26 C
Phnom Penh

នាយករដ្ឋមន្ត្រី​សន្យា​​ដាក់​បម្រាម​​លើ​​លិខិត​ឆ្លងដែន​សញ្ជាតិ​ពីរ​សម្រាប់​​ប្រធាន​​បក្ស​នយោ​បាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាលពី​ម្សិលមិញ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន បាន​ប្រកាស​​ផែនការ​ធ្វើ​វិសោធន​កម្ម​​ច្បាប់​បោះ​ឆ្នោត​​​ ដើម្បី​រារាំង​ពលរដ្ឋ​កម្ពុជា ​ដែល​មាន​សញ្ជាតិ​ពីរ​មិន​ឲ្យ​ធ្វើ​ជា​​​ប្រធាន​គណ​​បក្ស​នយោបាយ ជា​ចំណាត់​​ការ​មួយ​​ដែល​​​​​​តម្រង់​​​​ទៅ​រក​លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​​​​សង្គ្រោះ​​ជាតិ​ ហើយ​​​​មាន​ប្រសាសន៍​ថា លោក​​​នឹង​កាត់​ដៃ​ស្ដាំ​ខ្លួន​ឯង​គ្រវាត់​ចោល​ ប្រសិន​បើ​លោក​រៀបចំ​​​ឲ្យ​​មានការ​​​​​លើក​លែង​ទោស​​​ម្ដង​​ទៀត​សម្រាប់​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​និរទេស​​ខ្លួន​រូប​នេះ​។

​បច្ចុប្បន្ន លោក សម រង្ស៊ី ដែល​​​មាន​សញ្ជាតិ​​​ពីរ​គឺ​សញ្ជាតិ​ខ្មែរ និង​បារាំង កំពុង​រស់​នៅ​និរ​ទេស​ខ្លួន​​​ដើម្បី​​គេច​​វេះ​​ទោស​​​​ជាប់​ពន្ធនាគារ​​​​សម្រាប់​​ការ​ផ្ដន្ទាទោស​​​មួយ​​​​នៅ​ក្នុង​ឆ្នាំ​២០១១​ពីបទ​​បរិហារកេរ្តិ៍​លោក ហោ ណាំហុង រដ្ឋមន្ត្រី​​​ក្រសួង​ការ​បរទេស។

នៅ​ខែ​មីនា ​​​ពោល​គឺ​​ប៉ុន្មាន​ខែ​បន្ទាប់ពី​ការ​​ចរចា​យ៉ាង​តាន​តឹង​ គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​​ព្រម​ព្រៀង​​​​​​លើ​ការ​ធ្វើ​វិសោធនកម្ម​មួយ​ចំនួន​​​​នៃ​ច្បាប់​បោះ​ឆ្នោត ក្នុង​នោះ​រួម​មាន​ទាំង​​​​បម្រាម​​​​​លើ​​ពលរដ្ឋ​ដែល​​មាន​​សញ្ជាតិ​ពីរ​មិន​ឲ្យ​កាន់​​តំណែង​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ផង​ដែរ​។

នៅ​ឯ​ពិធី​ប្រគល់​សញ្ញា​បត្រ​​​​ដល់​និស្សិត​សាកល​វិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ម្សិល​មិញ លោក ហ៊ុន សែន ​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​ក​ម្ពុជា​ នឹង​ពង្រីក​បម្រាម​​​​នេះ​​ទៅ​ដល់​​​​ប្រធាន​គណបក្ស​នយោបាយ​នៅ​​​​ក្នុង​​ឆ្នាំ​ថ្មី​។

​លោក​ថ្លែង​ថា “​យើង​មាន​ច្បាប់​មួយ​រួច​ទៅ​​ហើយ​ ប្រធាន ​​និង​សមាជិក​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត​​​ត្រូវ​តែ​ជា​សញ្ជាតិ​ខ្មែរ​។ ដូច្នេះ​ពេល​ខាង​មុខ​​​ ច្បាប់​ស្ដីពី​បក្ស​នយោ​​​​បាយ​​ចាំបាច់​ត្រូវ​កំណត់​​ ប្រធាន​​បក្ស​​នយោ​បាយ​​ ត្រូវ​ជា​សញ្ជាតិ​ខ្មែរ​តែមួយ​​ទេ​ ដើម្បី​​​ចៀស​វាង​​​​​​​មាន​រឿង​​អី​​​ កាន់​ប៉ាស្ព័រ​បរទេស​រត់​ឲ្យ​​បរទេស​​​អន្តរាគមន៍​”។

