តុលាការបានចេញដីកាមួយទៀតតាមចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅក្នុងប្រទេសបារាំង ដើម្បីគេចវេះទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទបរិហារកេរ្តិ៍ បន្ទាប់ពីលោកមិនបានចូលខ្លួនឲ្យតុលាការសាកសួរទាក់ទិនសំណុំរឿងក្លែងបន្លំ និងញុះញង់ដាច់ដោយឡែកមួយកាលពីខែមុន។
លោក សម រង្ស៊ី មិនទាន់បានឈានជើងចូលប្រទេសកម្ពុជា វិញទេចាប់តាំងពីតុលាការ ចេញដីកាចាប់ខ្លួនលោកកាលពីថ្ងៃទី១៣ ខែវិច្ឆិកាមក ដោយដីកាចាប់ខ្លួនលោកលើកនេះគឺសម្រាប់ការផ្ដន្ទាទោសពីបទបរិហារកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសអំឡុងពេលថ្លែងសុន្ទរកថាជាសាធារណៈនៅឆ្នាំ២០០៧។
ដីកាចាប់ខ្លួនថ្មីដែលផ្សព្វផ្សាយជាសាធារណៈតាមរយៈគេហទំព័រហ្វ្រេសញូស (Fresh News) នេះ ចេញដោយសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៩ ខែធ្នូ ហើយគូសបញ្ជាក់ថា លោក សម រង្ស៊ី មិនបានចូលខ្លួនឲ្យតុលាការសាកសួរទេក្នុងសំណុំរឿងក្លែងបន្លំប្រឆាំងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាដែលកំពុងជាប់ពន្ធនាគារ។
ចៅក្រមស៊ើបសួរ កោ វណ្ឌី បានសរសេរថា “សម រង្ស៊ី ត្រូវបានកោះហៅឲ្យបង្ហាញខ្លួនដោយចៅក្រមស៊ើបសួរនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ប៉ុន្តែជននេះមិនបានមកបង្ហាញខ្លួននៅចំពោះមុខចៅក្រមសម្រាប់ការសាកសួរឡើយនៅពេលនោះ។ បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធតាមរកចាប់ខ្លួន ហើយប្រគល់ខ្លួន សម រង្ស៊ី ដែលមានអត្តសញ្ញាណដូចខាងលើឲ្យទៅមណ្ឌលអប់រំកែប្រែនៃក្រសួងមហាផ្ទៃ”។
ទាំងចៅក្រម កោ វណ្ឌី និងលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានី មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។ លោកស្រី សេង ម៉ាឡាប ក្រឡាបញ្ជីរបស់ចៅក្រម កោ វណ្ឌី មានប្រសាសន៍ថា លោកស្រីមិនអាចធ្វើអត្ថាធិប្បាយបានទេជុំវិញសំណុំរឿងនេះ។
សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រឈមការជាប់ពន្ធនាគាររហូតដល់ទៅ១៧ឆ្នាំ ប្រសិនបើរកឃើញថាលោកជាបក្ខពួករបស់លោក ហុង សុខហួរ ដែលបានជាប់ពន្ធនាគារកាលពីខែសីហា តាមបទបញ្ជារបស់លោក ហ៊ុន សែន ចំពោះការធ្វើបទបង្ហាញសន្ធិសញ្ញាការទូតក្លែងបន្លំមួយជាមួយវៀតណាម ក្នុងវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី។
លោក ហុង សុខហួរ ដែលជាមិត្តជិតស្និទ្ធរបស់លោក សម រង្ស៊ី បានប្រើប្រាស់សន្ធិសញ្ញានេះធ្វើជាភ័ស្តុតាងបង្ហាញថា រដ្ឋាភិបាលក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលមានលោក ហ៊ុន សែន ធ្វើជារដ្ឋមន្ត្រីការបរទេស ហើយបន្ទាប់មកក្លាយជានាយករដ្ឋមន្ត្រី បានព្រមព្រៀងរម្លាយព្រំដែនជាមួយប្រទេសវៀតណាម។
សមាជិកព្រឹទ្ធសភារូបេនះប្រឈមការចោទប្រកាន់ពីបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និងបទញុះញង់។ លោក សម រង្ស៊ី ជាប់ចោទថាជាបក្ខពួកក្នុងបទចោទប្រកាន់នីមួយៗដោយសារតែការប្រើប្រាស់គណនីហ្វេសប៊ុករបស់លោក។
