មន្ត្រីបាននិយាយកាលពីម្សិលមិញថា តុលាការខេត្តសៀមរាបបានចោទប្រកាន់ និងដាក់ពន្ធនាគារចំពោះចៅសង្កាត់គណបក្សប្រឆាំងមួយរូបពីបទចុះហត្ថលេខាលើឯកសារផ្សេងៗ ដែលអនុញ្ញាតឲ្យអ្នកភូមិបញ្ចាំដីដែលទាមទារកាន់កាប់ដោយអាជ្ញាធរអប្សរា។
យោងតាមលោក សុខ គីមសេង នាយករងប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិប្រចាំខេត្តឲ្យដឹងថា លោក ហ៊ាង សារី ចៅសង្កាត់អំពិល ក្រុងសៀមរាប និងជាសមាជិកនៃគណបក្ស សម រង្ស៊ី ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយចោទប្រកាន់ពីបទចេញឯកសារខុសច្បាប់ និងជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញការងារមន្ត្រីរាជការ។
ទាក់ទងកាលពីថ្ងៃសុក្រ លោក ឈុន ចាន់សីហា ចៅក្រមស៊ើបអង្កេតបានចុចបិទទូរស័ព្ទពីអ្នកយកព័ត៌មាន។ ទោះជាយ៉ាងនេះក្ដី ចៅក្រមរូបនេះត្រូវបានដកស្រង់សម្ដីដោយសំឡេងប្រជាធិបតេយ្យ ដោយបញ្ជាក់អំពីបទចោទ និងនិយាយថា លោក សារី ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ប្រសិនបើរកឃើញថាមានទោស។
អ្នកភូមិប្រហែល២០០នាក់បានតវ៉ានៅខាងក្រៅតុលាការខេត្តសៀមរាបកាលពីរសៀលថ្ងៃព្រហស្បតិ៍ ដោយទាមទារឲ្យដោះលែងចៅសង្កាត់ ហើយនិយាយថា បទចោទនោះគឺពាក់ព័ន្ធនឹងរឿងនយោបាយ។ អ្នកភូមិបានកត់សម្គាល់ថា មេភូមិមកពីគណបក្សប្រជាជនកម្ពុជាដែលបានចុះហត្ថលេខាលើឯកសារទាំងឡាយមិនត្រូវបានចោទប្រកាន់ទេ ចំណែកឯចៅសង្កាត់មុនរបស់លោក សារី ដែលជាចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាដែលបានចុះហត្ថលេខាលើឯកសារដូចគ្នានេះដែរកាលពីមុន ក៏មិនត្រូវបានគេចាប់ខ្លួនដែរ។
ឯកសារទាំងឡាយគឺប្រើដោយអ្នកភូមិដើម្បីបញ្ជាក់អំពីកម្មសិទ្ធិដីធ្លីរបស់ពួកគេ ក្នុងគោលបំណងទទួលបានប្រាក់កម្ចីពីធនាគារមូលដ្ឋាន។
លោក គីមសេង នៃគណបក្សសង្គ្រោះជាតិបាននិយាយថា ”ប្រសិនបើយើងក្រឡេកមើលការអនុវត្តរដ្ឋបាល ការចាប់ខ្លួន និងការឃុំខ្លួនគឺជារឿងនយោបាយ។ គាត់ត្រូវគេឃាត់ខ្លួន ពីព្រោះគាត់បានចុះហត្ថលេខាទៅលើឯកសារដីធ្លី ចុះហេតុអីក៏មេភូមិមកពីគណបក្សប្រជាជនកម្ពុជាដែលបានចុះហត្ថលេខាដំបូងលើឯកសារទាំងនោះដែរ មិនត្រូវគេចាប់ខ្លួនហើយដាក់គុក?”។
អ្នកស្រី មឿង ឡេង ដែលបានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា អ្នកភូមិនឹងបន្តធ្វើបាតុកម្មរហូតទាល់តែគេដោះលែងលោកចៅសង្កាត់។