លោក​​បាន​លើក​ឡើង​ទៀត​​ថា បម្រាម​នេះ​​​​ក៏​នឹង​ពង្រីក​ទៅ​ដល់​ប្រធាន​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា ​ប្រធាន​តុលាការ​កំពូល និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយ​ផង​ដែរ​។ លោក​គូស​បញ្ជាក់​ថា ​​​នៅ​ឆ្នាំ​ក្រោយ ​​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​​នឹង​​ធ្វើ​ឲ្យ​​​វប្បធម៌​សន្ទនា​​​ ជា​កិច្ច​​ព្រម​​ព្រៀង​ក្រៅ​ផ្លូវ​ការ​​​ដែល​គណបក្ស​ទាំង​ពីរ​​បាន​​​​​​ចុះ​ហត្ថលេខា​​​កាលពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៤ ​​​ដើម្បី​​ឈប់​​​ប្រើ​​សារ​នយោបាយ​​វាយ​​​​ប្រហារ​គ្នា​​ទៅ​វិញ​​ទៅ​មក ឲ្យ​ក្លាយ​ជា​ច្បាប់​ផង​ដែរ​។

​លោក​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា ”​​ខ្ញុំ​សូម​គូស​បញ្ជាក់​​​ពី​វប្បធម៌​​សន្ទនា​ នឹង​លើក​ដាក់​​ចូល​ក្នុង​ច្បាប់​។ បើ​អ្នក​ឯង​ជេរ​គេ​ អ្នក​ឯង​ជាប់​គុក​ម៉េច​ ​មិន​មែន​ជាប់​ទោស​​ក្នុង​តែ​រង្វង់​យុទ្ធនាការ​​ [បោះ​ឆ្នោត​] ​១ខែ​ទេ”។

គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ចោទ​ប្រកាន់​​គណបក្ស​ប្រឆាំង​​​​ថា​បាន​បំពាន​​កិច្ច​ព្រម​ព្រៀង​​​ក្រៅ​ផ្លូវ​ការ​នេះ​​ម្ដង​ហើយ​ម្ដង​ទៀត​។ ចាប់​តាំងពី​ពេល​នោះ​មក​ លោក ហ៊ុន សែន ខ្លួន​ឯង​​​​បាន​ព្រមាន​ថា នឹង​មាន​អំពើ​ហិង្សា​​ទ្រង់​ទ្រាយ​​​ធំ​កើត​ឡើង​ ប្រសិន​បើ​​គណបក្ស​សង្គ្រោះ​ជាតិ​​​ឡើង​កាន់​អំណាច​ ថ្វី​បើ​មាន​​​ក្រម​សីលធម៌​​នៃ​វប្បធម៌​សន្ទនា​​​ដែល​រួម​​បញ្ចូល​ទាំង​បម្រាម​​​​លើ​ការ​ព្រមាន​​​​អំពី​សង្គ្រាម​បែប​នេះ​​ក្តី​។ លោក​​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​​ថា ពាក្យ​សម្ដី​​​របស់​លោក​មិន​បាន​បំពាន​​​វិធាន​ទាំង​នោះ​ទេ ពីព្រោះ​ការ​ព្រមាន​របស់​លោក​មាន​​លទ្ធភាព​ខ្ពស់​អាច​​នឹង​ក្លាយ​ជា​ការ​ពិត​។

​លោក​​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​​ថា ដោយ​គណបក្ស​​កាន់​អំណាច​​​មាន​សំឡេង​ភាគច្រើន​ដាច់​ខាត​​ក្នុង​សភា ​គម្រោង​របស់​លោក​សម្រាប់​ឆ្នាំ​២០១៥​​មិន​អាច​​បញ្ឈប់​បាន​​​​ឡើយ​។ ​លោក​ថ្លែង​ថា “​បើ​គណបក្ស​​ណា​មួយ​មិន​អនុម័ត​ យើង​មាន​អំណាច​គ្រប់​គ្រាន់​ដើម្បី​អនុម័ត​ច្បាប់​នេះ​។ នេះ​គឺ​ជា​សារ​នយោបាយ​​សម្រាប់​​​​​ចុង​ឆ្នាំ​ ពីព្រោះ​​យើង​នឹង​​ធ្វើ​វា​នៅ​ឆ្នាំ​ក្រោយ​”។