លោក សម រង្ស៊ី បានមានប្រសាសន៍តាមទូរស័ព្ទកាលពីម្សិលមិញថា លោកបានឃើញដីកាចាប់ខ្លួននេះហើយ ហើយលោកមិនភ្ញាក់ផ្អើលទេ។ លោកថ្លែងថា ”ខ្ញុំរំពឹងថា នឹងមានដីកាចាប់ខ្លួនស្រដៀងគ្នាជាច្រើនទៀតប្រឆាំងខ្ញុំ។ គេគ្រាន់តែប្រើតុលាការដើម្បីរារាំងខ្ញុំកុំឲ្យវិលត្រឡប់មកវិញនៅពេលខាងមុខប៉ុណ្ណោះ។ នេះជាបញ្ហានយោបាយ មិនមែនជាបញ្ហាតុលាការទេ”។
ពេលសួរថាហេតុអ្វីបានជាលោកគិតថា លោកប្រឈមដីកាចាប់ខ្លួនមួយទៀត បន្ទាប់ពីបញ្ជាក់ច្បាស់ថាលោកគ្មានគម្រោងវិលត្រឡប់មកវិញដើម្បីប្រឈមមុខនឹងដីកាចាប់ខ្លួនទី១នោះ លោក សម រង្ស៊ី ឆ្លើយថា លោកសង្ស័យថា វាជាការប្រឹងប្រែងបំបិទមាត់លោកតាមប្រព័ន្ធអុីនធឺណិត។
លោកមានប្រសាសន៍ថា “វាពាក់ព័ន្ធក្រុមការងារហ្វេសប៊ុករបស់ខ្ញុំ។ គេនឹងបង្កើតបញ្ហាដល់សហការីទាំងអស់របស់ខ្ញុំដែលគ្រប់គ្រងទំព័រហ្វេសប៊ុកខ្ញុំនៅប្រទេសកម្ពុជា ដូច្នេះខ្ញុំគិតថា គេចង់បិទទំព័ររបស់ខ្ញុំចោលដោយការតម្រង់គោលដៅទៅរកអ្នកទាំងនោះ”។
ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣មក ហ្វេសប៊ុកបានក្លាយជាសមរភូមិដ៏សំខាន់មួយក្នុងយុទ្ធនាការឃោសនានយោបាយ ហើយកាលពីចុងឆ្នាំមុន តុលាការបានចេញដីកាចាប់ខ្លួនអ្នកគ្រប់គ្រងពីរនាក់ក្នុងចំណោមអ្នកគ្រប់គ្រងហ្វេសប៊ុករបស់លោក សម រង្ស៊ី ទាក់ទិនសំណុំរឿងលោក ហុង សុខហួរ។ អ្នកទាំងពីរនោះបានភៀសខ្លួនចេញពីប្រទេសកម្ពុជា អស់ហើយ។
ទាក់ទិនបញ្ហានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា លោកជឿថា លោក សម រង្ស៊ី ពិតជាមានទោសដូចការចោទប្រកាន់មែន។ លោកថ្លែងថា “ខ្ញុំមើលឃើញថា គាត់ពិតជាជនសមគំនិតមែន ព្រោះគាត់បានផ្ដល់គណនីហ្វេសប៊ុករបស់គាត់ដើម្បីផ្សព្វផ្សាយឯកសារព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលនិយាយថា ភាគីទាំងពីរព្រមព្រៀងរម្លាយព្រំដែនចូលគ្នា។ វាជាបញ្ហាធម្មតាមួយដែលគណបក្សប្រឆាំងតែងតែប្រើប្រាស់ដើម្បីកេងចំណេញនយោបាយ”។
កាលពីសប្ដាហ៍មុន លោក ហ៊ុន សែន បានសន្យាកាត់ដៃស្ដាំរបស់លោកបោះចោល ប្រសិនបើលោកស្នើសុំការលើកលែងទោសដល់លោក សម រង្ស៊ី ម្ដងទៀតដូចដែលលោកធ្លាប់បានធ្វើសម្រាប់ប្រធានគណបក្សប្រឆាំងរូបនេះអំឡុងអាណត្តិបោះឆ្នោតមុនៗ។
លោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំងដែរនោះ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកនៅតែមានគម្រោងវិលត្រឡប់មកកម្ពុជា វិញដោយមានសេរីភាពនៅពេលខាងមុខ។ លោកបានថ្លែងថា “គេតែងតែនិយាយបែបនោះ បន្ទាប់ពីខ្ញុំនិរទេសខ្លួនលើកមុនៗ។ នេះជាលើកទី៤ហើយដែលខ្ញុំនិរទេសខ្លួន។ បីលើកដំបូង គេនិយាយដូចគ្នា ហើយគេប្ដេជ្ញាថា នឹងមិនអនុញ្ញាតឲ្យខ្ញុំចូលស្រុកទេ ប៉ុន្តែវាគ្រាន់តែជាការសម្តែងល្ខោននយោបាយប៉ុណ្ណោះ”។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានមានប្រសាសន៍ថា លោកជឿថា ដីកាចាប់ខ្លួនចុងក្រោយនេះគឺជាយុទ្ធនាការមួយដើម្បីដាក់សម្ពាធលើលោក សម រង្ស៊ី ខណៈគណបក្សប្រជាជនកម្ពុជា កំពុងស្ថិតក្នុងដំណើរការធ្វើវិសោធនកម្មច្បាប់ដើម្បីរារាំងពលរដ្ឋដែលមានសញ្ជាតិពីរមិនឲ្យធ្វើជាប្រធានគណបក្សនយោបាយ។
លោកបានបន្តថា ”វាដើម្បីធ្វើឲ្យប្រាកដថា គាត់មិនអាចវិលត្រឡប់មកវិញបាន។ ពេលនេះ គេកំពុងត្រៀមច្បាប់ស្ដីពីគណបក្សនយោបាយដើម្បីបង្ខំឲ្យប្រធានគណបក្សមានសញ្ជាតិតែមួយ។ វាជាការដាក់សម្ពាធនយោបាយលើលោក សម រង្ស៊ី”៕ សុខុម