អ្នកភូមិរូបនេះបាននិយាយថា ”បទចោទប្រកាន់គឺអយុត្តិធម៌ទាំងស្រុង ពីព្រោះចៅសង្កាត់គ្រាន់តែស៊ីញ៉េយល់ព្រមទៅលើឯកសារ បន្ទាប់ពីឯកសារនោះចុះហត្ថលេខាដោយមេភូមិ។ យើងជាម្ចាស់ដីធ្លី ហើយយើងមិនដែលបានទទួលលុយកាក់ពីអាជ្ញាធរអប្សរាដើម្បីឲ្យចាកចេញពីដីធ្លីរបស់យើងទេ អ៊ីចឹង វាមិនត្រឹមត្រូវក្នុងការឃុំខ្លួនចៅសង្កាត់ដែលគ្រាន់តែស៊ីញ៉េយល់ព្រមលើឯកសារដីធ្លីរបស់យើងនោះទេ”។
លោក ហង្ស កយ ជាអ្នកភូមិម្នាក់ទៀតមកពីភូមិព្រៃកុយ សង្កាត់អំពិល បាននិយាយថា “តុលាការមិនគួរចាប់គាត់ដាក់គុកទេ ពីព្រោះចៅសង្កាត់មិនបានធ្វើអ្វីខុសឡើយ”។
លោក កយ បាននិយាយថា ក្នុងឆ្នាំ២០១៤ លោក សារី បានចុះហត្ថលេខាយល់ព្រមលើឯកសារដីធ្លីឲ្យរូបលោកដែលអាចឲ្យលោកដាក់បញ្ចាំទ្រព្យដើម្បីបើកហាងលក់ដូរមួយ។
អ្នកភូមិអាយុ៥២ឆ្នាំរូបនេះបាននិយាយថា ”លោកចៅសង្កាត់បានធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រជាជនក្រីក្រ អ៊ីចឹងការចាប់ដាក់គុកបែបនេះពិតជាអយុត្តិធម៌ណាស់ចំពោះគាត់”។
អ្នកភូមិនៃភូមិមួយនៅក្នុងសង្កាត់អំពិលនិយាយថា មានអ្នកភូមិជាង១០០គ្រួសារកំពុងរស់នៅលើដីធ្លីនោះចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មកម្លេ៉ះ ចំណែកឯអ្នកភូមិផ្សេងទៀតបានមករស់នៅក្នុងទសវត្សរ៍ដើមឆ្នាំ២០០០ ហើយថា ដីធ្លីទាំងនោះមិនអាចជាកម្មសិទ្ធិរបស់អាជ្ញាធរអប្សរាដែលជាស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងឧទ្យានអង្គរនោះទេ។
លោក អុឹម សុខរិទ្ធី មន្ត្រីទំនាក់ទំនងអាជ្ញាធរអប្សរាបានបដិសេធមិនធ្វើអត្ថាធិប្បាយនៅពេលសួរអំពីករណីនេះ ហើយក៏បង្វែរសំណួរទៅអ្នកនាំពាក្យអាជ្ញាធរអប្សរាគឺលោក ឡុង កុសល ដែលមិនអាចទាក់ទងបានទេកាលពីថ្ងៃសុក្រ។
លោក សួស ណារិន អ្នកឃ្លាំមើលសិទ្ធិមនុស្សអង្គការអាដហុកប្រចាំខេត្តសៀមរាប បាននិយាយថា ពាក្យបណ្ដឹងដែលបណ្ដាលឲ្យមានការចោទប្រកាន់លោក សារី ត្រូវដាក់ប្ដឹងដោយអាជ្ញាធរអប្សរា ដែលអះអាងថាជាម្ចាស់កម្មសិទ្ធិនៃដីធ្លីយ៉ាងច្រើននៅក្នុងតំបន់នោះ។
លោក សួស ណារិន បាននិយាយថា “មានចៅសង្កាត់បីជំនាន់មកហើយដែលបានចុះហត្ថលេខាលើឯកសារដីធ្លីឲ្យអ្នកភូមិ ប៉ុន្តែតុលាការគ្រាន់តែចោទប្រកាន់ចៅសង្កាត់ជាប់ឆ្នោតចុងក្រោយគេបង្អស់មកពីគណបក្ស សម រង្ស៊ី ប៉ុណ្ណោះ។ ប្រសិនបើ [បទចោទគឺស្របច្បាប់] ហេតុអីក៏តុលាការ និងអាជ្ញាធរអប្សរាក៏មិនចាត់វិធានការប្រឆាំងនឹងចៅសង្កាត់ពីមុនពីររូបមកពីគណបក្សប្រជាជនកម្ពុជា? យើងគិតថា វាជាការគំរាមកំហែងដើម្បីរារាំងចៅសង្កាត់មកពីគណបក្សប្រឆាំងមិនឲ្យធ្វើការងារជួយអ្នកភូមិ”៕ រើន