ទោះ​ជា​យ៉ាង​ណា លោក សុក សំអឿន ជា​មេធាវី និង​ជា​អ្នក​តស៊ូ​មតិ​​ដើម្បី​​ការ​ពារ​សិទ្ធិ​មនុស្ស​​​​ដ៏​សំខាន់​​មួយ​រូប​​បាន​លើក​ឡើង​​ថា បម្រាម​​លើ​​ប្រធាន​គណ​បក្ស​​​ដែល​​​កាន់​​លិខិត​​ឆ្លង​ដែន​សញ្ជាតិ​ពីរ នឹង​​​តម្រូវ​ឲ្យ​​​​ធ្វើ​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ​​ដែល​​គណបក្ស​ប្រជា​ជន​កម្ពុជា​ មិន​អាច​ធ្វើ​​​បាន ពីព្រោះ​វា​ត្រូវ​ការ​​ការ​គាំទ្រ​ពី​​តំណាង​រាស្ត្រ​២ភាគ៣។​​ ​

​លោក​មាន​ប្រសាសន៍​អំពី​ផែនការ​របស់​លោក ហ៊ុន​ សែន ដាក់​បម្រាម​លើ​សញ្ជាតិ​ពីរ​​​​​ដោយ​ប្រើ​តែ​ច្បាប់​​ស្ដីពី​គណបក្ស​នយោបាយ​ថា ​”​សម្រាប់​ខ្ញុំ​យល់​ថា វា​មិន​ស្រប​តាម​រដ្ឋធម្ម​នុញ្ញ​​ទេ។ រដ្ឋ​ធម្មនុញ្ញ​គ្រាន់​តែ​ចែង​ថា​​សញ្ជាតិ​ខ្មែរ​​ប៉ុណ្ណោះ វា​មិន​មាន​ចែង​អំពី​សញ្ជាតិ​​ពីរ​ទេ​។ ​ដូច្នេះ​ប្រសិន​បើ​ចង់​ធ្វើ​បែប​នោះ​ គួរ​តែ​ធ្វើ​​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ​ជាមុន​សិន​”។

​​សូម​​រំឭក​ថា ​កាលពី​មុន​​លោក​ ហ៊ុន សែន ​ធ្លាប់​បាន​ស្នើ​​ឲ្យ​មាន​បម្រាម​លើ​សញ្ជាតិ​ពីរ​​​នេះ​រួច​មក​ហើយ​។ កាល​ពីខែ​ធ្នូ ឆ្នាំ​២០១៤ លោក​​គ្រាន់​តែ​ស្នើ​បម្រាម​​បែប​នេះ​សម្រាប់​តំណាង​រាស្ត្រ​ និង​មុខ​តំណែង​​​​​នៅ​ក្នុង​​អង្គ​នីតិ​ប្រតិបត្តិ​មួយ​ចំនួន​ប៉ុណ្ណោះ ប៉ុន្តែ​​លោក​មិន​ប្រញាប់​​ធ្វើ​វា​ឡើយ។ ប៉ុន្មាន​ខែ​មុន​នោះ ​ពោល​​​គឺ​នៅ​ខែ​មីនា​ក្នុង​ឆ្នាំ​នោះ ​លោក ជាម យៀប តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​កំពុង​ពិចារណា​​ការ​​ធ្វើ​​​វិសោធនកម្ម​ច្បាប់​ដែល​នឹង​ហាម​ប្រាម​ពល​រដ្ឋ​មាន​សញ្ជាតិ​ពីរ​​មិន​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​។

​ពេលនោះ​ ​ខណៈ​វិល​​ត្រឡប់​មក​​ប្រទេស​​​​​​កម្ពុជា​វិញ ក្រោយ​ពី​​ទទួល​បាន​​ការ​លើក​លែង​​​​ទោស​​​ជា​លើក​ទី២ លោក សម រង្ស៊ី បាន​ថ្លែង​ថា លោក​​ត្រៀម​ខ្លួន​​​បោះ​បង​សញ្ជាតិ​បារាំង​ របស់​លោក​ ហើយ​លែង​ត្រូវ​ការ​ប្រទេស​នេះ​​​ធ្វើ​ជា​ “​កន្លែង​​មាន​សុវត្ថិភាព​​” ដើម្បី​គេច​ខ្លួន​ពី​ការ​​​​បំភិត​បំភ័យ​ពី​សំណាក់​​គណបក្ស​ប្រជាជន​កម្ពុជា​ ទៀត​ហើយ។ ​

