41.3 C
Phnom Penh

ប៉ូលិស​ស្គាល់​ភិនភាគ​ជន​សង្ស័យ​វាយ​ប្រហារ​នឹង​ពូថៅ​នៅ​ក្រុង​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ប៉ូលិស​បាន​ស្គាល់​ភិនភាគ​ជន​សង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​ការ​កាប់​នឹង​ពូថៅ​យ៉ាង​សាហាវ​លើ​គ្រួសារ​មួយ​ក្នុង​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃ​អង្គារ ដែល​បណ្តាល​ឲ្យ​មនុស្ស​ប្រាំ​នាក់​របួស និង​ពីរ​នាក់​ស្លាប់ ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​ចាប់​ខ្លួន​នរណា​ម្នាក់​ទេ។

លោក ម៉ម កាម៉ាល ស្នងការ​រង​នគរបាល​ខេត្ត បាន​មាន​ប្រសាសន៍​ថា នគរបាល​ស្គាល់​ភិនភាគ​ជនសង្ស័យ​ម្នាក់ ក៏​ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ប្រាប់​លម្អិត​ទេ ពីព្រោះ​នគរបាល​កំពុង​ស៊ើប​អង្កេត​នៅ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍ “យើង​បាន​ដឹង​ព័ត៌មាន​មួយ​ចំនួន​អំពី​ជនសង្ស័យ ហើយ​កំពុង​ស៊ើបអង្កេត​បន្ថែម។ មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ គ្រាន់តែ​ជា​ការ​សង្ស័យ​ប៉ុណ្ណោះ”។

កាលពី​រំលង​អធ្រាត្រ​​​ឈាន​ចូល​ព្រឹក​ថ្ងៃ​អង្គារ ជន​ល្មើស​បាន​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នេសាទ គង់​ ភារម្យ ក្នុង​សង្កាត់​១ ក្រុង​ព្រះសីហនុ ខណៈ​ដែល​គាត់​នេសាទ​នៅ​ឯ​សមុទ្រ ហើយ​បាន​កាប់​ប្រពន្ធ ម្តាយ​ក្មេក និង​កូន​ប្រាំ​នាក់។ ប្រពន្ធ​របស់​គាត់ ឈ្មោះ អ៊ុំ ផាន់ណា អាយុ​៣១​ឆ្នាំ និង​កូន​ស្រី​អាយុ​១៣​ឆ្នាំ​របស់​គាត់ ក្រោយ​មក​បាន​ស្លាប់​ដោយសារ​របួស​ធ្ងន់។

ខណៈ​ដែល​ប៉ូលិស​ដំបូង​ឡើយ​បាន​បដិសេធ​ថា​មិន​មែន​ជា​អំពើ​ប្លន់​នោះ លោក កាម៉ាល បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ពួកគេ​ជឿ​ថា វា​ជា​ករណី​សងសឹក​គ្នា​លាយ​ឡំ​នឹង​ការ​ប្លន់ ព្រោះ​ខ្សែ​ក​មាស​មួយ​កង់​របស់ អ៊ុំ ផាន់ណា បាន​បាត់។

លោក កាម៉ាល បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​បាន​មក​ដល់​សង្កាត់​១​ថ្មីៗ​នេះ។ លោក​បាន​បន្ថែម​ថា សាក្សី​មួយ​ចំនួន​បាន​និយាយ​ថា ជនសង្ស័យ​រូប​នេះ​បាន​មាន​ជម្លោះ​ជាមួយ អ៊ុំ ផាន់ណា ពីរ​បី​ម៉ោង​មុន​ការ​វាយ​ប្រហារ​កើត​ឡើង ហើយ​ជនសង្ស័យ​បាន​សម្លឹង​មើល​ខ្សែ​ក​មាស​របស់​ជន​រងគ្រោះ។

លោក កាម៉ាល បាន​និយាយ​ថា “នៅ​ពេល​យើង​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ពី​សាក្សី យើង​នឹង​ស្នើ​ព្រះរាជអាជ្ញា​បន្ត​នីតិវិធី”។

លោក​បាន​និយាយ​ថា លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ បាន​បញ្ជាក់​ថា ករណី​នេះ​កើត​ឡើង​ដោយសារតែ​ការ​សងសឹក តែ​លោក​មិន​អធិប្បាយ​ច្រើន​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​ណា​វា​ចប់ ខ្ញុំ​នឹង​ឲ្យ​លោក​ដឹង”។

លោក ភារម្យ បាន​និយាយ​ថា នៅ​ល្ងាច​មុន​មាន​រឿង​កើត​ឡើង មាន​បុរស​ម្នាក់​ដែល​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​នៅ​ជិត​ផ្ទះ​របស់​ពួកគេ បាន​ដើរ​មក​ជិត​ប្រពន្ធ​របស់​គាត់​និង​កម្មករ​រោងចក្រ​ស្បែក​ជើង ដែល​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​ពី​កន្លែង​ធ្វើការ​នៅ​រោងចក្រ​ស្បែក​ជើង ដើម្បី​សុំ​ជិះ ហើយ​ពួកគេ​មិន​ឲ្យ​ជិះ​ជាមួយ។

លោក​បាន​និយាយ​ថា អ្នក​ជិតខាង​ក៏​បាន​ប្រាប់​លោក​ដែរ​ថា ជន​នោះ​ក្រោយ​មក​ត្រូវ​គេ​ឃើញ​ដើរ​រ៉េរ៉​ចុះ​ឡើង ខណៈ​ដែល​អ្នក​ភូមិ​កំពុង​ហូប​បាយ​ល្ងាច​ជុំ​គ្នា ប៉ុន្មាន​ម៉ោង​មុន​ហេតុការណ៍​បាន​កើត​ឡើង។

លោក​បាន​និយាយ​ថា “ខ្ញុំ​សង្ស័យ​គាត់ ដោយ​ផ្អែកលើ​អ្វី​ដែល​សាក្សី​បាន​និយាយ ថា​នៅ​ពេល​អាធ្រាត្រ​ពួកគេ​បាន​ឃើញ​ជន​នេះ​ដើរ​ជុំវិញ​ផ្ទះ​នោះ ទោះជា​យ៉ាង​នេះ​ក្តី ខ្ញុំ​គ្មាន​ភស្តុ័តាង​បញ្ជាក់​ទេ។

លោក ភារម្យ បាន​និយាយ​ថា ម្តាយ​ក្មេក​របស់​លោក​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​កាលពី​ថ្ងៃសៅរ៍ ហើយ​កូន​របស់​គាត់​បានជា​គ្រាន់បើ​ហើយ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ក្រុង​ភ្នំពេញ ប៉ុន្តែ កូន​ប្រុស​អាយុ​៥​ឆ្នាំ​នៅ​ឈឺ​ធ្ងន់​នៅ​ឡើយ។

លោក ភារម្យ បាន​និយាយ​ថា “ខ្ញុំ​ចង់​ឲ្យ​អាជ្ញា​ធម៌​ស្វែងរក​ជន​ដៃ​ដល់ និង​ដាក់​ទណ្ឌកម្ម​ទៅ​តាម​ច្បាប់។ យើង​មិន​ដឹង​ពឹង​អ្វី​ទេ​ឥឡូវ​នេះ។ ឈឺ​ចាប់​ណាស់”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស