ប៉ូលិសនៅខេត្តកំពង់ចាមបានចាប់ខ្លួនអ្នកបើកបររថយន្តក្រុងក្រុមហ៊ុនដឹកអ្នកដំណើរ កម្ពុជាអង្គរអិុចប្រេស និងព្រូឡានរបស់គាត់ បន្ទាប់ពីពួកគេបានបុកពីក្រោយគោយន្តនៅលើផ្លូវជាតិ៧១អា កាលពីព្រឹកថ្ងៃច័ន្ទ ដោយបណ្តាលឲ្យរបួសអ្នកបើកបរនិងអ្នកដំណើរពីរនាក់ មុនពេលរត់ចេញពីកន្លែងគ្រោះថ្នាក់ចរាចរណ៍។
លោក លឹម សុធី អធិការប៉ូលិសស្រុកចម្ការលើ បាននិយាយថា បន្ទាប់ពីចាកចេញពីកន្លែងគ្រោះថ្នាក់តាមម៉ូតូឌុបមួយគ្រឿង អ្នកទាំងពីរ គឺ អ្នកបើកបរឈ្មោះ លឹម ពិសី អាយុ២៨ឆ្នាំ និងព្រូឡាន ឈ្មោះ ហាក់ គូប អាយុ២៨ឆ្នាំដែរ ត្រូវបានប៉ូលិសប្រទះឃើញក្នុងពេលប៉ូលិសធ្វើដំណើរមកកន្លែងគ្រោះថ្នាក់ ហើយបន្ទាប់មកបានចាប់ខ្លួនពួកគេ។
លោកបាននិយាយថា “យើងបានឃើញអ្នកទាំងពីរ ហើយយើងសង្ស័យថា ពួកគេជាអ្នកបើករថយន្តក្រុងនិងព្រូឡាន ពីព្រោះគេបានប្រាប់យើងថា ពួកគេបានភៀសខ្លួន ហើយពួកគេប្រឡាក់ដី និងមិនពាក់ស្បែកជើង”។
លោក សុធី បាននិយាយថា តាមការសាកសួររបស់ប៉ូលិសស្រុក លោក ពិសី បានសារភាពថា ពិតជាបានបុកគោយន្តនោះមែន។ លោកបានបន្ថែមថា ជនសង្ស័យទាំងពីរអ្នកនឹងត្រូវបញ្ជូនទៅស្នងការដ្ឋានប៉ូលិសខេត្តដើម្បីសាកសួរបន្ថែមនៅថ្ងៃនេះ។
លោក សុធី បាននិយាយថា រថយន្តក្រុងនោះកំពុងដឹកទេសចរបរទេស១៩នាក់ និងពលរដ្ឋខ្មែរ១៧នាក់ ពីក្រុងសៀមរាបមកក្រុងភ្នំពេញ នៅពេលដែលវាបុកពីក្រោយគោយន្តឥតភ្លើងបំភ្លឺ ដែលដឹកអុសនៅម៉ោង៣និង៣០នាទីយប់ ហើយគ្មាននរណាម្នាក់នៅលើរថយន្តក្រុងនោះរងរបួសទេ។
លោកបាននិយាយថា ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ រថយន្តក្រុងខូចខ្ទេចផ្នែកខាងមុខ ខូចគោយន្តនិងកន្ទុយ។
លោក សុធី បានពន្យល់ថា អ្នកបើកគោយន្ត ឈ្មោះ ឡាយ លុន អាយុ២១ឆ្នាំ បានរងរបួសក្នុងខ្លួនខ្លាំង រីឯអ្នកដំណើរពីរនាក់រងរបួសស្រាល ទាំងអស់គ្នាសុទ្ធតែប៉ះទង្គិចនឹងកំណាត់អុស ដែលពួកគេដឹក។ លោកបាននិយាយថា អ្នកទាំងបីបានទទួលការព្យាបាលទាំងយប់នៅមន្ទីរពេទ្យបង្អែកស្រុកចម្ការលើ។
លោក ឡុង ម៉េងសែ នាយការិយាល័យនគរបាលចរាចរផ្លូវគោកខេត្តកំពង់ចាម បានបន្ទោសគ្រោះថ្នាក់នោះលើអ្នកបើកបរយានទាំងពីរគ្រឿង។
លោកបាននិយាយថា “រថយន្តក្រុងបើកលឿនណាស់ ហើយប្រឹងវ៉ា [គោយន្ត]ដោយខ្វះការប្រុងប្រយ័ត្ន ខណៈដែលគោយន្តគ្មានភ្លើងបំភ្លឺ ឬបន្ទះចំណាំងនៅពីក្រោយ”។
តំណាងក្រុមហ៊ុនកម្ពុជាអង្គរអិុចប្រេសមិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ៕និត