លោក​បាន​​មាន​ប្រសាសន៍​កាលពី​ឆ្នាំ​មុន​ថា “​ពេល​​នេះ ​កម្លាំង​​របស់​ខ្ញុំ​គឺ​ការ​គាំទ្រ​របស់​​​ប្រជា​ពលរដ្ឋ​ខ្មែរ។ ​ជា​មួយ​នឹង​​កម្លាំង​នេះ និង​​​​​​​​​ដោយមាន​​​ការ​គាំទ្រ​កើន​ឡើង​​​លើស​​លប់​ពី​​ប្រជាពលរដ្ឋ​ខ្មែរ ខ្ញុំ​​មាន​ភាព​​រឹង​មាំ​ ​ខ្ញុំ​មិន​​​ត្រូវ​ការ​អ្វី​ទៀត​ទេ​​​”។

​កាល​ពី​ម្សិល​​មិញ លោក សម រង្ស៊ី មិន​បាន​​ឆ្លើយតប​​​​ភ្លាមៗ​​ទេ​ទៅ​នឹង​សំណើ​សុំ​ការ​បំភ្លឺ​ជុំវិញ​​​ការ​លើក​ឡើង​​​ចុង​​ក្រោយ​នេះ​របស់​​​លោក​​​​​នាយក​រដ្ឋមន្ត្រី។ ប្រធាន​គណបក្ស​ប្រឆាំង​​​​រូប​នេះ​បាន​បន្ត​​​​និរទេស​ខ្លួន​​​កាលពី​ខែ​មុន ​ហើយ​​​បាន​ប្ដេជ្ញា​វិល​​ត្រឡប់​មក​​កម្ពុជា វិញ​នៅ​ប៉ុន្មាន​​​​​សប្ដាហ៍ ឬ​​ប៉ុន្មាន​ខែ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨។​

​ទោះ​ជា​យ៉ាង​ណា អំឡុង​សុន្ទរកថា​កាល​ពី​​ម្សិលមិញ ​​លោក ហ៊ុន សែន ​មាន​ប្រសាសន៍​ថា លោក​នឹង​កាត់​ដៃ​ស្ដាំ​ខ្លួន​ឯង​ចោល​ ប្រសិន​​បើ​លោក​​​​រៀបចំ​ឲ្យ​មាន​ការ​លើក​លែង​ទោស​​​ជា​លើកទី៣​សម្រាប់​លោក សម រង្ស៊ី ដែល​លោក​ចោទ​​ប្រកាន់​ថា​​ភូត​កុហក​ប្រជា​ពល​រដ្ឋ​​ខ្មែរ​តាម​រយៈ​ការ​សន្យា​​ថា នឹង​ទទួល​​ជ័យ​ជម្នះ​​នៅ​ក្នុង​ឆ្នាំ​២០១៨ ពីព្រោះ​លោក​​​ធ្លាប់​បាន​រៀបចំ​​ឲ្យ​មាន​ការ​លើក​លែង​ទោស​ចំនួន​ពីរ​លើក​រួច​មក​ហើយ​។​​​​​

លោក​​​បាន​មាន​ប្រសាសន៍​ថា ”​​​បើ​ខ្ញុំ​ចុះ​ហត្ថលេខា​​​​​​​​លើក​ទី៣​ ​​​ខ្ញុំ​​នឹង​កាត់​ដៃ​ស្ដាំ​ខ្លួន​ឯង​​គ្រវាត់​ចោល​តែ​ម្ដង។ ​​ទាល់​​តែ​​ធ្វើ​អញ្ចឹង [ការ​​​​មិន​ចុះ​ហត្ថលេខា​] ទើប​អ្នក​ឯង​មិន​អាច​​​រត់​ចេញ​​ទៅ​ក្រៅ​ដើម្បី​បោក​គេ​​ទៀត​”៕ សុខុម

(រាយការណ៍​បន្ថែម​ដោយ Zsombor Peter)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស