ប៉ូលិសខេត្តព្រះសីហនុបាននិយាយថា ស្ត្រីជាម្តាយ និងកូនស្រីគាត់ម្នាក់ដែលត្រូវជនល្មើសម្នាក់បានកាប់ពួកគាត់ និងសមាជិកគ្រួសារប្រាំនាក់ទៀតនៅផ្ទះរបស់ពួកគេ ក្នុងសង្កាត់១ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃអង្គារ បានស្លាប់នៅថ្ងៃនេះ ដោយសារទទួលរងរបួសធ្ងន់ពេក។
លោក គង់ ភារម្យ ដែលត្រូវជាប្តីស្ត្រីរងគ្រោះ បាននិយាយថា ប្រពន្ធគាត់ឈ្មោះ អ៊ុំ ផាន់ណា អាយុ៣១ឆ្នាំ បានស្លាប់កាលពីម៉ោង១រសៀលថ្ងៃនេះ ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងកូនស្រីគាត់អាយុ១៣ឆ្នាំបានស្លាប់ប្រហែលម៉ោង១១ព្រឹកមិញនេះ ពេលបញ្ជូនតាមរថយន្តពីមន្ទីរពេទ្យខេត្តព្រះសីហនុមកកាន់ក្រុងភ្នំពេញ។
ការវាយប្រហារដោយពូថៅនេះបានកើតឡើងនៅម៉ោងប្រហែល១និង៣០នាទីរំលងអធ្រាត្រកាលពីម្សិលមិញក្នុងភូមិ១ សង្កាត់១ ក្នុងពេលដែលជនរងគ្រោះទាំងប្រាំពីរនាក់ គឺមានស្ត្រីអាយុ៣១ឆ្នាំ ម្ដាយគាត់អាយុ៦៧ឆ្នាំ និងកូនប្រាំនាក់របស់គាត់មានអាយុពី១ឆ្នាំដល់១៣ឆ្នាំ កំពុងតែដេកលក់លើគ្រែក្នុងផ្ទះ។
លោក ជួន ណារិន ស្នងការខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ប៉ូលិសកំពុងស៊ើបអង្កេតលើករណីឃាតកម្មនេះនៅឡើយ។
ឧត្តមសេនីយ៍ទោ ជួន ណារិន បានមានប្រសាសន៍ថា “ឥឡូវយើងមានពន្លឺខ្លះហើយលើឃាតកម្មនេះ ប៉ុន្តែការស្វែងរកជនល្មើសមិនងាយស្រួលដូចករណីប្លន់ទេ”។
លោក គង់ ភារម្យ បាននិយាយថា កូនស្រីគាត់អាយុ១០ឆ្នាំ កូនប្រុសអាយុ ៣ឆ្នាំ និង៥ឆ្នាំកំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផាក្នុងក្រុងភ្នំពេញ ចំណែកឯកូនប្រុសអាយុ១ឆ្នាំត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ហើយមើលថែទាំដោយម្ដាយមីង។
កាលពីម្សិលមិញ ជនរងគ្រោះបីនាក់ដែលរួមមាន អ៊ុំ ផាន់ណា ម្ដាយគាត់អាយុ៦៧ឆ្នាំ ឈ្មោះ ទូច សំអូន និងកូនប្រុសគាត់អាយុ៥ឆ្នាំ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងក្រុងភ្នំពេញ។
លោក គង់ ភារម្យ បាននិយាយថា គាត់មិនដឹងថាហេតុអ្វីបានជាគ្រួសាររបស់គាត់ត្រូវឃាតករកាប់នឹងពូថៅទេ ប៉ុន្តែថា គាត់ធ្លាប់មានជម្លោះតូចតាចមួយពាក់ព័ន្ធនឹងកម្មសិទ្ធិដីធ្លី៕