នគរបាលបានទាញអតីតបុគ្គលិកក្រុមហ៊ុនរថយន្តក្រុងកាពីតូលចេញពីរ៉ឺម៉កម៉ូតូកង់បីនៅស្ងៀម ហើយបានរឹបអូសយានជំនិះនោះក្នុងក្រុងភ្នំពេញកាលពីថ្ងៃសុក្រ ក្នុងពេលដែលអ្នកបើកបរបន្តតវ៉ាចំពោះអ្វីដែលពួកគេនិយាយថាជាការបណ្តេញចេញពីការងារដោយខុសច្បាប់។
អ្នកបើកបររថយន្ត៥នាក់ត្រូវបានបណ្តេញចេញពីការងារកាលពីខែកក្កដា ដោយធ្វើឲ្យបុគ្គលិករាប់សិបនាក់របស់ពួកគេធ្វើកូដកម្ម និងបង្ហាញសាមគ្គីភាពនឹងគ្នា។ កាលពីខែវិច្ឆិកា មានអ្នកបើកបរ៣៥នាក់បន្ថែមទៀតត្រូវបណ្តេញចេញពីការងារ ដោយសារប៉ុនប៉ងបង្កើតសហជីពក្នុងក្រុមហ៊ុន។ កាលពីខែមុន ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសម្រេចថា មានតែបុគ្គលិកបីនាក់ប៉ុណ្ណោះក្នុងបណ្តា៤០នាក់ដែលត្រូវគេបណ្តេញចេញ ទទួលបានការងារវិញ។

អ្នកបើកបរប្រហែល៤០នាក់បានធ្វើបាតុកម្មនៅថ្ងៃទីបីនៅខាងក្រៅទីស្នាក់ការធំរបស់ក្រុមហ៊ុននៅក្នុងខណ្ឌ៧មករា នៅប្រហែលម៉ោង៧ព្រឹក ដើម្បីបញ្ចុះបញ្ចូលអតីតចៅហ្វាយនាយរបស់ខ្លួនឲ្យចរចា។ ក្រុមហ៊ុនអះអាងថា អ្នកបើកបរត្រូវបានបណ្តេញចេញពីការងារ ដោយសារតែប្រមូលប្រាក់ពីអ្នកដំណើរដាក់ចូលហោប៉ៅខ្លួនឯង ប៉ុន្តែអ្នកបើកបរអះអាងថា ពួកគេត្រូវបណ្តេញចេញពីការងារដោយសារមានបំណងបង្កើតសហជីព។
បន្ទាប់ពីនិយាយរយៈពេល៣ម៉ោងតាមមេក្រូចងភ្ជាប់នឹងរ៉ឺម៉កម៉ូតូដោយក្រុមសហជីព មាននគរបាលខណ្ឌប្រហែល៣០នាក់ដែលយាមការពារអគារ បានដើរសំដៅមករ៉ឺម៉ក ហើយទាញទម្លាក់មេក្រូ។ ការចាត់ការបែបនេះបានធ្វើឡើង បន្ទាប់ពីមានដីកាការពារចេញដោយតុលាការក្រុងភ្នំពេញ ដើម្បីបញ្ឈប់ការតវ៉ានោះ។
ការប្រវាយប្រតប់គ្នាបានកើតឡើង ក្នុងពេលដែលអ្នកតវ៉ាព្យាយាមរារាំងនគរបាលមិនឲ្យរឹបអូសរ៉ឺម៉កម៉ូតូកង់បីរបស់គេ ដោយអ្នកបើកបររុញនគរបាលទៅក្រោយវិញ។ ប្រហែលពីរនាទី នគរបាលរុញឈ្នះអ្នកតវ៉ា ហើយក៏អូសរ៉ឺម៉កម៉ូតូចេញទៅ។
លោក អឿន សំរ៉េត ជាអ្នកបើកបរម្នាក់ដែលបានចូលរួមក្នុងការប្រវាយប្រតប់គ្នា បានចោទសួរការអះអាងរបស់នគរបាលនៅកន្លែងកើតហេតុថា ហេតុអ្វីក៏ថាអ្នកតវ៉ាធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
