29.3 C
Phnom Penh

រដ្ឋាភិបាល​​​ត្រៀម​​​សម្រាប់​​​ការ​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​នៅ​​​ថ្ងៃ​​​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិលមិញ មន្ត្រី​​​ក្រសួង​​​មហា​​ផ្ទៃ​​​បាន​​​បង្ហាញ​​​កាន់តែ​​​ពិស្តារ​​​ថែម​​​ទៀត​​​អំពី​​​ផែនការ​​​ដើម្បី​​​ពង្រឹង​​​សុវត្ថិភាព​​​ចរាចរណ៍​​​ផ្លូវ​​​គោក​​​តាម​​​​​ការ​​​រំពឹង​​​ទុក​​​នៃ​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី ដែល​​​ចូល​​​ជា​​​ធរមាន​​​នៅ​​​ទូទាំង​​​ប្រទេស​​​នា​​​ថ្ងៃ​​​នេះ ​និង​​​​បាន​​​ទទួល​​​ស្គាល់​​​ថា កិច្ច​​​ខិតខំ​​​ប្រឹងប្រែង​​​នឹង​​​ជួប​​​ការ​​​លំបាក​​​ចៀស​​​មិន​​​ផុត​​​ទេ។

លោក រុន រ័ត្នវាសនា ប្រធាន​នាយក​ដ្ឋាន​នគរបាល​ចរាចរនិង​សណ្តាប់​ធ្នាប់​​​សាធា​រណៈ ​បាន​​​មាន​​​ប្រសាសន៍​​​ថា ផែនការ​​​នេះ​នឹង​​​មិន​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​ជួល​​​មន្ត្រី​​​នគរបាល​​​ចរាចរ​​​ថែម​​​ទៀត​​​ទេ។ ប៉ុន្តែ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​ថា វា​​​មាន​​​ន័យ​​​ថា​​​នឹង​​​ធ្វើការ​​​ច្រើន​​​ម៉ោង​​​ជាង​​​មុន​​​សម្រាប់​​​មន្ត្រី​​​១.៧៥០នាក់​​​​នាក់ មាន​​​ស្រាប់​​​នៅ​​​ទូទាំង​​​ប្រទេស ដែល​​​រហូត​​​មកដល់​​​ពេល​​​​​នេះ​​​ធ្វើការ​​​ឆ្លាស់​​​ថ្ងៃ គម្រោង​​​​​ពេល​​​របស់​​​ពួក​គេ​​​​អាស្រ័យ​​​តាម​​​កន្លែង​​​ដែល​​​ពួកគេ​​​ឈរ​​​ជើង។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កម្លាំង​​​នគរ​បាល​​​ចរាចរណ៍​​​នឹង​​​នៅ​​​ដដែល។ កាលពី​​​មុន ​កម្លាំង​​​របស់​​​យើង​​​ធ្វើការ​​​តាម​​​ថ្ងៃ​​​ផ្សេង​​​គ្នា​​​នៅ​​​តាម​​​ខេត្ត​​​នីមួយៗ។ ឥឡូវ យើង​​​នឹង​​​ធ្វើការ​​​នៅ​​​ថ្ងៃ​​​តែ​​​មួយ​​​នៅ​​​ទូទាំង​​​ប្រទេស”។

មន្ត្រី​​​នឹង​​​មិន​​​ទទួល​​​បាន​​​ប្រាក់​​​បន្ថែម​​​តាម​​​ម៉ោង​​​ទេ។ ប៉ុន្តែ​​​ពួកគេ​​​នឹង​​​ត្រូវ​​​ទុក៧០​​​ភាគ​រយ​​​​នៃ​​​ប្រាក់​​​ពិន័យ​​​ដែល​​​ពួកគេ​​​ប្រមូល​​​បាន​​​ពី​​​អ្នក​​​បើក​​​រថយន្ត គឺ​​​កើន​​​ពី៥០​​​ភាគរយ​​​ដែល​​​ពួក​គេ​​​​ទទួល​​​បាន​​​ពី​​​មុន។ ប្រាក់​​​នៅ​​​សល់​​​នឹង​​​ត្រូវ​​​ចែក​​​​​រវាង​​​នាយកដ្ឋាន​​​នគរបាល​​​និង​​​ក្រសួង។

នៅ​​​ឯ​​​សិក្ខាសាលា​​​មួយ​​​ស្តីពី​​​ច្បាប់​​​ថ្មី​​​នេះ​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​កាលពី​​​ម្សិល​​​មិញ ​លោក ​គៀត ច័ន្ទថារិទ្ធ អ្នក​​​នាំពាក្យ​​​នគរបាល​​​ជាតិ ​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​ទាំង​​​១.៧៥០​​​នាក់​​​​នឹង​​​ត្រូវ​​​ចែក​​​ជា​​​ក្រុម​​​មាន​​​គ្នា​​​ប្រហែល​​​១០​​​នាក់។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​១១១​​​ក្រុម​​​នឹង​​​ត្រូវ​​​ដាក់​​​នៅ​​​តាម​​​បណ្តោយ​​​ផ្លូវ​​​​​ក្នុង​​​ប្រទេស នៅ​​​សល់​​​ពី​​​នោះ​​​នឹង​​​ល្បាត​​​នៅ​​​តាម​​​តំបន់​​​នានា ដែល​​​រថយន្ត​​​ធំៗ រថយន្ត​​​ក្រុង និង​​​រថយន្ត​​​តួរីស​​​ប្រមូល​​​ផ្តុំ។ ក្នុង​​​ចំណោម​​​ក្រុម​​​​​ដែល​​​ល្បាត​​​ផ្លូវ ៧១​​​ក្រុម​​​នឹង​​​ធ្វើការ​​​នៅ​​​ពេល​​​ថ្ងៃ ក្រុម​​​ក្រៅ​​​ពី​​​នោះ​​​ធ្វើ​​​នៅ​​​ពេល​​​យប់ ជា​​​ពេល​​​​​ដែល​​​ការ​​​អនុវត្ត​​​ច្បាប់​​​សឹងតែ​​​មិន​​​មាន​​​ទេ។

ក្នុង​​​បំណង​​​កាត់​​​បន្ថយអំពើ​​​ពុក​​​រលួយ​​​ដែល​​​​​​​កើត​​​មាន​​​ខ្លាំង​​​ក្នុង​​​ចំណោម​​​នគរបាល​​​ចរាចរ មន្ត្រី​​​​នឹង​​​លែង​​​ប្រមូល​​​ប្រាក់​​​ពិន័យ​​​នៅ​​​នឹង​​​កន្លែង​​​ទៀត​​​​​​​ហើយ ប៉ុន្តែ​​​នឹង​​​ត្រូវ​​​ចេញ​​​​​សំបុត្រ​​​ពិន័យ ដែល​​​ត្រូវ​​​បង់​​​នៅ​​​តាម​​​ការិយា​ល័យ​​ដែល​​​គេ​​​កំណត់។ ​​ឧត្តមសេនីយ៍ឯក គៀត ​​ច័ន្ទថារិទ្ធ ថ្លែង​ថា ​ការិយា​​ល័យ​​​ចំនួន​​​១១៦​​​នៅ​​​ទូទាំង​​​ប្រទេស​​​ត្រូវ​​​បាន​​​កំណត់​​​​​ដើម្បី​​​ដោះស្រាយ​​​ដំណើរការ​​​នេះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​ជួប​​​ការ​​​លំបាក​​​មួយ​​​ចំនួន​​​អំឡុង​​​ពេល​​​អនុវត្ត ​ពីព្រោះ​​​នឹង​​​មាន​​​ការ​​​ពិន័យ​​​ច្រើន ប្រជាជន​​​គេច​​​ចេញ​​​ពី​​​កន្លែង​​​ត្រួត​​​ពិនិត្យ ការ​​​ខ្វះ​​​កន្លែង​​​រក្សា​​​ទុក​​​រថយន្ត​​​ដែល​​​ឃាត់​​​ទុក និង​​​អ្នក​​​ទទួល​​​ការ​​​ពិន័យ​​​ដែល​​​មិន​​​ទៅ​​​បង់​​​ប្រាក់”។

