ប៉ូលិសនៅខេត្តកំពង់ស្ពឺបាននិយាយថា ពួកគេបានឃុំខ្លួនបុរសបីនាក់កាលពីថ្ងៃអាទិត្យទាក់ទិននឹងការពាក់ព័ន្ធក្នុងការប៉ុនប៉ងចាប់ជំរិតឈ្មួញស្បៀងចម្រុះ កាលពីពីរថ្ងៃមុន។
លោក សំ សាក់ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា កាលពីថ្ងៃសុក្រនៅម៉ោងប្រហែល១២និង៣០នាទីថ្ងៃត្រង់ ផុង គី កំពុងជិះម៉ូតូរបស់ខ្លួនតាមផ្លូវស្ងាត់មួយក្នុងស្រុកឧត្តុង្គ ស្រាប់តែពេលនោះបុរសម្នាក់បានឃាត់ម៉ូតូរបស់អ្នកស្រី និងចាប់អ្នកស្រីចូលព្រៃក្បែរនោះ។
លោក សំ សាក់ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា “យោងតាមការរៀបរាប់របស់អ្នកស្រីឲ្យដឹងថា អ្នកស្រីកំពុងជិះម៉ូតូដើម្បីប្រមូលស្រូវដែលទើបច្រូតកាត់ ដែលអ្នកស្រីបានទិញបណ្តាក់ ស្រាប់តែពេលនោះជនសង្ស័យបានចេញមកនិងឃាត់អ្នកស្រី”។
លោក សាក់ បាននិយាយថា បន្ទាប់ពីចងកដៃទៅក្រោយនិងចងជើងទាំងពីររបស់អ្នកស្រីជាប់នឹងដើមឈើតូចមួយដើម ជនសង្ស័យបានទូរស័ព្ទហៅនរណាម្នាក់ពីគ្រួសាររបស់អ្នកស្រីតាមទូរស័ព្ទរបស់អ្នកស្រី ដើម្បីទារប្រាក់២០.០០០ដុល្លារជាថ្នូរនឹងការដោះលែង។ លោកបានបន្ថែមថា នៅពេលដែលជនសង្ស័យកំពុងដើរចេញទៅរង់ចាំទទួលយកប្រាក់ អ្នកស្រីបានប្រឹងគេចខ្លួន។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សំ សាក់ បានមានប្រសាសន៍ថា “គាត់បានស្រាយចំណងជើងរួច ហើយបានរត់ចេញពីព្រៃនោះទៅកាន់ផ្ទះប្រជាជន ដែលនៅទីនោះហើយគាត់បានសុំឲ្យជួយស្រាយចំណងពីដៃរបស់គាត់”។
លោក សាក់ បាននិយាយថា “គាត់បានទៅប៉ុស្តិ៍ប៉ូលិសឃុំភ្លាមដើម្បីដាក់ពាក្យបណ្តឹង ក្រោយមកកម្លាំងប៉ូលិសរបស់យើងបានចាប់ផ្តើមតាមរកចាប់ខ្លួនជនសង្ស័យទៅតាមការរៀបរាប់ប្រាប់របស់ជនរងគ្រោះអំពីភិនភាគ ដូចជា សំឡេង មុខ និងខោអាវ”។
លោកបានបន្ថែមថា “ការរៀបរាប់របស់គាត់ពិតជាដូចជនសង្ស័យដែលយើងបានចាប់ខ្លួននេះណាស់”។
លោក សាក់ បាននិយាយថា បុរសពីរនាក់ត្រូវបានចាប់ខ្លួននៅផ្ទះរបស់ពួកគេក្នុងឃុំដំណាក់រាំង នៅចម្ងាយប្រហែលពីរគីឡូម៉ែត្រពីផ្ទះជនរងគ្រោះ និងបានបញ្ជូនទៅប៉ូលិសខេត្តកាលពីរសៀលថ្ងៃសុក្រ។
លោកបាននិយាយថា លោកមិនបានដឹងល្អិតល្អន់អំពីការចាប់ខ្លួន ឈ្មោះរបស់ជនសង្ស័យ ឬមនុស្សពីរនាក់ផ្សេងទៀតជាប់ពាក់ព័ន្ធនឹងការចាប់ជំរិតនេះរបៀបណានោះទេ។
លោក សំ សាក់ បាននិយាយថា “ជនល្មើសនៅកន្លែង[អធិការដ្ឋាននគរបាលខេត្ត]របស់ខ្ញុំនៅឡើយ ហើយយើងនឹងបញ្ជូនពួកគេទៅតុលាការនៅព្រឹកស្អែក” ហើយថា ឯកសារតុលាការបានរៀបចំរួចហើយ៕ និត