ក្រុមមន្ត្រីបាននិយាយថា សកម្មជនសិទ្ធិដីធ្លីជនជាតិភាគតិចកួយម្នាក់ត្រូវប៉ូលិសខេត្តព្រះវិហារឃាត់ខ្លួនកាលពីថ្ងៃច័ន្ទ បន្ទាប់ពីបានចូលរួមក្នុងការតវ៉ាប្រឆាំងក្រុមហ៊ុនចំនួនបី ដែលអ្នកភូមិអះអាងថា បានទន្ទ្រានលើដីស្រែចម្ការរបស់ពួកគាត់។
អ្នកភូមិប្រហែល១០០នាក់ ដែលនិយាយថាពួកគាត់បាននិងកំពុងរស់នៅលើដីមានជម្លោះនេះតាំងពីឆ្នាំ២០០៣មកនោះ បានតវ៉ានៅមុខសាលាខេត្តរយៈពេលប្រាំបីថ្ងៃជាប់គ្នាប្រឆាំងក្រុមហ៊ុនឡាន ហ្វេង និង ចម្ការអំពៅ រ៉យ ហ្វេង របស់ចិន និងចម្ការកៅស៊ូ ភីអិនធី របស់វៀតណាម។ អ្នកភូមិចោទក្រុមហ៊ុនទាំងនេះថាបានដណ្តើមយកនិងរានដីសហគមន៍ជាង៥.០០០ហិកតាដោយខុសច្បាប់។
និយាយក្នុងវីដេអូបង្ហោះតាមទំព័រហ្វេសប៊ុករបស់អង្គការពន្លកខ្មែរថា
ក្រោយពីធ្វើការតវ៉ានៅខាងក្រៅសាលាខេត្តតាំងពីព្រឹក សកម្មជន វង្ស សុខខេងលី ត្រូវបានឃាត់ខ្លួននៅម៉ោងប្រហែល៩ព្រឹកនៅជិតផ្សារមួយក្បែរនោះ។
លោក សុខខេងលី និយាយក្នុងវីដេអូនោះថា “ពួកគេចាប់រុញខ្ញុំចូលឡានដូចសត្វ មិនឲ្យខ្ញុំនិយាយអ្វីឡើយ។ ពួកគេនាំខ្ញុំទៅអធិការដ្ឋានប៉ូលិសស្រុករវៀង ហើយពួកគេបានគំរាមខ្ញុំដាក់គុកព្រៃស។ ខ្ញុំបាននិយាយថា ខ្ញុំមិនខ្លាចទេ ពីព្រោះខ្ញុំគ្មានធ្វើអីខុសទេ”។
លោក ស៊ី គិរី ស្នងការនគរបាលខេត្តព្រះវិហារ បានបដិសេធថា នគរបាលមិនបានឃាត់ខ្លួនលោក សុខខេងលី ទេ ផ្ទុយទៅវិញលោកបាននិយាយថា បាននាំខ្លួនគាត់មកសាកសួរទាក់ទិននឹងបណ្តឹងមួយដែលក្រុមហ៊ុនបានប្តឹងមកប៉ូលិស ដោយចោទប្រកាន់គាត់ថាបានបិទផ្លូវ។
លោក គិរី បាននិយាយថា “គាត់មិនត្រូវបានចាប់ខ្លួនទេ យើងគ្រាន់តែហៅគាត់មកដើម្បីផ្ទៀងផ្ទាត់ពាក្យបណ្តឹងរបស់ក្រុមហ៊ុន ហើយបន្ទាប់មកយើងបានឲ្យគាត់ត្រឡប់ទៅផ្ទះគាត់វិញ”។
អ្នកស្រី នួន ម៉ុន អាយុ៦៥ឆ្នាំ តំណាងអ្នកភូមិ បាននិយាយថា តបតទៅនឹងការឃាត់ខ្លួនលោក សុខខេងលី មួយរយៈពេលខ្លីនេះ សកម្មជនដទៃទៀតបានបិទខ្លោងទ្វារចូលសាលាខេត្តដោយរថយន្តធំជាច្រើនគ្រឿង រហូតគាត់ត្រូវបានដោះលែងវិញ។
លោក គូ ស៊ុំប៊ុនសឿន អភិបាលរងខេត្ត បានមានប្រសាសន៍ថា បន្ទាប់ពីលោក សុខខេងលី ត្រូវបានឲ្យទៅផ្ទះវិញ លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បានចរចារកដំណោះស្រាយជាមួយអ្នកតវ៉ា ដោយបានសន្យាថា នឹងបញ្ជាឲ្យក្រុមហ៊ុនឈប់ឈូសឆាយលើតំបន់ដីមានជម្លោះ ខណៈដែលក្រុមការងារចុះពិនិត្យព្រំដីមានជម្លោះនោះ។
អ្នកស្រី ម៉ុន បាននិយាយថា ក្រុមនេះបានយល់ព្រមត្រឡប់ទៅផ្ទះវិញ ប៉ុន្តែនឹងធ្វើការតវ៉ាជាថ្មី ប្រសិនបើអាជ្ញាធរមិនពិនិត្យឡើងវិញតាមការសន្យាទេនោះ៕និត