បន្ទរ​​​តាម​​​សម្តី​​​របស់​​​អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ ​លោក​​​រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ ស ខេង បាន​​​មាន​​​ប្រសាសន៍​​​អំឡុង​​​សិក្ខាសាលា​​​នោះ​​​ថា ​គ្មាន​​​​​ផែនការ​​​ថ្មី​​​ណា​​​សុក្រិត​​​ទេ។

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “អ្វីៗ​​​ដែល​​​យើង​​​​​ធ្វើ​​​មាន​​​ជួប​​​បញ្ហា​​​ជាច្រើន ហើយ​​​យើង​​​ចាំបាច់​​​​​ត្រូវ​​​ដឹង​​​បញ្ហា​​​ ដូច្នេះ​​​យើង​​​អាច​​​រក​​​ដំណោះ​​​ស្រាយ។ ប្រសិនបើ​​​យើង​​​មិន​​​ធ្វើ យើង​​​មិន​​​ដឹង​​​អ្វី​​​ដែល​​​ជា​​​បញ្ហា​​​ទេ  ហើយ​​​យើង​​​នឹង​​​មិន​​​ដឹង​​​ដោះស្រាយ​​​វា​​​របៀបណា​​​ទេ។

លោក ស ខេង បាន​​​មាន​​​ប្រសាសន៍​​​ថា ​ឧទាហរណ៍ មាន​​​ម៉ូតូ​​​ប្រហែល​​​១,២​​​លាន​​​គ្រឿង​​​បាន​​​ចុះ​​​បញ្ជី​​​ក្នុង​​​ក្រុង​​​ភ្នំពេញ ប៉ុន្តែ​​​មាន​​​អ្នក​​​បើក​​​បរ​​​តែ៧០.០០០​​​នាក់​​​ប៉ុណ្ណោះ ​​​មាន​​​អាជ្ញា​​​ប័ណ្ណ ជា​​​បញ្ហា​​​ធំ​​​មួយ​​​ប្រសិនបើ​​​នគរ​បាល​​​​​ចរាចរព្យាយាម​​​ឃាត់​​​ម៉ូតូ​​​របស់​​​គ្រប់​​​អ្នក​​​បើកបរ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ទុក​​​នោះ។

លោក ឱម យ៉ិនទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ ក៏​​​បាន​​​ចូលរួម​​​ក្នុង​​​សិក្ខា​លាសា​​​នោះ​​​ដែរ និង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​លោក​​​គាំទ្រ​​​ផែនការ​​​នេះ។

លោក យ៉ិនទៀង បាន​​​រង​​​ការ​​​ស្តី​​​បន្ទោស​​​​​​ជា​​​​ខ្លាំង​​​ពី​​​ក្រសួង​​​មហាផ្ទៃ​​​កាលពី​​​ខែ​​​មុន ​បន្ទាប់ពី​​​បាន​​​លើក​​​ឡើង​​​នូវ​​​ការ​​​មិន​​​ពេញ​​​ចិត្ត​​​ជា​​​ទូទៅ​​​ជាមួយ​​​នឹង​​​សំណូក ដែល​​​ទារ​​​ដោយ​​​នគរបាល​​​ចរាចរនិង​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​នោះ បាន​​​ប្តេជ្ញា​​​ថា​​​នឹង​​​ប្រើ “ច្រាស​​​ដែក” សម្អាត​​​អំពើ​​​ពុក​​​រលួយ”៕និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស