យោងតាមនគរបាលបានឲ្យដឹងថា ស្ត្រីពីរនាក់នៅសល់ជីវិតរស់ទាំងត្រដរកាលពីយប់មិញ បន្ទាប់ពីជនល្មើសម្នាក់ប្រដាប់ដោយពូថៅ បានកាប់ពួកគាត់ និងសមាជិកគ្រួសារប្រាំនាក់ទៀតនៅផ្ទះរបស់ខ្លួន (ជនរងគ្រោះ) ក្នុងសង្កាត់១ ក្រុងព្រះសីហនុ កាលពីរំលងអធ្រាត្រឈានចូលព្រឹកម្សិលមិញ។
លោក ប្រាក់ សុភា នាយប៉ុស្តិ៍សង្កាត់បានមានប្រសាសន៍ថា ការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល១និង៣០នាទីរំលងអធ្រាត្រជិតចំណុចទឹកធ្លាក់ក្បាលឆាយ ក្នុងសង្កាត់នេះ ខណៈជនរងគ្រោះទាំងប្រាំពីរនាក់ដែលមានដូចជា ស្ត្រីអាយុ៣១ឆ្នាំម្នាក់ ម្ដាយអាយុ៦៧ឆ្នាំ និងកូនៗប្រាំនាក់របស់ខ្លួនដែលមានអាយុពី១ឆ្នាំដល់១៣ឆ្នាំ កំពុងដេកលក់លើគ្រែពីរផ្សេងគ្នា។
លោកលើកឡើងថា “នៅម៉ោងប្រហែល១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃនេះ ជនល្មើសបានដើរចូលក្នុងផ្ទះ បើកមុងរបស់គ្រួសារនេះ ហើយយកពូថៅកាប់ទៅលើជនរងគ្រោះទាំងប្រាំពីរនាក់ នៅពេលពួកគាត់កំពុងដេកលក់” ហើយនគរបាលជឿថា ជនល្មើសបានចំណាយពេល១៥នាទីធ្វើសកម្មភាពវាយប្រហារជនរងគ្រោះ មុនពេលគេចខ្លួន។ ”១៥នាទីក្រោយពីការវាយប្រហារកើតឡើង ក្មេងអាយុ១០ឆ្នាំ បានរត់ទៅផ្ទះសាច់ញាតិនៅក្នុងតំបន់នោះ ហើយពួកគេក៏បានប្ដឹងមកនគរបាលសង្កាត់”។
លោកបន្តថា ការស៊ើបអង្កេតបឋមរបស់នគរបាលបង្ហាញថា នេះមិនមែនជាករណីប្លន់ទេ ហើយការសាកសួរជនរងគ្រោះអាយុ១០ឆ្នាំ ធ្វើឲ្យនគរបាលជឿថា ការវាយប្រហារនេះធ្វើឡើងដោយបុរសជនល្មើសតែម្នាក់។
ដោយប៉ាន់ស្មានថា ជម្លោះដីធ្លីនៅក្នុងតំបន់នោះអាចជាប់ពាក់ព័ន្ធនឹងករណីនេះ លោក ប្រាក់ សុភា បានមានប្រសាសន៍ថា “យើងមិនឃើញថាមានវត្ថុមានតម្លៃអ្វីត្រូវបានបាត់បង់ ឬក៏ថាជនសង្ស័យប្លន់គ្រួសារនេះទេ ដូច្នេះយើង សន្និដ្ឋានថា វាជាការសងសឹក។ យើងមិនទាន់រកឃើញភ័ស្តុតាងបន្ថែមទៀតទេ ពីព្រោះយើង កំពុងរង់ចាំសាកសួរបុរសជាប្ដីដែលទៅនេសាទ បាត់ នៅពេលការវាយប្រហារកើតឡើង”។
ពេលទាក់ទងកាលពីល្ងាចម្សិលមិញ លោក ជួន ណារិន ស្នងការខេត្តព្រះសីហនុ បានមានប្រសាសន៍ថា លោកអាចផ្ដល់ព័ត៌មានលម្អិតបានតិចតួចប៉ុណ្ណោះជុំវិញករណីនេះ ពីព្រោះកំពុងស្ថិតក្នុងដំណើរការស៊ើបអង្កេត។
ឧត្ដមសេនីយ៍ទោ ជួន ណារិន បានមានប្រសាសន៍ថា ”ពេលនេះយើងសន្និដ្ឋានថា វាជាការសងសឹក ហើយយើងមានតម្រុយខ្លះហើយពីការស៊ើបអង្កេតនេះ” ប៉ុន្តែលោកបានបដិសេធមិនបញ្ជាក់ថា “តម្រុយ” ទាំងនោះជាអ្វីទេ។
ដោយសាររងរបួសធ្ងន់ធ្ងរ ជនរងគ្រោះបីនាក់គឺ ស្ត្រីអាយុ៣១ឆ្នាំ ម្ដាយអាយុ៦៧ឆ្នាំ និងកូនប្រុសអាយុ៥ឆ្នាំ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនមកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។
លោក ជេមស៍ ម៉ាកខេប (James McCabe) នាយកប្រតិបត្តិការនៃអង្គភាពគាំពារកុមារ (Child Protection Unit) ជាអង្គភាពបង្កើតគោលនយោបាយមួយដែលទទួលបានការឧបត្ថម្ភគាំទ្រពីមូលនិធិកុមារកម្ពុជា ដែលកំពុងជួយដល់ការស៊ើបអង្កេតនេះ មានប្រសាសន៍ថា “ជីដូន និងស្ត្រីជាម្ដាយកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយមានរបួសគំរាមកំហែងដល់អាយុជីវិត ហើយកូនប្រុសរបួសធ្ងន់ ប៉ុន្តែស្ថិតក្នុងសភាពនឹងន”។
លោកបានធ្វើការកត់សម្គាល់ថា ”គោលដៅសំខាន់ [របស់ជនល្មើស] គឺសំដៅទៅរកម្ដាយ និងជីដូន ប៉ុន្តែកូនៗទាំងអស់សុទ្ធតែបានរងរបួស។ ក្មេងប្រុសអាយុ៤ឆ្នាំ បងស្រីអាយុ៨ឆ្នាំ និងបងស្រីម្នាក់ទៀតអាយុ១៤ឆ្នាំកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកកំពង់សោម នៅឡើយក្នុងស្ថានភាពនឹងន” ហើយក្មេងទាំងបីនាក់នេះសុទ្ធតែអាចនិយាយជាមួយនគរបាលបាន ចំណែកឯជនរងគ្រោះអាយុ១ឆ្នាំត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្រោមការមើលថែររបស់ម្ដាយមីង។
នៅពេលសាកសួរអំពីមូលហេតុដែលអាចទៅរួចក្នុងករណីនេះ និងថា តើកំណត់អត្តសញ្ញាណជនសង្ស័យណាម្នាក់បានហើយឬនៅ លោក ជេមស៍ មា៉កខេប គ្រាន់តែឆ្លើយថា វាកំពុងស្ថិតក្នុងដំណើរការស៊ើបអង្កេត។ លោកមានប្រសាសន៍ថា “វាឆាប់រហ័សពេកហើយ ព្រោះវាអាចជាការស៊ើបអង្កេតរយៈពេលវែង។ ក្នុងដំណាក់កាលនេះ យើងរកមិនឃើញថា តើបាត់បង់របស់របរអ្វីខ្លះទេ”។
នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតកាលពីរសៀលម្សិលមិញ លោក គង់ ភារម្យ ត្រូវជាប្ដី កូនប្រសា និងជាឪពុករបស់ជនរងគ្រោះដែលចេញទៅសមុទ្របាត់ នៅពេលការវាយប្រហារពេលរំលងអធ្រាត្រនេះកើតឡើង បាននិយាយក្នុងទឹកមុខស្រពាប់ស្រពោនថា គាត់មិនដឹងច្បាស់ថាហេតុអ្វីបានជាគ្រួសាររបស់គាត់រងការវាយប្រហារបែបនេះទេ ប៉ុន្តែថា គាត់ធ្លាប់មាន “ជម្លោះតូចតាច” មួយពាក់ព័ន្ធកម្មសិទ្ធិដីធ្លី។
គាត់រៀបរាប់ថា “ខ្ញុំបានសង់ផ្ទះរបស់ខ្ញុំលើដីរដ្ឋ ប៉ុន្តែដីរដ្ឋនោះត្រូវបានលក់ទៅឲ្យទៅអ្នកផ្សេង ហើយបន្ទាប់មកក៏បន្តលក់ទៅឲ្យអ្នកផ្សេងទៀត។ ខ្ញុំមានបញ្ហាតូចតាចជាមួយអ្នកដែលពេលនេះអាងថាជាម្ចាស់កម្មសិទ្ធិដី ប៉ុន្តែយើងមិនដែលនិយាយគ្នាទល់មុខទេ”។
គាត់បន្ថែមថា គាត់បានឮថា ពេលនេះម្ចាស់ដីដែលគាត់និយាយថា ជាជនជាតិចិន កំពុងជាប់ពន្ធនាគារ ប៉ុន្តែគាត់គ្រោងនឹងដាក់ពាក្យប្ដឹងជនជាតិចិន រូបនោះ។ គាត់ប្រាប់ថា ប្រពន្ធរបស់គាត់មានឈ្មោះ អ៊ុំ ផាន់ណា ហើយម្ដាយក្មេករបស់គាត់ឈ្មោះ ទូច សំអូន។ ទោះបីជាគាត់ជឿថា ខ្សែកមាសបានបាត់បង់អំឡុងពេលវាយប្រហារនោះក្តី ក៏គាត់និយាយថា ភាពសាហាវយង់ឃ្នងនៃការវាយប្រហារនេះបានបង្ហាញថា វាមិនមែនជាករណីប្លន់ធម្មតាទេ។
គាត់និយាយថា ”ខ្ញុំគិតថា វាមិនមែនជាករណីប្លន់ទេ។ បើពួកគេគ្រាន់តែចង់ប្លន់មាស៣ជីពីប្រពន្ធខ្ញុំ ពួកគេប្រហែលជាមិនចាំបាច់ប៉ុនប៉ងសម្លាប់ម្ដាយក្មេកខ្ញុំ និងកូនស្រីពៅខ្ញុំដែលមានអាយុទើបតែ២ឆ្នាំនោះទេ”៕ សុខុម
(រាយការណ៍បន្ថែមដោយ ប៊ុត គឹមសាយ និង Anthony Jensen)