លោក សំរ៉េត បានសួរថា “តើការងារប៉ូលិសធ្វើអីខ្លះ? បើគេរុញយើងចេញ អ៊ីចឹងគេគួររកដំណោះស្រាយ។ ហេតុអ្វីគេត្រូវបង្ក្រាបយើង ហើយតើមានផលប៉ះពាល់អ្វីខ្លះដល់សាធារណជន? ប្រសិនបើខ្ញុំមិនព្យាយាមទុកមេក្រូទេ តើពលរដ្ឋឬអ្នកដំណើរនៅតាមផ្លូវអាចស្ដាប់ឮអំពីបញ្ហាក្រុមហ៊ុនកាពីតូលយ៉ាងដូចម្ដេច? បើមានបញ្ហាចំពោះពលរដ្ឋ អ៊ីចឹងគេត្អូញត្អែរប្រាប់យើង”។
លោក អ៊ាន គឹមហ៊ន អគ្គលេខាធិការសហព័ន្ធកម្មករដឹកជញ្ជូនកម្ពុជា ដែលមានវត្តមាននៅឯការតវ៉ាបានមានប្រសាសន៍ថា សហជីពរបស់លោកនឹងដាក់ពាក្យបណ្ដឹងទៅតុលាការក្រុងភ្នំពេញ ហើយការតវ៉ានឹងបន្តដល់ថ្ងៃសៅរ៍។
លោក គឹមហ៊ន បាននិយាយថា “ប៉ូលិសមិនគួរមកដេញយើង ហើយរឹបអូសសម្ភាររបស់យើងដោយមិនចរចាទេ យើងនឹងដាក់ពាក្យបណ្ដឹងទៅតុលាការក្រុងភ្នំពេញក្នុងពេលឆាប់ៗនេះ”។ លោក គឹមហ៊ន បាននិយាយថា “យើងមិនចុះញ៉មទេ ទោះបីមានដីកាការពារក៏ដោយ ហើយយើងនឹងអំពាវនាវដល់ពួកសហជីពឲ្យចូលរួមធ្វើការតវ៉ាកាន់តែធំនៅក្រុមហ៊ុនកាពីតូល”។ លោកអគ្គលេខាធិការសហព័ន្ធកម្មករដឹកជញ្ជូនកម្ពុជារូបនេះបាននិយាយបន្ថែមថា ដីកាការពារអស់សុពលភាពហើយ ដោយសារសាលាក្រុង និងក្រសួងការងារបានទទួលដំណឹងអំពីការតវ៉ារយៈពេល១០ថ្ងៃជាមុនរួចហើយ។
លោក ខៀវ វ៉ាន មេធាវីការពារក្ដីឲ្យក្រុមហ៊ុនកាពីតូលបានមានប្រសាសន៍ថា ដីកាការពារត្រូវស្នើឡើងដោយសារតែមានផលប៉ះពាល់អវិជ្ជមាន ដែលការតវ៉ានេះបានបង្កឲ្យមានទៅលើក្រុមហ៊ុន។
លោក ខៀវ វ៉ាន បាននិយាយថា ”យើងបានស្នើសុំតុលាការចេញដីកាការពារ ពីព្រោះការតវ៉ាកំពុងធ្វើឲ្យក្រុមហ៊ុនខាតបង់ វាថែមទាំងប៉ះពាល់ដល់មនុស្សនៅតាមផ្លូវផងដែរ។ [អ្នកតវ៉ា] និយាយថា ក្រុមហ៊ុនមិនគោរពច្បាប់ការងារ ប៉ុន្តែគេមិនអាចនិយាយអំពីការគោរពច្បាប់ ពីព្រោះគេមិនបានអនុវត្តតាមច្បាប់ក្រុមហ៊ុន”។ មេធាវីរូបនេះបាននិយាយបន្ថែមថា នគរបាលបានធានាក្រុមហ៊ុនថា ពួកគេនឹងរារាំងការតវ៉ាមិនឲ្យកើតឡើងបន្តទៀត។
នគរបាលនិងមន្ត្រីខណ្ឌមិនអាចទាក់ទងសុំការពន្យល់បានទេ៕ រើន