26 C
Phnom Penh

តុលា​​​ការ​​​ក្រុង​​​បើក​​​សវនា​​​ការ​​​ជំនុំ​​​ ជម្រះ​​​អតីត​​​ភរិយា​​​ឧកញ៉ា​​​ម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលា​​​ការ​​​ក្រុង​​​ភ្នំពេញ​​​នៅ​​​ថ្ងៃ​​​នេះ​​​បាន​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​អតីត​​​ភរិយា​​​​​​របស់​​​ឧកញ៉ា​​​ម្នាក់​​​​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​​​​កាល​​​ពី​​​ខែ​​​មករាតាម​ការ​ចោទ​​​​​​​ប្រកាន់ពីបទ​​​ផ្តើម​​​គំនិត​​​​រំលោភ និង​​​សម្លាប់​ភរិយា​ និង​កូនស្រី​របស់​​​​លោក ស៊ុន ចាន់​​​ថុល រដ្ឋ​​​មន្ត្រី​​​​ក្រសួង​ពាណិជ្ជកម្ម។​​​​​​​​​​​​

អ្នកស្រី ​​​ឡាយ​ ហួង​ អាយុ ៤៩​​​ឆ្នាំ ត្រូវ​បាន​​ធ្វើ​​បត្យា​​ប័ន​ពី​ប្រទេស​ថៃ​​កាលពី​ខែ​ធ្នូ ឆ្នាំ​​​មុន​​​​ ​បន្ទាប់​ពី​ត្រូវ​នគរ​បាល​ថៃ​​បាន​​ចាប់​ខ្លួន​​​​​​​ពាក់​ព័ន្ធ​​​​នឹង​​​ការ​រៀប​​​ចំ​​​​ផែនការ​​មួយ​កាលពី​ឆ្នាំ​២០១០​ ដើម្បីចូល​​ទៅ​ក្នុង​​វីឡា​​​​​របស់​​លោក​ ស៊ុន ចាន់ថុល ដើម្បី​​​​​រំលោភ​និង​ធ្វើឃាត​កូនស្រី​ និង​ភរិយា​រប​ស់​​លោក​ ដែល​​​ជា​​​​​​​​បង​ប្អូន​​​​ស្រី​របស់​លោក​ ខូវ​ ផល្លា​បុត្រ។​​​​​​​​​​ លោក ខូវ ផល្លាបុត្រ ឧកញ៉ា​​​ផ្នែក​​​សំណង់​​​ គឺ​​​ជា​អតីត​​​ស្វាមី​របស់​​​​លោកស្រី​ ឡាយ ហួង។

លោក​​​ស្រី ឡាយ ហួង បាន​​​ប្រាប់​​​តុលាការ​​​ថា លោក​​​ស្រី​​​មិន​​​បាន​​​ជាប់​​​​​​ពាក់​​​ព័ន្ធ​​​​​​នឹង​​​ការ​​​រៀប​​​ចំ​​​​​​គម្រោង​​​​​​​​​​​​សម្លាប់​ភរិយា​ និង​កូនស្រី​របស់​​​​លោក ស៊ុន ចាន់​​​ថុល​​​ទេ។

លោកស្រី ឡាយ ហួង បាន​​​និយាយ​​​ថា ” ​​​ខ្ញុំ​​​ជា​​​មនុស្ស​​​ស្លូត​​​ត្រង់​​​ សូម្បី​​​តែ​​​ត្រី​​​ខ្ញុំ​​​មិន​​​ហ៊ាន​​​ច្របាច់​​​ក​​​ផង ឲ្យ​​​ខ្ញុំ​​​​​​សម្លាប់​​​មនុស្ស​​​ដើម្បី​​​អី”។

​​​​​​​​​​​​​​​​​​លោកស្រី ឡាយ ហួង ក៏​​​បាន​​​ស្នើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​ដែរ ប៉ុន្តែ​​​​​​​​​តុលាការ​​​បាន​​​បដិសេធ​​​ ដោយ​​​សារ​​​រឿង​​​ក្តី​​​នោះ​​​ជា​​​រឿង​​​ព្រហ្ម​​​ទណ្ឌ។

លោក សាន សុផាត ចៅ​​​ក្រម​​​ជំនុំ​​​ជម្រះ ​​​បាន​​​​​​​​​អាន​​​សេចក្តី​​​សម្រេច​​​ថា “តុលាការ​​​សម្រេច​​​មិន​​​យល់​​​ព្រម​​​​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​បាន​​​ទេ ដោយសារ​​​រឿង​​​ក្តី​​​នេះ​​​ជា​​​រឿង​​​ព្រហ្ម​​​ទណ្ឌ​​​”។​​​​​​

សំណុំរឿង​​​​​​​នេះ​​​បាន​ធ្វើ​ឲ្យ​ភរិយា​របស់​ឧកញ៉ា ខូវ ជឺលី ដែល​ជា​ឪពុក​របស់​លោក ខូវ ផល្លាបុត្រ ជាប់​ពន្ធនាគារ​២០​ឆ្នាំ​​​ពីបទ​រៀប​​​ចំ​​​គម្រោង​ទម្លុះ​ចូល​វីឡា​របស់​លោក ស៊ុន ចាន់ថុល នៅ​ក្នុងក្រុង​​​​ភ្នំពេញ ដើម្បី​​​ធ្វើ​បាប​ភរិយា ​និង​កូនស្រី​របស់​លោក​។

យោង​តាម​សាល​​​ក្រម​​​​​​​របស់​​​​តុលាការ​​​​​​​ក្រុង​​​​ភ្នំពេញ​កាលពី​​​​ឆ្នាំ​២០១១ ដែល​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ និង​តុលាការ​កំពូល​​​​តម្កល់ទុក​ជាបាន​ការ​​​​ឲ្យ​ដឹង​ថា លោកស្រី ខូវ សេងចន្តា ភរិយា​​​​របស់​​​លោក ខូវ ជឺលី គឺជា​​មេខ្លោង​នៅ​ពីក្រោយ​ផែន​ការ​​​​ដែល​​​​ជាប់​​​ពាក់​ព័ន្ធ​នឹង​អ្នក​បម្រើ​​​​ពីរ​​​​នាក់ និង​ឃាតករ​ម្នាក់​​​ដែល​បាន​ជាប់ពន្ធនាគារ​ដែរ​។

សវនាការ​​​នឹង​​​បន្ត​​​នៅ​​​ថ្ងៃ​​​ទី​​​២១ ខែ​​​មករា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស