30 C
Phnom Penh

លោក ហ៊ុន សែន​ ថា​​​មិន​​​បាន​​​​ដាក់ឈ្មោះ​ស្ពានអាកាសដើម្បី​​​រំឭកខួប​អាពាហ៍ពិពាហ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​អាកាស៥មករា ​ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ ហើយ​បាន​លើក​ឡើង​ថា វា​គាប់ជួន​ដែល​ស្ពាន​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​​​ចំ​​ថ្ងៃ​នៃ​ខួប​អាពាហ៍​ពិពាហ៍​របស់​លោក​ ​​​ដោយ​ចោទ​​​​ប្រកាន់​គណបក្ស​ប្រឆាំង​ដែល​អះ​អាង​​ការ​​​ភ្ជាប់បែប​​​នេះ​​​ពិត​​​ជា​​​មាន​ចេតនា។

​លោក​បាន​មាន​ប្រសាសន៍​ថា “​​ពិធី​សម្ពោធ​​​​​កំណត់​ធ្វើ​នៅ​ថ្ងៃ​ទី​៥ ខែ​​មករា ឆ្នាំ​២០១៦ ហើយ​វា​​គាប់ជួន​នឹង​ខួប​​​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​លើកទី​៤០ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​នោះ​គឺ​ថា បើសិន​ជា​កាសែត​វាឆ្កួត​ មេ​​​ដឹក​​​ នាំបក្ស​ក្នុង​ឋានៈជា​អ្នក​តំណាងរាស្ត្រកុំ​​ឆ្កួត​​”។

​លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​បាន​សំដៅ​ដល់​អត្ថបទ​មួយ​​​ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​។

លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ធ្វើ​​​ដំណើរ​​​ពិនិត្យ​​​មើល​​​ស្ពាន​​​អាកាស ៥មករា​​​ អំឡុង​ពិធី​​​​សម្ពោធ​​​ដាក់​​​ឲ្យ​​​ប្រើ​​​ប្រាស់ ​​​កាល​​​ពី​​​ម្សិលមិញ ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily
លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ធ្វើ​​​ដំណើរ​​​ពិនិត្យ​​​មើល​​​ស្ពាន​​​អាកាស ៥មករា​​​ អំឡុង​ពិធី​​​​សម្ពោធ​​​ដាក់​​​ឲ្យ​​​ប្រើ​​​ប្រាស់ ​​​កាល​​​ពី​​​ម្សិលមិញ ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

អត្ថបទ​នោះ​លើក​ឡើង​​ពី​សារ​​ដែល​លោក ​​​ហ៊ុន សែន​ បាន​បង្ហោះ​ក្នុង​​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ច័ន្ទ ដែល​ក្នុង​នោះ​លោក​បាន​​លើក​ឡើង​ពី​ខួប​​​អាពាហ៍ពិពាហ៍​របស់​លោក​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ប៉ុន្តែ​មិន​បាន​លើក​ឡើង​​ពី​ស្ពាន​​អាកាស​ទេ។ ប៉ុន្តែ​អត្ថបទ​នេះ​​​​អះ​អាង​ថា ស្ពាន​អាកាស​ថ្មី​នេះ​​ដាក់​ឈ្មោះ​​​​តាម​ថ្ងៃនោះ​​​ដើម្បី​រំឭក​ដល់​ខួប​អាពាហ៍​​​ពិពាហ៍។

​អត្ថបទ​​ភាសា​ខ្មែរ​​​​ ​​រួម​មាន​​ការ​អត្ថា​​​ធិ​​​ប្បាយ​​​​​​​ របស់​លោក យឹម សុវណ្ណ ​អ្នក​នាំពាក្យ​​គណ​​​បក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។ នៅ​ពេល​សួរ​​​អំពី​ឈ្មោះ​ស្ពាន​អាកាស​នេះ​ លោក​ យឹម សុវណ្ណ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​និយាយ​ថា ប្រទេស​​កម្ពុជា​មាន​វីរ​បុរស​ច្រើន​​ដែល​បាន​ជួយ​ការ​ពារ​ទឹក​ដី​។

​លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​​កាល​​​ពី​ម្សិលមិញ​ថា “​បើសិន​ជាស្ពាន​នេះ​ដាក់​ថា ជាស្ពាន​អនុស្សាវរីយ៍ខួបលើកទី​៤០​​​នៃខួប​​​​អាពាហ៍ពិពាហ៍​របស់​សម្ដេច​​តេជោ និង​ភរិយា​ អាហ្នឹង​ចាំថា។ តែអា​​៥មករា គឺ​មនុស្ស​ម៉ាពិភព​លោក​”។

​ថ្លែង​នៅ​ពិធី​នោះ​ផង​ដែរ​ លោក បា៉ សុជាតិ​​​ វង្ស អភិបាល​​រាជធានី​ភ្នំពេញ​​បាន​មាន​ប្រសា​សន៍​ថា ស្ពានអាកាសនេះ​​ និងអមដោយ​​ផ្លូវ​ក្រោម​ដី​​​ត្រង់​ចំណុច​ប្រសព្វ​​នៃមហាវិថី​​សហព័ន្ធ​រុស្ស៊ី និង​ម៉ៅ​សេទុង​នេះ​ត្រូវ​បាន​សាង​សង់​ដោយ​ចំណាយ​ទឹក​ប្រាក់​អស់​១៤​,៥​​​​​​​លាន​ដុល្លារ​ដោយ​ក្រុម​ហ៊ុន​វិនិយោគ​​ទុន​អាណិកជន​កម្ពុជា ​​​គឺ​ក្រុម​ហ៊ុន​​ដដែល​​ដែល ជា​ម្ចាស់​កោះពេជ្រ​​។

លោក​បាន​ថ្លែង​ថា ​កំណើន​សេដ្ឋកិច្ច​កើន​​ឡើង​ក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ឲ្យ​​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដូច​នេះ គឺ​ស្ពានអាកាស​ដែល​ជា​ស្ពានទី៤ក្នុង​រាជធានី​​ ជាការ​​​ចាំបាច់​។

​​លោក​បាន​ថ្លែង​ថា ​”​ការ​​សាង​សង់​​​​ហេដ្ឋា​​​រចនា​សម្ព័ន្ធ​ដូច​នេះ​នៅក្នុង​រាជធានី​​​ ដូចជា​ផ្លូវ​ក្រវាត់ ស្ពាន​អាកាស​​ ផ្លូវ​ក្រោម​ដី និង​គម្រោង​ ផ្សេង​ៗ​ទៀត​ជា​ការ​ចាំបាច់ ណាស់​​ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​កក​ស្ទះ​ចរាចរណ៍​”។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ​លោក​បាន​​​ផ្ដល់​ការ​យល់​ព្រម​ជាមួយ​សាលា​រាជធានី​​​ “ជា​គោល​ការណ៍​” សម្រាប់​ស្ថាបនា​​ស្ពាន​អាកាសបីទៀត​​ ឬ​ផ្លូវ​ក្រោម​ដី​​​​ និង​គម្រោង​ ដ៏​ធំ​គឺ​ការ​ស្ថាបនាផ្លូវ​ល្បឿន​លឿន​ចាប់​ពី​កណ្ដាល​រាជធានី​ទៅ​អាកាស​យានដ្ឋាន​អន្តរ​​​ជាតិ​ភ្នំពេញ​ពី​លើ​ផ្លូវ​រថ​ភ្លើង​ដែល​មាន​ស្រាប់​។

សេចក្ដី​សម្រេច​នេះ​​​​ច្រាន​​​ចោល​ផ្លូវ​ពីរ​ទៀត​ដែល​​​​សាលា​រាជធានី​កំពុង​ពិចារណា​សម្រាប់​ ផ្លូវ​ល្បឿន ​លឿន​ទៅ​កាន់​អាកាស​យានដ្ឋាន​នេះ​។

​ដោយ​ប្ដូរ​ប្រធាន​បទ​​ លោក​នាយក​រដ្ឋ​​​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ចាប់​​ពី​​រាជធានី​ភ្នំពេញ​ទៅកាន់​​ក្រុង​ព្រះ​​​សីហនុ​​​​​​​នឹង​លែង​បង់​ថ្លៃ​ទៀត​ហើយ​ចាប់ពី​ថ្ងៃ​​ព្រហស្បតិ៍​ គឺថ្ងៃបុណ្យ​ជាតិ​រំឭក​ដល់​ការដួល​​​រំលំ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩​។

​លោក​បាន​ថ្លែង​ថា រថយន្ត​អត់​ដំបូល​​ដែល​​​​​ដឹកកម្មករ​​រោងចក្រ​កាត់​ដេរ​​ទៅ​កាន់​​​រោង​​​ចក្រ​​របស់ពួកគេ​រាល់​ថ្ងៃ​ក៏​នឹងត្រូវ​​លើក​លែង ​​​​ផង​ដែរ​។ លោក​បាន​បន្ថែម​ថា យាន​យន្ត​ប្រហែល​​៣៣.០០០​គ្រឿង​​ដែល​កំណត់​ដោយ​​ក្រុម​ហ៊ុន​ AZ Distribution ​ជា​ក្រុម​ហ៊ុន​ប្រតិបត្តិករ​​ផ្លូវ​បង់​ថ្លៃ​ ​​​ទទួល​​​បាន​​​ការ​​​​​លើក​លែង​​ដែរ​៕​​​ សារុន​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស