លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមចាត់វិធានការផ្លូវច្បាប់លើសកម្មជនគណបក្សប្រឆាំងកាលពីម្សិលមិញ បន្ទាប់ពីលេចចេញរូបថតកាត់តមួយសន្លឹកតាមហ្វេសប៊ុក ដែលបង្ហាញពីលោកស្រី ប៊ុន រ៉ានី ភរិយារបស់លោកឈរកន្ធែកជើង។
ជាថ្មីម្ដងទៀត ការគំរាមរបស់លោកនាយករដ្ឋមន្ត្រីដែលធ្វើឡើងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននេះ បានបង្ហាញពីភាពរសើបយ៉ាងខ្លាំងរបស់លោកចំពោះការចំអករបស់សាធារណជន ចាប់តាំងពីលោកចាប់ផ្ដើមកាន់កាប់គេហទំព័របណ្តាញទំនាក់ទំនងសង្គមមក។
កាលពីដើមសប្ដាហ៍នេះ លោក ហ៊ុន សែន បានបង្ហោះរូបថតមួយចំនួននៃគ្រួសាររបស់លោកសម្រាកវិស្សមកាលនៅក្នុងក្រុងព្រះសីហនុ ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំសកល។
កាលពីម្សិលមិញ លោកបានចែករំលែក (Share) រូបថតកាត់តនោះនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយមានប្រសាសន៍ថា លោកខឹងយ៉ាងខ្លាំងពេលឃើញរូបថតនេះ និងសារបញ្ចេញមតិ (Comment) ដ៏អសុរស។
លោកបានលើកឡើងតាមរយៈសារមួយអមដោយរូបថតនោះថា “ជាអកុសល មានបុគ្គលមកពីបក្សប្រឆាំងជ្រុលនិយមមួយចំនួនបានព្យាយាមយករូបភរិយាខ្ញុំ យកទៅកែបំប្លែងក្នុងកុំព្យូទ័រតាមកម្មវិធី (Photoshop) ដូចឃើញក្នុងស្នាមក្រឡាឥដ្ឋវៀចក្នុងរូបដែលពួកនេះបានទាញជើងភរិយាខ្ញុំឲ្យមើលទៅមានលក្ខណៈមិនសមរម្យ ដើម្បីពួកគេវាយប្រហារ”។
នៅក្នុងរូបថតនេះ លោកស្រី ប៊ុន រ៉ានី ឈរពីក្រោយចៅៗក្នុងឥរិយាបថកន្ធែកជើង។អមរូបថតនេះគឺជារូបភាពផ្ទាំងស្គ្រីននៃទំព័រហ្វេសប៊ុកមួយដែលបានបង្ហោះរូបថតនេះ ហើយនៅលើនោះ ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Haknuman Leung បានសរសេរថា “ស្អីគេ!! ស្ត្រីទី១ខ្មែរឈរអញ្ចឹង!!! ពិតជាគំរូអាក្រក់របស់នារីខ្មែរមែន! ជោរមើលប្រពន្ធផងជោរ!!!”។
គណនីដើមដែលដាក់ឈ្មោះតាមព្រះអាទិទេពស្វា ហនុមាន នេះ ទំនងជាត្រូវបានលុបចោលកាលពីម្សិលមិញ ប៉ុន្តែវាមានរូបលោក សម រង្ស៊ី នៅពីក្មេងដែលថតរូបពីខាងមុខទង់ជាតិខ្មែរ។ លោក ហ៊ុន សែន បានលើកឡើងថា “សកម្មជនបក្សប្រឆាំង” ជាអ្នកទទួលខុសត្រូវចំពោះ “ល្បិចថោកទាប” នេះ ហើយបានប្ដេជ្ញានាំខ្លួនអ្នកទាំងនោះឡើងតុលាការ។
លោកសរសេរថា “រាល់ទង្វើទាំងឡាយណាដែលបំផ្លាញដល់កិត្តិយសខ្ញុំ និងក្រុមគ្រួសារ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសមួយ គឺពួកគេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់”។
សូមរំឭកថា ក្នុងឆ្នាំកន្លងទៅ នៅពេលលោក ហ៊ុន សែន ខំប្រឹងប្រជែងដើម្បីទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីសាធារណជនតាមបណ្ដាញទំនាក់ទំនងសង្គមរបស់លោក ដែលបច្ចុប្បន្នទំព័រហ្វេសប៊ុករបស់លោកមានអ្នកចុច “ចូលចិត្ត” (Like) ជិត១,៧លាននាក់ បើប្រៀបធៀបទៅនឹងជិត២លាននាក់សម្រាប់ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី នោះ លោកក៏បានរិះគន់ជាញឹកញាប់ដែរទៅលើអ្នកដែលប្រមាថរូបលោក។
កាលពីថ្ងៃច័ន្ទ អំឡុងសុន្ទរកថាក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតមកពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក ហ៊ុន សែន បានទូន្មានយុវជនកុំឲ្យប្រើពាក្យប្រមាថតាមបណ្ដាញទំនាក់ទំនងសង្គម ដោយគូសបញ្ជាក់ថា លោកអាចរកឃើញទីតាំងរបស់ពួកគេ និងចាប់ខ្លួនពួកគេបានក្នុងរយៈពេល៧ម៉ោង។ លោកនាយករដ្ឋមន្ត្រីបានបញ្ចេញឈ្មោះជនបរិហារកេរ្តិ៍លោកម្នាក់ ដែលបានបង្ហោះមតិយោបល់លើទំព័រហ្វេសប៊ុករបស់លោកដោយសួរថា តើនាយករដ្ឋមន្ត្រីនឹង ”ដេញយួនចេញពីប្រទេស” ដែរទេ។
លោកបានប្រាប់ទៅក្រុមនិស្សិតថា ”ខ្ញុំបានឆ្លើយតបថា ពូសង្ឃឹមថាក្មួយចេះប្រើពាក្យសមរម្យជាងនេះ។ បើពូចង់ចាត់ការក្មួយ យើងនឹងចាប់បានក្នុងរយៈពេលយូរបំផុត៧ម៉ោង។ ហើយមិនចាំបាច់បញ្ជូនកម្លាំងពីភ្នំពេញទេ ពីព្រោះកម្លាំងនៅមូលដ្ឋានបានត្រៀមខ្លួនគ្រប់ពេល។ ដូច្នេះ កុំលេងដោយការប្រើពាក្យប្រមាថ”។
ខណៈមជ្ឈដ្ឋានជាច្រើនចោទសួរថា តើការគំរាមកំហែងបែបនេះគឺជាការរំលោភសេរីភាពបញ្ចេញមតិឬយ៉ាងណានោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានការពារពាក្យសម្ដីធ្ងន់ៗរបស់លោក ហ៊ុន សែន កាលពីម្សិលមិញ។
លោកមានប្រសាសន៍ថា ”ខ្ញុំក៏បានឃើញរូបថតនោះដែរ ហើយខ្ញុំគិតថា វាជាការប្រមាថធ្ងន់ធ្ងរដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិបុគ្គល ជាពិសេសបុគ្គលដែលជាថ្នាក់ដឹកនាំរបស់ប្រទេស។ សេរីភាពបញ្ចេញមតិមិនត្រូវប្រើប្រាស់ដោយការបំពានសិទ្ធិរបស់អ្នកដទៃនោះទេ”។
ទាក់ទិនបញ្ហានេះ លោក អ៊ូ ចាន់រិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបដិសេធថា គ្មានសកម្មជនបក្សប្រឆាំាងណាម្នាក់ពាក់ព័ន្ធនឹងការបង្កើតរូបភាពប្រមាថមាក់ងាយនេះឡើយ។ លោកបានគូសបញ្ជាក់ថា ”ដំបូងឡើយ យើងមិនចង់ឆ្លើយតបនឹងរឿងនេះទេ ពីព្រោះវាមិនមែនជាបញ្ហារបស់ជាតិ ហើយសកម្មជនគណបក្សសង្គ្រោះជាតិផ្ដោតតែលើការបំពេញការងាររបស់បក្សប៉ុណ្ណោះ។ យើងគ្មានពេលធ្វើរឿងឥតប្រយោជន៍បែបនេះទេ”៕ សុខុម