កាលពីថ្ងៃច័ន្ទ ក្រសួងបរិស្ថានបានសម្ពោធទីស្នាក់ការអគារថ្មីនៅក្នុងខណ្ឌដូនពេញ ក្រុងភ្នំពេញ ជាលទ្ធផលនៃការដោះដូរដីធ្លីឯកជន។
ពិធីប្រោះព្រំអគារមរតកតេជោនៅក្នុងសង្កាត់ទន្លេបាសាក់មានការចូលរួមពីមន្ត្រីក្រសួងបរិស្ថានជាង៤០០នាក់ និងសូត្រធម៌ប្រោះព្រំដោយព្រះសង្ឃ៩អង្គ។
ការសាងសង់បានចាប់ផ្តើមនៅលើអគារព៌ណសធំចង្គ្រោងដែលរចនាទៅដោយកំពូលស្រួច និង ក្រឡូមកាលពីខែមិថុនា ឆ្នាំ២០១៤។ លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ដោយសារតែការសាងសង់បានលឿន បុគ្គលិកអាចចូលធ្វើការនៅទីនោះនៅថ្ងៃនេះ។

លោក សុភាព បានមានប្រសាសន៍ថា “មន្ត្រីបរិស្ថានបានចាប់ផ្តើមរើសម្ភារការិយាល័យពីអគារចាស់ហើយ”។ អ្នកនាំពាក្យរូបនេះបាននិយាយថា អគារថ្មីនេះមានទំហំប្រហែល២.៤០០ម៉ែត្រការ៉េ ចំណែកឯអគារចាស់នៅតាមមហាវិថីសីហនុ គឺមានទំហំតូចពេក។
អ្នកនាំពាក្យរូបនេះបាននិយាយថា “អគារថ្មីដាក់ឈ្មោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ហាញការដឹងគុណ ពីព្រោះលោកបានផ្តល់ឲ្យយើងនូវទីតាំងមានគុណភាពខ្ពស់។ អគារនេះធំទូលាយ វាមានទំហំជាង១៨.០០០ម៉ែត្រការ៉េ។ យើងចំណាយប្រហែល៨លានដុល្លារ ដើម្បីសាងសង់។ ខ្ញុំមិនបានរាប់បន្ទប់ទេ ប៉ុន្តែវាមានប្រហែល៧ជាន់”។
ក្នុងឆ្នាំ២០១១ ក្រសួងបរិស្ថានបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរតនាកិច្ចសហប្រតិបត្តិការ និងសំណង់ ដើម្បីដោះដូរដីមានតម្លៃថ្លៃរបស់ខ្លួននៅក្នុងសង្កាត់ទន្លេបាសាក់ ក្រុងភ្នំពេញជាមួយដីមួយកន្លែងមានទំហំ៩.០០០ម៉ែត្រការ៉េ និងទីស្នាក់ការថ្មីមានចម្ងាយ២០គីឡូម៉ែត្រពីកណ្តាលក្រុងភ្នំពេញ។ ប៉ុន្តែក្នុងឆ្នាំ២០១៤ ក្រសួងបរិស្ថានបានបោះបង់សំណង់នោះចោល ហើយចូលមកទីតាំងក្នុងខណ្ឌដូនពេញដែលផ្តល់ជាអំណោយដោយលោក ហ៊ុន សែន។
លោកស្រី អ៊ាន អេឡែន អគ្គនាយកក្រុមហ៊ុន បានមានប្រសាសន៍ថា នៅពេលដែលមន្ត្រីរើចេញអស់ពីអគារចាស់ អគារនោះនឹងប្រគល់ឲ្យក្រុមហ៊ុនរតនា។
លោកស្រីបាននិយាយកាលពីថ្ងៃច័ន្ទថា “នៅពេលគេរើអស់ពីអគារ គេនឹងប្រគល់ឲ្យក្រុមហ៊ុនរតនា។ ប៉ុន្តែខ្ញុំមិនទាន់មានគម្រោងថា យើងនឹងសាងសង់អ្វីនៅឡើយទេ”។
សួរថាតើនរណាចេញថ្លៃចំណាយលើការសាងសង់ទីតាំងថ្មីរបស់ក្រសួងបរិស្ថាន លោកស្រី អេឡែន បានបដិសេធមិនអត្ថាធិប្បាយទេ៕រើន