៀបចំពិធីជប់លៀងឲ្យកម្មករ ឬបុគ្គលិកនៅថ្ងៃទិវាពលកម្ម ដែលជារឿយៗគេតែងតែឃើញកម្មកររាប់ពាន់នាក់ប្រមូលផ្តុំគ្នាទាមទារលក្ខខណ្ឌការងារល្អប្រសើរជាងមុននៅក្នុងរាជធានីភ្នំពេញ និងនៅកន្លែងតវ៉ាទូទាំងពិភពលោកនៅថ្ងៃទី១ ខែឧសភា ។
លោកបានមានប្រសាសន៍ថា “រោងចក្រដែលទទួលបានប្រយោជន៍ពីចំណាត់ការនេះគួរតែយកលុយនេះទៅធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់កម្មករកាត់ដេរប្រសើរឡើង ឬយ៉ាងហោចណាស់យកលុយនេះទៅរៀបចំពិធីជប់លៀងប្រចាំឆ្នាំនៅខែឧសភា”។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងក្នុងសារបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា ការសម្រេចទិញយកកិច្ចសន្យាវិនិយោគពីក្រុមហ៊ុន ថូលវេមកវិញ ធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរពីប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវវេងស្រេងនេះ។
លោកបានសរសេរថា “វាជាកាដូឆ្នាំថ្មីជូនជនរួមជាតិ”។
លោក ហ៊ុន សែន មិនបានបញ្ជាក់ថា តើក្រុមហ៊ុន ថូលវេ នឹងទទួលបានសំណងប៉ុន្មានឡើយសម្រាប់ការបាត់បង់កិច្ចសន្យារបស់ខ្លួន។ ក្រុមហ៊ុន ថូលវេ មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា សាលារាជធានីបានទទួលបទបញ្ជាពីការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី ប៉ុន្តែ ថា ប្រាក់ដែលនឹងត្រូវសងទៅឲ្យក្រុមហ៊ុន ថូលវេ វិញនៅមិនទាន់មានការពិភាក្សានៅឡើយទេ។
លោកបានលើកឡើងថា សាលារាជធានីនឹងបង្កើតគណៈកម្មការចំពោះកិច្ចដែលមានសមាសភាពជាតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលារាជធានី ក្រុមហ៊ុន ថូលវេ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតក្នុងពេលឆាប់ៗ “ដើម្បីពិនិត្យកិច្ចសន្យានេះហេតុដូច្នេះ យើងអាចវាយតម្លៃបានថា តើប្រាក់ចំនួនប៉ុន្មានត្រូវសងទៅក្រុមហ៊ុនវិញ”។
លោក ហ៊ុន សែន ក៏បានលើកឡើងក្នុងសុន្ទរកថារបស់លោកផងដែរថា លោកបានពិភាក្សាពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អំពីបញ្ជរបង់ប្រាក់នៅតាមផ្លូវជាតិលេខ៤ ដែលគ្រប់គ្រងដោយលោក អឹុង ប៊ុនហូវ អតីតរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងដែលក៏ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះខឹងដែរនោះ។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ការយកវាមកគ្រប់ គ្រងដោយរដ្ឋវិញ “មិនអាចទៅរួចទេ” ៕ស៊ុយឈាង