លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាបានបង្កើតគណៈកម្មការមួយដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដើម្បីរារាំងពលរដ្ឋដែលមានសញ្ជាតិពីរមិនឱ្យកាន់តួនាទីជាប្រធានគណបក្ស។
ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីពិធីនៅក្រសួងមហាផ្ទៃក្នុងរាជធានីភ្នំពេញ លោក ស ខេង បានប្រសាសន៍ថា គណៈកម្មការនេះទំនងជាជួបប្រជុំនៅសប្តាហ៍ក្រោយ ដោយលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
លោកបានថ្លែងថា “ខ្ញុំមិនទាន់បានរៀបចំការប្រជុំនៅឡើយទេ ប៉ុន្តែប្រហែលជានឹងមានការប្រជុំអំពីរឿងនេះនៅសប្តាហ៍ក្រោយ។ ពេលនោះ យើងនឹងដឹងថា ត្រូវធ្វើអ្វី”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃច័ន្ទថា គណបក្សប្រជាជនកម្ពុជានឹងធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយលើកឡើងថា មេដឹកនាំគណបក្សនយោបាយត្រូវមានសញ្ជាតិខ្មែរតែប៉ុណ្ណោះ ជាចំណាត់ការទំនងជាសំដៅច្បាស់ក្រឡែតដល់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។
លោក សម រង្ស៊ី មានលិខិតឆ្លងដែនបារាំង ហើយបច្ចុប្បន្ន ស្ថិតក្នុងភាពនិរទេសខ្លួនដោយខ្លួនឯង ដោយគេចពីការផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទបរិហារកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណៈកម្មការធ្វើវិសោធនកម្មនេះត្រូវបានបង្កើតឡើងប្រហែលពីរសប្តាហ៍កន្លងមក មុនការប្រកាសរបស់លោក ហ៊ុន សែន៕ សារុន